អត្ថបទទី១៖ សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេស្សាឡូនិក ១ ថស ៤,១៣-១៧
បងប្អូនជាទីស្រឡាញ់!
យើងចង់ឱ្យបងប្អូនជ្រាបអំពីអស់អ្នកដែលស្លាប់ផុតទៅហើយ ដើម្បីកុំឱ្យបងប្អូនព្រួយចិត្ត ដូចអ្នកឯទៀតៗដែលគ្មានសេចក្ដីសង្ឃឹមនោះឡើយ។ ប្រសិនបើយើងជឿថា ព្រះយេស៊ូពិតជាសោយទិវង្គត ហើយទទួលព្រះជន្មដ៏រុងរឿងមែន យើងក៏ត្រូវជឿថា ព្រោះតែព្រះយេស៊ូ ព្រះជាម្ចាស់នឹងនំាបងប្អូនដែលស្លាប់ទៅហើយ ឱ្យទៅនៅជាមួយព្រះយេស៊ូដែរ។ យើងសូមបញ្ជាក់ប្រាប់បងប្អូនតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ថា នៅពេលព្រះអម្ចាស់យាងមក យើងដែលមានជីវិតនៅឡើយមិនទៅមុនអ្នកដែលស្លាប់នោះទេ ដ្បិតនៅពេលមានឮស្នូរជាសញ្ញាលាន់ឡើង ហើយនៅពេលឮសំឡេងអគ្គទេវទូត និងសំឡេងត្រែរបស់ព្រះជាម្ចាស់ ព្រះអម្ចាស់នឹងយាងចុះពីស្ថានបរមសុខមក។ អស់អ្នកស្លាប់ទៅដែលជឿលើព្រះគ្រីស្ដ នោះនឹងរស់ឡើងវិញជាមុន បន្ទាប់មក ទើបព្រះអម្ចាស់លើកយើងដែលមានជីវិតនៅឡើយ ឱ្យឡើងទៅក្នុងពពកជាមួយអ្នកទំាងនោះ ដើម្បីទៅទទួលព្រះអង្គក្នុងអាកាសវេហាស៍ ហើយយើងនឹងស្ថិតនៅជាមួយព្រះអម្ចាស់រហូតតទៅ។
ទំនុកតម្កើងលេខ ៩៦ (៩៥) ,១-២.៤-៥.១១-១៣ បទព្រហ្មគីតិ
១ | ចូរច្រៀងបទថ្មីថ្វាយ | ព្រះម្ចាស់ថ្លៃកុំឈរឈប់ | |
មនុស្សនៅលើពិភព | ច្រៀងកុំឈប់ថ្វាយព្រះអង្គ | ។ | |
២ | ចូរច្រៀងថ្វាយព្រះម្ចាស់ | តម្កើងព្រះនាមត្រចង់ | |
ប្រកាសរាល់ថ្ងៃផង | ពីបំណងដ៏ថ្លាថ្លៃ | ។ | |
៤ | ដ្បិតព្រះម្ចាស់ឧត្ដម | យើងត្រូវខំសរសើរថា | |
អស់ពីដួងចិន្ដា | ព្រះក្សត្រាប្រសើរខ្ពស់ | ។ | |
៥ | ព្រះនៃសាសន៍ផ្សេងណា | មិនបានការអ្វីទំាងអស់ | |
រីឯព្រះអម្ចាស់ | ទ្រងជាក់ច្បាស់សាងផ្ទៃមេឃ | ។ | |
១១ | សូមឱ្យអស់ផ្ទៃមេឃ | ផែនដីស្រែកកុំសំចៃ | |
សមុទ្រមានទឹកប្រៃ | និងអ្វីៗមានសង្ឃឹម | ។ | |
១២ | ចូរឱ្យស្រែចម្ការ | អ្វីសព្វសារអរញញឹម | |
ឱ្យដើមឈើរេរំា | លោតទន្ទ្រាំមុខព្រះម្ចាស់ | ។ | |
១៣ | ដ្បិតព្រះអង្គយាងមក | វិនិច្ឆ័យរកយុតិ្តធម៌ណាស់ | |
កាត់ក្ដីប្រជាច្បាស់ | គ្មានក្រឡះដោយទៀងត្រង់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន លក ៤,១៨,១,៦៨
អាលេលូយ៉ា! អាលេលូយ៉ា!
គេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រថា ព្រះអម្ចាស់បានរំដោះប្រជាជនរបស់ព្រះអង្គហើយ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៤,១៦-៣០
ព្រះយេស៊ូយាងទៅភូមិណាសារ៉ែត ជាភូមិដែលព្រះអង្គគង់នៅកាលពីកុមារ។ នៅថ្ងៃសប្ប័ទ ព្រះអង្គយាងទៅធម្មសាលាតាមទម្លាប់របស់ព្រះអង្គ។ ព្រអង្គក្រោកឈរឡើងដើម្បីអានព្រះគម្ពីរ។ គេយកគម្ពីររបស់ព្យាការីអេសាយមកថ្វាយព្រះអង្គ ព្រះអង្គបើកគម្ពីរត្រង់អត្ថបទដែលមានចែងថា៖ «ព្រះវិញ្ញណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ។ ព្រះអង្គបានចាក់ប្រេងអភិសេកខ្ញុំ ឱ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឱ្យមកប្រកាសប្រាប់ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព ហើយប្រាប់មនុស្សខ្វាក់ថា គេនឹងមើលឃើញវិញ។ ព្រះអង្គបានចាត់ខ្ញុំឱ្យមករំដោះអស់អ្នកដែលត្រូវគេសង្កត់សង្កិន ព្រមទាំងប្រកាសអំពីឆ្នំាដែលព្រះអម្ចាស់សម្ដែងព្រះហប្ញទ័យមេត្តាករុណា»។ លុះអានចប់ហើយ ព្រះយេស៊ូបិទគម្ពីរប្រគល់ទៅអ្នកថែរក្សា រួចទ្រង់គង់ចុះវិញ។មនុស្សគ្រប់ៗរូបនៅក្នុងធម្មសាលាសម្លឹងមើលព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុការណ៍ដែលមានចែងទុកក្នុងគម្ពីរដូចអ្នករាល់គ្នាទើបនឹងស្ដាប់អំបាញ់មិញ បានសម្រេចជារូបរាងនៅថ្ងៃនេះហើយ»។ ឮដូច្នេះ គេស្ងើចសរសើរព្រះយេស៊ូគ្រប់ៗគ្នា ទំាងនឹកឆ្ងល់អំពីព្រះបន្ទូលប្រកបដោយព្រះហប្ញទ័យប្រណីសន្ដោស ដែលហូរចេញពីព្រះឧិស្ឋរបស់ព្រះអង្គ។ គេពោលថា៖ «អ្នកនេះមិនមែនជាកូនរបស់ជាងយ៉ូសែបទេឬអី?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ប្រហែលជាអ្នករាល់គ្នាចង់យកសុភាសិតដែលចែងថា“ គ្រូពេទ្យអើយ! ចូរមើលជំងឺរបស់ខ្លួនឱ្យជាសិនទៅ” មកផ្ចាញ់ផ្ចាលខ្ញុំទេដឹង! ឬមួយអ្នករាល់គ្នាចង់និយាយមកខ្ញុំទៀតថា “យើងបានឮគេនិយាយអំពីកិច្ចការទំាងអស់ដែលអ្នកបានធ្វើនៅក្រុងកាផានុម ចូរធើ្វការដដែលនៅទីនេះ ជាស្រុករបស់អ្នកឱ្យយើងឃើញផង!”។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនដែលមានព្យាការីណាម្នាក់ត្រូវគេគោរពក្នុងស្រុកកំណើតរបស់ខ្លួនឡើយ។ ខ្ញុំសុំបញ្ជាក់ថា នៅជំនាន់លោកអេលី មេឃរាំងអស់រយះពេលបីឆ្នំាកន្លះ បណ្ដាលឱ្យមានទុរ្ភិក្សយ៉ាងខ្លាំងពេញទាំងស្រុក។ នៅស្រុកអ៊ីស្រាអែល មានស្ដ្រីមេម៉ាយជាច្រើន ក៏ប៉ុន្ដែ ព្រះជាម្ចាស់ពុំបានចាត់ព្យាការីអេលីឱ្យទៅជួបស្រ្ដីមេម៉ាយណាម្នាក់នៅស្រុកអ៊ីស្រាអែលឡើយ គឺព្រះអង្គចាត់លោកឱ្យទៅជួយស្ដ្រីមេម៉ាយម្នាក់ដែលរស់នៅភូមិសារិបតា ក្នុងស្រុកស៊ីដូនវិញ។ នៅជំនាន់ព្យាការីអេលីសេ មានមនុស្សឃ្លង់ជាច្រើនក្នុងស្រុកអ៊ីស្រាអែល ប៉ុន្ដែ គ្មាននរណាម្នាក់បានជាសោះឡើយ គឺមានតែលោកណាម៉ាន់ ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ»។
កាលបានឮព្រះបន្ទូលទាំងនេះ អ្នកនៅក្នុងធម្មសាលាទាំងប៉ុន្មានខឹងព្រះយេស៊ូគ្រប់ៗគ្នា។ គេក្រោកឡើង ចាប់ប្រអូសប្រទាញព្រះយេស៊ូចេញពីភូមិដែលសង់លើកំពូលភ្នំ នាំឆ្ពោះទៅមាត់ជ្រោះ បម្រុងនឹងច្រានព្រះអង្គទម្លាក់ទៅក្រោម។ ប៉ុន្ដែ ព្រះអង្គយាងចេញពីកណ្ដាលចំណោមគេបាត់ទៅ។