ជំពូក ២
ពាក្យទូន្មានក្នុងការទូលអង្វរព្រះជាម្ចាស់
1 ជាបឋម ខ្ញុំសូមផ្ដែផ្ដាំឲ្យគេទូលសូមព្រះជាម្ចាស់ អធិស្ឋាន* និងអង្វរព្រះអង្គ ទាំងអរព្រះគុណ សម្រាប់មនុស្សទាំងអស់ផង។ 2 ត្រូវទូលអង្វរសម្រាប់ស្ដេច និងអ្នកកាន់អំណាចគ្រប់ៗរូប ដើម្បីឲ្យយើងរស់នៅបានសុខក្សេមក្សាន្ត គ្មានចលាចល ទាំងគោរពប្រណិប័តន៍ព្រះជាម្ចាស់អស់ពីចិត្ត និងមានជីវិតថ្លៃថ្នូរ។ 3 នេះហើយជាការល្អ និងគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើង 4 ដែលព្រះអង្គសព្វព្រះហឫទ័យឲ្យមនុស្សទាំងអស់ បានទទួលការសង្គ្រោះ និងបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់
5 ដ្បិតមានព្រះជាម្ចាស់តែមួយ
មានស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់
និងមនុស្សលោក
គឺព្រះគ្រីស្តយេស៊ូដែលជាមនុស្ស។
6 ព្រះអង្គបានបូជាព្រះជន្ម
ដើម្បីលោះមនុស្សទាំងអស់។
នេះជាសក្ខីភាពមួយ ដែលព្រះអង្គបានបង្ហាញនៅពេលកំណត់។ 7 ព្រះអង្គបានតែងតាំងខ្ញុំឲ្យប្រកាសសក្ខីភាពនេះ ឲ្យខ្ញុំធ្វើជាគ្រីស្តទូត* និងធ្វើជាគ្រូអប់រំសាសន៍ដទៃអំពីជំនឿ និងអំពីសេចក្ដីពិត។ ខ្ញុំនិយាយពិត ឥតកុហកទេ។
8 ហេតុនេះហើយបានជានៅគ្រប់ទីកន្លែង ខ្ញុំចង់ឲ្យបុរសៗអធិស្ឋាន* ទាំងលើកដៃឡើងលើ ដោយចិត្តបរិសុទ្ធ ឥតមានកំហឹង ឬប្រកែកគ្នាឡើយ។
9 ខ្ញុំក៏ចង់ឲ្យស្ត្រីៗស្លៀកពាក់បែបសមរម្យ រាបសាមិនសង្ហា។ នាងមិនត្រូវតែងខ្លួន ដោយក្រងសក់ឲ្យឆើតឆាយហួស ឬដោយពាក់មាសពេជ្រ និងគ្រឿងអលង្ការថ្លៃៗឡើយ 10 តែត្រូវតុបតែងខ្លួន ដោយអំពើល្អ ឲ្យបានសមរម្យជាស្ត្រីដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់វិញ។ 11 ពេលរៀនព្រះគម្ពីរ ស្ត្រីៗត្រូវនៅស្ងៀម ហើយស្ដាប់បង្គាប់ទាំងស្រុង។ 12 ខ្ញុំមិនអនុញ្ញាតឲ្យស្ត្រីណាបង្រៀន ឬត្រួតត្រាលើប្ដីឡើយ គឺឲ្យនាងនៅស្ងៀមវិញ 13 ដ្បិតព្រះជាម្ចាស់បានបង្កើតលោកអដាំជាមុន រួចបង្កើតនាងអេវ៉ាតាមក្រោយ។ 14 មិនមែនលោកអដាំទេដែលចាញ់បោក គឺនាងអេវ៉ាវិញទេតើដែលចាញ់បោក ទាំងរំលោភលើបញ្ញត្តិរបស់ព្រះជាម្ចាស់ទៀតផង។ 15 ប៉ុន្តែ ព្រះអង្គសង្គ្រោះស្ត្រី មកពីនាងបង្កើតកូន ហើយលុះត្រាតែនាងមានជំនឿខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់ មានកិរិយាវិសុទ្ធ* និងសុភាពរាបសាផង។