ពាក្យលំនាំ
លិខិតទីពីររបស់លោកសិលា
យើងពុំដឹងថា លោកសិលាបានតែងលិខិតទីពីរនេះនៅពេលណាទេ។ អ្នកស្រាវជ្រាវខ្លះសន្និដ្ឋានថា មានគ្រីស្តបរិស័ទម្នាក់បានតែងលិខិតនេះប្រហែលជានៅចុងសតវត្សទីមួយ ឬដើមសតវត្សទីពីរ។
គោលបំណងៈ
លិខិតទីពីរនេះមានបំណងចង់ដាស់តឿនគ្រីស្តបរិស័ទ កុំឲ្យបណ្ដោយខ្លួនទៅតាមគ្រូអាចារ្យក្លែងក្លាយ ដែលប្រៀនប្រដៅលទ្ធិផ្សេងៗ ខុសពីការប្រៀនប្រដៅរបស់ក្រុមគ្រីស្តទូត។ ក្នុងលិខិតនេះមានបញ្ជាក់យ៉ាងច្បាស់អំពីដើមកំណើតនៃព្រះគម្ពីរទាំងមូល គឺព្រះវិញ្ញាណនៃព្រះជាម្ចាស់បានណែនាំអ្នកតែងឲ្យសរសេរ ហេតុនេះហើយបានជាគ្រីស្តបរិស័ទត្រូវតែយល់ព្រះគម្ពីរតាមព្រះវិញ្ញាណបំភ្លឺ និងតាមការបង្រៀនរបស់ព្រះសហគមន៍។
នៅចំពូកទីបីជាសេចក្ដីឆ្លើយតបទៅអស់អ្នកដែលមាក់ងាយគ្រីស្តបរិស័ទ ព្រោះគេទន្ទឹងរង់ចាំព្រះអម្ចាស់យាងមកវិញ។ លោកសិលាតបថា ហេតុដែលព្រះយេស៊ូពុំបានយាងមកវិញឆាប់ៗនោះ មកពីព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះមនុស្សមានបាប ព្រះអង្គទុកឱកាសឲ្យមនុស្សជាច្រើនទៀតប្រែចិត្តគំនិត ដើម្បីទទួលការសង្គ្រោះពីព្រះជាម្ចាស់។