លោកដាម៉ូ ក្លាយជាបព្វជិតសហជីវិនព្រះយេស៊ូដំបូងនៅកម្ពុជា

គ្រីស្តបរិស័ទ​ជាង​២០០០នាក់​ អាជ្ញាធរ​ដែនដី និង​ព្រះសង្ឃ​ជាច្រើន​អង្គ​បាន​ចូលរួម​ពិធី​អគ្គសញ្ញាតែង​តាំង​ជា​បូជាចារ្យរបស់​លោក​ម៉ាតាំង​ ជួរ ដាម៉ូ ក្នុងក្រុម​បព្វជិត​សហជីវិន​ព្រះយេស៊ូ ក្រោមអធិបតីភាព​របស់​លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ រួម​ជាមួយ​លោកអភិបាល​និង​​បូជាចារ្យ​ជាច្រើន​អង្គ។

លោកអភិបាល​អធិបតី មានប្រសាសន៍​ក្នុងធម្មទេសនា​ថា ថ្ងៃនេះ ជាអំណរ​សប្បាយ​របស់​ក្រុម​សហជីវិន​ព្រះយេស៊ូ​ និង​ព្រះសហគមន៍​កាតូលិក​នៅកម្ពុជា​ដែលជា​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃនេះ ​ទទួល​ស្វាគមន៍លោក​ដាម៉ូ​​​ក្នុងក្រុម​បូជាចារ្យ។

«សម្រាប់​ព្រះសហគមន៍​យើង​ខ្ញុំ​ ទទួល​បូជាចារ្យ​ថ្មីមួយរូប មិន​មែន​រឿង​ធម្មតា​ទេ។ ជា​រឿង​ដែល​យើង​មាន​ម្តងៗ។» លោកអភិបាល​បន្ថែម។

ព្រះសហគមន៍ប្រទេស​កម្ពុជា កម្រមានពិធីតែង​តាំង​បូជាចារ្យ​ណាស់ ក្រោយពេល​ដែល​កម្ពុជា​បាន​ធ្លាក់​ក្នុងភ្លើង​សង្គ្រាម​របប​អាវ​ខ្មៅ។ បច្ចុប្បន្ននេះ មាន​បូជាចារ្យជាតិ​ខ្មែរជាបូជាចារ្យ​ភូមិភាគ ចំនួន​១០​រូបក្នុងចំណោម​សាសនាទូត​និង​បព្វ​ជិត​ជាង​១០០នាក់​ដែល​កំពុង​បម្រើការងារ​នៅ​ក្នុងភូមិភាគ​ទាំង​បីដែល​មាន​​​ព្រះសហគមន៍​ជាង​១០០កន្លែង។

លោកអភិបា​ល​បន្ថែម​ថា នៅពេលនេះ លោក​ដាម៉ូ​នឹងក្លាយជា​អ្នក​បម្រើ​របស់​ព្រះយេស៊ូ ដោយ​ដើរ​តាម​ព្រះអង្គ  និង​ជាអ្នកបម្រើ​ក្នុងក្រុម​សហជីវិន​ព្រះយេស៊ូ​ដែលបាន​ស្រឡាញ់​ព្រះសហគមន៍កម្ពុជា​ជា​ពិសេស​។

លោកអភិបាល​បាន​ដាស់​តឿននូវ​មុខងារ​ជា​អ្នក​បម្រើ​ ​៣​ចំណុច​ដល់​លោក​បូជាចារ្យ​ថ្មីគឺ​ ទី១ ជាអ្នកបម្រើ​ព្រះបន្ទូល​ដំណឹងល្អរបស់​ព្រះជាម្ចាស់​ដែលយើង​ត្រូវ​តែ​ប្រកាស និង​ត្រូវ​​ណែនាំ​ដល់​កុមារ​និង​​យុវជន ដល់​មនុស្ស​គ្មាន​ចំណេះដឹង និង​ត្រូវ​ប្រកាស​គ្រប់​កាលៈទេសៈនៃ​ជីវិត​។

