ការអប់រំទី៣របស់លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
ទិវាយុវជនពិភពលោក នៅព្រះវិហារសន្តយ៉ាកុប នៃទីក្រុងលីសស្បោន
ព័រទុយហ្គាល់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣
បងប្អូនជាទីស្រឡាញ់!
ថ្ងៃនេះ ដើម្បីសាងសង់ដំបូលនៃជីវិតរបស់យើង យើងត្រូវការធ្វើដំណើរនៅក្នុងដួងចិត្តរបស់យើង ដើម្បីស្គាល់ខ្លួនឯងឱ្យបានច្បាស់។ តាមពិតអស់មួយជីវិតរបស់យើង យើងស្វែងយល់និងស្វែងរកយើងផ្ទាល់ខ្លួនជានរណា។ យើងអាចមើលតាមពេលវេលា តាមកាលៈទេសៈនៃជីវិតរបស់យើង បន្តិចម្តងៗយើងមើលឃើញយ៉ាងច្បាស់ទៅៗ ខ្ញុំជានរណា? កញ្ចក់ដ៏ពិសេសដែលយើងមាន ដើម្បីស្គាល់ខ្លួនឯងគឺបងប្អូនឯទៀតៗ ទំនាក់ទំនងដែលយើងបង្កើតជាមួយបងប្អូនឯទៀតៗ ណែនាំឱ្យបន្តិចម្តងៗយើងចាប់ផ្តើមយល់យើងជាមនុស្សរបៀបណា។
ឱ្យយើងបន្តធ្វើដំណើរនៅក្នុងជីវិតរបស់យើង គោលដៅកំពូលនៃជីវិតរបស់យើង យើងអាចចែកជា៣ជម្រើស គឺទី១ បង្កើតគ្រួសារនៅក្នុងសេចក្តីស្រឡាញ់ ទី២ ចូលក្នុងក្រុមបុព្វជិតបុព្វជិតា ដែលថ្វាយខ្លួនទៅលើព្រះជាម្ចាស់ ទី៣ ធ្វើជាបូជាចារ្យ។ យើងមានសរសរ៣ដ៏សំខាន់ ដើម្បីជំរុញយើងឱ្យធ្វើដំណើរទៅមុខបាន៖
សរសរទី១ ជំនឿ ជំនឿទៅលើព្រះជាម្ចាស់ដែលណែនាំឱ្យបន្តិចម្តងៗយើងមានប្រាជ្ញាឈ្លាសវៃ ចាស់ទុំ។ មានអ្នកខ្លះ គេមានបទពិសោធន៍ទទួលខុសត្រូវពីក្មេង ដូច្នេះគេបានកសាងជីវិតជាមនុស្សចាស់ទុំហើយ ដោយចេះទទួលខុសត្រូវ ចេះមើលឃើញ ចេះយល់ដឹង…។ ព្រះនាងម៉ារី នៅពេលទទួលដំណឹងធ្វើជាមាតារបស់ព្រះជាម្ចាស់ ប៉ុន្តែទោះបីនៅក្មេងក៏ដោយគាត់មានបទពិសោធន៍ជាមួយព្រះជាម្ចាស់នៅក្នុងជំនឿពីដើមរៀងមក។ ទោះបីយើងមានបទពិសោធន៍ខ្លីនៅក្នុងជំនឿ អាស្រ័យលើយើងចូលជ្រៅនៅក្នុងជំនឿនេះឬអត់។ នៅពេលយើងទទួលអគ្គសញ្ញាលាបថ្ងាស ជាពេលវេលាមួយដោយដឹងថានៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ យើងបានទទួលព្រះអំណោយពិសេសដើម្បីដឹងខុសដឹងត្រូវ មានយោបល់ល្អ គោរពកោតខ្លាចព្រះជាម្ចាស់ ធ្វើតាមការណែនាំរបស់ព្រះវិញ្ញាណ ដឹងអំពីសេចក្តីពិត…។ នេះជាព្រះអំណោយទាននៅក្នុងជំនឿ ដែលយើងទទួលពីព្រះជាម្ចាស់ ដើម្បីមានប្រាជ្ញាឈ្លាសវៃនិងធ្វើដំណើរដល់គោលដៅរបស់យើង។ គោលដៅធំរបស់យើងជាគ្រីស្តបរិស័ទ គឺភ្ជាប់ជាមួយព្រះជាម្ចាស់ទៅជាអ្នកដ៏វិសុទ្ធ ជាសន្តសន្តី។ ពេលយើងនិយាយអំពីសន្តសន្តី យើងមិននិយាយថាយើងជាមនុស្សបរិសុទ្ធដ៏ពេញលក្ខណៈទេ ប៉ុន្តែយើងទៅជាមនុស្សដ៏វិសុទ្ធ។ ដ៏វិសុទ្ធ មានន័យថាយើងខិតខំភ្ជាប់ជាមួយព្រះជាម្ចាស់ដែលជាព្រះដ៏វិសុទ្ធដ៏ពេញលក្ខណៈ ប៉ុន្តែយើងដឹងថាជួនកាលយើងដួលដែរ។ នៅពេលយើងដួល យើងដឹងថាយើងមានព្រះជាម្ចាស់ដែលធ្វើដំណើរជាមួយយើង និងលើកលែងទោសឱ្យយើងដើម្បីឱ្យយើងទៅមុខតទៅទៀត។
សរសរទី២ ទំនាក់ទំនងនិងធម៌មេត្តា ទំនាក់ទំនងដែលយើងមានរវាងគ្នានិងគ្នានៅក្នុងធម៌មេត្តាករុណា មនុស្សយើងត្រូវតែមានទំនាក់ទំនង។ នៅក្នុងទំនាក់ទំនង យើងមានបទពិសោធន៍អំពីធម៌មេត្តាករុណា ស្រឡាញ់បងប្អូនឯទៀតៗ។ ប្រសិនបើ យើងគ្មានមេត្តាករុណានៅក្នុងចិត្តរបស់យើងទេ យើងធ្វើដូចម្តេចដើម្បីរស់នៅក្នុងសង្គមបាន។ នេះជាបទពិសោធន៍ដែលយើងមាន អំពីព្រះជាម្ចាស់ដែលជាសេចក្តីស្រឡាញ់ យើងអាចមានបទពិសោធន៍ដ៏ពិតប្រាកដនៅពេលយើងអនុវត្តជាមួយបងប្អូនឯទៀតៗ។
សរសរទី៣ ថែរក្សាសេចក្តីសង្ឃឹមជានិច្ច នេះជាអត្តសញ្ញាណរបស់គ្រីស្តបរិស័ទ ប្រជារាស្ត្ររបស់ព្រះជាម្ចាស់ជាប្រជារាស្ត្រនៃសេចក្តីសង្ឃឹម។ យើងមិនដែលបញ្ចប់ជំនឿរបស់យើង ទៅលើព្រះយេស៊ូនៅលើព្រះឈើឆ្កាងទេ ព្រះយេស៊ូនៅលើព្រះឈើឆ្កាងហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ នេះជាអ្វីដែលណែនាំឱ្យយើងខុសពីគេ នៅក្នុងជំនឿរបស់យើងយើងជឿថាព្រះយេស៊ូសោយទិវង្គត ដើម្បីណែនាំឱ្យពិភពលោកទាំងមូលទទួលការសង្រ្គោះ និងទទួលជីវិតអស់កល្បជានិច្ច។ នេះជាមូលហេតុ នៅក្នុងព្រះវិហារកាតូលិកយើងមានព្រះយេស៊ូនៅលើឈើឆ្កាង និងយើងមានពន្លឺក្រហមនៅទូព្រះកាយ ដែលណែនាំឱ្យយើងនឹកឃើញព្រះយេស៊ូគង់នៅ។ នេះជាអ្វីដែលជំរុញយើង ដើម្បីចូលនៅក្នុងគម្រោងការនៃជីវិតរបស់យើង ដោយដឹងថានៅលើផ្លូវនៃជីវិតក្នុងដួងចិត្តរបស់យើង យើងមានទុក្ខលំបាក យើងមានឧបសគ្គច្រើន។ សេចក្តីសង្ឃឹមរបស់យើងមិនអាចបាត់បង់បានទេ នៅក្នុងជំនឿរបស់យើងយើងអាចយកឈ្នះឧបសគ្គដោយសារយើងបានអធិដ្ឋាន និងយើងមានព្រះយេស៊ូគង់នៅជាមួយ។
