អគ្គសញ្ញាលាបថ្ងាសនាំឲ្យយើងហ៊ានប្រកាសជំនឿដល់អ្នកដទៃ

នៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣ ព្រះសហគមន៍កាតូលិក សន្តយ៉ូហានបាទីស្ត ព្រែកក្របៅ ដែលស្ថិតនៅភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង បានទទួលស្វាគមន៍លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមមកថ្វាយអភិបូជា «លើកតម្កើងព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ» និងមានប្អូនៗទាំង១១នាក់ ទទួលអគ្គសញ្ញាលាបថ្ងាស។
ពេលចាប់ផ្តើមអភិបូជា លោកអភិបាល សិលា សួន ហង្សលី បានមានប្រសាសន៍ថា៖ នៅថ្ងៃនេះ  យើងមានអំណរសប្បាយដែលមានប្អូនៗ១១នាក់បានទទួលអគ្គសញ្ញាលាបថ្ងាស ប្អូនៗនឹងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ នឹងធ្វើឲ្យប្អូនៗទៅជាគ្រីស្តបរិស័ទពេញទី និងក្លាយជាអ្នកជួយព្រះសហគមន៍នៅទីនេះក្នុងការប្រកាសដំណឹងល្អ។
ព្រះអំណោយទានទាំង៧គឺ៖ទី១ប្រាជ្ញា ទី២ការឈ្លាសវៃ ទី៣ការចេះផ្តល់ដំបូន្មាន ទី៤ចិត្តអង់អាច ទី៥ចំណេះដឹង ទី៦ការគោរពប្រណិប័តន៍ព្រះជាម្ចាស់គ្រប់ពេលវេលា និងទី៧ការគោរពកោតខ្លាចព្រះជាម្ចាស់។
ក្នុងធម្មទេសនាលោកអភិបាលបានបន្តថា ពេលយើងទទួលអគ្គសញ្ញាលាបថ្ងាស គឺយើងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ហើយក្លាយជាគ្រីស្តបរិស័ទពេញវ័យ ឲ្យយើងក្រោកឡើងដើម្បីហ៊ានទៅជួបអ្នកដទៃដែរ និងចេញទៅបម្រើបងប្អូន ជាពិសេសបម្រើងអស់អ្នកដែលត្រូវការយើង អ្នកដែលរងទុក្ខលំបាកច្រើន ហើយឲ្យយើងក្រោកឡើងដូចនាងម៉ារី ដើម្បីទទួលបានសុភមង្គលដូចព្រះនាងដែលបានចូលស្ថានបរមសុខ។
លោកបូជាចារ្យ សិលា គីម ជុង អ៊ី ទទួលខុសត្រូវព្រះសហគមន៍ព្រែកក្របៅបានឲ្យដឹងថា៖ លោកសប្បាយចិត្តណាស់ ដោយសារព្រះសហគមន៍ព្រែកក្របៅ មានប្អូនៗ១១នាក់ទទួលអគ្គសញ្ញាលាបថ្ងាស។លោកបន្ថែមថា ពួកគាត់ចូលរួមបម្រើព្រះសហគមន៍ ចេះអធិដ្ឋាន ទោះបីគេមានការងាររវល់ក៏ដោយ ក៏គេស្ម័គ្រចិត្តមកបម្រើព្រះសហគមន៍។
លោកបានបន្តដោយអរគុណដល់យុវជន យុវនារីទាំងអស់ និងសង្ឃឹមថាជំនឿរបស់ពួកគេកាន់តែមាំមួនទៅៗ និងបន្តបម្រើព្រះសហគមន៍កាន់តែច្រើនឡើងដែរ។
ង្វៀន ធី សង បាននិយាយថា៖ គាត់បានទទួលការអប់រំជំនឿរយៈពេល៤ឆ្នាំ ហើយឥឡូវនេះមានអារម្មណ៍សប្បាយចិត្ត និងរំភើប ដោយបានទទួលអគ្គសញ្ញាលាបថ្ងាស។ ក្នុងចំណោមព្រះអំណោយទានទាំង៧ គាត់ចង់ទទួលបានព្រះអំណោយទាន«យល់ដឹង» ដោយសារគាត់ចង់ស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ជាង។ ធី សង សូមថ្លែងអំណរគុណដល់លោកពុក និងបងស្រីដែលបានជួយណែនាំអប់រជំនឿដល់គាត់ ដើម្បីស្គាល់ព្រះជាម្ចាស់ ​និងអរគុណដល់ឪពុកម្តាយ ដែលបានចិញ្ចឹមបីបាច់កូនៗដោយធ្វើការទាំងយប់ទាំងថ្ងៃ។
ព្រះសហគមន៍កាតូលិក សន្តយ៉ូហានបាទីស្ត ព្រែកក្របៅ មានអាយុកាលជាង៣០ឆ្នាំមកហើយ ព្រះវិហារនៅជាប់នឹងទន្លេមេគង្គ គ្រីស្តបរិស័ទទាំងអស់រស់នៅភូមិជុំវិញព្រះវិហារ មានប្រមាណ៤០គ្រួសារ ភាគច្រើនប្រកបមុខរបរមើលថែចំការ និងនេសាទត្រី ទោះបីរវល់ជាមួយការងារប្រចាំថ្ងៃតែគ្រីស្តបរិស័ទទាំងអស់ចូលរួមអភិបូជារាល់ថ្ងៃអាទិត្យយ៉ាងទៀងទាត់ និងជួយការងារជាច្រើនក្នុងព្រះសហគមន៍៕
ម៉េង ភីឡុង

Facebook
Twitter
LinkedIn