ជំពូក ១១
លោកឡាសារទទួលមរណភាព
1 នៅភូមិបេតថានី មានបុរសម្នាក់ឈ្មោះ ឡាសារ គាត់មានជំងឺ។ នាងម៉ាថា និងនាងម៉ារីជាបងស្រីរបស់គាត់ ក៏រស់នៅក្នុងភូមិនោះដែរ។ 2 នាងម៉ារីនេះជាស្ត្រីម្នាក់ ដែលបានចាក់ប្រេងក្រអូបលើព្រះបាទារបស់ព្រះអម្ចាស់ ព្រមទាំងបានយកសក់របស់នាងមកជូតផង។ រីឯលោកឡាសារដែលឈឺនោះ ត្រូវជាប្អូនបង្កើតរបស់នាង។ 3 នាងទាំងពីរនាក់បានចាត់គេឲ្យទៅទូលព្រះយេស៊ូថា៖ «លោកម្ចាស់ អ្នកដែលលោកស្រឡាញ់កំពុងតែមានជំងឺ»។ 4 កាលព្រះយេស៊ូជ្រាបដំណឹងនេះ ព្រះអង្គមានព្រះបន្ទូលថា៖ «ជំងឺនេះកើតឡើង មិនមែនឲ្យគាត់បាត់បង់ជីវិតទេ គឺដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រមទាំងឲ្យព្រះបុត្រារបស់ព្រះអង្គសម្ដែងសិរីរុងរឿងវិញ»។
5 ព្រះយេស៊ូស្រឡាញ់នាងម៉ាថា ប្អូនស្រីរបស់នាង និងលោកឡាសារណាស់។ 6 កាលព្រះអង្គជ្រាបដំណឹងថា លោកឡាសារមានជំងឺ ព្រះអង្គគង់នៅកន្លែងដដែលនោះពីរថ្ងៃទៀត 7 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកសាវ័ក*ថា៖ «យើងនាំគ្នាត្រឡប់ទៅស្រុកយូដាវិញ»។ 8 ពួកសាវ័កទូលព្រះអង្គថា៖ «ព្រះគ្រូ ជនជាតិយូដាទើបនឹងចង់យកដុំថ្មគប់ធ្វើគុតព្រះអង្គថ្មីៗនេះសោះ ហេតុដូចម្ដេចបានជាព្រះអង្គចង់វិលទៅស្រុកនោះវិញ!»។ 9 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ក្នុងមួយថ្ងៃមានដប់ពីរម៉ោង អ្នកណាដើរនៅពេលថ្ងៃ អ្នកនោះមិនជំពប់ជើងដួលឡើយ ព្រោះគេឃើញពន្លឺរបស់ពិភពលោកនេះ។ 10 ផ្ទុយទៅវិញ អ្នកណាដើរនៅពេលយប់ អ្នកនោះមុខតែជំពប់ជើងដួលជាមិនខាន ព្រោះគេគ្មានពន្លឺនៅក្នុងខ្លួនទេ»។ 11 ក្រោយមក ព្រះអង្គមានព្រះបន្ទូលទៅគេថែមទៀតថា៖ «ឡាសារជាមិត្តសម្លាញ់របស់យើងសម្រាន្ដលក់ទៅហើយ ខ្ញុំត្រូវតែទៅដាស់គាត់ឲ្យភ្ញាក់ឡើងវិញ»។ 12 ពួកសាវ័កទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ប្រសិនបើគាត់សម្រាន្ដលក់ដូច្នេះ គាត់នឹងបានជាវិញមិនខាន»។ 13 តាមពិត ព្រះយេស៊ូចង់មានព្រះបន្ទូលថា លោកឡាសារស្លាប់បាត់ទៅហើយ ប៉ុន្តែ ពួកសាវ័កស្មានថា ព្រះអង្គមានព្រះបន្ទូលថាគាត់សម្រាន្ដលក់ធម្មតា។ 14 ហេតុនេះហើយបានជាព្រះអង្គមានព្រះបន្ទូលបញ្ជាក់យ៉ាងច្បាស់ថា៖ «ឡាសារស្លាប់ទៅហើយ 15 បើគិតពីប្រយោជន៍អ្នករាល់គ្នា ខ្ញុំសប្បាយចិត្ត ដោយខ្ញុំមិនបាននៅទីនោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ។ ឥឡូវនេះ យើងនាំគ្នាទៅផ្ទះគាត់»។ 16 ពេលនោះ សាវ័កថូម៉ាសហៅឌីឌីម ពោលទៅសាវ័កឯទៀតថា៖ «មក! យើងនាំគ្នាទៅរួមស្លាប់ជាមួយព្រះអង្គដែរ!»។
