ពាក្យលំនាំ
លិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ
អ្នកតែងៈ លិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ មានលក្ខណៈប្លែកពីលិខិតឯទៀតៗ គឺមានលំនាំដូចជាសុន្ទរកថារបស់បណ្ឌិតខាងវិន័យម្នាក់។ អ្នកតែងស្គាល់ព្រះគម្ពីរសម្ពន្ធមេត្រីចាស់យ៉ាងច្បាស់ ហើយពន្យល់តាមរបៀបបណ្ឌិតខាងវិន័យ។ អ្នកខ្លះសន្និដ្ឋានថា លោកប៉ូលជាអ្នកតែងលិខិតនេះ អ្នកខ្លះទៀតសន្និដ្ឋានថា លោកអប៉ូឡូស(កិច្ចការ ១៨.២៤‑២៨) ជាអ្នកតែង ក៏ប៉ុន្តែ យើងពុំដឹងពិតប្រាកដថានរណាបានសរសេរលិខិតនេះទេ ហើយក៏ពុំដឹងថាលិខិតនេះសរសេរផ្ញើទៅគ្រីស្តបរិស័ទណាដែរ។ យើងគ្រាន់តែយល់តាមរយៈលិខិតនេះថា អ្នកតែងចង់ដាស់តឿនគ្រីស្តបរិស័ទជាតិយូដា ដែលបានប្រែចិត្តជឿព្រះយេស៊ូគ្រីស្ត។ ក្នុងចំណោមបងប្អូនទាំងនោះ ប្រហែលជាមានបូជាចារ្យជាច្រើន ដែលធ្លាប់ធ្វើពិធីបុណ្យផ្សេងៗក្នុងព្រះវិហារនៅក្រុងយេរូសាឡឹមកាលពីមុន ហើយនៅអាឡោះអាល័យពិធីទាំងនោះដដែល។ មួយវិញទៀត ពួកគេអស់សង្ឃឹមដោយជួបនឹងទុក្ខលំបាក ព្រោះត្រូវជនរួមជាតិរបស់ខ្លួនបៀតបៀន។
គោលសំខាន់ៗ:
អ្នកតែងលិខិតនេះបានលើកយកគោលគំនិតរបស់សាសនាយូដា មកពន្យល់អំពីឋានៈរបស់ព្រះគ្រីស្តដែលប្រសើរជាងលោកម៉ូសេ ព្រោះព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយប្រសើរជាងមហាបូជាចារ្យឯទៀតៗ ព្រោះព្រះអង្គជាព្រះមហាបូជាចារ្យដែលអាចលោះបាបមនុស្សលោកមួយដងជាសូរេច។ ព្រះយេស៊ូក៏បានបូជាព្រះជន្មទុកជាយញ្ញបូជា ប្រសើរជាងយញ្ញបូជាដែលគេថ្វាយក្នុងព្រះវិហារ ព្រោះព្រះអង្គនាំមនុស្សឲ្យចូលទៅជិតព្រះជាម្ចាស់ ហើយតែងតាំងសម្ពន្ធមេត្រីថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច។
អ្នកតែងលិខិតនេះក៏បានដាស់តឿនគ្រីស្តបរិស័ទឲ្យមានចិត្តតស៊ូ ស្មោះត្រង់នឹងជំនឿ ដោយលើកយកអ្នកជឿពីជំនាន់ដើមធ្វើជាគំរូ។
គម្រោងគម្ពីរហេប្រឺៈ
- សេចក្ដីផ្ដើម ១.១-៣
- ព្រះគ្រីស្តប្រសើរជាងពួកទេវទូត ១.៤‑២.១៨
- ព្រះគ្រីស្តប្រសើរជាងលោកម៉ូសេ និងលោកយ៉ូស៊ូអា ៣.១‑៤.១៣
- ព្រះគ្រីស្តប្រសើរជាងមហាបូជាចារ្យ ៤.១៤‑៧.២៨
- ព្រះគ្រីស្តប្រសើរជាងសម្ពន្ធមេត្រី ៨.១‑៩.២៨
- ព្រះគ្រីស្តប្រសើរជាងយញ្ញបូជា ១០.១-៣៩
- អំពីជំនឿ ១១.១‑១២.២៩
- ជីវិតស្របតាមព្រះជាម្ចាស់ ១៣.១-១៩
- អវសានកថា ១៣.២០-២៥