រីឯទី២​ ជាអ្នក​បម្រើតាម​ផ្លូវ​វិញ្ញាណ​ ដើម្បី​ជួយ​ឲ្យព្រលឹង​របស់​មនុស្ស​លោក​អាច​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​អាថ៌កំបាំង​នៃជីវិត​ផ្ទាល់​ខ្លួន​​ ដើម្បីទទួល​អគ្គសញ្ញា​នានា ដើម្បី​ចិញ្ចឹម​ផ្លូវ​វិញ្ញាណ​ឲ្យ​រីក​ចម្រើននិង​ជាប់​ជាមួយ​ព្រះជាម្ចាស់​ជានិច្ច។

និង​ទី៣ ជា​អ្នក​បម្រើ​ព្រះហឫទ័យ​ប្រណីសន្តោស​របស់​ព្រះជាម្ចាស់​ គឺ​ត្រូវ​ជួយ​​សម្រុះសម្រួល​ ជួយ​អ្នក​ក្រីក្រ អ្នកជំងឺ និង​ទណ្ឌិត​ ជួយ​អ្នក​តូចតាច​ដែល​គេ​បាន​បោះ​បង់​ចោល បងប្អូន​គ្រីស្ត​បរិស័ទ អ្នក​ស្វែង​រក​ព្រះជាម្ចាស់​ និង​បម្រើ​យុត្តិធម៌​នៅក្នុងសង្គម។

ក្នុងនោះ​ដែរ លោកអភិបាល​អូលីវីយ៉េ បាន​ជំរុញ​ឲ្យ​គ្រីស្ត​បរិស័ទគិត​អំពី​តួនាទី​ជា​អ្នក​បម្រើនេះដែរ។ លោក​បន្ថែមថា ឲ្យយើង​ទៅជា​អ្នក​បម្រើ​ក្នុងការប្រណីសន្តោសដោយហ៊ាន​សម្រុះសម្រួលគ្រប់​កាលៈទេសៈនៃ​ជីវិត​ ឲ្យយើង​ទៅជា​អ្នក​បម្រើ​សុខសន្តិភាពនៅកន្លែង​សង្គ្រាម ទាស់ទែងគ្នា ច្រណែន ស្អប់ដើម្បីឲ្យ​ក្តីស្រឡាញ់​របស់​ព្រះជាម្ចាស់​ផុសចេញមក​​ និង​ឲ្យយើង​ទៅជា​អ្នក​បម្រើ​ដោយ​លុតជង្គង់​នៅ​ក្បែរ​បងប្អូនដែល​តូចតាច​​គ្រប់​កាលៈទេសៈ ដែល​កំពុង​រង់​ចាំ​ភាព​ញញឹម សេចក្តីស្រឡាញ់​ ថ្នាក់ថ្នម និង​លើកទឹកចិត្ត។

លោកម៉ាតាំង​ ជួរ ដាម៉ូ ជា​បូជាចារ្យ​ខ្មែរ​ដំបូង​បង្អស់​ដែល​បាន​ចូល​បួស​ក្នុងក្រុម​សហជីវិន​ព្រះយេស៊ូ​ក្នុងប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​តែង​តាំង​កាលពីថ្ងៃទី​១៩ ខែ​សីហាកន្លងទៅ នៅ​ព្រះវិហារ​ព្រះជាម្ចាស់​លើក​ព្រះនាងម៉ារី​ឡើង​ស្ថានបរមសុខ​ (ពេទ្យយាយជី) ក្នុង​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ស្ថិត​ក្នុងភាគ​ខាង​លិចនៃ​ប្រទេស​កម្ពុជា ប្រមាណ​ជា​២៩១គីឡូម៉ែត្រ​ពីរាជធានីភ្នំពេញ។

​ក្នុងពេល​ដែល​ប្រជា​ជន​កម្ពុជា​បាន​ភៀស​ខ្លួន​ទៅ​ជំរំ​ខ្មែរ​-ថៃ សមាជិក​នៃ​ក្រុម​សហជីវិន​ព្រះយេស៊ូ​បាន​ជួយ​ដល់​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ក្នុងជំរំ ហើយ​ពេល​មាតុភូមិនិវត្តន៍ ពួកលោក​បាន​​​មក​បម្រើ​ការ​ក្នុង​​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩០។​ បេសកកម្ម​របស់​ក្រុមនេះ​ គឺ​ជួយដល់​ជន​ក្រីក្រ ជា​ពិ​សេស​ជន​មាន​ពិការភាព។

លោក​បូជាចារ្យ​ ស៊ីម៉ូន ​អូ ឆាង ជា​ប្រធាន​ក្រុម​សហជីវិន​ព្រះយេស៊ូ​នៅ​ប្រទេសកម្ពុជា​ មាន​ប្រសាសន៍​ថា ថ្ងៃនេះ គាត់​មាន​អំណរសប្បាយ​ខ្លាំង​ណាស់។ «ខ្ញុំជា​បេសកជន​មក​ពី​ប្រទេស​ផ្សេង បើ​សិន​យើង​ឃើញ​ថា កូន​ខ្មែរ​អាច​​បន្ត​បេសកកម្ម​នេះ និង​ប្រកាសដំណឹងល្អ​តាម​រយៈ​ភាសា​របស់គាត់​​​ ជា​ការអស្ចារ្យ​ ហើយ​ខ្ញុំ​រំភើប​មែនទែន។»

​បច្ចុប្បន្ន​ក្រុម​សហជីវិន​ព្រះយេស៊ូ មាន​យុវ័នខ្មែរ​​៣​រូប​ផ្សេងទៀត​ដែល​កំពុង​រៀន​បួស​។

អ្នកស្រី តេរេសា សួន ប៊ុនថា ជា​ម្តាយ​របស់​លោក​បូជាចារ្យ​ថ្មី មានប្រសាសន៍ថា គោលដៅជា​បូជាចារ្យ​​របស់លោក​ដា​ម៉ូ​កើត​ឡើង​នៅអាយុ​៨​ឆ្នាំ​មកម្ល៉េះ។

«ខ្ញុំ​ប្រាប់​គាត់​ថា កូន​អត់ចេះ​ធ្វើ​អីផង បោក​ខោអាវ​មិន​ទាំងស្អាត​ផង​ ទៅ​បម្រើ​អ្នកណាបាន បើកូន​ចង់​ទៅ​អីចឹង ត្រូវ​ចេះ​ធ្វើអី​ខ្លួន​ឯងកុំឲ្យម៉ាក់ពិបាក។ ដល់ពេលហ្នឹង​កូន​ចាប់​ផ្តើម​ជួយ​ខ្លួន​បាន។»អ្នកស្រីបញ្ជាក់។

អ្នកស្រី​ប៊ុនថា បាន​សារភាព​ថា ពេល​រៀន​នៅ​មហាវិទ្យាល័យ អ្នកស្រីបានបង្វៀង​កូន​ឲ្យ​នៅ​ឆ្ងាយ​ពី​ព្រះសហគមន៍​ព្រោះ​គាត់​យល់​ថា ជា​រឿង​កូន​ក្មេង​ប៉ុណ្ណោះ។ ទោះ​បី​យ៉ាង​នេះ​ក្ដី​ យុវ័ន​ដាម៉ូ​ បាន​ខិត​ខំ​សុំ​លោក​បូជាចារ្យទទួល​ខុស​ត្រូវ​មណ្ឌលនិស្សិត​កាតូលិក​ ឲ្យទទួល​គាត់​ស្នាក់នៅនិង​រៀន​នៅទីនោះ។

«ពេល​កូន​បាន​ចូល​មណ្ឌល​និស្សិត កូន​ចាប់​ផ្តើមរឹងប៉ឹង​»​ ហើយ​​ប្តីរបស់​គាត់តែង​​ប្រាប់​គាត់​ថា ពួកយើង​​អាច​ចិញ្ចឹម​កូន​តែ​រូប​កាយ និង​ឲ្យគេ​រៀនសូត្រ​ចេះដឹង តែ​មិន​អាច​សម្រេច​អនាគត​ឲ្យគេ​​​បាន​ឡើយ ហើយ​​បួស​នេះ​ក៏មិ​ន​មែន​ជា​រឿង​អាក្រក់ដែរ​ «កូនទៅធ្វើ​អ្នកសង្គ្រោះ ជាអំពើ​ល្អមួយជួយមនុស្ស​ទូទៅនៅលើ​ផែនដី​។» អ្នកស្រី​បញ្ជាក់។

