ថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣

the holy bible on lectern

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកយ៉ូស៊ូអា យស ២៤,១៤-២៩

លោកយ៉ូស៊ូអាកោះហៅកុលសម្ពន្ធអ៊ីស្រាអែលទាំងដប់ពីរនៅស៊ីគែម។ លោកមាន​ប្រសាសន៍ទៅគេថា៖ «ចូរកោតខ្លាចព្រះអម្ចាស់ និងគោរពបម្រើព្រះអង្គឱ្យអស់ពី​ដួងចិត្ត និងដោយស្មោះត្រង់បំផុត។ ចូរដកយកព្រះដទៃដែលបុព្វបុរសរបស់អ្នករាល់គ្នាធ្លាប់គោរពបម្រើនៅខាងនាយទន្លេអឺប្រាត និងនៅស្រុកអេស៊ីបនោះចោលទៅ ហើយ​នាំគ្នាគោរពបម្រើព្រះអម្ចាស់។ ប៉ុន្តែ បើអ្នករាល់គ្នាមិនពេញចិត្តនឹងគោរពបម្រើព្រះអម្ចាស់ទេ នៅថ្ងៃនេះ ចូរជ្រើសរើសយកព្រះណាមួយដែលអ្នករាល់គ្នាពេញចិត្ដនឹងគោរព​​បម្រើទៅ! គឺមានព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាធ្លាប់គោរពបម្រើនៅខាងកើតទន្លេ​អឺប្រាត ឬព្រះរបស់ជនជាតិអាម៉ូរីនៅក្នុងស្រុកដែលអ្នករាល់គ្នាស្នាក់នៅនេះជាដើម។ រីឯខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើព្រះអម្ចាស់»។ ប្រជាជនបានឆ្លើយថា៖ «យើងនឹងមិនបោះបង់​ចោលព្រះអម្ចាស់ បែរទៅគោរពបម្រើ​ព្រះដទៃទៀតជាដាច់ខាត! ដ្បិតមានតែព្រះអម្ចាស់ហ្នឹងហើយជាព្រះនៃយើង ព្រះអង្គ​បាននាំយើងខ្ញុំ និងបុព្វបុរសរបស់យើងឱ្យចាកចេញពីស្រុកអេស៊ីប ជាស្រុកដែលយើង​ធ្លាប់ធ្វើជាទាសករ។ ព្រះអង្គបានសម្តែងការអស្ចារ្យធំៗ ឱ្យយើងឃើញច្បាស់នឹងភ្នែកគឺ ព្រះអង្គបានរក្សាការពារយើង តាមផ្លូវដែលយើងធ្វើដំណើរឆ្លងកាត់ទឹកដី​​របស់ប្រជាជននានា។ ព្រះអម្ចាស់បានបណ្តេញប្រជាជនទាំងប៉ុន្មានចេញពីមុខយើង ជាពិសេសជនជាតិអាម៉ូរីដែលរស់នៅក្នុងស្រុកនេះ។ យើងខ្ញុំក៏ចង់គោរពបម្រើព្រះអម្ចាស់ដែរ ដ្បិតព្រះអង្គជាព្រះរបស់យើង»។ លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាមិនអាចគោរពបម្រើព្រះអម្ចាស់បានទេ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ ហើយព្រះអង្គមិនសព្វព្រះហឫទ័យឱ្យអ្នករាល់គ្នាគោរពព្រះមួយណាទៀតឡើយ ព្រះអង្គមិនអាចអត់ទោសចំពោះការបះបោរ និងអំពើបាបរបស់អ្នករាល់គ្នាបានទេ។ ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ហើយងាកទៅគោរពបម្រើព្រះដទៃ ព្រះអង្គបែរមកដាក់ទោសអ្នករាល់គ្នា ធ្វើឱ្យ​អ្នករាល់គ្នាវិនាសសាបសូន្យ ថ្វីដ្បិតតែព្រះអង្គធ្លាប់ប្រទានពរដល់អ្នករាល់គ្នារួចមក​ហើយក៏ដោយ»។ ប្រជាជនឆ្លើយតបទៅលោកយ៉ូស៊ូអាវិញថា៖ «ទេ! យើងចង់គោរពបម្រើព្រះអម្ចាស់​តែមួយព្រះអង្គប៉ុណ្ណោះ»។ លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរទទួលខុសត្រូវចំពោះខ្លួនឯងផ្ទាល់ទៅ ដ្បិតអ្នករាល់គ្នាបានសម្រេចចិត្តគោរពបម្រើ​ព្រះអម្ចាស់ហើយ!»។ ពួកគេឆ្លើយថា៖ «យើងសុខចិត្តទទួលខុសត្រូវហើយ!»។ លោក​​យ៉ូស៊ូអាមានប្រសាសន៍ថា៖ «ឥឡូវនេះ ចូរដកព្រះដទៃដែលសិ្ថតនៅកណ្តាលអ្នករាល់គ្នាចោលចេញទៅ ហើយផ្ចង់ចិត្តគំនិតទៅរកព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល​វិញ»។ ប្រជាជនឆ្លើយតបទៅលោកយ៉ូស៊ូអាថា៖ «យើងចង់គោរពបម្រើព្រះអម្ចាស់ជាព្រះនៃយើង ហើយ និងប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គផង»។ នៅថ្ងៃនោះ លោកយ៉ូស៊ូអាចងសម្ពន្ធមេត្រីជាមួយប្រជាជននៅស៊ីគែម ហើយលោក​ចេញច្បាប់ និងវិន័យឱ្យពួកគេកាន់តាមទៀតផង។ លោកយ៉ូស៊ូអាចារសេចក្តីទាំងនេះទុកនៅក្នុងគម្ពីរធម្មវិន័យរបស់ព្រះជាម្ចាស់។ លោកយកថ្មមួយផ្ទាំងយ៉ាងធំមកបញ្ឈរនៅក្រោមដើមជ្រៃដែលស្ថិតក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។ លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «មើល៍! ថ្មនេះជាសាក្សីរបស់យើងរាល់គ្នា ដ្បិតថ្មនេះបានឮសេចក្តីទាំងប៉ុន្មានដែលព្រះអម្ចាស់មានព្រះបន្ទូលមកយើង។ ថ្មនេះនឹងទៅជាសាក្សីរារាំងអ្នករាល់គ្នា កុំឱ្យក្បត់ព្រះរបស់អ្នករាល់គ្នា»។ បន្ទាប់មក លោកយ៉ូស៊ូអាបញ្ជាឱ្យប្រជាជនវិលត្រឡប់ទៅកាន់ទឹកដីដែលជាមត៌កគេរៀងៗខ្លួនវិញ។ ក្រោយព្រឹត្តិការណ៍ទាំងនោះមក លោកយ៉ូស៊ូអាដែលជាកូនរបស់លោក​នូន និងជាអ្នកបម្រើរបស់ព្រះអម្ចាស់បានទទួលមរណភាពក្នុងជន្មាយុមួយរយដប់ឆ្នាំ។

