អត្ថបទព្រះគម្ពីរ ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ៣៤,១-១២

លោកម៉ូសេឡើងពីវាលទំនាបស្រុកម៉ូអាប់ឆ្ពោះទៅភ្នំនេបូ ត្រង់កំពូលភ្នំពីស្កាដែល​ស្ថិតនៅទល់មុខក្រុងយេរីខូ។ ព្រះអម្ចាស់បានបង្ហាញឱ្យលោកឃើញស្រុកទាំងមូល គឺទឹកដីស្រុកកាឡាត រហូតដល់ក្រុងដាន់ទឹកដីណែបថាលីទាំងមូល ទឹកដីអេប្រាអ៊ីម និងម៉ាណាសេ ទឹកដីស្រុកយូដាទាំងមូលរហូតដល់សមុទ្រមេឌីទែរ៉ាណេ តំបន់ណេកិប ព្រមទាំងតំបន់ជុំវិញទន្លេយ័រដាន់ ក្រុងយេរីខូ ដែលជាក្រុងដើមលម៉ើ រហូតដល់ក្រុង​សូអារ។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «នេះជាស្រុកដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុបថា “យើងនឹងប្រគល់​ស្រុកនេះឱ្យពូជពង្សរបស់អ្នក”។ យើងបង្ហាញឱ្យអ្នកឃើញស្រុកនេះផ្ទាល់នឹងភ្នែក តែអ្នកនឹងមិនចូលទៅឡើយ»។ លោកម៉ូសេជាអ្នកបម្រើព្រះអម្ចាស់បានទទួលមរណភាពនៅទីនោះ គឺនៅក្នុងស្រុក​ម៉ូអាប់ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ គេបញ្ចុះសពលោកនៅជ្រលងភ្នំក្នុង​ស្រុកម៉ូអាប់ ទល់មុខនឹងបេតពេអ៊រ។ រហូតមកទល់សព្វថ្ងៃនេះពុំមាននរណាម្នាក់ស្គាល់ផ្នូររបស់លោកឡើយ។ ពេលលោកម៉ូសេទទួលមរណភាពនោះ លោកមានអាយុមួយ​រយម្ភៃឆ្នាំ តែភ្នែកលោកមិនអន់ទេ រីឯកម្លាំងរបស់លោកក៏មិនចុះអន់ថយដែរ។ ជន​​ជាតិអ៊ីស្រាអែលនាំគ្នាកាន់ទុក្ខលោកម៉ូសេអស់រយៈពេលសាមសិបថ្ងៃនៅវាលទំនាប​ស្រុកម៉ូអាប់ ពួកគេយំកាន់ទុក្ខលោករហូតទាល់តែផុតកំណត់ពេលសាមសិបថ្ងៃនោះ។ លោកយ៉ូស៊ូអាជាកូនរបស់លោកនូនពោរពេញដោយព្រះប្រាជ្ញាញាណ ដ្បិតលោក​ម៉ូសេបានដាក់ដៃលើលោក។ ជនជាតិអ៊ីស្រាអែលនាំគ្នាស្តាប់បង្គាប់លោកយ៉ូស៊ូអាដោយធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់លោកម៉ូសេ។ នៅស្រុកអ៊ីស្រាអែលពុំដែលមានព្យាការីណាម្នាក់ ដូចលោកម៉ូសេទេ គឺព្រះអម្ចាស់​មានព្រះបន្ទូលជាមួយលោកមុខទល់នឹងមុខ។ គ្មាននរណាម្នាក់សម្តែងទីសម្គាល់ និង​ឫទ្ធិបាដិហារិយ៍ ដូចព្រះអម្ចាស់ចាត់លោកឱ្យទៅសម្តែងនៅស្រុកអេស៊ីបប្រឆាំង​ព្រះចៅផារ៉ោន ព្រមទាំងរាជបម្រើ និងប្រជាជនទាំងមូលនៅស្រុកនោះឡើយ ហើយក៏គ្មាននរណាម្នាក់អាចសម្តែងឫទ្ធិបារមីគួរឱ្យស្ញែងខ្លាចនៅចំពោះមុខជនជាតិអ៊ីស្រា​អែលទាំងមូលដូចលោកម៉ូសេដែរ។

ទំនុកតម្កើងធម្មវិន័យទីពីរ ៦៦ (៦៥),១-៣.៥.៨.១៦-១៧ បទកាកគតិ

១ ប្រជាប្រុសស្រី នៅលើផែនដី ទាំងអស់គ្នាអើយ
នាំគ្នាអបអរ កុំបីកន្តើយ អបអរសប្បាយ
សាទរព្រះម្ចាស់ ។
២ ចូរច្រៀងតម្កើង សិរីរុងរឿង ព្រះនាមរបស់
ព្រះម្ចាស់នៃយើង បារមីខ្ពង់ខ្ពស់ តម្កើងថ្កើងយស
ថ្វាយដល់ព្រះអង្គ ។
៣ ចូរទូលទ្រង់ថា បពិត្រព្រះជា អម្ចាស់នៃយើង
គ្រប់ស្នាព្រះហស្ត វិសេសថ្កុំថ្កើង យើងសូមលើកឡើង
ឱ្យខ្ពស់ដរាប ។
ពួកខ្មាំងសត្រូវ ព្រះអង្គចាំនៅ នាំគ្នាលុតក្រាប
ដោយឃើញចេស្តា ឫទ្ធានុភាព ព្រះអង្គរៀងរៀប
ធំធេងកន្លង ។
៥ ចូរយើងនាំគ្នា ពីគ្រប់ទិសា កុំនៅធ្វើហី
មើលស្នាព្រះហស្ត សុទ្ធតែប្រពៃ ដែលទ្រង់លកលៃ
ធ្វើមកមនុស្សលោក ។
៨ ប្រជាជនអើយ កុំនៅកន្តើយ រួញរាខកខាន
តម្កើងព្រះអង្គ ខ្ពស់ហួសអស់ស្ថាន នោះយើងនឹងបាន
សុខដោយបារមី ។
១៦ សូមអ្នកទាំងអស់ ដែលធ្លាប់ស្ម័គ្រស្មោះ លើព្រះគ្មានហ្មង
ខ្ញុំនឹងរៀបរាប់ គ្រប់កិច្ចដែលទ្រង់ មានមកកន្លង
មកលើរូបខ្ញុំ ។
១៧ ខ្ញុំស្រែកហៅរក សូមព្រះយាងមក កុំគង់សំងំ
ខ្ញុំស្រែកដង្ហោយ រកព្រះឧត្តម សូរសំឡេងខ្ញុំ
តម្កើងទ្រង់ផង ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ ករ ៥,១៩

អាលេលូយ៉ា! អាលេលូយ៉ា!
នៅក្នុងអង្គព្រះគ្រីស្ត ព្រះជាម្ចាស់បានលើកលែងទោសឱ្យមនុស្សលោក។ ព្រះអង្គក៏ដាក់ព្រះបន្ទូលនៃការសម្រុះសម្រួលនេះមកក្នុងយើងដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៨,១៥-២០

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ប្រសិនបើមានបងប្អូនណាម្នាក់ប្រព្រឹត្តអំពើបាបអ្វីមួយ ចូរទៅជួបអ្នកនោះស្ងាត់ៗតែពីរនាក់ ហើយ​ស្តីប្រដៅគាត់ទៅ។ បើគាត់ស្តាប់អ្នក អ្នកនឹងរក្សាបងប្អូននោះមិនឱ្យបាត់ឡើយ តែបើគាត់មិនព្រមស្តាប់អ្នកទេ ចូរនាំម្នាក់ឬពីរនាក់ទៀតទៅជាមួយ ជួយដាស់តឿនដើម្បីសម្រួលរឿងទាំងអស់ ដោយមានសាក្សីពីរឬបីនាក់។ ប្រសិនបើគាត់មិនព្រម​ស្តាប់ពាក្យអ្នកទាំងនោះ ត្រូវនាំរឿងនេះទៅប្រាប់ព្រះសហគមន៍ ហើយបើគាត់នៅតែ​មិនព្រមស្តាប់ព្រះសហគមន៍ទៀតនោះ ត្រូវចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬដូចជា​អ្នកទារពន្ធចុះ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នករាល់គ្នា​ស្រាយនៅលើផែនដី ព្រះជាម្ចាស់នឹងស្រាយនៅស្ថានបរមសុខដែរ។ ខ្ញុំសុំប្រាប់ឱ្យ​អ្នករាល់គ្នាដឹងច្បាស់ទៀតថា ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានពីរនាក់នៅលើផែនដីនេះរួមចិត្តគំនិតគ្នាទូលសូមអ្វីក៏ដោយ ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ នឹងប្រទានឱ្យជាមិនខាន ដ្បិតនៅទីណាមានពីរឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិត​នៅទីនោះជាមួយគេដែរ»។

Facebook
Twitter
LinkedIn