ជំពូក ១៤

ថ្ងៃ​របស់​ព្រះ‌អម្ចាស់

1 ថ្ងៃ​របស់​ព្រះ‌អម្ចាស់​មក​ជិត​ដល់​ហើយ!
ប្រជាជន​ក្រុង​យេរូ‌សាឡឹម​អើយ
ថ្ងៃ​នោះ ខ្មាំង​សត្រូវ​នឹង​ចែក​ទ្រព្យ‌សម្បត្តិ
របស់​អ្នក​រាល់​គ្នា នៅ​មុខ​អ្នក​រាល់​គ្នា។
2 យើង​នឹង​ប្រមូល​ប្រជា‌ជាតិ​ទាំង​អស់
ឲ្យ​លើក​គ្នា​មក​វាយ​លុក​ក្រុង​យេរូ‌សាឡឹម។
ពួក​គេ​នឹង​វាយ​យក​បាន​ទីក្រុង
ហើយ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​អស់​ពី​ផ្ទះ
ព្រម​ទាំង​រំលោភ​លើ​ស្រីៗ​ទៀត​ផង។
អ្នក​ក្រុង​ចំនួន​ពាក់​កណ្ដាល​នឹង​ត្រូវ​គេ​កៀរ
យក​ទៅ​ជា​ឈ្លើយ
តែ​ប្រជាជន​ដែល​នៅ​សេស‌សល់
មិន​ត្រូវ​គេ​ដេញ​ចេញ​ពី​ទីក្រុង​ឡើយ។
3 ព្រះ‌អម្ចាស់​នឹង​យាង​ចេញ​មក
ប្រហារ​ប្រជា‌ជាតិ​ទាំង​នោះ
ដូច​នៅ​ថ្ងៃ​ព្រះ‌អង្គ​ធ្វើ​សឹក​សង្គ្រាម
និង​ថ្ងៃ​ព្រះ‌អង្គ​ប្រយុទ្ធ​នឹង​គូ​សត្រូវ។
4 នៅ​ថ្ងៃ​នោះ ព្រះ‌អង្គ​ដាក់​ព្រះ‌បាទា
លើ​ភ្នំ​ដើម​អូលីវ ដែល​នៅ​ទល់​មុខ​នឹង
ក្រុង​យេរូ‌សាឡឹម គឺ​នៅ​ខាង​កើត​ទីក្រុង។
ភ្នំ​ដើម​អូលីវ​នឹង​ត្រូវ​ប្រេះ​ជា​ពីរ ចំ​ពាក់​កណ្ដាល
ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច
ហើយ​ក្លាយ​ទៅ​ជា​ជ្រលង​ភ្នំ​មួយ​យ៉ាង​ធំ។
ចំហៀង​ភ្នំ​ម្ខាង​កម្រើក​ទៅ​ខាង​ជើង
ម្ខាង​ទៀត​ទៅ​ទិស​ខាង​ត្បូង។
5 ពេល​នោះ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន
ទៅ​នៅ​តាម​ជ្រលង​ភ្នំ​របស់​យើង
ដ្បិត​ជ្រលង​ភ្នំ​នេះ​លាត​សន្ធឹង
រហូត​ដល់​អាសាល់។
អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន
ដូច​អ្នក​រាល់​គ្នា​រត់​គេច​ពី​ការ​រញ្ជួយ​ផែន‌ដី
នៅ​ជំនាន់​អសា‌រីយ៉ា ជា​ស្តេច​ស្រុក​យូដា។
ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ នឹង​យាង​មក
ហើយ​ប្រជាជន​ដ៏‌វិសុទ្ធ​ទាំង​អស់​របស់​ព្រះ‌អង្គ
ក៏​មក​ជា​មួយ​ដែរ។
6 នៅ​ថ្ងៃ​នោះ​នឹង​លែង​មាន​ពន្លឺ​ថ្ងៃ
លែង​មាន​ធាតុ​ត្រជាក់ ឬ​ទឹក​កក​ទៀត​ដែរ។
7 ថ្ងៃ​នោះ ជា​ថ្ងៃ​មួយ​ខុស​ប្លែក​ពី​ធម្មតា
មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជ្រាប។
ពេល​នោះ គ្មាន​ថ្ងៃ​គ្មាន​យប់​ទេ
សូម្បី​តែ​ពេល​ល្ងាច ក៏​នៅ​តែ​ភ្លឺ​ដែរ
8 នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹក​ផ្តល់​ជីវិត
ហូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម
មួយ​ផ្នែក​ហូរ​ចាក់​ទៅ​សមុទ្រ​ខាង​កើត
មួយ​ផ្នែក​ទៀត​ហូរ​ទៅ​សមុទ្រ​ខាង​លិច
រដូវ​ប្រាំង ក៏​ដូច​ជា​រដូវ​វស្សា​ដែរ។
9 ព្រះ‌អម្ចាស់​នឹង​ធ្វើ​ជា​ព្រះ‌មហា​ក្សត្រ​គ្រង​រាជ្យ
លើ​ផែន‌ដី​ទាំង​មូល។
នៅ​ថ្ងៃ​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ថ្វាយ‌បង្គំ
ព្រះ‌អម្ចាស់​តែ​មួយ​ព្រះ‌អង្គ​គត់
គឺ​មាន​តែ​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ។
10 ទឹក​ដី​ទាំង​មូល គឺ​ចាប់​ពី​កេបា​រហូត​ដល់​រីមម៉ូន
ដែល​នៅ​ខាង​ត្បូង​ក្រុង​យេរូ‌សាឡឹម
នឹង​ទៅ​ជា​វាល​ទំនាប។
គេ​នឹង​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ
នៅ​លើ​កន្លែង​ដដែល
គឺ​ចាប់​តាំង​ពី​ទ្វារ​បេន‌យ៉ាមីន
រហូត​ដល់​កន្លែង​ដែល​មាន​ទ្វារ​កាល​ពី​មុន
