ជំពូក ៣

អំពី​ព្រះ‌អម្ចាស់​យាង​វិល​ត្រឡប់​មក​វិញ

1 បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ នេះ​ជា​សំបុត្រ​ទី​ពីរ ដែល​ខ្ញុំ​សរសេរ​ផ្ញើ​មក​ជូន​បង‌ប្អូន។ សេចក្ដី​ក្នុង​សំបុត្រ​ទាំង​ពីរ​នេះ ខ្ញុំ​បាន​រំឭក​ដាស់​តឿន​បង‌ប្អូន ឲ្យ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ជា‌និច្ច។ 2 សូម​បង‌ប្អូន​កុំ​ភ្លេច​សេចក្ដី​ដែល​អស់​លោក​ព្យាការី*​ដ៏‌វិសុទ្ធ*​បាន​ថ្លែង​ទុក​មក និង​វិន័យ​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ‌សង្គ្រោះ​បាន​បង្រៀន តាម‌រយៈ​គ្រីស្តទូត​នានា​របស់​បង‌ប្អូន។ 3 ជា​បឋម សូម​ជ្រាប​ថា នៅ​គ្រា​ចុង​ក្រោយ​បំផុត នឹង​មាន​ពួក​អ្នក​ដែល​រស់​នៅ​តាម​ចិត្ត​លោភ‌លន់​របស់​ខ្លួន ហើយ​ចំអក​ឡក‌ឡឺយ​ដាក់​បង‌ប្អូន 4 គេ​នឹង​ពោល​ថាៈ «បើ​ព្រះ‌អង្គ​សន្យា​ថា​យាង​មក​មែន​នោះ តើ​ឥឡូវ​ព្រះ‌អង្គ​នៅ​ឯ​ណា? តាំង​ពី​បុព្វបុរស*​របស់​យើង​ស្លាប់​អស់​ទៅ គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ គឺ​នៅ​តែ​ដដែល ដូច​កាល​ពី​ព្រះ‌អង្គ​បង្កើត​ពិភព‌លោក!»។ 5 គេ​និយាយ​ដូច្នេះ មក​ពី​គេ​ធ្វើ​ជា​ភ្លេច​ថា កាល​ពី​បុរាណ ផ្ទៃ​មេឃ និង​ផែន‌ដី កកើត​ចេញ​ពី​ទឹក ហើយ​ផ្សំ​ឡើង​ពី​ធាតុ​ទឹក ដោយ‌សារ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។ 6 បន្ទាប់​មក ដោយ​ទឹក​ដដែល ពិភព‌លោក​បាន​លិច​លង់ នៅ​គ្រា​ទឹក​ជំនន់​ធំ។ 7 មួយ​វិញ​ទៀត ព្រះ‌បន្ទូល​ដដែល​នេះ​បាន​ថ្លែង​ថា ផ្ទៃ​មេឃ និង​ផែន‌ដី​នា​បច្ចុប្បន្ន​កាល នឹង​ត្រូវ​បម្រុង​ទុក​ឲ្យ​ភ្លើង​ឆេះ​រំលាយ នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​ទុច្ចរិត​ឲ្យ​វិនាស​អន្តរាយ។
8 បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​បង‌ប្អូន​កុំ​ភ្លេច​ចំណុច​មួយ​នេះ​ថា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ មួយ​ថ្ងៃ​ប្រៀប​បាន​នឹង​មួយ​ពាន់​ឆ្នាំ ហើយ​មួយ​ពាន់​ឆ្នាំក៏​ប្រៀប​បាន​នឹង​មួយ​ថ្ងៃ​ដូច្នោះ​ដែរ។ 9 ព្រះ‌អម្ចាស់​នឹង​យាង​មក តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ឥត​បង្អែ‌បង្អង់ ដូច​អ្នក​ខ្លះ​នឹក​ស្មាន​នោះ​ឡើយ។ ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ចំពោះ​បង‌ប្អូន ព្រោះ​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ម្នាក់​ត្រូវ​វិនាស​ទេ គឺ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​មនុស្ស​លោក​គ្រប់ៗ​រូប​កែ​ប្រែ​ចិត្ត​គំនិត​វិញ។ 10 ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​យាង​មកប្រៀប​បាន​ទៅ​នឹង​ពេល​ចោរ​ចូល​លួច​ដូច្នោះ​ដែរ។ នៅ​គ្រា​នោះ ផ្ទៃ​មេឃ​នឹង​រលាយ​សូន្យ​ទៅ ដោយ​សន្ធឹក​ខ្ទរ‌ខ្ទារ ធាតុ​នានា​នឹង​ឆេះ​រលាយ​សូន្យ​អស់​ទៅ ហើយ​ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស ទាំង​ផែន‌ដី ទាំង​អ្វីៗ​ដែល​នៅ​លើ​ផែន‌ដី​ដែរ។