ព្រះយេស៊ូជាអ្នកផ្ដល់ជីវិតរស់ឡើងវិញ
17 កាលព្រះយេស៊ូយាងទៅដល់ ព្រះអង្គក៏ជ្រាបថា គេបានដាក់សពលោកឡាសារក្នុងផ្នូរ បួនថ្ងៃហើយ។ 18 ភូមិបេថានីមានចម្ងាយប្រមាណបីគីឡូម៉ែត្រពីក្រុងយេរូសាឡឹម។ 19 មានជនជាតិយូដាជាច្រើននាំគ្នាមកជួយរំលែកទុក្ខនាងម៉ាថា និងនាងម៉ារីក្នុងពេលប្អូនស្លាប់។
20 កាលនាងម៉ាថាបានដឹងថាព្រះយេស៊ូយាងមកដល់ នាងក៏ចេញទៅទទួលព្រះអង្គ រីឯនាងម៉ារីវិញ នាងអង្គុយនៅក្នុងផ្ទះ។ 21 នាងម៉ាថាទូលព្រះយេស៊ូថា៖ «លោកម្ចាស់ ប្រសិនបើលោកបាននៅទីនេះ ប្អូននាងខ្ញុំមិនស្លាប់ទេ។ 22 ប៉ុន្តែ ឥឡូវនេះ នាងខ្ញុំដឹងថា បើលោកសុំអ្វីពីព្រះជាម្ចាស់ក៏ដោយ ព្រះអង្គមុខជានឹងប្រទានឲ្យមិនខាន»។ 23 ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ប្អូននាងនឹងរស់ឡើងវិញ»។ 24 នាងទូលទៅព្រះអង្គវិញថា៖ «នាងខ្ញុំដឹងហើយ នៅថ្ងៃចុងក្រោយបំផុត កាលណាមនុស្សស្លាប់នឹងរស់ឡើងវិញ ប្អូននាងខ្ញុំក៏នឹងរស់ឡើងវិញដែរ»។ 25 ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំហ្នឹងហើយ ដែលប្រោសមនុស្សឲ្យរស់ឡើងវិញ ខ្ញុំនឹងផ្ដល់ឲ្យគេមានជីវិត។ អ្នកណាជឿលើខ្ញុំ ទោះបីស្លាប់ទៅហើយក៏ដោយ ក៏នឹងបានរស់ជាមិនខាន។ 26 រីឯអស់អ្នកដែលកំពុងតែមានជីវិតនៅរស់ ហើយជឿលើខ្ញុំ មិនស្លាប់សោះឡើយ តើនាងជឿសេចក្ដីនេះឬទេ?»។ 27 នាងម៉ាថាទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ខ្ញុំម្ចាស់ជឿថា ព្រះអង្គពិតជាព្រះគ្រីស្ដ* ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះអង្គដែលត្រូវយាងមកក្នុងពិភពលោកនេះមែន!»។
ព្រះយេស៊ូព្រះអង្គព្រះកន្សែង
28 នាងម៉ាថានិយាយដូច្នេះហើយ ក៏ចេញទៅហៅនាងម៉ារីជាប្អូន ដោយស្ងាត់ៗថា៖ «ព្រះគ្រូយាងមកដល់ហើយ ព្រះអង្គហៅប្អូនឯង»។ 29 នាងម៉ារីឮហើយ ក៏ស្ទុះក្រោកឡើង ទៅគាល់ព្រះយេស៊ូជាប្រញាប់។ 30 ពេលនោះ ព្រះអង្គពុំទាន់យាងចូលក្នុងភូមិនៅឡើយទេ គឺព្រះអង្គគង់នៅកន្លែងដែលនាងម៉ាថាទៅជួប។ 31 ជនជាតិយូដា ដែលមកជួយរំលែកទុក្ខក្នុងផ្ទះជាមួយនាងម៉ារី ឃើញនាងស្ទុះក្រោកឡើង