ជំពូក ៣
និមិត្តហេតុអស្ចារ្យអំពីលោកមហាបូជាចារ្យ
1ព្រះអម្ចាស់បានឲ្យខ្ញុំឃើញលោកមហាបូជាចារ្យ*យ៉ូស៊ូអា ឈរនៅមុខទេវទូត*របស់ព្រះអង្គ ហើយមារ*សាតាំងឈរខាងស្តាំ ដើម្បីចោទប្រកាន់លោក។ 2 ទេវទូតរបស់ព្រះអម្ចាស់ពោលទៅកាន់មារសាតាំងថា៖ «សូមព្រះអម្ចាស់ផ្តន្ទាទោសអ្នក! សាតាំងអើយ សូមព្រះអម្ចាស់ផ្តន្ទាទោសអ្នក! ព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសក្រុងយេរូសាឡឹម។ រីឯលោកយ៉ូស៊ូអាវិញ លោកប្រៀបបាននឹងអង្កត់អុសដែលគេយកចេញពីភ្លើង!»។
3 ពេលនោះ លោកយ៉ូស៊ូអាមានសម្លៀកបំពាក់កខ្វក់ លោកឈរនៅមុខទេវទូត។ 4 ទេវទូតនេះពោលទៅកាន់អស់អ្នកដែលឈរនៅខាងមុខថា៖ «ចូរយកសម្លៀកបំពាក់កខ្វក់ចេញពីលោក!»។ ទេវទូតពោលមកកាន់លោកយ៉ូស៊ូអាថា៖ «ខ្ញុំដកកំហុសចេញពីលោក ហើយឲ្យលោកស្លៀកសម្លៀកបំពាក់សម្រាប់ពិធីបុណ្យវិញ»។ 5 បន្ទាប់មក ទេវទូតពោលថា៖ «ចូរយកឆ្នួតស្អាតមកបំពាក់ជូនលោក!»។ គេក៏យកឆ្នួតស្អាត និងសម្លៀកបំពាក់ មកពាក់ជូនលោក។ ទេវទូតរបស់ព្រះអម្ចាស់ឈរនៅក្បែរនោះ។
6 ទេវទូតរបស់ព្រះអម្ចាស់ថ្លែងមកកាន់លោកយ៉ូស៊ូអាថា៖ 7ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: «ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង និងប្រតិបត្តិតាមសេចក្ដីដែលយើងបង្គាប់ អ្នកនឹងគ្រប់គ្រងលើដំណាក់របស់យើង ហើយថែរក្សាទីលានរបស់យើងដែរ។ យើងនឹងឲ្យអ្នកចូលរួមក្នុងចំណោមអស់អ្នកដែលនៅទីនេះ។ 8 ដូច្នេះ មហាបូជាចារ្យយ៉ូស៊ូអាអើយ ចូរស្ដាប់! រីឯអ្នកឯទៀតៗដែលធ្វើការជាមួយអ្នក ក៏ត្រូវស្ដាប់ដែរ ដ្បិតអ្នករាល់គ្នាជាប្រផ្នូលអំពីកិច្ចការដែលនឹងកើតមាន។ យើងនឹងនាំ “ពន្លក” ជាអ្នកបម្រើរបស់យើងមក។ 9 យើងនឹងដាក់ថ្មមួយនៅមុខយ៉ូស៊ូអា លើថ្មតែមួយនេះមានភ្នែកដល់ទៅប្រាំពីរ។ យើងនឹងចារអក្សរលើថ្មនោះ ដោយដៃយើងផ្ទាល់។ ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ យើងនឹងដកបាបចេញពីស្រុកនេះ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ 10 នៅថ្ងៃនោះ អ្នករាល់គ្នានឹងអញ្ជើញគ្នាទៅវិញទៅមក ឲ្យទៅអង្គុយនៅក្រោមដើមទំពាំងបាយជូរ និងដើមឧទុម្ពរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។