អត្ថបទ ព្រះគម្ពីរ ថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០២៣

bible blur christ christianity

អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ១,១៥-២០

ព្រះគ្រីស្ដជារូបតំណាងរបស់ព្រះជាម្ចាស់ ដែលមនុស្សមើលមិនឃើញ ព្រះអង្គជារៀម​ច្បងរបស់សត្វលោកទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក ដ្បិតព្រះជាម្ចាស់បាន​បង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ដ ទាំងអ្វីៗនៅលើមេឃ ទាំងអ្វីៗនៅលើផែនដី ទាំងអ្វីៗដែលមនុស្សមើលឃើញ ទាំងអ្វីៗដែលមនុស្សមើលមិនឃើញ ព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វ​សារពើមក ដោយសារព្រះគ្រីស្ដនិងសម្រាប់ព្រះគ្រីស្ដ។ ព្រះគ្រីស្ដ​មានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗសព្វសារពើក៏នៅស្ថិតស្ថេររួមគ្នាដោយសារ​ព្រះអង្គដែរ។ ព្រះគ្រីស្ដជាសិរសានៃ​ព្រះហគមន៍ដែលជាព្រះកាយរបស់ព្រអង្គ ព្រះអង្គជាដើមកំណើតនៃជីវិតថ្មី។ ព្រះអង្គជារៀម​ច្បងដែលទទួលព្រះជន្មដ៏រុងរឿង​មុនគេ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ដើម្បីធើ្វជាប្រមុខ​ក្នុងគ្រប់វិស័យ ដ្បិតព្រះជា​ម្ចាស់សព្វព្រះហប្ញទ័យប្រគល់គ្រប់លក្ខណ​សម្បិត្តរបស់ព្រះអង្គឱ្យ​ស្ថិតនៅក្នុងព្រះគ្រីស្ដ ហើយសម្រុះសម្រួលអ្វីៗសព្វសារពើ គឺអ្វីៗនៅលើផែនដី និងនៅលើ​មេឃ​ឱ្យជានានឹង​ព្រះអង្គវិញ ដោយសារព្រះគ្រីស្ដ និងសម្រាប់ព្រះគ្រីស្ដ។ ព្រះជាម្ចាស់បាន​ធើ្វឱ្យសន្ដិ​ភាពកើតមានឡើង ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។

ទំនុកតម្កើងលេខ ១០០ (៩៩) ,១-៥ បទកាកគតិ

មនុស្សលើផែនដី ទាំងប្រុសទាំងស្រី ចូរអបអរឡើង
សាទរព្រះម្ចាស់ ជាព្រះថ្កុំថ្កើង ព្រះម្ចាស់នៃយើង
កុំឱ្យរួញរា
នាំគ្នាគោរព ទាំងថ្ងៃទាំងយប់ ដោយចិត្តជ្រះថ្លា
នាំគ្នាមកជិត អង្គព្រះចេស្ដា ច្រៀងហ៊ោរខ្ញៀវខ្ញា
ដោយអរសប្បាយ
ចូរដឹងគ្រប់គ្នា ថាព្រះម្ចាស់ជា ព្រះយើងគ្រប់កាយ
ជាព្រះអង្គម្ចាស់ ពិតឥតក្លែងក្លាយ បង្កើតយើងហើយ
ទ្រង់ថែថ្នាក់ថ្នម
យើងនាំគ្នីគ្នា ចូលកុំរួញរា ដំណាក់សក្ដិសម
ទាំងអរព្រះគុណ ព្រះម្ចាស់ឧត្តម សរសើរបង្គំ
ព្រះនាមព្រះអង្គ
ដ្បិតព្រះអម្ចាស់ ទ្រង់សប្បុរសណាស់ ករុណាហ្មត់ហ្មង
គង់នៅស្ថិតស្ថេរ អង្វែងកន្លង ស្មោះស្ម័គ្រច្បាស់ច្បង
អស់កល្បតទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១៩,៧.៩

អាលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នាអរសប្បាយឡើង ព្រោះព្រះជាម្ចាស់​បានចងសម្ពន្ធមេត្រីថ្មី! អស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅឱ្យមកចូលរួមក្នុងពិធីជប់លៀងមង្គ​លការនៃកូនចៀម អ្នកទាំងនោះពិតជាមានសុភមង្គលហើយ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៥,៣៣-៣៩

នៅថ្ងៃនោះ មានគេទូលសួរព្រះយេស៊ូថា៖ «ពួកសិស្សរបស់លោកយ៉ូហាន និងពួក​​សិស្សខាងគណៈផារីស៊ីតែងតែតមអាហារ និងសូត្រធម៌ជាញឹកញាប់ ចុះហេតុដូចម្ដេច​បានជា​សិស្សរបស់លោកបែរជានាំគ្នាបរិភោគដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូល​តបទៅគេវិញថា៖​«ក្នុងពិធី​មង្គលការ ពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចតម​អាហារកើតឬ?។ ទេ! គេមិនអាចតម​បានឡើយ! បើថ្ងៃក្រោយពេលគេចាប់ស្វាមី​​យកទៅ ទើបភ្ញៀវទាំងនោះតមអាហារ»។​ ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាថា៖ «ពុំដែលមាននរណាហែកសម្លៀក​​​បំពាក់​ថ្មីយកទៅប៉ះសម្លៀកបំពាក់ចាស់នោះឡើយ បើធ្វើដូច្នេះ សម្លៀកបំពាក់ថ្មីនឹ​​​​​ង​ត្រូវរហែក ហើយ​ក្រណាត់ចាស់ និងក្រណាត់ថ្មីក៏មិនសមគ្នាដែរ។ ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរ​ថ្មីទៅក្នុងថង់ស្បែកចាស់ឡើយ បើធើ្វដូច្នេះ ស្រាថ្មីនឹងធើ្វឱ្យថង់ស្បែកចាស់នោះធ្លុះ បណ្ដាល​ឱ្យស្រាហូរចេញ ហើយថង់ស្បែកក៏ត្រូវខូចខាតមិនខាន ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី។ កាលបើបានពិសាស្រាទំពាំងបាយជូរចាស់ហើយ មិនដែលមាននរណាចង់ពិសាស្រាថ្មីទេ​ ព្រោះគេថា “ស្រាចាស់ឆ្ងាញ់ជាងស្រាថ្មី»។

Facebook
Twitter
LinkedIn