អត្ថបទព្រះគម្ពីរ ថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣

person holding a bible

សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ
និងសន្តប៉ូល ជុងហាសាង ព្រមទាំង
សហជីវិន ជាមរណសាក្សីនៅកូរ៉េ

គ្រីស្តបរិស័ទនាំដំណឹងល្អទៅប្រទេសកូរ៉េនៅដើមសតវត្សទី ១៦ ដោយយកសៀវភៅពីស្រុកចិនមក។ នៅឆ្នាំ ១៨៣៦ មានសាសន​ទូតលួចចូលរួមក្នុងប្រទេសនោះ។ នៅឆ្នាំ ១៨៣៩-១៨៤៦ និង ១៨៦៦ រដ្ឋអំណាចបៀតបៀនធ្វើបាបគ្រីស្តបរិស័ទ។ ព្រះសហគមន៍គោរពមរណសាក្សីជាតិកូរ៉េ ១០៣នាក់។ ក្នុងចំណោមរណសាក្សីទាំងនោះ មានលោកបូជាចារ្យអន់ដ្រេគីម ថេហ្គុន និងលោកប៉ូល ជុងហាសាង ព្រមទាំងគ្រីស្តបរិស័ទទាំងប្រុស ទាំងស្រីនៅលីវ ឬអ្នកមានគ្រួសារ ចាស់ក្មេង ស៊ូបូជាជីវិតជាជាងលះបង់ជំនឿរបស់ខ្លួន។

អត្ថបទទី១៖ សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ ធម ៣,១៤-១៦

ប្អូនជាទីស្រឡាញ់! ខ្ញុំសរសេរសេចក្ដីទាំងនេះដោយសង្ឃឹមថា នឹងមកជួបប្អូនក្នុង​ពេលឆាប់ៗ ក៏ប៉ុន្ដែ បើខ្ញុំក្រមកដល់ សេចក្ដីទាំងនេះនឹងជួយប្អូនឱ្យដឹងរបៀបដែល​ត្រូវប្រព្រឹត្តក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ គឺក្នុងព្រះសហគមន៍របស់ព្រះដ៏មានព្រះជន្មគង់នៅ។ ព្រះសហគមន៍នេះជាសសរ និងជាគ្រឹះទ្រទ្រង់សេចក្ដីពិត។ គម្រោងការ​ដ៏លាក់កំបាំងដែលយើងបង្ហាញក្នុងការគោរពប្រណិប័តន៍ព្រះជាម្ចាស់នោះ ពិតជា​ប្រសើរឧត្ដមណាស់ គឺថា៖ ព្រះគ្រីស្ដយាងមកក្នុងឋានៈជាមនុស្ស ព្រះអង្គបានសុចរិត​ដោយសារព្រះវិញ្ញាណ ព្រះអង្គបានបង្ហាញខ្លួនឱ្យពួកទេវទូតឃើញ គេបានប្រកាសអំពីព្រះអង្គនៅក្នុងចំណោមជាតិសាសន៍នានា គេបានជឿលើព្រះអង្គក្នុងពិភពលោក ព្រះជាម្ចាស់បានលើកព្រះអង្គឡើងក្នុងសិរីរុងរឿង។

ទំនុកតម្កើងលេខ ១១១ (១១០) ,១-៦ បទពាក្យ ៧

១ ចូរលើកតម្កើងព្រះជាម្ចាស់ ប្រសើរពេកណាស់លើលោកា
ខ្ញុំថ្កើងព្រះអង្គហួសសិរសា ក្នុងហ្វូងមនុស្សណាដែលទៀងត្រង់ ។
២ គ្រប់ស្នាព្រះហស្ដព្រះអម្ចាស់ ប្រសើរពេកណាស់ខ្ពស់ឧត្តុង
អ្នកពេញចិត្តស្នាព្រះហស្ដទ្រង់ ស្វះស្វែងយល់ផងកុំរារែក ។
៣ គ្រប់ស្នាព្រះហស្ដបានបញ្ចេញ រស្មីចិញ្ចែងភ្លឺអនេក
សេចក្ដីសុចរិតល្អពន់ពេក មិនប្រេះបាក់បែកនៅរហូត ។
៤ ព្រះអង្គទ្រង់សព្វព្រះហប្ញទ័យ ឱ្យយើងស្រមៃមិនរលត់
ដល់ការអស្ចារ្យខ្ពស់បំផុត ហប្ញទ័យអាណិតចិត្តអាសូរ ។
៥ ព្រះអង្គប្រទានទាំងអាហារ ដល់អ្នកវេទនាស្រែកទ្រហោរ
អ្នកដែលកោតខ្លាចទ្រង់អាសូរ សម្ពន្ធមានយូរធ្លាប់មេត្រី ។
៦ ព្រះអង្គសម្ដែងអានុភាព ឱ្យរាស្រ្ដជ្រួតជ្រាបឥតសង្ស័យ
គឺព្រះអង្គបានឱ្យទឹកដី ប្រជាដទៃមកពួកគេ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៦,៦៣.៦៨

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ ព្រះបន្ទូលរបស់ព្រះអង្គសុទ្ធតែចេញមកពីព្រះវិញ្ញាណដែលផ្ដល់ជីវិតឱ្យយើងខ្ញុំ។ ព្រះបន្ទូលរបស់ព្រះអង្គផ្ដល់ជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៧,៣១-៣៥

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្ដាលជនថា៖ «តើខ្ញុំត្រូវប្រដូចមនុស្សជំនាន់នេះ​ទៅនឹងមនុស្សប្រភេទណា? តើគេដូចនរណា? គឺគេប្រៀបបីដូចជាកូនក្មេង ដែល​អង្គុយលេងនៅផ្សារ ហើយស្រែកដាក់គ្នាទៅវិញទៅមកថា៖ «យើងបានផ្លុំខ្លុយ តែ​ពួកឯងមិនព្រមរាំ យើងបានស្មូត្របទទំនួញ តែពួកឯងក៏ពុំព្រមយំដែរ»។ យ៉ាងណាមិញ​លោកយ៉ូហានបាទីស្ដបានមក លោកតមអាហារ លោកតមសុរា តែអ្នករាល់គ្នាពោលថា៖ «លោកមានខ្មោចចូល»។ រីឯបុត្រមនុស្សក៏បានមកដែរ លោកបរិភោគអាហារ និង​ពិសាសុរា តែអ្នករាល់គ្នាពោលថា៖ «មើលចុះ អ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់​ជាមួយពួកទារពន្ធ និងមនុស្សបាប»។ ប៉ុន្ដែ អស់អ្នកដែលមានប្រាជ្ញាទទួលស្គាល់ថា ​ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ពិតជាល្អត្រឹមត្រូវមែន»។

Facebook
Twitter
LinkedIn