ជំពូក ៦
និមិត្តហេតុអស្ចារ្យអំពីរទេះបួន
1 ខ្ញុំក្រឡេកមើលទៅសាជាថ្មី ខ្ញុំនិមិត្តឃើញរទេះបួន ចេញពីចន្លោះភ្នំលង្ហិនពីរ។ 2 រទេះទីមួយទឹមដោយសេះសម្បុរក្រហម រទេះទីពីរទឹមដោយសេះសម្បុរខ្មៅ 3 រទេះទីបីទឹមដោយសេះសម្បុរស ហើយរទេះទីបួនទឹមដោយសេះសម្បុរពព្លាក់ ពណ៌ត្នោត។ 4 ខ្ញុំក៏សួរទេវទូតដែលសន្ទនាជាមួយខ្ញុំថា៖ «លោកម្ចាស់រទេះសេះទាំងនេះមានន័យដូចម្ដេចដែរ?»។ 5 ទេវទូតតបមកវិញថា៖ «រទេះសេះទាំងបួនជាខ្យល់ពីទិសទាំងបួន បក់ចេញមកពីកន្លែងដែលព្រះអម្ចាស់នៃផែនដីទាំងមូលគង់នៅ»។ 6 សេះសម្បុរខ្មៅអូសរទេះចេញទៅកាន់ស្រុកខាងជើង សេះសម្បុរសចេញមកតាមក្រោយ។ សេះសម្បុរពព្លាក់ចេញទៅស្រុកខាងត្បូង។ 7 សេះសម្បុរត្នោតចេញមក ហើយសុំធ្វើដំណើរឆ្លងកាត់ផែនដី។ ព្រះអម្ចាស់ប្រាប់ថា: ចូរធ្វើដំណើរឆ្លងកាត់ផែនដីចុះ! រទេះសេះនោះក៏ធ្វើដំណើរឆ្លងកាត់ផែនដី។ 8 ព្រះអង្គហៅខ្ញុំប្រាប់ថា៖ «មើល! រទេះសេះដែលធ្វើដំណើរទៅស្រុកខាងជើង នឹងនាំវិញ្ញាណរបស់យើងឲ្យទៅសណ្ឋិតនៅស្រុកនោះ»។
ព្រះបន្ទូលណែនាំ និងព្រះបន្ទូលសន្យា ស្តីអំពីការសង់ព្រះវិហារឡើងវិញ
9ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖ 10 «ថ្ងៃនេះ ចូរទៅផ្ទះរបស់យ៉ូស្យាស ជាកូនរបស់សេផានី ទទួលយកតង្វាយរបស់ប្រជាជនដែលជាប់ជាឈ្លើយ ពីដៃរបស់ហែលដាយ តូប៊ីយ៉ា និងយេដាយ៉ា ដែលមកពីស្រុកបាប៊ីឡូន។ 11 ចូរយកប្រាក់ និងមាស ទៅសិតធ្វើជាមកុដបំពាក់ឲ្យមហាបូជាចារ្យយ៉ូស៊ូអា ជាកូនរបស់យូសាដាក។ 12 ចូរប្រាប់គាត់ថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ:
“បុរសម្នាក់ឈ្មោះពន្លក លោកនៅទីណា
អ្វីៗទាំងអស់នឹងលូតលាស់ឡើងនៅទីនោះ។
លោកនឹងសង់ព្រះវិហាររបស់ព្រះអម្ចាស់។
13 គឺលោកនោះហើយដែលនឹងសង់ព្រះវិហារ
របស់ព្រះអម្ចាស់។
លោកនឹងពាក់គ្រឿងឥស្សរិយយស
ដ៏ថ្កុំថ្កើងរុងរឿង
លោកអង្គុយគ្រងរាជ្យលើបល្ល័ង្ករបស់លោក។
បូជាចារ្យមួយរូបអង្គុយលើបល្ល័ង្កមួយទៀត
ហើយលោកទាំងពីរមានទំនាក់ទំនង
យ៉ាងជិតស្និទ្ធជាមួយគ្នា។
14 មកុដទាំងនេះត្រូវទុកនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ដើម្បីរំឭកដល់ហែលដាយ តូប៊ីយ៉ា និងយេដាយ៉ា ព្រមទាំងហេន ជាកូនរបស់សេផានី។ 15 អស់អ្នកដែលបែកខ្ញែកទៅស្រុកឆ្ងាយនឹងនាំគ្នាវិលមកវិញ ដើម្បីបំពេញការងារសង់ព្រះវិហាររបស់ព្រះអម្ចាស់”។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា ព្រះអម្ចាស់នៃពិភពទាំងមូលពិតជាចាត់ខ្ញុំឲ្យមករកអ្នករាល់គ្នាមែន។ ហេតុការណ៍នេះនឹងសម្រេចជារូបរាង ប្រសិនបើអ្នករាល់គ្នាធ្វើតាមព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាដោយចិត្តស្មោះ»។