នៅថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣ ការិយាល័យយុវជនព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម បានរៀបចំកម្មវិធីការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនកាតូលិកភូមិភាគកំពង់ចាម» រដូវកាលទី១ សម្រាប់យុវជន និងយុវនារីដែលមកពីព្រះសហគមន៍ផ្សេងៗក្នុងភូមិភាគកំពង់ចាម។
ក្នុងកម្មវិធីបើក លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាកកំពង់ចាម មានប្រសាសន៍លើកទឹកចិត្តយុវជន យុវនារីទាំងអស់ចូលរួមប្រកួតដោយស្មារតីមិត្តភាព។
កម្មវិធីប្រកួតកីឡាបាល់ទាត់លើកនេះចាប់ផ្តើមប្រកួតចាប់តាំងពីម៉ោង៨នាទីព្រឹករហូតដល់ម៉ោង៦នាទីល្ងាចបញ្ចប់ដោយ អំណរសប្បាយ។
ផន រតនា ជាប្រធានក្រុមដែលមកពីព្រះសហគមន៍អ្នកលឿងបានចែកថា៖ ពេលចូលរួមកម្មវិធីនេះ មានសប្បាយខ្លាំងណាស់ ព្រោះកម្មវិធីនេះនាំឲ្យគាត់បានស្គាល់មិត្តជាច្រើន និងចេះសហការគ្នា រួបរួមគ្នាដើម្បីប្រកួតជាមួយគ្នាស្ថិតក្នុងភាពយុត្តិធម៌។
ក្រុមរបស់រតនា បានជ័យលាភីលេខមួយ ក្នុងការប្រកួតក្នុងចំណោមកីឡាករ១២ក្រុម។
រតនាឲ្យដឹងថា គាត់សូមថ្លែងអំណរគុណដល់លោកអភិបាល និងគណៈកម្មការដែលបានរៀបចំកម្មវិធីនេះ សម្រាប់យុវជនទាំងអស់ចូលរួម មានឱកាសជួបគ្នានិងស្គាល់គ្នា។
តាមកញ្ញា លីម បុប្ផា តំណាងការិយាល័យយុវជនព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមបានឲ្យដឹងថា កម្មវិធីនេះរៀបចំឡើង គឺដើម្បីបង្រួបបង្រួមសកម្មភាពយុវជនក្នុងព្រះសហគមន៍ ក៏ដូចជានៅក្នុងភូមិភាគកំពង់ចាមដើម្បីឱ្យយុវជនចេះពង្រឹងស្មារតី សាមគ្គីភាព និង ជៀសឆ្ងាយពីគ្រឿងញៀន និងល្បែងពាលាផ្សេងៗ។
បុប្ផាបន្ថែមថា កីឡាជួយឲ្យយុវជន ចេះបង្ហាញក្ដីស្រឡាញ់ ចេះអត់ទោសអោយគ្នា មានវប្បធម៌ចេះ ចែករំលែក ចេះតស៊ូ មានទំនួលខុសត្រូវ និង មានទិសដៅ ក្នុងការធ្វើអ្វីមួយ។ ម្យ់ាងទៀត កីឡាជួយ យុវជនអោយចេះស្ដាប់ ចេះមើល ក្នុងន័យវិជ្ជមាន អាចកំសាន្ដអារម្មណ៍ និងបំបាត់ភាពតានតឹង។
នាងបានប្រាប់ទៀតថា កម្មវិធីនេះនឹងមានជារៀងរាល់ឆ្នាំ ក្នុងកំឡុងពេល ខែសីហា។
ក្រុមប្រកួតទាំងអស់មកពី ព្រះសហគមន៍ក្រុងកំពង់ចាម ព្រះសហគមន៍ផ្ការដូង ព្រះសហគមន៍ថ្មពេជ្រ ព្រះសហគមន៍អូរាំឪ ព្រះសហគមន៍កោះរការ ព្រះសហគមម៍ព្រៃវែង ព្រះសហគមន៍អ្នកលឿង ព្រះសហគមន៍កអណ្តើក និងព្រះសហគមន៍ប៊ូស្រា។
កម្មវីធីនេះប្រកួតបាល់ទាត់នេះ ធ្វើនៅក្រុងកំពង់ចាម រៀបចំដោយការិយាល័យយុវជនព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម៕
ម៉េង ភីឡុង