នៅថ្ងៃទី១៩ ខែសីហានេះ លោកឧបដ្ឋាកម៉ាតាំង ជួរ ដាម៉ូ នឹងត្រូវតែងតាំងជាបូជាចារ្យកាតូលិក ក្នុងក្រុមបព្វជិតសហជីវិនព្រះយេស៊ូ (Jesuit) ក្រោមអធិបតីភាពរបស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមនិងលោកអភិបាលជាច្រើនអង្គ និងលោកបូជាចារ្យ នៅព្រះវិហារព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ (ពេទ្យយាយជី) ក្នុងភូមិរំចេក១ ឃុំរតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកជួរ ដាម៉ូ ជាជនជាតិខ្មែរដំបូងគេ ដែលនឹងក្លាយជាបព្វជិតសហជីវិនព្រះយេស៊ូក្នុងពេលឆាប់ៗនេះ។ លោកបានចូលរួមក្នុងក្រុមសហជិវិនព្រះយេស៊ូក្នុងឆ្នាំ២០១២ ហើយបានថ្វាយពាក្យសច្ចាដំបូងក្នុងឆ្នាំ២០១៤។
ក្នុងអំឡុងពេលទទួលការអប់រំនៅក្រៅប្រទេស ជាពិសេសគឺប្រទេសហ្វីលីពីន លោកបានខិតខំប្រណិប័តន៍ខ្លួនតាមបន្ទូលរបស់សម្តេចប៉ាប គឺបម្រើនិងលើកទឹកចិត្តអ្នកក្រីក្រខ្វះខាត។ នៅរៀងរាល់ថ្ងៃអាទិត្យ លោកតែងតែធ្វើដំណើររួមជាមួយគ្រីស្តបរិស័ទនានាទៅសួរសុខទុក្ខអ្នកជំងឺនៅតាមមន្ទីរពេទ្យ អធិដ្ឋានឲ្យពួកគាត់ និងផ្តល់ព្រះកាយព្រះគ្រីស្តផង។
លោកធ្លាប់បាននិយាយថា «យើងត្រូវស្វែងរកព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការទាំងអស់ដែលយើងធ្វើ។ ហើយអ្វីដែលយើងធ្វើគឺយើងចង់បម្រើព្រះជាម្ចាស់។»
លោកជួរ ដាម៉ូ ជាកូនច្បងក្នុងគ្រួសារគ្រីស្តបរិស័ទ ជាកូនរបស់លោក ប៉ូល ជួរ សុខទី។
សូមបងប្អូនជួយអធិដ្ឋានសម្រាប់លោកបូជាចារ្យថ្មី ម៉ាតាំង ជួរ ដាម៉ូ ដែលនឹងត្រូវតែងតាំងនៅថ្ងៃទី១៩ ខែសីហាខាងមុខនេះ៕