អត្ថបទព្រះគម្ពីរ ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣

bible blur christ christianity

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរនាងរូថ រថ ១,១.៣-៦

ក្នុងសម័យអស់លោកវីរបុរស ទុរ្ភិក្សកើតមានឡើងពាសពេញក្នុងស្រុក។ ពេល​នោះ នៅភូមិបេថ្លេហឹម ក្នុងស្រុកយូដា មានបុរសម្នាក់ចេញដំណើរជាមួយភរិយា និង​កូនប្រុសពីរនាក់ឆ្ពោះទៅស្រុកម៉ូអាប់។ បុរសនោះទទួលមរណភាពទៅ ទុកចោល​នាងណូអេមី ជាភរិយាឱ្យនៅជាមួយកូនប្រុសទាំងពីរ។ កូនទាំងពីរក៏យកប្រពន្ធ​ជាតិម៉ូអាប់ម្នាក់ឈ្មោះអ័រប៉ា និងម្នាក់ទៀតឈ្មោះរូថ។ ពួកគេស្នាក់នៅកន្លែងនោះអស់រយៈពេលប្រហែលដប់ឆ្នាំ។ បន្ទាប់មក កូនប្រុសទាំងពីរក៏ស្លាប់ដែរ ទុកនាង​ណូអេមីជាម្តាយឱ្យនៅតែម្នាក់ឯង។ ដោយអស់ទាំងប្តី អស់ទាំងកូន ពេលនោះ នាងណូអេមីចេញដំណើរពីស្រុកម៉ូអាប់ជាមួយកូនប្រសារទាំងពីរនាក់ត្រឡប់ទៅ​ស្រុកយូដា ជាភូមិកំណើតរបស់នាងវិញ ដ្បិតនៅស្រុកម៉ូអាប់ នាងឮថា ព្រះអម្ចាស់បានប្រោសប្រណីដល់ប្រជារាស្ត្រព្រះអង្គ និងប្រទានអាហារឱ្យពួកគេបរិភោគបាន​គ្រប់គ្រាន់ផង។ នាងអ័រប៉ាថើបម្តាយក្មេក លាគាត់ត្រឡប់ទៅរស់នៅជាមួយប្រជាជន​នាងវិញ។ នាងណូអេមីនិយាយទៅកាន់នាងរូថថា៖ «មើល៍! ប្អូនថ្លៃឯងត្រឡប់ទៅរស់​នៅជាមួយប្រជាជនវិញហើយ! ទៅបម្រើព្រះរបស់វា ចូរនាងទៅតាមប្អូនថ្លៃចុះ!»។ តែនាងរូថឆ្លើយតបថា៖ «សូមអ្នកម្តាយកុំបង្ខំកូនឱ្យឃ្លាតឆ្ងាយពីអ្នកម្តាយធ្វើអ្វី! អ្នកម្តាយទៅទីណា កូនក៏ទៅទីនោះដែរ អ្នកម្តាយស្នាក់នៅកន្លែងណា កូនក៏ស្នាក់នៅ​កន្លែងនោះដែរ។ ប្រជាជនរបស់អ្នកម្តាយនឹងទៅជាប្រជាជនរបស់កូន ហើយព្រះ​របស់អ្នកម្តាយក៏ទៅជាព្រះរបស់កូនដែរ»។ នាងណូអេមីត្រឡប់មកភូមិកំណើតវិញ ដូច្នេះឯង នាងនាំទាំងនាងរូថជាកូនប្រសារជាតិម៉ូអាប់មកជាមួយផង។ អ្នកទាំងពីរ​មកដល់ភូមិបេថ្លេហឹមនៅដើមរដូវចម្រូត។

ទំនុកតម្កើងលេខ ១៤៦ (១៤៥),៥-១០ បទពាក្យ ៧

៥ អ្នកដែលព្រះលោកយ៉ាកុបជួយ សង្គ្រោះផុតព្រួយហើយសង្ឃឹម
ទុកចិត្តលើព្រះគ្មានអ្វីផ្ទឹម រស់ដោយញញឹមគ្មានភិតភ័យ ។
៦ ព្រះអង្គបង្កើតទាំងផ្ទៃមេឃ ផែនដីល្អឯកធំពេកក្រៃ
សមុទ្រព្រមទាំងអស់អ្វីៗ សន្យាថ្លាថ្លៃទ្រង់មិនភ្លេច ។
៧ ព្រះអង្គរកយុត្តិធម៌ឱ្យ ដល់អ្នកទន់ខ្សោយមិនកែគេច
ចែកអាហារដល់អ្នកឃ្លានស្រេច ហើយទ្រង់សម្រេចលែងអ្នកទោស ។
៨ ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ ហើយលើកអស់អ្នកដែលនៅរស់
អស់ក្តីសង្ឃឹមគ្មានអ្វីសោះ ស្រឡាញ់អ្នកស្មោះត្រង់ល្អជា ។
៩ ព្រះម្ចាស់គាំទ្រជនបរទេស មេម៉ាយនិងអស់ក្មេងកំព្រា
តែទ្រង់ធ្វើឱ្យគម្រោងការ មនុស្សខូចពាលាវិនាសបង់ ។
១០ ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យ អស់កល្បជានិច្ចតយូរលង់
ឱក្រុងស៊ីយ៉ូនដ៏រឿងរុង ព្រះអ្នកនឹងគ្រងរាជ្យតទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៤,៨.៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ អ្នកណាមានចិត្តស្រឡាញ់ អ្នកនោះកើតមកពីព្រះជាម្ចាស់ហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២២,៣៤-៤០

ពេលនោះ ពួកខាងគណៈផារីស៊ីប្រជុំគ្នា ព្រោះគេឮថា ព្រះយេស៊ូធ្វើឱ្យពួកខាងគណៈសាឌូស៊ីទ័លប្រាជ្ញ រកនិយាយអ្វីទៀតមិនកើត។ ក្នុងចំណោមពួកគេ មានម្នាក់​ជាធម្មាចារ្យទូលសួរព្រះយេស៊ូក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖ «លោកគ្រូ! ក្នុងគម្ពីរធម្មវិន័យ តើវិន័យណាសំខាន់ជាងគេ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និង​អស់ពីប្រាជ្ញា។ ហ្នឹងហើយជាវិន័យទីមួយដែលសំខាន់ជាងគេបំផុត។ រីឯវិន័យទីពីរ​ក៏សំខាន់ដូចគ្នាដែរ គឺត្រូវស្រឡាញ់បងប្អូនឯទៀតៗ ឱ្យបានដូចស្រឡាញ់ខ្លួន​ឯង។ វិន័យទាំងពីរនេះជាឫសគល់របស់ធម្មវិន័យ និងគម្ពីរព្យាការីទាំងអស់»។

Facebook
Twitter
LinkedIn