ពាក្យ​លំនាំ

លិខិត​ទី​ពីរ​របស់លោក​សិលា

យើង​ពុំ​ដឹង​ថា លោក​សិលា​បាន​តែង​លិខិត​ទី​ពីរ​នេះ​នៅ​ពេល​ណា​ទេ។ អ្នក​ស្រាវ‌ជ្រាវ​ខ្លះ​សន្និ‌ដ្ឋាន​ថា មាន​គ្រីស្ត‌បរិស័ទ​ម្នាក់​បាន​តែង​លិខិត​នេះប្រហែល​ជា​នៅ​ចុង​សតវត្ស​ទី​មួយ ឬ​ដើម​សតវត្ស​ទី​ពីរ។

គោល​បំណងៈ

លិខិត​ទី​ពីរ​នេះមាន​បំណង​ចង់​ដាស់​តឿន​គ្រីស្ត‌បរិស័ទ កុំ​ឲ្យ​បណ្ដោយ​ខ្លួន​ទៅ​តាម​គ្រូ​អាចារ្យ​ក្លែង‌ក្លាយ ដែល​ប្រៀន‌ប្រដៅ​លទ្ធិ​ផ្សេងៗ ខុស​ពី​ការ​ប្រៀន‌ប្រដៅ​របស់​ក្រុម​គ្រីស្តទូត។ ក្នុង​លិខិត​នេះមាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ដើម​កំណើត​នៃ​ព្រះ‌គម្ពីរ​ទាំង​មូល គឺ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌ជាម្ចាស់​បាន​ណែ‌នាំ​អ្នក​តែង​ឲ្យ​សរសេរ ហេតុ​នេះ​ហើយ​បាន​ជា​គ្រីស្ត‌បរិស័ទ​ត្រូវ​តែ​យល់​ព្រះ‌គម្ពីរ​តាម​ព្រះ‌វិញ្ញាណ​បំភ្លឺ និង​តាម​ការ​បង្រៀន​របស់​ព្រះ‌សហគមន៍។
នៅ​ចំពូក​ទី​បីជា​សេចក្ដី​ឆ្លើយ​តប​ទៅ​អស់​អ្នក​ដែល​មាក់‌ងាយ​គ្រីស្ត‌បរិស័ទ ព្រោះ​គេ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អម្ចាស់​យាង​មក​វិញ។ លោក​សិលា​តប​ថា ហេតុ​ដែល​ព្រះ‌យេស៊ូ​ពុំ​បាន​យាង​មក​វិញឆាប់ៗ​នោះ មក​ពី​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ចំពោះ​មនុស្ស​មាន​បាប ព្រះ‌អង្គ​ទុក​ឱកាស​ឲ្យ​មនុស្ស​ជា​ច្រើន​ទៀត​ប្រែ​ចិត្ត​គំនិត ដើម្បី​ទទួល​ការ​សង្គ្រោះ​ពី​ព្រះ‌ជាម្ចាស់។