ជំពូក ៦
ព្រះយេស៊ូប្រទាននំបុ័ងឲ្យមនុស្សប្រាំពាន់នាក់
(ម៉ាថាយ ១៤.១៣-២១ ម៉ាកុស ៦.៣០-៤៤ លូកា ៩.១០-១៧)
1 បន្ទាប់មក ព្រះយេស៊ូយាងទៅត្រើយខាងនាយសមុទ្រកាលីឡេ ដែលមានឈ្មោះថាសមុទ្រទីបេរីយ៉ាដ។ 2 មានបណ្ដាជនច្រើនកុះករមកតាមព្រះអង្គ ព្រោះគេបានឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើ ដោយប្រោសអ្នកជំងឺឲ្យជា។ 3 ព្រះយេស៊ូយាងឡើងទៅលើភ្នំ ហើយគង់នៅទីនោះជាមួយពួកសាវ័ក*។
4 ពេលនោះ បុណ្យចម្លង* ជាបុណ្យរបស់ជនជាតិយូដា កាន់តែខិតជិតណាស់ហើយ។ 5 ព្រះយេស៊ូទតឃើញបណ្ដាជនមកតាមព្រះអង្គច្រើនកុះករយ៉ាងនេះ ព្រះអង្គមានព្រះបន្ទូលទៅលោកភីលីពថា៖ «តើយើងទៅរកទិញអាហារឯណាមកចែកឲ្យអ្នកទាំងនេះបរិភោគបាន?»។ 6 ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីល្បងមើលចិត្តលោកភីលីព តាមពិត ព្រះអង្គជ្រាបអំពីកិច្ចការដែលព្រះអង្គបម្រុងនឹងធ្វើស្រេចទៅហើយ។ 7 លោកភីលីពទូលថា៖ «ទោះបីយើងយកប្រាក់ពីររយដួង*ទៅទិញនំបុ័ងក៏មិនគ្រាន់ដែរ សូម្បីតែម្នាក់មួយដុំតូចៗក៏មិនបានផង»។ 8 មានសាវ័កម្នាក់ឈ្មោះអន់ដ្រេ ជាប្អូនរបស់លោកស៊ីម៉ូនសិលាទូលព្រះអង្គថា៖ 9 «នៅទីនេះ ក្មេងប្រុសម្នាក់មាននំបុ័ងប្រាំដុំ និងត្រីតូចៗពីរកន្ទុយ។ ប៉ុន្តែ បើមានតែប៉ុណ្ណឹងធ្វើម្ដេចនឹងឲ្យគ្រាន់សម្រាប់មនុស្សដ៏ច្រើនយ៉ាងនេះ?»។ 10 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សុំឲ្យគេអង្គុយចុះ»។ នៅទីនោះមានស្មៅច្រើន បណ្ដាជនក៏នាំគ្នាអង្គុយ មានមនុស្សប្រុសទាំងអស់ប្រមាណប្រាំពាន់នាក់។ 11 ព្រះយេស៊ូយកនំបុ័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឲ្យអ្នកអង្គុយនៅទីនោះ។ រីឯត្រីវិញ ព្រះអង្គក៏ធ្វើដូច្នោះដែរ ព្រះអង្គប្រទានឲ្យគេ តាមតែម្នាក់ៗចង់បាន។ 12 លុះគេបានបរិភោគឆ្អែតហើយ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសាវ័កថា៖ «ចូរប្រមូលនំបុ័ងដែលនៅសល់ កុំឲ្យមានបាត់មួយដុំសោះឡើយ»។ 13 ពួកសាវ័កនាំគ្នារើសសំណល់នំបុ័ងទាំងប្រាំដុំ ដែលបណ្ដាជនបរិភោគសល់ ប្រមូលដាក់បានពេញដប់ពីរល្អី។ 14 កាលមនុស្សម្នាឃើញទីសម្គាល់ដែលព្រះយេស៊ូបានធ្វើនោះ ក៏ពោលថា៖ «លោកនេះពិតជាព្យាការី*ដែលត្រូវមកក្នុងពិភពលោកមែន»។ 15 ព្រះយេស៊ូជ្រាបថាគេបម្រុងនឹងចាប់ព្រះអង្គយកទៅតែងតាំងជាស្ដេចដូច្នេះ ព្រះអង្គក៏យាងចាកចេញពីគេ ឡើងទៅលើភ្នំសាជាថ្មី តែមួយព្រះអង្គឯង។
ព្រះយេស៊ូយាងលើទឹកសមុទ្រ
(ម៉ាថាយ ១៤.២២-៣៤ ម៉ាកុស ៦.៤៥-៥២)
