ជំពូក ៣
ព្រះយេស៊ូមានឋានៈធំជាងលោកម៉ូសេ
1 បងប្អូនដ៏វិសុទ្ធ*អើយ ព្រះជាម្ចាស់ក៏បានត្រាស់ហៅបងប្អូនដែរ! ចូរគិតពិចារណាមើល អំពីព្រះយេស៊ូ ជាទូត ដែលព្រះជាម្ចាស់បានចាត់ឲ្យមក និងជាមហាបូជាចារ្យ*ដែលនាំឲ្យយើងមានជំនឿ ដូចយើងប្រកាសនោះទៅ។ 2 ព្រះយេស៊ូមានព្រះហឫទ័យស្មោះត្រង់ចំពោះព្រះជាម្ចាស់ ដែលបានតែងតាំងព្រះអង្គ ដូចលោកម៉ូសេមានចិត្តស្មោះត្រង់ចំពោះកិច្ចការក្នុងព្រះដំណាក់ដែរ។ 3 អ្នកសង់ផ្ទះមានកិត្តិយស ប្រសើរលើសផ្ទះយ៉ាងណា ព្រះយេស៊ូក៏គួរនឹងទទួលសិរីរុងរឿងប្រសើរលើសលោកម៉ូសេយ៉ាងនោះដែរ 4 ដ្បិតផ្ទះទាំងឡាយសុទ្ធតែមានគេបានសង់ឡើង រីឯព្រះជាម្ចាស់វិញ ព្រះអង្គបានសង់គ្រប់អ្វីៗទាំងអស់។ 5 ចំពោះលោកម៉ូសេ លោកមានចិត្តស្មោះត្រង់នឹងកិច្ចការ ក្នុងព្រះដំណាក់ទាំងមូល ក្នុងឋានៈលោកជាអ្នកបម្រើ ដើម្បីផ្ដល់សក្ខីភាពពីព្រះបន្ទូលដែលព្រះជាម្ចាស់នឹងថ្លែង។ 6 រីឯព្រះគ្រីស្តវិញ ព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ក្នុងឋានៈជាព្រះបុត្រា ដែលគ្រប់គ្រងលើព្រះដំណាក់ផ្ទាល់របស់ព្រះអង្គ គឺយើងទាំងអស់គ្នាហ្នឹងហើយជាព្រះដំណាក់របស់ព្រះអង្គ ប្រសិនបើយើងនៅកាន់ចិត្តរឹងប៉ឹង និងពឹងផ្អែកលើសេចក្ដីសង្ឃឹមរបស់យើងជាប់ជានិច្ចមែននោះ។
7 ហេតុនេះ ដូចព្រះវិញ្ញាណដ៏វិសុទ្ធ*មានព្រះបន្ទូលថា៖
«ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀង
របស់ព្រះអង្គ
8 មិនត្រូវមានចិត្តរឹងរូសដូចនៅគ្រាបះបោរ
ក្នុងថ្ងៃដែលគេល្បងលព្រះអង្គ
នៅវាលរហោស្ថាននោះឡើយ
9 បុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង
ដើម្បីសាកមើលយើង
ហើយគេឃើញកិច្ចការដែលយើងបានធ្វើ
ក្នុងអំឡុងពេលសែសិបឆ្នាំ។
10 ហេតុនេះហើយបានជាយើងទាស់ចិត្តនឹង
មនុស្សនៅជំនាន់នោះណាស់
ហើយយើងបានពោលថាៈ
ចិត្តរបស់ពួកគេចេះតែវង្វេងរហូតទៅ
គេពុំស្គាល់មាគ៌ារបស់យើងឡើយ
11 យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា
មិនឲ្យពួកគេចូលមកសម្រាក
ជាមួយយើងជាដាច់ខាត»។
12 ដូច្នេះ បងប្អូនអើយ ចូរប្រយ័ត្នក្រែងលោនរណាម្នាក់ ក្នុងចំណោមបងប្អូន បែរជាមានចិត្តអាក្រក់លែងជឿ រហូតដល់ទៅងាកចេញពីព្រះជាម្ចាស់ដ៏មានព្រះជន្មរស់។ 13 ផ្ទុយទៅវិញ ចូរដាស់តឿនគ្នាទៅវិញទៅមក ជារៀងរាល់ថ្ងៃ គឺគ្រប់ពេលដែលមានចែងក្នុងគម្ពីរថា«ថ្ងៃនេះ!» នៅឡើយ ដើម្បីកុំឲ្យបងប្អូនណាម្នាក់ប្រកាន់ចិត្តរឹងរូស ដោយចាញ់បោកបាប*។ 14 ប្រសិនបើយើងរក្សាជំហររឹងប៉ឹង ដែលយើងមានតាំងពីដំបូងមក រហូតដល់ចុងបញ្ចប់មែននោះ យើងបានចូលរួមជាមួយព្រះគ្រីស្តហើយ 15 ព្រោះក្នុងគម្ពីរមានចែងថា
«ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀង
របស់ព្រះអង្គ
មិនត្រូវមានចិត្តរឹងរូសដូចនៅគ្រាបះបោរ
នោះឡើយ»។
16 តើនរណាខ្លះបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយបែរជានាំគ្នាបះបោរ? អស់អ្នកដែលលោកម៉ូសេបាននាំចេញពីស្រុកអេស៊ីបមកនោះឬ? 17 ក្នុងអំឡុងពេលសែសិបឆ្នាំនោះ តើព្រះជាម្ចាស់ព្រះអង្គព្រះពិរោធនឹងនរណាខ្លះ? ព្រះអង្គព្រះអង្គព្រះពិរោធនឹងអស់អ្នកដែលបានប្រព្រឹត្តអំពើបាប ហើយត្រូវស្លាប់ចោលឆ្អឹងនៅវាលរហោស្ថាននោះឬ? 18 តើព្រះអង្គបានប្ដេជ្ញាថាមិនឲ្យនរណាខ្លះចូលមកសម្រាកជាមួយព្រះអង្គ? គឺអស់អ្នកដែលមិនព្រមស្ដាប់បង្គាប់ព្រះអង្គនោះឬ? 19 ដូច្នេះ យើងឃើញថាពួកគេពុំបានចូលទៅសម្រាកមកពីពួកគេគ្មានជំនឿ។