ជំពូក ៤
និមិត្តហេតុអំពីជើងចង្កៀងមាស និងអូលីវពីរដើម
1 ទេវទូតដែលសន្ទនាជាមួយខ្ញុំពីមុននោះវិលមកវិញ ហើយដាស់ខ្ញុំឲ្យភ្ញាក់ស្មារតីដូចដាស់មនុស្សឲ្យក្រោកពីដំណេក។ 2 ទេវទូតនោះពោលមកខ្ញុំថា៖ «តើលោកឃើញអ្វី?»។ ខ្ញុំឆ្លើយថា៖ «ខ្ញុំឃើញជើងចង្កៀងមួយធ្វើអំពីមាស នៅចុងខាងលើ មានកន្លែងដាក់ប្រេង និងក្បាលចង្កៀងប្រាំពីរ ហើយមានបំពង់បញ្ឆេះប្រាំពីរភ្ជាប់ទៅនឹងក្បាលចង្កៀង ដែលនៅចុងខាងលើ។ 3 នៅក្បែរជើងចង្កៀងនោះមានអូលីវពីរដើម មួយនៅខាងស្តាំកន្លែងដាក់ប្រេង មួយទៀតនៅខាងឆ្វេង»។ 4 ខ្ញុំពោលទៅកាន់ទេវទូតដែលសន្ទនាជាមួយខ្ញុំនោះថា៖ «លោកម្ចាស់តើវត្ថុទាំងនេះមានន័យដូចម្ដេច?»។ 5 ទេវទូតតបមកខ្ញុំវិញថា៖ «តើលោកមិនដឹងទេឬ?»។ ខ្ញុំតបថា៖ «ខ្ញុំប្របាទមិនដឹងទេ លោកម្ចាស់»។ 6៦ក ពេលនោះ ទេវទូតក៏ពោលមកខ្ញុំទៀតថា៖ ១០ខ «ចង្កៀងទាំងប្រាំពីរនេះជាព្រះនេត្ររបស់ព្រះអម្ចាស់ ដែលទតមើលផែនដីទាំងមូល»។ 11 ខ្ញុំសួរទេវទូតថា៖ «ចុះអូលីវទាំងពីរដើម ដែលនៅខាងស្ដាំ និងខាងឆ្វេងជើងចង្កៀងជាអ្វីដែរ?»។ 12 ខ្ញុំសួរទេវទូតទៀតថា៖ «តើមែកអូលីវពីរ នៅជិតបំពង់មាសទាំងពីរ ហើយបង្ហូរប្រេងមាសពីដើមអូលីវ ទៅក្នុងចង្កៀងនោះជាអ្វីដែរ?»។ 13 ទេវទូតតបមកខ្ញុំថា៖ «តើលោកមិនដឹងទេឬ?»។ ខ្ញុំតបថា៖ «ទេ លោកម្ចាស់!»។ 14 ទេវទូតពោលថា៖ «មែកអូលីវទាំងពីរនេះជាតំណាងមនុស្សពីរនាក់ ដែលព្រះអម្ចាស់នៃផែនដីទាំងមូលចាក់ប្រេងតែងតាំង ឲ្យនៅបម្រើព្រះអង្គ»។
៦ខ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសូរ៉ូបាបិលថា៖ «អ្នកបំពេញកិច្ចការនេះបាន មិនមែនដោយប្រើអំណាច ឬប្រើកម្លាំងទេ គឺដោយព្រះវិញ្ញាណរបស់យើងវិញ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
7 ភ្នំធំអើយ តើអ្នកជាអ្វី? អ្នកនឹងរលាយនៅចំពោះមុខសូរ៉ូបាបិល។ គាត់នឹងយកថ្មមួយចេញពីភ្នំនោះ ដើម្បីយកទៅធ្វើកំពូលព្រះវិហារ។ ប្រជាជននាំគ្នាស្រែកឡើងថា “ថ្មនេះល្អណាស់! ថ្មនេះល្អណាស់!”»។
8ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖ 9 «សូរ៉ូបាបិលបានចាក់គ្រឹះព្រះដំណាក់នេះ រួចគាត់ក៏បង្ហើយការសាងសង់ដែរ។ ពេលហេតុការណ៍នេះសម្រេចជារូបរាង អ្នកនឹងទទួលស្គាល់ថា ព្រះអម្ចាស់នៃពិភពទាំងមូលពិតជាចាត់ខ្ញុំឲ្យមករកអ្នករាល់គ្នាមែន។ 10 មិនត្រូវមាក់ងាយកិច្ចការតូចតាចនៅពេលគេផ្តើមកសាងនោះឡើយ តែត្រូវសប្បាយរីករាយដោយឃើញលោកសូរ៉ូបាបិលចាប់ផ្តើមចាក់គ្រឹះដូច្នេះ»។