​​ចាប់ពីពេលនោះ​មក​អ្នក​ស្រី បាន​លើក​ទឹកចិត្ត​និង​អធិដ្ឋាន​សម្រាប់​កូន​ប្រុស​​របស់​គាត់​រូប​នេះ ឲ្យទទួល​បាន​នូវ​អ្វីដែល​គាត់​ប្រាថ្នា​ក្នុងជីវិត​រហូត​មកដល់​ថ្ងៃនេះ។​

និយាយ​ដោយ​អួល​ដើមក យកដៃ​ជូត​ទឹក​ភ្នែក​ផង ស្ត្រីជាម្ដាយ​រូបនេះ បន្ត​ថា «សប្បាយឡើង​ស្រក់ទឹកភ្នែក មិនមែន​ដោយសារ​ស្ដាយកូនទេ តែ​រំភើប​ ​ព្រោះ​កូនខ្ញុំ​ជាង​២០ឆ្នាំ​ទំរាំ​បាន​បួស​។ កូន​ត្រូវ​រៀន​លុតដំ​សព្វគ្រប់​បែបយ៉ាង។»

លោក​ម៉ាតាំង​ ជួរ​ ដាម៉ូ អាយុ​៣៨ឆ្នាំ កើត​នៅ​ខេត្ត​កំពង់ចាម ជាកូនទី​៣ក្នុង​ចំណោម​បងប្អូន​៤នាក់។​ លោក​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ធុរកិច្ចក្នុងឆ្នាំ​២០០៦ ហើយ​ក្នុង​ឆ្នាំ​២០១២ លោក​បាន​ចូលរួម​ជា​សាមណេរ​ក្នុងក្រុម​សហជីវិន​ព្រះយេស៊ូ​។ ក្នុង​ឆ្នាំ​២០២២ លោក​បាន​ទទួល​ពិធី​តែង​តាំង​ជា​ឧបដ្ឋាក​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន។

​នៅ​ថ្ងៃតែង​តាំង​ លោក​បព្វជិត​ ជួរ​ ដាម៉ូ​ត្រូវ​បាន​ប្រកាស​ចាត់​ឲ្យ​ទទួល​​មុខងារ​លើ​ការត្រាស់ហៅ និង​បម្រើ​យុវជនសម្រាប់​ព្រះសហគមន៍​​ក្នុងភូមិភាគ​ទាំង​៣។

ចំពោះ​កិច្ច​ការងារ​នេះ​លោក​បូជាចារ្យ​ថ្មី បន្ថែមថា គាត់​ត្រូវ​បើក​ចិត្ត​ទូលាយដើម្បី​ជួយ​ណែនាំ​យុវជន​ ឲ្យ​បាន​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់​។ ចំពោះ​គាត់​មិន​មែន​ធ្វើ​ការងារ​សម្រាប់​តែ​ការត្រាស់ហៅ​ក្នុងក្រុម​សហជីវិន​ព្រះយេស៊ូ ឬ​ចូល​ជា​អ្នក​បួស​ទេ​ ព្រោះក្នុងជីវិត​រស់​នៅ​របស់​យុវជន ​គឺ​ត្រូវ​ការ​អ្នកណែនាំជា​ពិសេស​ខាង​ផ្លូវ​វិញ្ញាណ។​

លោក​គ្រោង​នឹង​ចុះ​សួរ​សុខទុក្ខ​យុវជន​កាតូលិក ​បង្កើត​ទំនាក់ទំនង​ និង​​អប់រំ​ផ្លូវ​វិញ្ញាណ​ដល់​ពួកគាត់​បន្ថែម ដើម្បី​ឲ្យពួកគាត់​អាច​រក​ឃើញ​ព្រះបំណង​របស់​ព្រះជាម្ចាស់​ក្នុងជីវិតប្រចាំថ្ងៃ​​ និង​ជីវិត​ទៅអនាគត​​។

លោក​អេនរីគេ ហ្វីការេដូ អភិបាល​ព្រះសហគមន៍ភូមិភាគ​បាត់ដំបង បាន​ឲ្យដឹងថា គាត់​រំភើប​ដោយបាន​ឃើញ​យុវជន​ខ្មែរ​ឆ្លើយ​តប​ការត្រាស់ហៅជា​បូជាចារ្យ​​ ហើយ​ការ​ចូលរួម​ពីសំណាក់​លោកអភិបាល​ បូជាចារ្យ បព្វជិត-ជិតា អាជ្ញាធរ ​ព្រះសង្ឃ និង​គ្រីស្ត​បរិស័ទ​ទាំងបី​ភូមិភាគ​ ជា​សញ្ញា​មួយថា យើង​ជួបជុំគ្នា​កសាង​ព្រះរាជ្យរបស់​ព្រះជាម្ចាស់។​

