ជំពូក ៣
អ្នកដឹកនាំព្រះសហគមន៍
1 ពាក្យនេះគួរឲ្យជឿ គឺថា ប្រសិនបើបងប្អូនណាម្នាក់ ចង់បានមុខងារជាអភិបាល គាត់មានបំណងបំពេញមុខងារដ៏ប្រសើរហើយ។ 2 អភិបាលត្រូវមានគុណសម្បត្តិល្អឥតខ្ចោះ ត្រូវមានភរិយាតែមួយប៉ុណ្ណោះ មិនស្រវឹងស្រា មានចិត្តធ្ងន់ មានកិរិយាមារយាទល្អ ចេះទទួលភ្ញៀវ ចេះបង្រៀន 3 មិនចំណូលស្រា មិនចេះឈ្លោះប្រកែក គឺមានចិត្តសប្បុរស មិនចេះរករឿង មិនស្រឡាញ់ប្រាក់ឡើយ។ 4 គាត់ត្រូវចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់គាត់ផ្ទាល់ ព្រមទាំងឲ្យកូនចៅរបស់គាត់ចេះស្ដាប់បង្គាប់ និងមានកិរិយាថ្លៃថ្នូរទាំងស្រុង 5 ព្រោះថា ប្រសិនបើមនុស្សម្នាក់មិនចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់ខ្លួនផង ធ្វើម្ដេចនឹងឲ្យគាត់មើលខុសត្រូវលើព្រះសហគមន៍*របស់ព្រះជាម្ចាស់កើត!។ 6 មិនត្រូវឲ្យអ្នកដែលទើបនឹងជឿធ្វើជាអភិបាលឡើយ ក្រែងលោគាត់អួតបំប៉ោង ហើយទៅជាមានទោសដូចមារ*។ 7 មួយវិញទៀត អ្នកអភិបាលត្រូវតែមានកេរ្តិ៍ឈ្មោះល្អ ពីសំណាក់អស់អ្នក ដែលមិនមែនជាគ្រីស្តបរិស័ទផងដែរ ក្រែងគេប្រមាថមើលងាយ ហើយធ្លាក់ទៅក្នុងអន្ទាក់របស់មារ។
អ្នកជំនួយ
8 រីឯអ្នកជំនួយ*វិញក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្នូរ និយាយពាក្យសច្ចៈ មិនចំណូលស្រាជ្រុល មិនរកប្រាក់តាមរបៀបថោកទាប។ 9 គាត់ត្រូវកាន់តាមជំនឿ ដែលព្រះជាម្ចាស់បានសម្ដែងឲ្យស្គាល់ ដោយមនសិការបរិសុទ្ធ។ 10 ត្រូវល្បងមើលចិត្តគេជាមុនសិន ប្រសិនបើមិនឃើញមានទាស់ត្រង់ណាទេនោះ ទុកឲ្យគេបំពេញមុខងារជាអ្នកជំនួយទៅចុះ។
11 ចំពោះស្ត្រីៗវិញក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្នូរ មិនចេះនិយាយដើមគេ មិនស្រវឹងស្រា និងមានចិត្តស្មោះត្រង់ក្នុងគ្រប់កិច្ចការទាំងអស់។
12 អ្នកជំនួយត្រូវមានភរិយាតែមួយប៉ុណ្ណោះ ហើយចេះមើលខុសត្រូវកូនចៅ និងក្រុមគ្រួសាររបស់ខ្លួនឯងផ្ទាល់ផង 13 ដ្បិតបងប្អូនណាបំពេញមុខងារជាអ្នកជំនួយបានល្អ នឹងបានទទួលកិត្តិយស ព្រមទាំងមានចិត្តអង់អាចមោះមុត ដោយអាងលើជំនឿក្នុងអង្គព្រះគ្រីស្តយេស៊ូ។
គម្រោងការដ៏លាក់កំបាំង
14 ខ្ញុំសរសេរសំបុត្រនេះ ទាំងសង្ឃឹមថានឹងបានមកជួបអ្នកក្នុងពេលឆាប់ៗ 15 ក៏ប៉ុន្តែ បើខ្ញុំក្រមកដល់ សំបុត្រនេះនឹងជួយអ្នកឲ្យដឹងថា ត្រូវប្រព្រឹត្តយ៉ាងណាៗ ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ គឺក្នុងព្រះសហគមន៍*របស់ព្រះដ៏មានព្រះជន្មរស់។ ព្រះសហគមន៍នេះជាសសរ និងជាគ្រឹះទ្រព្រះអង្គសេចក្ដីពិត។ 16 យើងត្រូវទទួលស្គាល់ថា គម្រោងការដ៏លាក់កំបាំងនៃការគោរពប្រណិប័តន៍ព្រះជាម្ចាស់នោះធំណាស់ គឺថាៈ
ព្រះគ្រីស្តយាងមកមានឋានៈជាមនុស្ស
ព្រះអង្គសុចរិតដោយសារព្រះវិញ្ញាណ
ព្រះអង្គបានបង្ហាញខ្លួនឲ្យពួកទេវទូតឃើញ
គេបានប្រកាសអំពីព្រះអង្គនៅក្នុងចំណោម
ជាតិសាសន៍នានា
គេបានជឿលើព្រះអង្គក្នុងពិភពលោក
ព្រះជាម្ចាស់បានលើកព្រះអង្គឡើង
ឲ្យមានសិរីរុងរឿង។