ជំពូក ១៥
ព្រះយេស៊ូជាដើមទំពាំងបាយជូរដ៏ពិត
1 «ខ្ញុំហ្នឹងហើយជាដើមទំពាំងបាយជូរដ៏ពិតប្រាកដ រីឯព្រះបិតាខ្ញុំជាម្ចាស់ចម្ការ។ 2 មែកណានៅជាប់នឹងខ្ញុំ តែឥតមានផ្លែ ព្រះបិតាកាត់មែកនោះចោល។ រីឯមែកណាមានផ្លែ ព្រះអង្គលួសមែកនោះ ដើម្បីឲ្យមានផ្លែកាន់តែច្រើនឡើងទៀត។ 3 ពាក្យដែលខ្ញុំបានប្រាប់ ធ្វើឲ្យអ្នករាល់គ្នាបរិសុទ្ធរួចទៅហើយ។ 4 ចូរស្ថិតនៅជាប់នឹងខ្ញុំ ដូចខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នាដែរ។ ប្រសិនបើមែកមិនស្ថិតនៅជាប់នឹងដើមទេ វាពុំអាចបង្កើតផលដោយឯកឯងឡើយ។ រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ បើមិនស្ថិតនៅជាប់នឹងខ្ញុំទេ អ្នករាល់គ្នាពុំអាចបង្កើតផលបានទាល់តែសោះ។ 5 ខ្ញុំនេះហើយជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែក អ្នកណាស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលបានច្រើន។ បើដាច់ពីខ្ញុំ អ្នករាល់គ្នាពុំអាចធ្វើអ្វីកើតឡើយ។ 6 អ្នកណាមិនស្ថិតនៅជាប់នឹងខ្ញុំ អ្នកនោះប្រៀបដូចជាមែក ដែលគេបោះចោលទៅខាងក្រៅ ហើយស្វិតក្រៀម។ បន្ទាប់មក គេរើសមែកទាំងនោះបោះទៅក្នុងភ្លើងឆេះអស់ទៅ។ 7 បើអ្នករាល់គ្នាស្ថិតនៅជាប់នឹងខ្ញុំ ហើយបើពាក្យខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នា ចូរទូលសុំអ្វីៗតាមតែអ្នករាល់គ្នាប្រាថ្នាចង់បានចុះ នោះអ្នករាល់គ្នាមុខតែបានទទួលជាមិនខាន។ 8 ព្រះបិតារបស់ខ្ញុំសម្ដែងសិរីរុងរឿង ដោយអ្នករាល់គ្នាបង្កើតផលផ្លែបានច្រើន និងដោយអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន។ 9 ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចព្រះបិតាស្រឡាញ់ខ្ញុំដែរ។ ចូរទុកសេចក្ដីស្រឡាញ់របស់ខ្ញុំឲ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។ 10 បើអ្នករាល់គ្នាប្រតិបត្តិតាមវិន័យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាទុកសេចក្ដីស្រឡាញ់របស់ខ្ញុំ ឲ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន ដូចខ្ញុំប្រតិបត្តិតាមវិន័យរបស់ព្រះបិតា ហើយទុកឲ្យសេចក្ដីស្រឡាញ់របស់ព្រះអង្គស្ថិតនៅជាប់នឹងខ្ញុំដែរ។ 11 ខ្ញុំបាននិយាយសេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអំណររបស់ខ្ញុំស្ថិតនៅក្នុងអ្នករាល់គ្នា ហើយដើម្បីឲ្យអ្នករាល់គ្នាមានអំណរពេញលក្ខណៈ។
