អត្ថបទព្រះគម្ពីរ ថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣

photo of clouds

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ២២,១៩-២៣

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសេបណា ជាអភិបាលក្រុងថា៖ «យើងនឹងបណ្តេញអ្នកចេញពីមុខតំណែង ហើយដកបុណ្យសក្តិរបស់អ្នកទៀតផង។ នៅថ្ងៃនោះ យើងនឹងហៅអ្នកបម្រើរបស់យើងឱ្យមក គឺអេលីយ៉ាគីម ដែលត្រូវជាកូនរបស់លោក ហ៊ីលគីយ៉ា យើងនឹងយកអាវកិត្តិយស និងសង្វាររបស់អ្នក មកបំពាក់ឲ្យគាត់។ យើង នឹងដកអំណាចរបស់អ្នក ប្រគល់ទៅឲ្យគាត់។ គាត់នឹងថែរក្សាអ្នកក្រុងយេរូសាឡឹមនិង អ្នកស្រុកយូដា ដូចឪពុកថែរក្សាកូន។ យើងនឹងប្រគល់កូនសោនៃព្រះរាជវាំងរបស់ព្រះបាទដាវីឌឱ្យគាត់ បើគាត់បើក គ្មាននរណាបិទបានទេ ហើយបើគាត់បិទ ក៏គ្មាននរណាបើកបានដែរ។ យើងនឹងតាំងគាត់ឱ្យមានជំហររឹងប៉ឹង ដូចដែកគោលដែលបោះភ្ជាប់លើឈើខ្លឹម។ គាត់នឹងធ្វើឱ្យវង្សត្រកូលរបស់គាត់មានកិត្តិយសថ្លៃថ្នូរ»។

ទំនុកតម្កើងលេខ ១៣៨ (១៣៧), ១-៣.៦.៨ បទកាកគតិ

ខ្ញុំសូមតម្កើង ព្រះម្ចាស់ខ្ពស់ឡើង អស់ពីដួងចិត្ត
នៅមុខទេវតា ខ្ញុំស្មូត្រជាបទ តម្កើងថ្វាយថ្វាត់
ដល់ព្រះអង្គថ្លៃ
ខ្ញុំក្រាបបែរមុខ តម្រង់ទៅរក វិហារប្រពៃ
ខ្ញុំលើកតម្កើង ព្រះនាមថ្លាថ្លៃ ដោយព្រះហប្ញទ័យ
ស្មោះស្ម័គ្រឥតស្បើយ
នៅថ្ងៃដែលខ្ញុំ ស្រែកអង្វរសុំ ព្រះអង្គតបឆ្លើយ
ព្រះអង្គប្រទាន ឥតមានកន្តើយ ឱ្យខ្ញុំបានស្បើយ
ក្នុងចិត្តក្លាហាន
ទោះបីព្រះម្ចាស់ ខ្ពង់ខ្ពស់ខ្លាំងណាស់ ក៏ទ្រង់សំភី
គិតមនុស្សលោក គ្រប់វិនាទី ជនកាចយាយី
ទ្រង់ស្គាល់ពីឆ្ងាយ
បពិត្រព្រះម្ចាស់ ការគ្រប់យ៉ាងនេះ ពិតជាប្រពៃ
ព្រះអង្គប្រកប ដោយព្រះហប្ញទ័យ ករុណាក្រៃ
ឥតបីបោះបង់

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ១១,៣៣-៣៦

ព្រះហប្ញទ័យទូលាយរបស់ព្រះជាម្ចាស់ជ្រៅពន់ពេកណាស់!។ ព្រះប្រាជ្ញាញាណ និងព្រះតម្រិះរបស់ព្រះអង្គក៏ខ្ពង់ខ្ពស់ដែរ!។ គ្មាននរណាអាចយល់ការសម្រេចរបស់ព្រះអង្គបានឡើយ ហើយក៏គ្មាននរណាអាចយល់មាគ៌ារបស់ព្រះអង្គបានដែរ! តើនរណាស្គាល់គំនិតរបស់ព្រះអម្ចាស់? តើនរណាបានថ្វាយយោបល់ទៅព្រះអង្គ? តើនរណាបានថ្វាយអ្វីមួយទៅព្រះអង្គ ដើម្បីឱ្យព្រះអង្គតបស្នងសងគុណវិញ? អ្វីៗទាំងអស់សុទ្ធតែមកពីព្រះអង្គ ដោយសារព្រះអង្គ និងសម្រាប់ព្រះអង្គ!។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជានិច្ច! អាម៉ែន!។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១៦,១៨

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានសង់ព្រះសហគមន៍លើជំនឿរបស់លោកសិលា សេចក្តីស្លាប់ពុំមានអំណាចលើព្រះសហគមន៍នេះបានឡើយ!។អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៦,១៣-២០

ព្រះយេស៊ូយាងមកដល់ស្រុកសេសារេភីលីព ព្រះអង្គមានព្រះបន្ទូលសួរក្រុមសាវ័កថា៖ «តើមនុស្សទាំងឡាយថាបុត្រមនុស្សជានរណា?»។ គេទូលថា៖ «អ្នកខ្លះថា លោកជាលោកយ៉ូហានបាទីស្ត អ្នកខ្លះថា លោកជាព្យាការីអេលី អ្នកខ្លះទៀតថា លោកជាព្យាការីយេរេមី ឬជាព្យាការីណាមួយរូប»។ ព្រះអង្គសួរគេទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ?»។ លោកស៊ីម៉ូនសិលាទូលព្រះអង្គថា៖ «លោកជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ស៊ីម៉ូនកូនលោកយ៉ូណាសអើយ! អ្នកពិតជាមានសុភមង្គលមែន! អ្នកដឹងសេចក្តីនេះមិនមែនដោយខ្លួនឯងទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខបានសម្តែងឱ្យអ្នកដឹង។ ខ្ញុំសុំប្រាប់អ្នកថា អ្នកឈ្មោះសិលា ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ។ សេចក្តីស្លាប់ពុំមានអំណាចលើព្រះសហគមន៍នេះបានឡើយ ខ្ញុំនឹងប្រគល់កូនសោព្រះរាជ្យនៃស្ថានបរមសុខឱ្យអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលហាមក្រុមសាវ័កមិនឱ្យប្រាប់នរណាថា ព្រះអង្គជាព្រះគ្រីស្តឡើយ។

Facebook
Twitter
LinkedIn