និង​រហូត​ដល់​ទ្វារ​មុម
ហើយ​ចាប់​តាំង​ពី​ប៉ម​ហាណា‌នេអែល
រហូត​ដល់​កន្លែង​ជាន់​ផ្លែ​ទំពាំង‌បាយជូរ
របស់​ហ្លួង។
11 ក្រុង​យេរូ‌សាឡឹម​នឹង​មាន​ប្រជាជន​រស់​នៅ​ឡើង​វិញ
ហើយ​ក៏​គ្មាន​នរណា​មក​បំផ្លាញ​ទៀត​ដែរ
យេរូ‌សាឡឹម​នឹង​បាន​សុខ‌សាន្ត‌ត្រាណ។
12 ព្រះ‌អម្ចាស់​នឹង​ប្រហារ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន
ដែល​បាន​លើក​ទ័ព​មក​វាយ​លុក
ក្រុង​យេរូ‌សាឡឹម
ដោយ​ប្រើ​គ្រោះ​កាច​ដូច​ត​ទៅ:
សាច់​របស់​ពួក​គេ​នឹង​ត្រូវ​រលួយ
នៅ​ពេល​ពួក​គេ​ឈរ
គ្រាប់​ភ្នែក​របស់​ពួក​គេ​នឹង​រលួយ​ក្នុង​ភ្នែក
អណ្ដាត​របស់​ពួក​គេ​នឹង​រលួយ​នៅ​ក្នុង​មាត់។
13 នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​កើត
វឹក‌វរ​យ៉ាង​ខ្លាំង​ក្នុង​ជួរ​ទ័ព​របស់​ពួក​គេ
ម្នាក់ៗ​ងាក​ទៅ​ប្រហារ​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន។
14 អ្នក​ស្រុក​យូដា​នាំ​គ្នា​ការ‌ពារ​ក្រុង​យេរូ‌សាឡឹម
ពួក​គេ​នឹង​ប្រមូល​យក​ជយ‌ភណ្ឌ
ពី​ប្រជា‌ជាតិ​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ
គឺ​មាស ប្រាក់ និង​សម្លៀក‌បំពាក់​ដ៏​ច្រើន។
15 គ្រោះ​កាច​ក៏​នឹង​កើត​មាន​ចំពោះ​សេះ
លា​កាត់ អូដ្ឋ លា និង​សត្វ​ទាំង​អស់
នៅ​ក្នុង​ជំរំ​របស់​ពួក​គេ
គ្រោះ​កាច​នេះ ក៏​ដូច​គ្រោះ​កាច​មុន​ដែរ។
16 ពេល​នោះ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់
ដែល​បាន​វាយ​លុក​ក្រុង​យេរូ‌សាឡឹម
អស់​អ្នក​ដែល​នៅ​សេស‌សល់​នឹង​នាំ​គ្នា​មក
ជា​រៀង​រាល់​ឆ្នាំ
ដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
ដែល​ជា​ព្រះ‌មហា​ក្សត្រ
ហើយ​ពួក​គេ​ប្រារព្ធ​ពិធី​បុណ្យ​បារាំ។
17 ប្រសិន​បើ​មាន​អំបូរ​ណា​នៅ​លើ​ផែន‌ដី
មិន​ឡើង​មក​ក្រុង​យេរូ‌សាឡឹម
ដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
ដែល​ជា​ព្រះ‌មហា​ក្សត្រ​ទេ
នោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​លើ​ទឹក​ដី​គេ​ឡើយ។
18 ប្រសិន​បើ​អំបូរ​របស់​ជន​ជាតិ​អេស៊ីប
មិន​ឡើង​មក​ទេ
ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន
ចំពោះ​ពួក​គេ
ដូច​ប្រជា‌ជាតិ​នានា​ដែល​មិន​ព្រម​ឡើង​មក
ប្រារព្ធ​ពិធី​បុណ្យ​បារាំ​ដែរ។
19 ទោស​នេះ​នឹង​កើត​មាន​ចំពោះ​ស្រុក​អេស៊ីប
និង​ប្រជា‌ជាតិ​ទាំង​អស់​ដែល​មិន​ឡើង​មក
ប្រារព្ធ​ពិធី​បុណ្យ​បារាំ។
20 នៅ​ថ្ងៃ​នោះ គេ​នឹង​ចារឹក​អក្សរ​នៅ​លើ
កណ្តឹង​ដែល​គេ​ពាក់​ឲ្យ​សេះ​ថា
“ញែក​ថ្វាយ​ព្រះ‌អម្ចាស់”។
រីឯ​ថ្លាង​សម្រាប់​ស្ងោរ​សាច់​នៅ​ក្នុង
ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់
ក៏​គេ​ចាត់​ទុក​ជា​សក្ការៈ
ដូច​ចាន​សម្រាប់​ប្រោះ​ឈាម
ដែល​ស្ថិត​នៅ​ក្បែរ​អាសនៈ​ដែរ។
21 ថ្លាង​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹម
និង​នៅ​ក្នុង​ស្រុក​យូដា
ត្រូវ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។
អស់​អ្នក​ដែល​មក​ថ្វាយ​យញ្ញ‌បូជា
នឹង​ប្រើ​ថ្លាង​ទាំង​នោះ​សម្រាប់​ស្ងោរ​សាច់។
នៅ​ថ្ងៃ​នោះ លែង​មាន​អ្នក​លក់​ដូរ
នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល​ទៀត​ហើយ។