ជំពូក ៨
ព្រះយេស៊ូជាមហាបូជាចារ្យនៃសម្ពន្ធមេត្រីថ្មី
1 គោលដ៏សំខាន់បំផុតក្នុងសេចក្ដីដែលយើងកំពុងតែបរិយាយនេះ គឺថា យើងមានមហាបូជាចារ្យ*មួយ គង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់ដ៏ឧត្តុង្គឧត្ដមនៅស្ថានបរមសុខ។ 2 ព្រះអង្គនៅបម្រើក្នុងទីសក្ការៈ* និងក្នុងព្រះពន្លា*ដ៏ពិតប្រាកដ ដែលព្រះអម្ចាស់បានដំឡើង គឺមិនមែនមនុស្សដំឡើងទេ។ 3 ចំពោះមហាបូជាចារ្យគ្រប់ៗរូប គេតែងតាំងឲ្យថ្វាយតង្វាយ និងថ្វាយយញ្ញបូជា ដូច្នេះ លោកត្រូវតែរកអ្វីយកទៅថ្វាយជាចាំបាច់។ 4 ប្រសិនបើព្រះគ្រីស្តគង់នៅផែនដីនេះ ព្រះអង្គមិនមែនជាបូជាចារ្យទេ ព្រោះមានបូជាចារ្យឯទៀតៗសម្រាប់យកតង្វាយទៅថ្វាយ ស្របតាមវិន័យរួចស្រេចទៅហើយ។ 5 អ្នកទាំងនោះធ្វើពិធីផ្សេងៗ តាមគំរូ និងតាមស្រមោលនៃពិធីនៅស្ថានបរមសុខ ដូចព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅពេលដែលហៀបនឹងសង់ព្រះពន្លាថាៈ«ចូរប្រុងប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទាំងអស់ តាមគំរូដែលយើងបានបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ»។ 6 ឥឡូវនេះ ព្រះគ្រីស្តបានទទួលមុខងារប្រសើរជាងបូជាចារ្យទាំងនោះទៅទៀត ព្រោះព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រី*មួយប្រសើរជាង ជាសម្ពន្ធមេត្រីដែលចងឡើង ដោយសារព្រះបន្ទូលសន្យាដ៏ប្រសើរជាង។
7 ប្រសិនបើសម្ពន្ធមេត្រីមុនល្អឥតខ្ចោះហើយ មិនបាច់រកសម្ពន្ធមេត្រីទីពីរមកជំនួសឡើយ។ 8 ព្រះជាម្ចាស់មានព្រះបន្ទូលស្ដីបន្ទោសប្រជារាស្ដ្ររបស់ព្រះអង្គដូចតទៅ៖ព្រះអម្ចាស់មានព្រះបន្ទូលថា
«បន្ដិចទៀត យើងនឹងចងសម្ពន្ធមេត្រីមួយថ្មី
ជាមួយពូជពង្សរបស់អ៊ីស្រាអែល
និងពូជពង្សរបស់យូដា។
9 សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រីដែល
យើងបានចងជាមួយបុព្វបុរសរបស់គេ
នៅថ្ងៃដែលយើងដឹកដៃបុព្វបុរសទាំងនោះ
ចេញពីស្រុកអេស៊ីបឡើយ។
ពួកគេពុំបានគោរពតាមសម្ពន្ធមេត្រី
ដែលយើងបានចងជាមួយគេនោះ
ឲ្យបានខ្ជាប់ខ្ជួនទេ
យើងក៏លែងរវីរវល់នឹងពួកគេដែរ»
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
10 ព្រះអម្ចាស់មានព្រះបន្ទូលថា
«លុះគ្រានេះកន្លងផុតទៅ
យើងនឹងចងសម្ពន្ធមេត្រីជាមួយពូជពង្ស
អ៊ីស្រាអែលដូចតទៅ:
យើងនឹងដាក់វិន័យរបស់យើងទាំងប៉ុន្មាន
ក្នុងប្រាជ្ញារបស់ពួកគេ
យើងនឹងចារវិន័យទាំងនោះទុក
នៅក្នុងចិត្តរបស់ពួកគេ
យើងនឹងបានទៅជាព្រះរបស់ពួកគេ
ហើយគេជាប្រជារាស្ដ្ររបស់យើង។
11 ពេលនោះនឹងលែងមាននរណា
បង្រៀនជនរួមជាតិរបស់ខ្លួន
ហើយក៏លែងមាននរណានិយាយប្រាប់
បងប្អូនរបស់ខ្លួនថា
“ត្រូវតែស្គាល់ព្រះអម្ចាស់” ទៀតហើយ
ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំ
គេនឹងស្គាល់យើងគ្រប់ៗគ្នា
12 ដ្បិតយើងនឹងអត់ឱនឲ្យគេ
ចំពោះអំពើទុច្ចរិតដែលគេបានប្រព្រឹត្ត
ហើយយើងក៏មិននឹកនាពីអំពើបាបរបស់គេ
ទៀតដែរ»។
13 ដោយព្រះអង្គហៅសម្ពន្ធមេត្រីនេះ ថាជាសម្ពន្ធមេត្រីថ្មីដូច្នេះ ព្រះអង្គចាត់ទុកសម្ពន្ធមេត្រីមុនថាជាសម្ពន្ធមេត្រីចាស់។ ធម្មតា អ្វីៗដែលចាស់ ហើយកាន់តែចាស់ទៅៗ នោះ មុខជាត្រូវសាបសូន្យបាត់ទៅមិនខាន។