ប្រញាប់ប្រញាល់ចេញទៅខាងក្រៅដូច្នេះ ក៏នាំគ្នាចេញទៅតាម ព្រោះគេស្មានថានាងទៅយំឯផ្នូរ។ 32 លុះនាងម៉ារីទៅដល់កន្លែងព្រះយេស៊ូគង់នៅហើយ នាងឃើញព្រះអង្គ ក៏ក្រាបទៀបព្រះបាទា ទូលថា៖ «លោកម្ចាស់! ប្រសិនបើលោកបាននៅទីនេះ ប្អូនប្រុសនាងខ្ញុំមិនស្លាប់ទេ»។ 33 ពេលព្រះយេស៊ូឃើញនាងម៉ារី និងជនជាតិយូដាដែលមកជាមួយនាង យំដូច្នេះ ព្រះអង្គរំជួលព្រះហឫទ័យ ហើយរន្ធត់ជាខ្លាំងផង។ 34 ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នករាល់គ្នាយកសពទៅទុកនៅឯណា?»។ គេទូលព្រះអង្គថា៖ «សូមអញ្ជើញមក លោកនឹងឃើញ»។ 35 ពេលនោះ ព្រះយេស៊ូព្រះអង្គព្រះកន្សែង។ 36 ជនជាតិយូដានាំគ្នាពោលថា៖ «មើល៍! លោកស្រឡាញ់ឡាសារខ្លាំងណាស់!»។ 37 ប៉ុន្តែ នៅក្នុងចំណោមពួកគេ មានអ្នកខ្លះនិយាយថា៖ «លោកអាចធ្វើឲ្យមនុស្សខ្វាក់មើលឃើញ ម្ដេចក៏លោកមិនធ្វើឲ្យឡាសារគេចផុតពីស្លាប់ផងទៅ!»។
ព្រះយេស៊ូប្រោសឡាសារឲ្យរស់ឡើងវិញ
38 ព្រះយេស៊ូរំជួលព្រះហឫទ័យម្ដងទៀត រួចយាងទៅផ្នូរ។ ផ្នូរនោះជារូងភ្នំ មានថ្មបាំងនៅមាត់រូង។ 39 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សុំយកថ្មនេះចេញ!»។ នាងម៉ាថា ជាបងរបស់សព ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ សពធុំក្លិនហើយ ព្រោះគេបានយកមកដាក់តាំងពីបួនថ្ងៃម៉្លេះ»។ 40 ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំបានប្រាប់នាងរួចមកហើយថា បើនាងជឿ នាងនឹងឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់»។ 41 គេក៏យកថ្មចេញពីមាត់ផ្នូរ។ ព្រះយេស៊ូងើបព្រះភ័ក្ត្រទតទៅលើ មានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលព្រះអង្គព្រះសណ្ដាប់ទូលបង្គំ។ 42 ចំពោះទូលបង្គំ ទូលបង្គំដឹងថា ព្រះអង្គព្រះអង្គព្រះសណ្ដាប់ទូលបង្គំជានិច្ច ប៉ុន្តែ ទូលបង្គំទូលព្រះអង្គដូច្នេះ ដើម្បីឲ្យបណ្ដាជនដែលនៅជុំវិញទូលបង្គំជឿថា ព្រះអង្គពិតជាបានចាត់ទូលបង្គំឲ្យមកមែន»។ 43 លុះព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «ឡាសារអើយ! ចេញមក!»។ 44 ពេលនោះ លោកឡាសារដែលបានស្លាប់ ក៏ចេញពីផ្នូរមក មានទាំងក្រណាត់រុំដៃជើង និងកន្សែងគ្របមុខផង។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «សុំស្រាយក្រណាត់ចេញពីគាត់ ហើយឲ្យគាត់ទៅចុះ»។