លោក​ក៏​សង្ឃឹមថា ព្រះសហគមន៍​ភូមិភាគ​បាត់ដំបង​​នឹង​មាន​យុវជន ចាប់​អារម្មណ៍អំពីការ​ត្រាស់ហៅនេះ។ លោក​ប្រាប់​ថា ដើម្បី​ឲ្យ​យើង​អាច​ទៅ​ខាង​មុខក្នុងជីវិត​ត្រាស់ហៅ ​គឺ​ទី១​ យើង​ត្រូវ​ស្តាប់​ព្រះជាម្ចាស់​ដោយ​បើក​ចិត្តដើម្បី​អាច​ប្រព្រឹត្ត​តាម​ព្រះហឫទ័យ​ព្រះជាម្ចាស់​​ ទី២​គឺ​មិន​តាម​អារម្មណ៍​និង​ចិត្ត​យើង តែ​ត្រូវ​​លះបង់​ច្រើន ​ដើម្បី​ប្រយោជន៍​រួម​ គឺព្រះជាម្ចាស់ និង​​ព្រះសហគមន៍​​។

«ព្រះសហគមន៍​ត្រូវការ​យុវជន​យក​ចិត្ត​ទុកដាក់​ស្តាប់​ការ​ត្រាស់ហៅ​ពី​ព្រះជាម្ចាស់​​ និង​បូជាជីវិតសម្រាប់ប្រយោជន៍​រួម​​ដូច​ព្រះយេស៊ូ។»​ លោកអភិបាល​អេនរីគេ​បញ្ជាក់។

ក្នុងបទ​សំភាសន៍​​លោកអភិបា​លអូលីវីយ៉េ​​ឲ្យដឹងថា លោក​ដាម៉ូ រួម​ជាមួយ​ព្រះសហគមន៍​ភូមិភាគ​ទាំង​បី សហការគ្នា ដើម្បីបម្រើ​​ព្រះបន្ទូល បម្រើ​ខាង​ផ្លូវ​វិញ្ញាណ និង​បម្រើ​អ្នកក្រីក្រ​។ «ខ្ញុំ​សង្ឃឹម​ ដាម៉ូ​ដែល​ជា​បូជាចារ្យ​Jesuit (សហជីវិនព្រះយេស៊ូ) ដែល​ជា​ខ្មែរ​ដំបូង អាច​ចូល​យ៉ាង​ជ្រៅ​នៅក្នុង​ព្រះសហគមន៍​និង​វប្បធម៌ ដើម្បីជួយ​ឲ្យព្រះសហគមន៍​ផង និង​ប្រទេស​កម្ពុជា​ផង អាច​ផ្តល់​សក្ខីភាព​អំពី​ជីវិត​របស់​ព្រះយេស៊ូ និង​ឲ្យយើង​បង្កើត​​មិត្តសម្លាញ់​របស់​ព្រះគ្រីស្ត​យ៉ាង​ច្រើន​។»

លោកអភិបាល​ក៏​សូម​អធិដ្ឋាន​សម្រាប់​យុវជន​ ឲ្យ​រក​ឃើញ​ការ​ត្រាស់ហៅ​របស់​ខ្លួន​ក្នុងពិធី​តែង​តាំង​បូជាចារ្យ​ម៉ាតាំង​ ជួរ​ ដាម៉ូនេះ។

ក្នុងពិធីនេះដែរ សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ ក៏​បាន​ផ្ញើ​សារ​លិខិត​​ចូលរួម​អបអរសាទរ​ដល់​លោក​បូជាចារ្យ ម៉ាតាំង​ ជួរ ដាម៉ូ​ផងដែរ ដោយទ្រង់​បាន​លើក​ទឹកចិត្ត​និង​ស្វាគមន៍​ការ​ចូលក្នុង​ក្រុម​បូជាចារ្យ​របស់​ព្រះយេស៊ូគ្រីស្ត៕

ដោយ កែវ កញ្ញា

Facebook
Twitter
LinkedIn