ជំពូក ៩

ការ​គោរព​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ តាម​របៀប​ចាស់ និង​តាម​របៀប​ថ្មី

1 ក្នុង​សម្ពន្ធ‌មេត្រី​ទី​មួយមាន​ក្បួន​ផ្សេងៗ សម្រាប់​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ និង​មាន​ទី‌សក្ការៈ​នៅ​លើ​ផែន‌ដី​នេះ 2 ព្រោះ​គេ​បាន​ដំឡើង​ព្រះ‌ពន្លា*​មួយ ហើយ​គេ​ហៅ​ផ្នែក​ខាង​មុខ​ថា“ទី‌សក្ការៈ” នៅ​ទី​នោះ​មាន​ដាក់​ជើង​ចង្កៀង តុ និង​នំបុ័ង​តង្វាយ។ 3 បន្ទាប់​មក ខាង​ក្រោយ​វាំងនន​ទី​ពីរ មាន​ព្រះ‌ពន្លា​មួយ​ទៀត​ហៅ​ថា “ទី‌សក្ការៈ​បំផុត”។ 4 នៅ​ទី​នោះ មាន​ភាជន៍​មួយ​ធ្វើ​ពី​មាស​សម្រាប់​ដុត​គ្រឿង​ក្រអូប និង​មាន​ហិប*​នៃ​សម្ពន្ធ‌មេត្រី ស្រោប​មាស​ជុំ‌វិញ ហើយ​ក្នុង​ហិប​នោះ មាន​ពាន​មាស​មួយ​ដែល​គេ​ដាក់​នំ​ម៉ាណា មាន​ដំបង​របស់​លោក​អរ៉ុនដែល​មាន​ផ្កា​រីកចេញ​មក និង​មាន​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​ផង។ 5 នៅ​ពី​លើ​ហិប​នៃ​សម្ពន្ធ‌មេត្រី មាន​រូប​ខេរូប៊ីម*ត្រដាង​ស្លាប​បាំង​ពី​លើ​កន្លែង​ថ្វាយ​ឈាម​សុំ​ឲ្យ​រួច​ពី​បាប* រូប​នោះ​បង្ហាញ​ពី​វត្ត‌មាន​របស់​ព្រះ‌ជាម្ចាស់​។ ប៉ុន្តែ យើង​មិន​បាច់​រៀប​រាប់​ឲ្យ​បាន​ល្អិត‌ល្អន់ នៅ​ពេល​នេះ​ទេ។ 6 អ្វីៗ​ទាំង​អស់​រៀប‌រយ​ដូច្នេះ​ហើយ ក្រុម​បូជា‌ចារ្យ​ក៏​នាំ​គ្នា​ចូល​ទៅ​គោរព​បម្រើ​នៅ​ផ្នែក​ខាង​មុខ​នៃ​ព្រះ‌ពន្លា​នោះ​ជា​ប្រក្រតី។ 7 រីឯ​ព្រះ‌ពន្លា​ខាង​ក្នុង​វិញ មាន​តែ​លោក​មហា​បូជា‌ចារ្យ​ប៉ុណ្ណោះដែល​ចូល​ទៅ​បាន​មួយ​ឆ្នាំ​ម្ដង។ លោក​ត្រូវ​តែ​យក​ឈាម​សត្វ​ចូល​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់ ដើម្បី​លាង​កំហុស​របស់​ខ្លួន​លោក​ផ្ទាល់ និង​កំហុស​របស់​ប្រជាជន។ 8 ត្រង់​នេះ ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ដរាប​ណា​ផ្នែក​ខាង​មុខ​នៃ​ព្រះ‌ពន្លា​នៅ​ស្ថិត‌ស្ថេរ​នៅ​ឡើយ ផ្លូវ​ចូល​ទៅ​ក្នុង​ទី‌សក្ការៈក៏​ពុំ​ទាន់​បើក​ចំហ​ឲ្យ​យើង​ចូល​ទៅ​បាន​ដែរ។ 9 នេះ​ហើយ​ជា​និមិត្ត‌រូបសម្រាប់​បច្ចុប្បន្ន​កាល គឺ​មាន​ន័យ​ថា តង្វាយ និង​យញ្ញ‌បូជា​ដែល​មនុស្ស​យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ពុំ​អាច​ធ្វើ​ឲ្យ​មន‌សិការ​របស់​អ្នក​ដែល​មក​គោរព​បម្រើ ទៅ​ជា​គ្រប់​លក្ខណៈ​ឡើយ។ 10 ពិធី​ទាំង​នោះ​គ្រាន់​តែ​ជា​ក្បួន​តម្រា​ខាង​លោកីយ៍​អំពី​ម្ហូប​អាហារ ភេសជ្ជៈ និង​អំពី​ការ​ប្រោះ​ទឹក​ផ្សេងៗ​ប៉ុណ្ណោះ ជា​ពិធី​ដែល​ប្រជាជន​ត្រូវ​ធ្វើ ទម្រាំ​ដល់​ពេល​ព្រះ‌ជាម្ចាស់​កែ​ទម្រង់​អ្វីៗ​ទាំង​អស់​ឡើង​វិញ។