យើងមានសរសរទាំង៣នេះ ដែលណែនាំឱ្យយើងចូលនៅក្នុងគម្រោងការនៃជីវិតរបស់យើង យើងចង់ធ្វើជាសន្តសន្តីនៅក្នុងក្រុមណាមួយ ដោយដឹងថាយើងមិនធ្វើដើម្បីយើងផ្ទាល់ខ្លួន គឺដើម្បីកសាងព្រះរាជ្យរបស់ព្រះជាម្ចាស់លើផែនដីនេះ។ នេះជាអ្វីដែលយើងត្រូវការពិចារណាដែរ ខ្ញុំជាគ្រីស្តបរិស័ទម្នាក់នៅលើទឹកដីប្រទេសកម្ពុជា តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីកសាងព្រះរាជ្យរបស់ព្រះជាម្ចាស់? ព្រះរាជ្យរបស់ព្រះជាម្ចាស់ មានន័យថាយើងកសាងពិភពថ្មីរួមជាមួយព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ។ នៅពេលយើងចេះស្រឡាញ់ នៅពេលយើងចេះលើកលែងទោស នៅពេលយើងចេះកសាងសុខសន្តិភាព នៅពេលយើងស្រេកឃ្លានយុត្តិធម៌… នៅពេលហ្នឹងយើងកំពុងកសាងព្រះរាជ្យរបស់ព្រះជាម្ចាស់នៅលើផែនដី។ ដើម្បីទៅមុខបានយើងត្រូវការ៖
ទី១ ស្គាល់ខ្លួនឯងថាខ្ញុំជាខ្ញុំ សម្រាប់ព្រះជាម្ចាស់យើងដឹងថា យើងជាមនុស្សម្នាក់ដែលមានតែមួយ ខ្ញុំជាខ្ញុំ ខ្ញុំមិនមែនជាគេ ផ្លូវខ្ញុំជាផ្លូវខ្ញុំមិនមែនជាផ្លូវគេ។ ប្រសិនបើ យើងមិនស្គាល់ខ្លួនឯងច្បាស់ យើងធ្វើយ៉ាងណាដើម្បីឱ្យសមត្ថភាពរបស់យើងរីកចម្រើន។ ពេលខ្ញុំមាន២កាក់ព្រះជាម្ចាស់ថែម២កាក់ពីលើ ខ្ញុំមាន៥កាក់ព្រះជាម្ចាស់ថែម៥កាក់ពីលើ ប៉ុន្តែពេលខ្ញុំមាន១កាក់យកទៅលាក់ព្រះជាម្ចាស់ឱ្យសូន្យ។ ជីវិតរបស់ខ្ញុំ ផ្លូវរបស់ខ្ញុំមានតែមួយគត់ គឺផ្លូវខ្ញុំផ្ទាល់ ដោយដឹងថាយើងត្រូវធ្វើអស់ពីសមត្ថភាព។ នៅក្នុងគ្រប់វិស័យនៃជីវិត សុខភាព ផ្លូវវិញ្ញាណ អប់រំ ទំនាក់ទំនង ជំនឿ សេចក្តីស្រឡាញ់ ការអធិដ្ឋាន ពេលយើងហាត់ ពេលយើងតស៊ូ យើងអាចទៅមុខ។ ប៉ុន្តែ ដោយដឹងថាយើងមើលគោលដៅយើងទៅជាសន្តសន្តី ផ្លូវខ្ញុំជាផ្លូវខ្ញុំមិនមែនផ្លូវគេ តែយើងមើលពីគេដែរដើម្បីយកចំណុចល្អ កម្លាំងល្អដើម្បីទៅមុខ។
ទី២ ទុកពេលវេលា កុំឱ្យយើងប្រញាប់ពេកយើងដឹងថាអ្វីៗទាំងអស់ត្រូវការពេល បូជនីយេសចររបស់យើងគឺយើងដើរមួយៗដោយអធិដ្ឋាន ដោយគិតអំពីព្រះជាម្ចាស់ ដោយគិតអំពីជីវិតយើង ដោយបង្កើតទំនាក់ទំនង…។ ប្រសិនបើ យើងចូលទេវៈវិទ្យាល័យមួយខែក្រោយមកខ្ញុំតែងតាំងភ្លាម យើងមិនបានទទួលការអប់រំ យើងមិនបានទទួលបទពិសោធន៍ នៅពេលយើងទៅជាបូជាចារ្យយើងមិនអាចធ្វើអ្វីបានទេ។ ដូច្នេះ យកពេលដើម្បីធ្វើដំណើរដូចព្រះនាងម៉ារី ប្រញាប់ប្រញាល់ដើម្បីឈរឡើងមិនមែនដើម្បីទៅដល់កន្លែង។ យើងប្រញាប់ប្រញាល់តាមរបៀបព្រះនាងម៉ារី ប៉ុន្តែយើងយកពេលដើម្បីធ្វើដំណើរ ទុកពេលវេលាដើម្បីចូលយ៉ាងជ្រៅនៅក្នុងជីវិតយើង។