11 បើ​អ្វីៗ​ទាំង​នោះ​មុខ​តែ​រលាយ​សូន្យ​យ៉ាង​នេះ​ទៅ​ហើយ បង‌ប្អូន​ត្រូវ​មាន​ចរិយា​ដ៏‌វិសុទ្ធ និង​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ឲ្យ​មែន​ទែន!។ 12 ចូរ​ទន្ទឹង​រង់‌ចាំ និង​ខ្នះ‌ខ្នែង ធ្វើ​ឲ្យ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​ត្រូវ​យាង​មក​នោះ កាន់​តែ​ឆាប់​មក​ដល់ គឺ​ជា​ថ្ងៃ​ដែល​ផ្ទៃ​មេឃ​នឹង​ត្រូវ​ឆេះ​រលាយ ហើយ​ធាតុ​នានា​នឹង​ឆេះ​រលាយ​សូន្យ​អស់​ទៅ​ដែរ។ 13 យើង​ទន្ទឹង​រង់‌ចាំ​ផ្ទៃ​មេឃ​ថ្មី និង​ផែន‌ដី​ថ្មី​ ដែល​ប្រកប​ដោយ​សេចក្ដី​សុចរិត​ តាម​ព្រះ‌បន្ទូល​សន្យា។
14 ដូច្នេះ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ ក្នុង​ពេល​ដែល​បង‌ប្អូន​ទន្ទឹង​រង់‌ចាំ​ហេតុ‌ការណ៍​ទាំង​នេះ ចូរ​ខ្នះ‌ខ្នែង​ធ្វើ​យ៉ាង​ណាឲ្យ​ព្រះ‌ជាម្ចាស់​ឃើញ​ថា បង‌ប្អូន​ល្អ​ឥត​ខ្ចោះ ឥត​សៅ‌ហ្មង និង​ឃើញ​បង‌ប្អូន​រស់​នៅ​ដោយ​សុខ‌សាន្ត។ 15 តោង​យល់​ថា ព្រះ‌អម្ចាស់​នៃ​យើង​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ មក​ពី​ព្រះ‌អង្គ​ចង់​សង្គ្រោះ​បង‌ប្អូន ដូច​លោក​ប៉ូល​ជា​បង‌ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង​បាន​សរសេរ​មក​ជូន​បង‌ប្អូន តាម​ប្រាជ្ញា​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​លោក​ស្រាប់​ហើយ។ 16 ក្នុង​គ្រប់​សំបុត្រ​ដែល​លោក​បរិយាយ​អំពី​រឿង​ទាំង​នេះ លោក​តែង‌តែ​សរសេរ​ដូច្នេះ​ឯង។ ក្នុង​សំបុត្រ​ទាំង​នោះ មាន​សេចក្ដី​ខ្លះ​ពិបាក​យល់ ធ្វើ​ឲ្យ​អ្នក​ល្ងង់ និង​អ្នក​ដែល​គ្មាន​ជំនឿ​រឹង‌ប៉ឹង បក​ស្រាយ​ខុស​អត្ថ‌ន័យ ដូច​គេ​ធ្លាប់​បក​ស្រាយ​អត្ថ‌បទ​គម្ពីរ​ឯ​ទៀតៗ​ខុស​ន័យ​ដែរ បណ្ដាល​ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស​អន្តរាយ។
17 រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ បង‌ប្អូន​បាន​ជ្រាប​សព្វ​គ្រប់​ជា​មុន​ហើយ។ ដូច្នេះ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​បណ្ដោយ​ជន‌ពាល​នាំ​បង‌ប្អូន​ឲ្យ​វង្វេង ហើយ​មិន​ត្រូវ​បាត់​បង់​គោល​ជំហរ​ដ៏​រឹង‌ប៉ឹង​របស់​បង‌ប្អូន​ឡើយ។ 18 ផ្ទុយ​ទៅ​វិញ សូម​បង‌ប្អូន​បាន​ចម្រើន​ឡើង ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់ ហើយ​ដោយ​ស្គាល់​ព្រះ‌យេស៊ូ‌គ្រីស្ត*​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​របស់​យើង​កាន់​តែ​ខ្លាំង​ឡើងៗ។ សូម​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ នៅ​ពេល​ឥឡូវ​នេះ ព្រម​ទាំង​រហូត​ដល់​អស់​កល្ប‌ជានិច្ច​ត​រៀង​ទៅ។ អាម៉ែន។