ការឃុបឃិតចាប់ព្រះយេស៊ូ
45 ជនជាតិយូដាជាច្រើននាក់ ដែលមកផ្ទះនាងម៉ារី បានឃើញព្រះយេស៊ូធ្វើកិច្ចការទាំងនោះ ក៏ជឿលើព្រះអង្គ។ 46 ប៉ុន្តែ មានគ្នាគេខ្លះទៅជួបពួកខាងគណៈផារីស៊ី* រៀបរាប់នូវកិច្ចការដែលព្រះយេស៊ូបានធ្វើ។ 47 ពេលនោះ ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី បានកោះហៅក្រុមប្រឹក្សាជាន់ខ្ពស់*មកប្រជុំ ហើយពោលថា៖ «អ្នកនោះបានធ្វើទីសម្គាល់ជាច្រើន តើយើងគិតធ្វើដូចម្ដេច?។ 48 ប្រសិនបើយើងបណ្ដោយឲ្យគាត់ធ្វើដូច្នេះតទៅទៀត ប្រជាជនមុខតែជឿទៅលើគាត់ទាំងអស់គ្នា ហើយជនជាតិរ៉ូម៉ាំងនឹងមកបំផ្លាញព្រះវិហារ* និងបំបាត់ជាតិសាសន៍របស់យើងជាមិនខាន»។ 49 នៅក្នុងចំណោមពួកគេ មានលោកម្នាក់ឈ្មោះ កៃផាស ដែលជាមហាបូជាចារ្យនៅឆ្នាំនោះ លោកមានប្រសាសន៍ទៅគេថា៖ «អស់លោកពុំយល់អ្វីសោះ! 50 តើអស់លោកគិតមិនឃើញទេឬថា បើមនុស្សតែម្នាក់ស្លាប់ ជាប្រយោជន៍ដល់ប្រជារាស្ដ្រនោះ ប្រសើរជាងទុកឲ្យជាតិទាំងមូលត្រូវវិនាស!»។ 51 លោកមានប្រសាសន៍ដូច្នេះ មិនមែនផុសចេញពីគំនិតខ្លួនឯងផ្ទាល់ឡើយ គឺក្នុងឋានៈជាមហាបូជាចារ្យនៅឆ្នាំនោះ លោកបានទាយថា ព្រះយេស៊ូត្រូវសោយទិវង្គត ដើម្បីជាប្រយោជន៍ដល់សាសន៍យូដា 52 មិនគ្រាន់តែជាប្រយោជន៍ដល់សាសន៍នេះប៉ុណ្ណោះទេ គឺដើម្បីឲ្យកូនចៅរបស់ព្រះជាម្ចាស់ដែលបែកខ្ញែកគ្នា មករួបរួមជាប្រជាជនតែមួយ។ 53 តាំងពីថ្ងៃនោះមក ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី* បានសម្រេចធ្វើគុតព្រះយេស៊ូ។ 54 ហេតុដូច្នេះហើយបានជាព្រះអង្គមិនយាងទៅមក ដោយចេញមុខឲ្យជនជាតិយូដាឃើញទៀតឡើយ គឺព្រះអង្គចាកចេញពីទីនោះឆ្ពោះទៅតំបន់ជិតវាលរហោស្ថាន ត្រង់ភូមិមួយឈ្មោះអេប្រាអ៊ីម ហើយព្រះអង្គស្នាក់នៅក្នុងភូមិនោះជាមួយពួកសាវ័ក*។ 55 ពេលនោះ ជិតដល់ថ្ងៃបុណ្យចម្លង*របស់ជនជាតិយូដាហើយ។ អ្នកស្រុកជាច្រើន នាំគ្នាឡើងទៅក្រុងយេរូសាឡឹម មុនថ្ងៃបុណ្យ ដើម្បីធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ*។ 56 គេរកព្រះយេស៊ូ ហើយនិយាយគ្នាទៅវិញទៅមកក្នុងព្រះវិហារ*ថា៖ «អ្នកគិតដូចម្ដេច? លោកមិនហ៊ានមកចូលរួមក្នុងពិធីបុណ្យទេមើលទៅ!»។ 57 ពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ី បានចេញបញ្ជាថា បើអ្នកណាដឹងព្រះអង្គគង់នៅឯណា ត្រូវប្រាប់ពួកគេ ដើម្បីឲ្យគេចាប់ព្រះអង្គ។