ទំនុកតម្កើងលេខ ១៣៦ (១៣៥),១-៣.១៦-១៨.២១-២២.២៤ បទកាកគតិ

ឱ! ព្រះជាម្ចាស់ដ៏ឧត្តម សូមការពារខ្ញុំឱ្យសុខសាន្ត
ដ្បិតទូលបង្គំសុំផ្ញើប្រាណ ជ្រកក្រោមទីស្ថានម្លប់បារមី
ខ្ញុំសូមទូលថ្វាយព្រះម្ចាស់ថា ព្រះអង្គពិតជាអម្ចាស់ថ្លៃ
ក្រៅពីព្រះអង្គឥតមានអ្វី ផ្តល់មង្គលជ័យគ្រាអាសន្ន
បពិត្រព្រះអម្ចាស់ឧត្តម ព្រះអង្គជាចំណែកស្រស់ស្រាយ
មត៌កនៃខ្ញុំឥតក្លែងក្លាយ ផ្តល់អ្វីទាំងឡាយតាមប្រាថ្នា
ខ្ញុំសូមតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គនេះសែនមោះមុត
ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ ទោះយប់ងងឹតក៏តឿនដែរ
ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ ដែលជាទម្លាប់ទ្រង់គង់ក្បែរ
ខាងស្តាំរូបខ្ញុំឥតប្រួលប្រែ ខ្ញុំមិនបែកបែរញាប់ញ័រឡើយ
១១ ព្រះអង្គបង្ហាញផ្លូវជីវិត ឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ
ដោយព្រះអង្គគង់នៅជាមួយ ទូលបង្គំគ្មានព្រួយអរសប្បាយ
ដោយព្រះអង្គគង់នៅខាងស្តាំ ជាប់ជាប្រចាំមិនជិនណាយ
ទូលបង្គំសែនរីករាយសប្បាយ អស់កល្បវែងឆ្ងាយតរៀងទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការអស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៩,១៣-១៥

នៅគ្រានោះ មានមនុស្សម្នានាំក្មេងតូចៗមកឱ្យព្រះយេស៊ូដាក់ព្រះហស្តលើវា និងអធិដ្ឋានឱ្យ។ ក្រុមសាវ័កស្តីបន្ទោសអ្នកទាំងនោះ តែព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកឱ្យក្មេងតូចៗមករកខ្ញុំចុះ កុំឃាត់វាឡើយ! ដ្បិតមានតែអ្នកមានចិត្តដូចក្មេងៗទាំងនេះប៉ុណ្ណោះទេ ដែលចូលក្នុងព្រះរាជ្យនៃស្ថានបរមសុខបាន»។ បន្ទាប់មក​​ ព្រះអង្គដាក់ព្រះហស្តលើក្មេងទាំងនោះ រួចទ្រង់ក៏យាងចាកចេញពីទីនោះទៅ។

Facebook
Twitter
LinkedIn