ទី៣ សូមយល់ថាខ្ញុំបំភ្លឺបងប្អូនឯទៀតៗដោយពន្លឺដែលចេញពីដួងចិត្តរបស់ខ្ញុំ ហេតុនេះហើយខ្ញុំត្រូវការថែរក្សាពន្លឺនៅក្នុងដួងចិត្តខ្ញុំ។ យើងត្រូវការស្គាល់ខ្លួនឯង ទើបយើងអាចថែរក្សាពន្លឺរបស់ខ្លួនបាន។
ដូច្នេះ សរុបសេចក្តីយើងមានសរសរ៣ដ៏សំខាន់ ដើម្បីជំរុញយើងឱ្យធ្វើដំណើរ គឺទី១ ជំនឿ ទី២ ទំនាក់ទំនងនិងមេត្តាករុណា ទី៣ សេចក្តីសង្ឃឹមដើម្បីកសាងពិភពថ្មី។ ដើម្បីទៅមុខដោយដឹងថា ទី១ ផ្លូវនៃជីវិតខ្ញុំជាផ្លូវនៃជីវិតខ្ញុំមិនមែនរបស់គេ ទី២ ខ្ញុំមានពេល យើងទុកពេលវេលាធ្វើដំណើរមួយៗដើម្បីដល់គោលដៅរបស់យើង ទី៣ យើងជាពន្លឺលុះត្រាតែយើងបានថែរក្សាពន្លឺ ដើម្បីបំភ្លឺបងប្អូនឯទៀតៗ។ ដូច្នេះ ដើម្បីថែរក្សានិងជោគជ័យនេះទាំងអស់យើងត្រូវការស្គាល់ខ្លួនឯង។
យើងជាអ្នកមានបាបដែលព្រះជាម្ចាស់លើកលែងទោសឱ្យ នេះជាកម្លាំងមួយដើម្បីទៅមុខ។ ព្រះយេស៊ូបានធ្វើដំណើររហូត ប៉ុន្តែសង្គមបច្ចុប្បន្ននេះណែនាំឱ្យយើងអង្គុយរហូត។ បង្កើតទំនាក់ទំនងសព្វថ្ងៃ មិនមែនដូចពីសម័យព្រះនាងម៉ារីទៅជួបយាយអេលីសាប៊ិតទេ យើងនិយាយគ្នាពីចម្ងាយ (Online)។ យើងត្រូវការដើររហូត ធ្វើនៅដំណើរនៅក្នុងដួងចិត្តផង នៅក្នុងជីវិតផង។
តស៊ូនៅលើផ្លូវនៃជីវិតរបស់យើងដើម្បីទៅដល់គោលដៅដូចព្រះនាងម៉ារី ព្រះនាងខុសពីគ្រីស្តទូតទាំងអស់ គឺព្រះនាងម៉ារីដែលនៅក្បែរឈើឆ្កាង។ ចាប់ពីពេលដែលព្រះនាងឆ្លើយថា “ខ្ញុំជាអ្នកបម្រើរបស់ព្រះជាម្ចាស់” ព្រះនាងបានធ្វើដំណើរជាមួយព្រះយេស៊ូ នៅក្បែរព្រះយេស៊ូរហូតដល់ឈើឆ្កាង។ មានន័យថាព្រះនាងម៉ារីបានតស៊ូ ដើម្បីទៅដល់គោលដៅរបស់ព្រះនាង តស៊ូដើម្បីទៅដល់គោលដៅនៃជីវិតរបស់យើងគឺសន្តសន្តី។ សន្តប៉ូលធ្លាប់និយាយថា “ខ្ញុំបានតស៊ូ ខ្ញុំបានរត់ដល់គោលដៅហើយ ខ្ញុំបានថែរក្សាជំនឿរបស់ខ្ញុំ ខ្ញុំបានថែរក្សាសេចក្តីសង្ឃឹមរបស់ខ្ញុំ”។
តស៊ូនៅលើផ្លូវនៃជីវិតរបស់យើងដើម្បីទៅដល់គោលដៅ!
https://youtu.be/Pr7eQTeW8cY?si=GRVrdiqtXhuSZUgh