ជំពូក ៦
1 ចំពោះបងប្អូនដែលជាទាសករត្រូវគោរពម្ចាស់របស់ខ្លួន ទុកដូចជាមនុស្សដែលសមនឹងទទួលកិត្តិយសគ្រប់យ៉ាង ដើម្បីកុំឲ្យនរណាម្នាក់និយាយមួលបង្កាច់ព្រះនាមនៃព្រះជាម្ចាស់ និងមួលបង្កាច់សេចក្ដីបង្រៀនរបស់យើងឡើយ។ 2 បងប្អូនទាំងឡាយណាមានម្ចាស់ជាអ្នកជឿ មិនត្រូវធ្វេសប្រហែសក្នុងការគោរពគាត់ ដោយយល់ថាគាត់ជាបងប្អូននោះឡើយ ផ្ទុយទៅវិញ ត្រូវបម្រើម្ចាស់ទាំងនោះឲ្យរឹតតែប្រសើរឡើងថែមទៀត ដោយយល់ថា អ្នកដែលទទួលការបម្រើដ៏ល្អនេះ គឺជាអ្នកជឿ និងជាបងប្អូនដ៏ជាទីស្រឡាញ់។
អំពីសេចក្ដីបង្រៀនក្លែងក្លាយ និងការស្រឡាញ់សម្បត្តិលោកីយ៍
អ្នកត្រូវបង្រៀន និងដាស់តឿនគេតាមសេចក្ដីទាំងនេះ។ 3 ប្រសិនបើមាននរណាម្នាក់បង្រៀនសេចក្ដីណាផ្សេង ហើយមិនយកចិត្តទុកដាក់នឹងព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង និងមិនយកចិត្តទុកដាក់នឹងសេចក្ដីបង្រៀន ស្របតាមការគោរពប្រណិប័តន៍ព្រះជាម្ចាស់ទេនោះ 4 អ្នកនោះជាមនុស្សអួតបំប៉ោង គ្មានដឹងអ្វីទាំងអស់។ គេដូចជាមានជំងឺ ចេះតែជជែកវែកញែក និងឈ្លោះប្រកែកអំពីពាក្យពេចន៍។ ការទាំងនេះបង្កឲ្យតែមានការច្រណែនឈ្នានីស ការបាក់បែក ការជេរប្រមាថ ការមិនទុកចិត្តគ្នា 5 និងនាំឲ្យអស់អ្នកដែលមានគំនិតខូច គ្មានសេចក្ដីពិតក្នុងខ្លួន ជជែកតវ៉ាមិនចេះចប់មិនចេះហើយ។ ពួកគេចាត់ទុកថាការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ជាមធ្យោបាយរកទ្រព្យសម្បត្តិ។ 6 ចំពោះអ្នកដែលចេះស្កប់ចិត្តនឹងអ្វីដែលខ្លួនមាន ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ពិតជាមធ្យោបាយដ៏ប្រសើរ ដើម្បីរកទ្រព្យសម្បត្តិមែន! 7 ដ្បិតយើងពុំបានយកអ្វីចូលមកក្នុងលោកនេះ ហើយយើងក៏ពុំអាចយកអ្វីចេញពីលោកនេះទៅបានដែរ!។ 8 ដូច្នេះ ប្រសិនបើយើងមានម្ហូបអាហារ មានសម្លៀកបំពាក់ នោះយើងស្កប់ចិត្តហើយ។ 9 រីឯអស់អ្នកដែលចង់មានចង់បានតែងតែចាញ់ការល្បួង ជាប់អន្ទាក់ ដោយចិត្តប៉ងប្រាថ្នា លេលា និងចង្រៃជាច្រើន ដែលពន្លិចមនុស្សឲ្យវិនាសអន្តរាយ 10 ដ្បិតការស្រឡាញ់ប្រាក់ ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង។ ដោយបណ្ដោយខ្លួនឲ្យស្រឡាញ់ប្រាក់ដូច្នេះ បងប្អូនខ្លះបានវង្វេងចេញឆ្ងាយពីជំនឿ ព្រមទាំងធ្វើបាបខ្លួនឯងឲ្យវេទនា ឈឺផ្សាជាច្រើនថែមទៀតផង។
ពាក្យដាស់តឿនចុងបញ្ចប់
