ជំពូក ៥

1 គេ​ជ្រើស‌រើស​មហា​បូជា‌ចារ្យ​គ្រប់ៗ​រូប​ពី​ចំណោម​មនុស្ស ហើយ​តែង‌តាំង​សម្រាប់​ឲ្យ​ទាក់‌ទង​ជា​មួយ​ព្រះ‌ជាម្ចាស់ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​លោក ក្នុង​ការ​ថ្វាយ​តង្វាយ និង​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប​មនុស្ស។ 2 លោក​មហា​បូជា‌ចារ្យ​អាច​មាន​អធ្យាស្រ័យ​ដល់​មនុស្ស​ល្ងិត​ល្ងង់ និង​មនុស្ស​វង្វេង​បាន ព្រោះ​ខ្លួន​លោក​ផ្ទាល់​ក៏​ទន់​ខ្សោយ 3 ហើយ​ដោយ​លោក​ទន់​ខ្សោយ ដូច្នេះ លោក​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​សម្រាប់​ឲ្យ​ខ្លួន​លោក​ផ្ទាល់ និង​ប្រជា‌រាស្ដ្រ​រួច​ពី​បាប។ 4 គ្មាន​នរណា​តាំង​ខ្លួន​ឯង​ឲ្យ​បំពេញ​មុខ‌ងារ​ដ៏​ប្រសើរ​នេះ​បាន​ឡើយ គឺ​ទាល់​តែ​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​ដូច​លោក​អរ៉ុន ទើប​បំពេញ​បាន។

5 រីឯ​ព្រះ‌គ្រីស្ត​វិញ​ក៏​ដូច្នោះ​ដែរ ព្រះ‌អង្គ​ពុំ​បាន​លើក​តម្កើង​ព្រះ‌អង្គ​ផ្ទាល់​ធ្វើ​ជា​មហា​បូជា‌ចារ្យ​ឡើយ គឺ​ព្រះ‌ជាម្ចាស់​ទេ​តើដែល​បាន​តែង‌តាំង​ព្រះ‌អង្គ ដោយ​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌អង្គ​ថា៖
«ព្រះ‌អង្គ​ជា​បុត្រ​របស់​យើង
គឺ​យើង​ហ្នឹង​ហើយ​ដែល​បាន
ទទួល​ព្រះ‌អង្គ​ធ្វើ​ជា​បុត្រ​នៅ​ថ្ងៃ​នេះ»​។
6 ព្រះ‌ជាម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​នៅ​ក្នុង​វគ្គ​មួយ​ទៀត​ថា៖
«ព្រះ‌អង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ
តាម​របៀប​ព្រះ‌បាទ​មែល‌គីសេ‌ដែក»​។

7 កាល​ព្រះ‌គ្រីស្ត​រស់​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ ព្រះ‌អង្គ​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង និង​បង្ហូរ​ទឹក​ភ្នែក ទូល‌អង្វរ ទូល​សូម​ព្រះ‌ជាម្ចាស់ ដែល​អាច​សង្គ្រោះ​ព្រះ‌អង្គ​ឲ្យ​រួច​ពី​ស្លាប់។ ដោយ​ព្រះ‌គ្រីស្ត​បាន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ នោះ​ព្រះ‌ជាម្ចាស់​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​ទូល‌អង្វរ។ 8 ថ្វី‌ដ្បិត​តែ​ព្រះ‌អង្គ​ជា​ព្រះ‌បុត្រា​ក៏​ដោយ ព្រះ‌អង្គ​ក៏​បាន​រៀន​ស្ដាប់​បង្គាប់ ដោយ​រង‌ទុក្ខ​លំបាក។ 9 បន្ទាប់​ពី​ព្រះ‌អង្គ​បាន​គ្រប់​លក្ខណៈ​ហើយ ព្រះ‌អង្គ​ក៏​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សង្គ្រោះ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច សម្រាប់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​ព្រះ‌អង្គ 10 ហើយ​ព្រះ‌ជាម្ចាស់​ក៏​ប្រកាស​តែង‌តាំង​ព្រះ‌អង្គ​ជា​មហា​បូជា‌ចារ្យ តាម​របៀប​ព្រះ‌បាទ​មែល‌គីសេ‌ដែក​ដែរ។

ពាក្យ​ដាស់‌តឿន​ឲ្យ​តស៊ូ​ស្មោះ‌ត្រង់​នឹង​ជំនឿ

11 ត្រង់​ចំណុច​នេះ យើង​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​និយាយ ជា​សេចក្ដី​ដែល​ពិបាក​ពន្យល់ ព្រោះ​បង‌ប្អូន​បែរ​ជា​ក្រ​នឹង​យល់។ 12 តាម​ពិត បង‌ប្អូន​គួរ​តែ​បាន​ធ្វើ​ជា​គ្រូ​បង្រៀន​គេ តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ ក៏​ប៉ុន្តែ បង‌ប្អូន​ត្រូវ​ការ​ឲ្យ​គេ​បង្រៀន​អំពី​សេចក្ដី​ខ្លះៗ ដែល​នៅ​ខាង​ដើម​ដំបូង​នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ឡើង​វិញ បង‌ប្អូន​បែរ​ជា​ត្រូវ​ការ​ទឹក​ដោះ គឺ​មិន​មែន​ត្រូវ​ការ​អាហារ​រឹង​ទេ។ 13 អ្នក​ដែល​ត្រូវ​ការ​ទឹក​ដោះ ពុំ​អាច​យល់​ការ​ប្រៀន‌ប្រដៅ​អំពី​សេចក្ដី​សុចរិត​ឡើយ ព្រោះ​គេ​នៅ​ជា​កូន​ខ្ចី។ 14 មាន​តែ​មនុស្ស​ពេញ​វ័យ​ប៉ុណ្ណោះ ដែល​អាច​ទទួល​អាហារ​រឹង​បាន ព្រោះ​គេ​ធ្លាប់​មាន​ការ​ពិសោធ ចេះ​វែក‌ញែក ស្គាល់​ល្អ ស្គាល់​អាក្រក់។