ពាក្យលំនាំ
ប្រហែលជានៅឆ្នាំ៧៦០ មុនគ.ស. ព្យាការីអម៉ូសចាកចេញពីភូមិរបស់លោក ដែលស្ថិតនៅក្នុងទឹកដីយូដា (រាជាណាចក្រខាងត្បូង) ធ្វើដំណើរទៅដល់កន្លែងសក្ការៈនៅបេតអែល ក្នុងទឹកដីអ៊ីស្រាអែល (រាជាណាចក្រខាងជើង) ហើយប្រកាសព្រះបន្ទូលស្តីប្រដៅប្រជាជននៅរាជាណាចក្រខាងជើង។
គ្រានោះ គឺនៅរជ្ជកាលព្រះបាទយេរ៉ូបោមទី២ (៧៨៧-៧៤៧ មុនគ.ស.) រាជាណាចក្រអ៊ីស្រាអែលបានស្ងប់សង្គ្រាមជាមួយស្រុកស៊ីរី ហើយស្រុកទេសកំពុងតែចម្រុងចម្រើនឡើងវិញ រីឯស្ថានភាពសាសនាក៏នៅល្អដែរ ស្រាប់តែព្យាការីអម៉ូសមកដល់ ប្រកាសថា រាជាណាចក្រនេះនឹងត្រូវរលាយនៅពេលខាងមុខ។
មនុស្សម្នាក់ៗ និងជាតិសាសន៍នីមួយៗត្រូវតែរស់នៅ ដោយមានសិទ្ធិសេរីភាពដូចគ្នា ហេតុនេះហើយបានជាព្រះជាម្ចាស់តាក់តែងឲ្យមានច្បាប់ មានវិន័យ។ ប៉ុន្តែ ច្បាប់នេះត្រូវអ្នកដែលមានកម្លាំង មានអំណាចជាន់ឈ្លី ដោយរំលោភលើសិទ្ធិរបស់អ្នកដែលទន់ខ្សោយជាងខ្លួន។ ព្រះជាម្ចាស់តែងតែគាំទ្រអ្នកទន់ខ្សោយជានិច្ច។ ព្យាការីអម៉ូសបាននាំយកព្រះបន្ទូលមករំឭកដាស់តឿន និងបន្ទោសអ្នកស្រុកអ៊ីស្រាអែល (ជាពិសេស និមិត្តហេតុដែលលោកបានឃើញនៅចំពូក៧ដល់៩)។ ប៉ុន្តែ ពួកគេមិនស្ដាប់លោកឡើយ គឺបែរជានាំគ្នាដេញលោកចេញពីស្រុកអ៊ីស្រាអែលយ៉ាងឆាប់ៗ (៧.១០-១៧)។
យើងអាចចែកកណ្ឌគម្ពីរនេះជាបីផ្នែកដូចតទៅ:
- ចំពូក ១‑២: ព្រះជាម្ចាស់ស្តីបន្ទោសស្រុកអ៊ីស្រាអែល និងនគរជិតខាង។
- ចំពូក ៣‑៦: ប្រជារាស្ដ្រអ៊ីស្រាអែលប្រព្រឹត្តខុសចំពោះព្រះជាម្ចាស់។
- ចំពូក ៧‑៩: និមិត្តហេតុអស្ចារ្យប្រាំជានិមិត្តរូបនៃអន្តរាគមន៍របស់ព្រះជាម្ចាស់ នៅពេលខាងមុខ។