11 ចំពោះអ្នកវិញ អ្នកបម្រើរបស់ព្រះជាម្ចាស់អើយ ត្រូវគេចចេញឲ្យឆ្ងាយពីការទាំងនេះ។ ចូរស្វែងរកសេចក្ដីសុចរិត ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ជំនឿ សេចក្ដីស្រឡាញ់ ចិត្តអត់ធ្មត់ ចិត្តស្លូតបូត។ 12 ត្រូវពុះពារតយុទ្ធសម្រាប់ជំនឿឲ្យបានល្អប្រសើរ ហើយឈោងចាប់យកជីវិតអស់កល្បជានិច្ច ដ្បិតព្រះជាម្ចាស់បានត្រាស់ហៅអ្នកមកឲ្យទទួលជីវិតអស់កល្បជានិច្ចនេះ ដូចអ្នកបានទទួលស្គាល់ ក្នុងពេលប្រកាសជំនឿយ៉ាងល្អប្រពៃ នៅចំពោះមុខមនុស្សជាច្រើន ដែលជាសាក្សី។ 13 នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ដែលប្រទានឲ្យអ្វីៗទាំងអស់មានជីវិត និងនៅចំពោះព្រះភ័ក្ត្រព្រះគ្រីស្តយេស៊ូ ដែលបានផ្ដល់សក្ខីភាពដោយប្រកាសជំនឿយ៉ាងល្អប្រពៃ នៅមុខលោកប៉ុនទាស-ពីឡាត ខ្ញុំសុំដាស់តឿនអ្នកថា 14 ចូរប្រតិបត្តិតាមវិន័យឲ្យបានល្អឥតខ្ចោះ ឥតកំហុស រហូតដល់ពេលព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើងយាងមក 15 នៅពេលកំណត់ដែលព្រះជាម្ចាស់នឹងបង្ហាញឲ្យឃើញ។
ព្រះជាម្ចាស់ប្រកបដោយសុភមង្គល
មានតែព្រះអង្គមួយគត់ ដែលជាព្រះអធិបតី
ព្រះអង្គជាព្រះមហាក្សត្រ
ធំលើសមហាក្សត្រនានា
ជាព្រះអម្ចាស់ធំលើសអម្ចាស់នានា
16 មានតែព្រះអង្គមួយគត់ដែលមាន
ព្រះជន្មអមតៈ
ព្រះអង្គគង់នៅក្នុងពន្លឺ ដែលគ្មាននរណា
អាចចូលជិតឡើយ
ហើយក៏គ្មានមនុស្សណាបានឃើញ
និងអាចឃើញព្រះអង្គដែរ
សូមលើកតម្កើងព្រះកិត្តិនាម និងព្រះចេស្ដា
របស់ព្រះអង្គអស់កល្បជានិច្ច! អាម៉ែន!
17 ចូរដាស់តឿនពួកអ្នកមាន នៅលោកីយ៍នេះ កុំឲ្យអួតខ្លួន និងយកទ្រព្យសម្បត្តិដែលមិនទៀងធ្វើជាទីសង្ឃឹមឡើយ គឺត្រូវសង្ឃឹមលើព្រះជាម្ចាស់ដែលប្រទានឲ្យយើងមានអ្វីៗទាំងអស់យ៉ាងបរិបូណ៌ សម្រាប់ឲ្យយើងប្រើប្រាស់នោះវិញ។ 18 ត្រូវឲ្យគេប្រព្រឹត្តអំពើល្អ ឲ្យគេធ្វើជាអ្នកមានផ្នែកខាងបុណ្យទាន ឲ្យគេមានចិត្តទូលាយ ចេះចែករំលែកដល់អ្នកឯទៀតៗ 19 ធ្វើដូច្នេះ គេនឹងសន្សំសម្បត្តិដ៏ល្អគង់វង្សសម្រាប់លោកខាងមុខ ដើម្បីទទួលជីវិតដ៏ពិតប្រាកដ។
20 ធីម៉ូថេអើយ អ្វីៗដែលព្រះជាម្ចាស់បានផ្ញើនឹងអ្នក ចូររក្សាទុកទៅ។ ត្រូវចៀសវាងពាក្យសម្ដីឥតន័យ ឥតខ្លឹមសារ និងចៀសវាងការជជែកទាស់ទែងអំពីចំណេះក្លែងក្លាយ។ 21 មានអ្នកខ្លះប្រកាន់យកចំណេះបែបនេះ ហើយត្រូវវង្វេងចេញពីជំនឿ។
សូមព្រះជាម្ចាស់ប្រណីសន្ដោសបងប្អូនទាំងអស់គ្នា។