12 វិន័យរបស់ខ្ញុំមានដូចតទៅនេះ គឺអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ 13 គ្មាននរណាមានសេចក្ដីស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូប្ដូរជីវិត ដើម្បីមិត្តសម្លាញ់របស់ខ្លួននោះឡើយ។ 14 បើអ្នករាល់គ្នាប្រព្រឹត្តតាមសេចក្ដីដែលខ្ញុំបានបង្គាប់មក អ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។ 15 ខ្ញុំមិនចាត់ទុកអ្នករាល់គ្នាជាអ្នកបម្រើទៀតទេ ព្រោះអ្នកបម្រើមិនយល់កិច្ចការដែលម្ចាស់របស់ខ្លួនប្រព្រឹត្តនោះឡើយ។ ខ្ញុំចាត់ទុកអ្នករាល់គ្នាជាមិត្តសម្លាញ់ ដ្បិតអ្វីៗដែលខ្ញុំបានឮពីព្រះបិតាមក ខ្ញុំក៏បានប្រាប់ឲ្យអ្នករាល់គ្នាដឹងហើយដែរ។ 16 មិនមែនអ្នករាល់គ្នាទេដែលបានជ្រើសរើសខ្ញុំ គឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា ហើយបានតែងតាំងអ្នករាល់គ្នាឲ្យទៅ និងបង្កើតផល ព្រមទាំងឲ្យផលរបស់អ្នករាល់គ្នានៅស្ថិតស្ថេរ។ ដូច្នេះ អ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាពុំខាន។ 17 រីឯសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នានោះ គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក»។
មនុស្សលោកស្អប់ព្រះយេស៊ូ និងស្អប់សាវ័ករបស់ព្រះអង្គ
18 «ប្រសិនបើមនុស្សលោកស្អប់អ្នករាល់គ្នា ចូរដឹងថា គេបានស្អប់ខ្ញុំមុនស្អប់អ្នករាល់គ្នាទៅទៀត។ 19 ប្រសិនបើអ្នករាល់គ្នាកើតមកពីលោកីយ៍ នោះលោកីយ៍មុខជាស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នានៅខាងគេ។ ប៉ុន្តែ ខ្ញុំបានយកអ្នករាល់គ្នាចេញពីចំណោមលោកីយ៍មក ហើយអ្នករាល់គ្នាមិនកើតពីលោកីយ៍ទេ ហេតុនេះហើយបានជាលោកីយ៍ស្អប់អ្នករាល់គ្នា។ 20 ចូរនឹកចាំពាក្យដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា “អ្នកបម្រើមិនធំជាងម្ចាស់ឡើយ”។ ប្រសិនបើគេបៀតបៀនខ្ញុំ គេមុខជាបៀតបៀនអ្នករាល់គ្នា ប្រសិនបើគេប្រតិបត្តិតាមពាក្យខ្ញុំ គេមុខជាប្រតិបត្តិតាមពាក្យរបស់អ្នករាល់គ្នាដែរ។ 21 ប៉ុន្តែ គេប្រព្រឹត្តអំពើទាំងនោះចំពោះអ្នករាល់គ្នា ព្រោះតែនាមខ្ញុំ ហើយគេពុំបានស្គាល់ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកទេ។ 22 ប្រសិនបើខ្ញុំមិនបានមកក្នុងលោកនេះ ហើយមិនបាននិយាយប្រាប់គេទេ គេគ្មានជាប់បាបអ្វីសោះ។ ប៉ុន្តែ ឥឡូវនេះ គេគ្មានអ្វីដោះសាអំពីបាបរបស់ខ្លួនឡើយ។ 23 អ្នកណាស្អប់ខ្ញុំ អ្នកនោះក៏ស្អប់ព្រះបិតារបស់ខ្ញុំដែរ។ 24 ប្រសិនបើខ្ញុំមិនបានធ្វើកិច្ចការ ក្នុងចំណោមពួកគេ ជាកិច្ចការដែលគ្មាននរណាម្នាក់បានធ្វើទេនោះ គេមុខជាមិនជាប់បាបអ្វីឡើយ តែឥឡូវនេះ គេបានឃើញ ហើយស្អប់ទាំងខ្ញុំ ស្អប់ទាំងព្រះបិតាខ្ញុំទៀតផង 25 គឺស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពី វិន័យ*របស់គេថា “គេបានស្អប់ខ្ញុំដោយគ្មានមូលហេតុអ្វីឡើយ”។ 26 រីឯព្រះដ៏ជួយការពារ ដែលខ្ញុំនឹងចាត់ពីព្រះបិតាឲ្យមករកអ្នករាល់គ្នា គឺជាព្រះវិញ្ញាណដែលសម្ដែងសេចក្ដីពិត ព្រះអង្គចេញពីព្រះបិតាមក។ កាលណាព្រះអង្គយាងមកដល់ ព្រះអង្គនឹងធ្វើជាបន្ទាល់អំពីខ្ញុំ 27 ហើយអ្នករាល់គ្នាក៏ធ្វើជាបន្ទាល់អំពីខ្ញុំដែរ ពីព្រោះអ្នករាល់គ្នានៅជាមួយខ្ញុំ តាំងពីដើមរៀងមក។