ពាក្យ​លំនាំ

ប្រហែល​ជា​នៅ​ឆ្នាំ​៧៦០ មុន​គ.ស. ព្យាការី​អម៉ូស​ចាក‌ចេញ​ពី​ភូមិ​របស់​លោក ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​យូដា (រាជា‌ណាចក្រ​ខាង​ត្បូង) ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​សក្ការៈ​នៅ​បេត‌អែល ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល (រាជា‌ណាចក្រ​ខាង​ជើង) ហើយ​ប្រកាស​ព្រះ‌បន្ទូល​ស្តី​ប្រដៅ​ប្រជាជន​នៅ​រាជា‌ណាចក្រ​ខាង​ជើង។
គ្រា​នោះ គឺ​នៅ​រជ្ជកាល​ព្រះ‌បាទ​យេរ៉ូ‌បោម​ទី​២ (៧៨៧-៧៤៧ មុន​គ.ស.) រាជា‌ណាចក្រ​អ៊ីស្រា‌អែល​បាន​ស្ងប់​សង្គ្រាម​ជា​មួយ​ស្រុក​ស៊ីរី ហើយ​ស្រុក​ទេស​កំពុង​តែ​ចម្រុង‌ចម្រើន​ឡើង​វិញ រីឯ​ស្ថាន‌ភាព​សាសនា​ក៏​នៅ​ល្អ​ដែរ ស្រាប់​តែ​ព្យាការី​អម៉ូស​មក​ដល់ ប្រកាស​ថា រាជា‌ណាចក្រ​នេះ​នឹង​ត្រូវ​រលាយ​នៅ​ពេល​ខាង​មុខ។
មនុស្ស​ម្នាក់ៗ និង​ជាតិ​សាសន៍​នីមួយៗ​ត្រូវ​តែ​រស់​នៅ ដោយ​មាន​សិទ្ធិ​សេរី‌ភាព​ដូច​គ្នា ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់​តាក់‌តែង​ឲ្យ​មាន​ច្បាប់ មាន​វិន័យ។ ប៉ុន្តែ ច្បាប់​នេះ​ត្រូវ​អ្នក​ដែល​មាន​កម្លាំង មាន​អំណាច​ជាន់​ឈ្លី ដោយ​រំលោភ​លើ​សិទ្ធិ​របស់​អ្នក​ដែល​ទន់​ខ្សោយ​ជាង​ខ្លួន។ ព្រះ‌ជាម្ចាស់​តែង‌តែ​គាំ‌ទ្រ​អ្នក​ទន់​ខ្សោយ​ជា‌និច្ច។ ព្យាការី​អម៉ូស​បាន​នាំ​យក​ព្រះ‌បន្ទូល​មក​រំឭក​ដាស់​តឿន និង​បន្ទោស​អ្នក​ស្រុក​អ៊ីស្រា‌អែល (ជា​ពិសេស និមិត្ត‌ហេតុ​ដែល​លោក​បាន​ឃើញ​នៅ​ចំពូក​៧​ដល់​៩)។ ប៉ុន្តែ ពួក​គេ​មិន​ស្ដាប់​លោក​ឡើយ គឺ​បែរ​ជា​នាំ​គ្នា​ដេញ​លោក​ចេញ​ពី​ស្រុក​អ៊ីស្រា‌អែល​យ៉ាង​ឆាប់ៗ (៧.១០-១៧)។

យើង​អាច​ចែក​កណ្ឌ​គម្ពីរ​នេះ​ជា​បី​ផ្នែកដូច​ត​ទៅ:
  • ចំពូក ១‑២: ព្រះ‌ជាម្ចាស់​ស្តី​បន្ទោស​ស្រុក​អ៊ីស្រា‌អែល និង​នគរ​ជិត​ខាង។
  • ចំពូក ៣‑៦: ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ‌ជាម្ចាស់។
  • ចំពូក ៧‑៩: និមិត្ត‌ហេតុ​អស្ចារ្យ​ប្រាំ​ជា​និមិត្ត‌រូប​នៃ​អន្តរា‌គមន៍​របស់​ព្រះ‌ជាម្ចាស់ នៅ​ពេល​ខាង​មុខ។