ជំពូក ១២

ការ​រំដោះ​ក្រុង​យេរូ‌សាឡឹម

1 សេចក្ដី​ប្រកាស
នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់
ថ្លែង​អំពី​ស្រុក​អ៊ីស្រា‌អែល។
ព្រះ‌អម្ចាស់​ដែល​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ
ហើយ​ចាក់​គ្រឹះ​ផែន‌ដី
ព្រម​ទាំង​ផ្តល់​ដង្ហើម​ជីវិត​ឲ្យ​មនុស្ស​លោក
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖

2 «យើង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​បាន​ដូច​ជា​ពែង​ពេញ​ដោយ​កំហឹង​របស់​យើង ជា​ពែង​បណ្តាល​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ ព្រឺ​ខ្លាច។ ពេល​ខ្មាំង​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម ជន​ជាតិ​យូដា​ទាំង​មូល ក៏​ព្រឺ​ខ្លាច​ដែរ។ 3 នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​បាន​ដូច​ជា​ផ្ទាំង​ថ្ម ដែល​ជាតិ​សាសន៍​ទាំង​អស់​នាំ​គ្នា​លើក។ អស់​អ្នក​ដែល​លើក​ថ្ម​នេះ​មុខ​ជា​ត្រូវ​របួស​យ៉ាង​ធ្ងន់។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី នឹង លើក​គ្នា​មក​ប្រហារ​ក្រុង​នេះ។ 4 នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​សេះ​ទាំង​ប៉ុន្មាន​របស់​គេ​ជ្រួល‌ច្របល់ ហើយ​ទាហាន​ដែល​ជិះ​វា​ក៏​វង្វេង​វង្វាន់​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ប៉ុន្តែ យើង​នឹង​តាម​ថែ‌រក្សា​កូន​ចៅ​យូដា ហើយ​ធ្វើ​ឲ្យ​សេះ​ទាំង​អស់​របស់​ជាតិ​សាសន៍​នានា​មើល​អ្វី​លែង​ឃើញ។ 5 ពួក​មេ​ដឹក​នាំ​របស់​ជន​ជាតិ​យូដា​នឹង​គិត​គ្នា​ថា: ប្រជាជន​នៅ​ក្រុង​យេរូ‌សាឡឹម​មាន​កម្លាំង ព្រោះ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​របស់​ពួក​គេ។ 6 នៅ​ថ្ងៃ​នោះ យើង​ធ្វើ​ឲ្យ​ពួក​មេ​ដឹក​នាំ​របស់​ជន​ជាតិ​យូដា​បាន​ដូច​ជា​គុក​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ នៅ​កណ្ដាល​ព្រៃ ឬ​ដូច​ភ្លើង​ចន្លុះ​ឆេះ​កណ្ដាប់​ស្រូវ។ ពួក​គេ​នឹង​កម្ទេច​ជាតិ​សាសន៍​នានា​ដែល​នៅ​ជិត​ខាង។ រីឯ​ប្រជាជន​នៅ​ក្រុង​យេរូ‌សាឡឹម នឹង​រស់​នៅ​ក្នុង​ទីក្រុង​របស់​ខ្លួន​ដដែល»។

7ព្រះ‌អម្ចាស់​នឹង​សង្គ្រោះ​អំបូរ​នានា​នៃ​ជន​ជាតិ​យូដា​ជា​មុន​សិន ដើម្បី​កុំ​ឲ្យ​រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ និង​ប្រជាជន​នៅ​ក្រុង​យេរូ‌សាឡឹម​មើល‌ងាយ​ជន​ជាតិ​យូដា​ឯ​ទៀតៗ។ 8 នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ការ‌ពារ​ប្រជាជន នៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​ថ្ងៃ​នោះ​ក្នុង​ចំណោម​ពួក​គេ ប្រសិន​បើ​មាន​នរណា​ទន់​ខ្សោយ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​មាន​កម្លាំង​ដូច​ព្រះ‌បាទ​ដាវីឌ ហើយ​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ​នឹង​ប្រៀប​ដូច​ជា​ព្រះ ឬ​ដូច​ជា​ទេវទូត​របស់​ព្រះ‌អម្ចាស់ នៅ​មុខ​ពួក​គេ។

ពួក​គេ​កាន់​ទុក្ខ​ព្រះ‌អង្គ​ដែល​គេ​បាន​ចាក់​ទម្លុះ

9 នៅ​ថ្ងៃ​នោះ យើង​នឹង​កម្ទេច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​មក​វាយ​ប្រហារ​ក្រុង​យេរូ‌សាឡឹម។ 10 យើង​នឹង​ចាក់​បង្ហូរ​វិញ្ញាណ​មក​លើ​រាជ‌វង្ស​របស់​ដាវីឌ និង​ប្រជាជន​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​ពួក​គេ​មាន​ឆន្ទៈ​ល្អ ចេះ​អធិស្ឋាន។ ពួក​គេ​នឹង​សម្លឹង​មើល​មក​យើង ដែល​ពួក​គេ​បាន​ចាក់​ទម្លុះ។ ពួក​គេ​នឹង​កាន់​ទុក្ខ​ដូច​គេ​កាន់​ទុក្ខ​ព្រោះ​កូន​ប្រុស​តែ​មួយ​បាត់​បង់​ជីវិត។ ពួក​គេ​យំ​សោក​យ៉ាង​ជូរ​ចត់ ដូច​គេ​យំ​សោក​ស្រណោះ​សព​កូន​ប្រុស​ច្បង។ 11 នៅ​ថ្ងៃ​នោះ ប្រជាជន​នៅ​ក្រុង​យេរូ‌សាឡឹម​នឹង​កាន់​ទុក្ខ​យ៉ាង​ធំ ដូច​គេ​កាន់​ទុក្ខ​ព្រះ​ហាដាដ-‌រីម៉ូន​នៅ​វាល​មេគី‌ដូ។ 12 អ្នក​ស្រុក​ទាំង​មូល​នឹង​កាន់​ទុក្ខ​ដាច់​ឡែក​ពី​គ្នា តាម​អំបូរ​របស់​គេ​រៀងៗ​ខ្លួន គឺ​ព្រះ‌ញាតិ​វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក អំបូរ​របស់​លោក​ណាថាន ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក។ 13 អំបូរ​របស់​លោក​លេវី ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក អំបូរ​របស់​លោក​ស៊ី‌ម៉ៃ ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក។ 14 រីឯ​អំបូរ​ឯ​ទៀតៗ​ក៏​ដូច្នោះ​ដែរ​ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក។