ជំពូក ១៤

ព្រះ‌យេស៊ូ​ជា​មាគ៌ា​ទៅ​កាន់​ព្រះ‌បិតា

1 «កុំ​រន្ធត់​ចិត្ត​ធ្វើ​អ្វី អ្នក​រាល់​គ្នា​ជឿ​លើ​ព្រះ‌ជាម្ចាស់​ហើយ សុំ​ជឿ​លើ​ខ្ញុំ​ផង។ 2 ក្នុង​ដំណាក់​របស់​ព្រះ‌បិតា​ខ្ញុំមាន​លំ‌នៅ​ជា​ច្រើន។ បើ​ពុំ​ដូច្នោះ​ទេ ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ទៅ​រៀប‌ចំ​កន្លែង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ។ 3 ពេល​ខ្ញុំ​ទៅ​រៀប‌ចំ​កន្លែង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​រួច​ហើយ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ យក​អ្នក​រាល់​គ្នា​ទៅ​ជា​មួយ​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ។ 4 ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ អ្នក​រាល់​គ្នា​ក៏​ស្គាល់​ផ្លូវ​ទៅ​ដែរ»។

5 លោក​ថូម៉ាស​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​ខ្ញុំ​អាច​ស្គាល់​ផ្លូវ​ទៅ​បាន បើ​យើង​ខ្ញុំ​មិន​ដឹង​ថា​ព្រះ‌អង្គ​យាង​ទៅ​ទី​ណា​ផង​នោះ»។ 6 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​នរណា​ម្នាក់​អាច​ទៅ​កាន់​ព្រះ‌បិតា​បាន​ឡើយ លើក‌លែង​តែ​ទៅ​តាម‌រយៈ​ខ្ញុំ។ 7 បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​ក៏​ស្គាល់​ព្រះ‌បិតា​របស់​ខ្ញុំ​ដែរ។ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ស្គាល់​ព្រះ‌អង្គ​ហើយ ព្រម​ទាំង​បាន​ឃើញ​ព្រះ‌អង្គ​ថែម​ទៀត​ផង»។

8 លោក​ភីលីព​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​បង្ហាញ​ព្រះ‌បិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង នោះ​យើង​ខ្ញុំ​អស់​ចិត្ត​ហើយ»។ 9 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ភីលីព​អើយ ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តាំង​ពី​យូរ​មក​ហើយ ម្ដេច​អ្នក​នៅ​តែ​មិន​ស្គាល់​ខ្ញុំ!។ អ្នក​ណា​បាន​ឃើញ​ខ្ញុំ ក៏​បាន​ឃើញ​ព្រះ‌បិតា​ដែរ។ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ថា សូម​បង្ហាញ​ព្រះ‌បិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង​ដូច្នេះ? 10 តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌បិតា ហើយ​ព្រះ‌បិតា​គង់​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ? សេចក្ដី​ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា មិន‌មែន​ចេញ​មក​ពី​ខ្ញុំ​ផ្ទាល់​ទេ គឺ​ព្រះ‌បិតា​ដែល​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ព្រះ‌អង្គ​បំពេញ​កិច្ច‌ការ​របស់​ព្រះ‌អង្គ។ 11 ពេល​ខ្ញុំ​និយាយ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌បិតា ហើយ​ព្រះ‌បិតា​នៅ​ក្នុង​ខ្ញុំ ចូរ​ជឿ​ខ្ញុំ​ចុះ បើ​មិន​ជឿ​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ​ទេ ចូរ​ជឿ​ដោយ​ឃើញ​កិច្ច‌ការ​ទាំង​នោះ​ទៅ។

12 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ជឿ​លើ​ខ្ញុំ អ្នក​នោះ​នឹង​ធ្វើ​កិច្ច‌ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ហើយ​នឹង​ធ្វើ​កិច្ច‌ការ​ធំ​ជាង​នេះ​ទៅ​ទៀត ពី‌ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌បិតា។ 13 អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ក្នុង​នាម​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​កិច្ច‌ការ​នោះ​ជា​មិន​ខាន ដើម្បី​ឲ្យ​ព្រះ‌បិតា​សម្ដែង​សិរី‌រុង​រឿង​ក្នុង​ព្រះ‌បុត្រា។ 14 បើ​អ្នក​រាល់​គ្នា​សូម​អ្វី​ក្នុង​នាម​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​កិច្ច‌ការ​នោះ»។

ព្រះ‌បន្ទូល​សន្យា​អំពី​ព្រះ‌វិញ្ញាណ

15 «ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​កាន់​តាម​វិន័យ​របស់​ខ្ញុំ 16 ខ្ញុំ​នឹង​ទូល‌អង្វរ​ព្រះ‌បិតា ហើយ​ព្រះ‌អង្គ​ប្រទាន​ព្រះ​ដ៏​ជួយ​ការ‌ពារ​​មួយ​អង្គ​ទៀត ឲ្យ​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​ដរាប​ត​រៀង​ទៅ 17 ព្រះ‌អង្គ​ជា​ព្រះ‌វិញ្ញាណ​ដែល​សម្ដែង​សេចក្ដី​ពិត។ មនុស្ស​លោក​ពុំ​អាច​ទទួល​ព្រះ‌អង្គ​ទេ ព្រោះ​គេ​មើល​ព្រះ‌អង្គ​មិន​ឃើញ ហើយ​ក៏​មិន​ស្គាល់​ព្រះ‌អង្គ​ផង។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ស្គាល់​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ហើយ​ព្រះ‌អង្គ​នឹង​គង់​ក្នុង​អ្នក​រាល់​គ្នា។ 18 ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ឡើយ ខ្ញុំ​នឹង​មក​រក​អ្នក​រាល់​គ្នា​វិញ។ 19 បន្ដិច​ទៀត មនុស្ស​លោក​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ ព្រោះ​ខ្ញុំ​មាន​ជីវិត​រស់ ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​មាន​ជីវិត​រស់​ដែរ។ 20 នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌បិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ខ្ញុំ ខ្ញុំ​ក៏​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ។ 21 អ្នក​ណា​មាន​វិន័យ​របស់​ខ្ញុំ និង​ប្រតិ‌បត្តិ​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ។ ព្រះ‌បិតា​របស់​ខ្ញុំ​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​នោះ​ដែរ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​នោះ​ស្គាល់​ខ្ញុំ​ថែម​ទៀត​ផង»។

22 លោក​យូដាស (មិន‌មែន​យូដាស‌អ៊ីស្កា‌រី‌យ៉ុត​ទេ) ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌អង្គ​បង្ហាញ​ឲ្យ​តែ​យើង​ខ្ញុំ​ស្គាល់​ព្រះ‌អង្គ មិន​ឲ្យ​មនុស្ស​លោក​ស្គាល់​ផង​ដូច្នេះ?»។ 23 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​ប្រតិ‌បត្តិ​តាម​ពាក្យ​ខ្ញុំ។ ព្រះ‌បិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​ព្រះ‌បិតា និង​ខ្ញុំ ក៏​នឹង​មក​តាំង​លំ‌នៅ នៅ​ក្នុង​អ្នក​នោះ​ដែរ។ 24 អ្នក​ណា​មិន​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​ប្រតិ‌បត្តិ​តាម​ពាក្យ​ខ្ញុំ​ឡើយ។ ពាក្យ​ដែល​អ្នក​រាល់​គ្នា​ឮ​ខ្ញុំ​និយាយ មិន‌មែន​ជា​ពាក្យ​របស់​ខ្ញុំ​ទេ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។

25 ខ្ញុំ​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ក្នុង​ពេល​ដែល​ខ្ញុំ​ស្ថិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ 26 ប៉ុន្តែ ព្រះ​ដ៏​ជួយ​ការ‌ពារ គឺ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ដែល​ព្រះ‌បិតា​ចាត់​ឲ្យ​មក​ក្នុង​នាម​ខ្ញុំ នឹង​បង្រៀន​សេចក្ដី​ទាំង​អស់​ដល់​អ្នក​រាល់​គ្នា ព្រម​ទាំង​រំឭក​អ្វីៗ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ផង។

27 ខ្ញុំ​ទុក​សេចក្ដី​សុខ‌សាន្ត​ឲ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​របស់​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា។ សេចក្ដី​សុខ‌សាន្ត​ដែល​ខ្ញុំ​ផ្ដល់​ឲ្យ​នេះ មិន​ដូច​សេចក្ដី​សុខ‌សាន្ត​ដែល​មនុស្ស​លោក​ឲ្យ​ទេ។ ចូរ​កុំ​រន្ធត់​ចិត្ត កុំ​ភ័យ‌ខ្លាច​ឲ្យ​សោះ។ 28 អ្នក​រាល់​គ្នា​បាន​ឮ​ខ្ញុំ​និយាយ​រួច​មក​ហើយ​ថា ខ្ញុំ​នឹង​ចាក‌ចេញ​ទៅ រួច​ខ្ញុំ​មក​រក​អ្នក​រាល់​គ្នា​វិញ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ អ្នក​រាល់​គ្នា​មុខ​តែ​សប្បាយ​ចិត្ត​ដោយ​ខ្ញុំ​ទៅ​ឯ​ព្រះ‌បិតា ដ្បិត​ព្រះ‌បិតា​មាន​ឋានៈ​ធំ​ជាង​ខ្ញុំ។ 29 ខ្ញុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ឥឡូវ​នេះ មុន​ហេតុ‌ការណ៍​ទាំង​នោះ​កើត​ឡើង។ លុះ​ដល់​ហេតុ‌ការណ៍​ទាំង​នោះ​កើត​ឡើង អ្នក​រាល់​គ្នា​នឹង​ជឿ។ 30 ខ្ញុំ​និយាយ​ជា​មួយ​អ្នក​រាល់​គ្នា​មិន​បាន​ច្រើន​ទៀត​ទេ ព្រោះ​ចៅហ្វាយ​របស់​លោកីយ៍​កំពុង​តែ​មក វា​គ្មាន​អំណាច​អ្វី​លើ​ខ្ញុំ​សោះ។ 31 វា​មក​ដូច្នេះ ជា​ឱកាស​ឲ្យ​មនុស្ស​លោក​ដឹង​ថា ខ្ញុំ​ស្រឡាញ់​ព្រះ‌បិតា ហើយ​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អង្គ។ ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ចេញ​ពី​ទី​នេះ»។