11 រីឯ​ព្រះ‌គ្រីស្ត​វិញ ព្រះ‌អង្គ​បាន​យាង​មក​ក្នុង​ឋានៈ​ជា​មហា​បូជា‌ចារ្យ ដែល​នាំ​ទៅ​កាន់​សម្បត្តិ​នៅ​លោក​ខាង​មុខ។ ព្រះ‌អង្គ​បាន​យាង​កាត់​ព្រះ‌ពន្លា​មួយ​ដ៏​ប្រសើរ​ឧត្ដម និង​ល្អ​គ្រប់​លក្ខណៈ​ជាង ជា​ព្រះ‌ពន្លា​ដែល​មិន​មែន​សង់​ឡើង​ដោយ​ដៃ​មនុស្ស ពោល​គឺ​មិន​មែន​ជា​ព្រះ‌ពន្លា​ដែល​ស្ថិត​នៅ​ក្នុង​លោក​នេះ​ឡើយ។ 12 ព្រះ‌អង្គ​ពុំ​បាន​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​យក​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់ ចូល​ទៅ​ថ្វាយក្នុង​ទី‌សក្ការៈ​ម្ដង​ជា​សូរេច ទាំង​លោះ​យើង​អស់​កល្ប‌ជានិច្ច​ផង។ 13 ប្រសិន​បើ​ឈាម​ពពែ​ឈ្មោល និង​ឈាម​គោ​បា ព្រម​ទាំង​ផេះ​គោ​ញី​ស្ទាវ​ដែល​គេ​បាច​លើ​មនុស្ស​សៅ‌ហ្មង ធ្វើ​ឲ្យ​រូប​កាយ​គេ​បាន​បរិសុទ្ធ និង​ឲ្យ​គេ​ទៅ​ជា​វិសុទ្ធ​យ៉ាង​ហ្នឹង​ទៅ​ហើយ 14 ចំណង់​បើ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ត​វិញ តើ​នឹង​រឹត​តែ​ជម្រះ​មន‌សិការ​យើង​ឲ្យ​បាន​រួច​ផុត​ពី​អំពើ​ឥត​បាន​ការ ដើម្បី​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត? គឺ​ដោយ‌សារ​ព្រះ‌វិញ្ញាណដែល​គង់​នៅ​អស់​កល្ប‌ជានិច្ច ព្រះ‌គ្រីស្ត​បាន​ថ្វាយ​ព្រះ‌អង្គ​ផ្ទាល់​ទៅ​ព្រះ‌ជាម្ចាស់ ទុក​ដូច​ជា​យញ្ញ‌បូជា​ឥត​សៅ‌ហ្មង។
15 ហេតុ​នេះ ព្រះ‌អង្គ​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ ទទួល​មត៌ក​ដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច តាម​ព្រះ‌បន្ទូល​សន្យា ព្រោះ​ព្រះ‌គ្រីស្ត​បាន​សោយ​ទិវង្គត ដើម្បី​លោះ​មនុស្ស​លោក​ឲ្យ​រួច​ផុត​ពី​ទោស ដែល​គេ​បាន​ប្រព្រឹត្ត​ល្មើស កាល​នៅ​ក្រោម​សម្ពន្ធ‌មេត្រី​ទី​មួយ។
16 ធម្មតា គេ​អាច​ចែក​កេរ‌មត៌ក​តាម​ពាក្យ​បណ្ដាំ​បាន លុះ​ត្រា​តែ​មាន​សេចក្ដី​បញ្ជាក់​ថា អ្នក​ដែល​បាន​ចែង​ពាក្យ​បណ្ដាំ​នោះស្លាប់​ទៅ​ហើយ 17 ព្រោះ​ពាក្យ​បណ្ដាំ​អាច​យក​ជា​ការ​បាន តែ​នៅ​ពេល​ណា​ដែល​ម្ចាស់​បណ្ដាំ​នោះ​ស្លាប់​ប៉ុណ្ណោះ បើ​ម្ចាស់​បណ្ដាំ​នៅ​រស់ គេ​ពុំ​អាច​អនុវត្ត​តាម​ពាក្យ​បណ្ដាំ​នោះ​បាន​ឡើយ។ 18 ហេតុ​នេះ សូម្បី​តែ​សម្ពន្ធ‌មេត្រី​ពី​មុនក៏​ចាប់​ផ្ដើម​យក​ជា​ការ​បាន ទាល់​តែ​មាន​ការ​បង្ហូរ​ឈាម។ 19 ពេល​លោក​ម៉ូសេ​ប្រកាស​បញ្ញត្តិ​ទាំង​អស់ ស្រប​តាម​វិន័យ* ឲ្យ​ប្រជាជន​ទាំង​មូល​ស្ដាប់​រួច​ហើយ លោក​យក​រោម​ចៀម​ដែល​ជ្រលក់​ពណ៌​ក្រហម និង​ស្លឹក​ហ៊ីសុប​ មក​ជ្រលក់​ឈាម​កូន​គោ ឈាម​ពពែ​ឈ្មោល និង​ទឹក​ប្រោះ​លើ​គម្ពីរ ព្រម​ទាំង​លើ​ប្រជាជន​ទាំង​មូល 20 លោក​មាន​ប្រសាសន៍​ថាៈ«នេះ​ជា​លោហិត​នៃ​សម្ពន្ធ‌មេត្រី ដែល​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​កាន់​តាម»​។ 21 បន្ទាប់​មក លោក​ក៏​បាន​ប្រោះ​ឈាម​នោះ​លើ​ព្រះ‌ពន្លា និង​លើ​ប្រដាប់‌ប្រដា​ទាំង​អស់ ដែល​ប្រើ‌ប្រាស់​សម្រាប់​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ដែរ។ 22 តាម​វិន័យ អ្វីៗ​ស្ទើរ​តែ​ទាំង​អស់​បាន​បរិសុទ្ធ​ដោយ‌សារ​ឈាម ប្រសិន​បើ​គ្មាន​ការ​បង្ហូរ​ឈាម​ទេ ក៏​គ្មាន​ការ​លើក‌លែង​ទោស​ដែរ។

ព្រះ‌គ្រីស្ត​ជា​យញ្ញ‌បូជា​រំដោះ​បាប

23 អ្វីៗ​ដែល​គ្រាន់​តែ​ជា​តំណាងតាម​គំរូ​នៅ​ស្ថាន​បរម​សុខ* បាន​បរិសុទ្ធ* ដោយ​ពិធី​ទាំង​នេះ​ទៅ​ហើយ ចំណង់​បើ​គំរូ​ផ្ទាល់​ដែល​ស្ថិត​នៅ​ស្ថាន​បរម​សុខ​នោះ​វិញ ត្រូវ​តែ​មាន​យញ្ញ‌បូជា​ដ៏​ប្រសើរ​ជាង​នេះ​ទៅ​ទៀត ទើប​បាន​បរិសុទ្ធ។ 24 ព្រះ‌គ្រីស្ត​ពុំ​បាន​យាង​ចូល​ក្នុង​ទី‌សក្ការៈ​សង់​ឡើង ដោយ​ស្នា​ដៃ​មនុស្ស ដែល​គ្រាន់​តែ​ជា​តំណាង​នៃ​ទី‌សក្ការៈ​ដ៏​ពិត​ប្រាកដ​នោះ​ឡើយ គឺ​ព្រះ‌អង្គ​បាន​យាង​ទៅ​ចូល​ក្នុង​ស្ថាន​បរម‌សុខ​តែ​ម្ដង។ ឥឡូវ​នេះ ព្រះ‌អង្គ​ស្ថិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ 25 ព្រះ‌គ្រីស្ត​ពុំ​បាន​បូជា​ព្រះ‌ជន្ម​ព្រះ‌អង្គ​ផ្ទាល់​ច្រើន​ដង ដូច​លោក​មហា​បូជា‌ចារ្យ* ដែល​តែង‌តែ​យក​ឈាម​សត្វ​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ ជា​រៀង​រាល់​ឆ្នាំ​នោះ​ឡើយ។ 26 បើ​ព្រះ‌អង្គ​បូជា​ព្រះ‌ជន្ម​ច្រើន​ដង ព្រះ‌អង្គ​មុខ​ជា​ត្រូវ​រង‌ទុក្ខ​លំបាក​ច្រើន​លើក​ច្រើន​សា តាំង​ពី​កំណើត​ពិភព‌លោក​មក។ តាម​ពិត នៅ​គ្រា​ចុង​ក្រោយ​នេះ ព្រះ‌អង្គ​បាន​យាង​មក​តែ​ម្ដង​គត់ ដើម្បី​លុប​បំបាត់​បាប​ដោយ​ព្រះ‌អង្គ​បាន​បូជា​ព្រះ‌ជន្ម។ 27 មនុស្ស​លោក​ទាំង​អស់​ត្រូវ​ស្លាប់​តែ​មួយ​ដង រួច​ត្រូវ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​យ៉ាង​ណា 28 ព្រះ‌គ្រីស្ត​ក៏​បាន​ថ្វាយ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​តែ​មួយ​ដង ធ្វើ​ជា​យញ្ញ‌បូជា ដើម្បី​ដក​បាប​ចេញ​ពី​មនុស្ស​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ព្រះ‌អង្គ​នឹង​យាង​មក​ម្ដង​ទៀត តែ​លើក​នេះ គ្មាន​ទាក់​ទាម​អ្វី​នឹង​បាប​ទេ គឺ​ព្រះ‌អង្គ​យាង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ។