ជំពូក ៦
ការដាក់ទោសពួកអ្នកមាន និងមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល
1 អស់អ្នកដែលរស់ដោយឥតកង្វល់
នៅក្រុងស៊ីយ៉ូន
និងអស់អ្នកដែលរស់យ៉ាងសុខស្រួល
នៅលើភ្នំសាម៉ារីអើយ
អ្នករាល់គ្នាមុខជាត្រូវវេទនាពុំខាន!
អ្នករាល់គ្នាជាប្រមុខនៃប្រជាជាតិដ៏សំខាន់
ជាងគេក្នុងចំណោមប្រជាជាតិទាំងឡាយ
ពូជពង្សអ៊ីស្រាអែលយកអ្នករាល់គ្នា
ធ្វើជាបង្អែក។
2 ចូរនាំគ្នាទៅកាល់ណេ ហើយសង្កេតមើលចុះ
ចូរទៅរហូតដល់ក្រុងហាម៉ាត់មហានគរ
រួចចុះទៅក្រុងកាថ ក្នុងស្រុកភីលីស្ទីន!
តើក្រុងទាំងនោះចម្រុងចម្រើនជាង
នគររបស់អ្នករាល់គ្នាឬ?
តើទឹកដីរបស់គេធំទូលាយជាងទឹកដី
របស់អ្នករាល់គ្នាឬ?
3 អ្នករាល់គ្នាចង់ពន្យារពេល
កុំឲ្យថ្ងៃវេទនាខិតចូលមកដល់
តែអ្នករាល់គ្នាបែរជាធ្វើឲ្យ
រាជ្យដ៏ឃោរឃៅកាន់តែខិតចូលមកជិត។
4 អ្នករាល់គ្នាសម្រាកនៅលើគ្រែរចនាដោយភ្លុក
អ្នករាល់គ្នាទម្រេតយ៉ាងច្រអូសនៅលើកម្រាលព្រំ
បរិភោគសាច់ចៀម និងកូនគោបំប៉ន។
5 អ្នករាល់គ្នាប្រឹងច្រៀងឡូឡា
ទាំងលេងពិណកំដរចង់ធ្វើដូចស្តេចដាវីឌ។
6 អ្នករាល់គ្នាផឹកស្រានៅក្នុងពែងធំៗ
អ្នករាល់គ្នាលាបទឹកអប់ដ៏មានតម្លៃ
តែអ្នករាល់គ្នាឥតឈឺចាប់ចំពោះការវិនាស
របស់កូនចៅលោកយ៉ូសែបទេ។
7 ហេតុនេះហើយបានជាអ្នករាល់គ្នា
ត្រូវខ្មាំងកៀរយកទៅជាឈ្លើយមុនគេ។
ពួកខ្ជិលច្រអូសដូចអ្នករាល់គ្នា
នឹងលែងស្គាល់ការសប្បាយទៀតហើយ។
8 ព្រះជាអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា៖
«យើងស្អប់អំនួតរបស់កូនចៅលោកយ៉ាកុប
យើងមិនចូលចិត្តនឹងប្រាសាទរបស់ពួកគេទេ
យើងនឹងប្រគល់សាម៉ារី និងអ្វីៗនៅក្រុងនេះ
ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ»
-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ជាព្រះនៃពិភពទាំងមូល។
9 ប្រសិនបើក្នុងគ្រួសារមួយនៅសេសសល់មនុស្សដប់នាក់ គេមុខជាត្រូវស្លាប់ទាំងដប់នាក់។ 10 ពេលនរណាម្នាក់យកសាកសពសាច់ញាតិរបស់ខ្លួនចេញពីផ្ទះទៅបូជា គាត់នឹងស្រែកសួរអ្នកដែលនៅខាងក្នុងផ្ទះថា «តើមាននរណានៅជាមួយអ្នកទៀតទេ?» អ្នកនោះនឹងឆ្លើយមកវិញថា «គ្មានទេ»។ គាត់ក៏ពោលទៀតថា «កុំមាត់កអី!»។ គ្មាននរណាអង្វររកព្រះនាមព្រះអម្ចាស់ទេ!
11 ព្រះអម្ចាស់ចេញបញ្ជា
នោះផ្ទះដ៏ស្កឹមស្កៃរលំបាក់បែកអស់
សូម្បីតែផ្ទះតូចៗក៏ខ្ទេចខ្ទីអស់ដែរ។
12 តើគេដែលបំបោលសេះលើផ្ទាំងថ្ម
ឬយកគោទៅភ្ជួរលើផ្ទាំងថ្មនោះឬ
បានជាអ្នករាល់គ្នាធ្វើឲ្យយុត្តិធម៌
ប្រែជាមានជាតិពិស
និងឲ្យច្បាប់ទម្លាប់មានជាតិពុលដូច្នេះ?
13 អ្នករាល់គ្នាអួតថា ខ្លួនដណ្ដើមយកបាន
ក្រុងឡូដាបា
ហើយអ្នករាល់គ្នាពោលថា
“ពួកយើងវាយយកបានក្រុងកាណាអ៊ីម
ដោយសារឫទ្ធិអំណាចរបស់ពួកយើង”
14 ពូជពង្សអ៊ីស្រាអែលអើយ
យើងនឹងធ្វើឲ្យប្រជាជាតិមួយងើបឡើង
សង្កត់សង្កិនអ្នករាល់គ្នា ចាប់តាំងពី
ច្រកចូលហាម៉ាត់ រហូតដល់ស្ទឹងអារ៉ាបា
-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ជាព្រះនៃពិភពទាំងមូល។