16 លុះដល់ល្ងាច ពួកសាវ័ក*នាំគ្នាចុះទៅមាត់សមុទ្រ។ 17 គេជិះទូកឆ្លងទៅក្រុងកាផានុម នៅត្រើយម្ខាង។ ពេលនោះ ងងឹតហើយ តែព្រះយេស៊ូពុំទាន់យាងមករកគេនៅឡើយទេ 18 ខ្យល់បក់បោកមកយ៉ាងខ្លាំងបណ្ដាលឲ្យទឹកសមុទ្រមានរលកធំៗ។ 19 កាលគេចែវទូកបានចម្ងាយប្រមាណជាប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ស្រាប់តែគេឃើញព្រះយេស៊ូយាងលើសមុទ្រ ចូលមកជិតទូក គេភ័យខ្លាចជាខ្លាំង។ 20 ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំទេតើ កុំខ្លាចអី»។ 21 ពួកសាវ័កចង់យាងព្រះអង្គចូលមកក្នុងទូក រំពេចនោះ ទូកក៏ទៅដល់ត្រើយ ចំកន្លែងដែលគេបម្រុងនឹងទៅ។
ព្រះយេស៊ូជាអាហារដែលផ្ដល់ជីវិត
22 ថ្ងៃបន្ទាប់មកទៀត បណ្ដាជនដែលនៅត្រើយខាងនាយសមុទ្រ សង្កេតឃើញថា នៅកន្លែងនោះមានទូកតែមួយគត់ ហើយថាព្រះយេស៊ូពុំបានយាងចុះទូកជាមួយពួកសាវ័ក*ទេ គឺមានតែពួកសាវ័កប៉ុណ្ណោះ ដែលបានជិះទូកចេញទៅ។ 23 ប៉ុន្តែ មានទូកឯទៀតៗមកពីភូមិទីបេរីយ៉ាដ ចតនៅជិតកន្លែងដែលគេបានបរិភោគនំបុ័ង ក្រោយពីព្រះអម្ចាស់បានអរព្រះគុណ។ 24 កាលបណ្ដាជនពុំឃើញព្រះយេស៊ូ និងពួកសាវ័កនៅទីនោះទៀត គេក៏នាំគ្នាចុះទូកទាំងនោះឆ្លងទៅក្រុងកាផានុម តាមរកព្រះអង្គ។
25 បណ្ដាជនបានជួបព្រះអង្គនៅត្រើយម្ខាង គេទូលសួរព្រះអង្គថា៖ «លោកគ្រូ! តើលោកមកដល់ពីអង្កាល់?»។ 26 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នាតាមរកខ្ញុំ មិនមែនមកពីអ្នករាល់គ្នាបានឃើញទីសម្គាល់ទេ គឺមកពីអ្នករាល់គ្នាបានបរិភោគអាហារឆ្អែតតែប៉ុណ្ណោះ។ 27 កុំធ្វើកិច្ចការ ដើម្បីឲ្យគ្រាន់តែបានអាហារ ដែលតែងរលួយខូចនោះឡើយ គឺឲ្យបានអាហារដែលនៅស្ថិតស្ថេរ និងផ្ដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលបុត្រមនុស្សនឹងប្រទានឲ្យអ្នករាល់គ្នា ដ្បិតបុត្រមនុស្សនេះហើយ ដែលព្រះជាម្ចាស់ជាព្រះបិតាបានដៅសញ្ញាសម្គាល់»។ 28 គេនាំគ្នាទូលសួរព្រះអង្គថា៖ «តើឲ្យយើងខ្ញុំប្រព្រឹត្តដូចម្ដេច ដើម្បីនឹងធ្វើកិច្ចការរបស់ព្រះជាម្ចាស់?»។ 29 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កិច្ចការរបស់ព្រះជាម្ចាស់ គឺឲ្យអ្នករាល់គ្នាជឿលើអ្នក ដែលព្រះអង្គបានចាត់ឲ្យមក»។ 30 គេទូលសួរព្រះអង្គទៀតថា៖ «តើលោកធ្វើការអ្វីជាទីសម្គាល់ឲ្យយើងខ្ញុំឃើញ និងជឿលោក? តើលោកធ្វើកិច្ចការអ្វីខ្លះ?។ 31 បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន* ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរថា “ព្រះអង្គបានប្រទានឲ្យគេបរិភោគនំបុ័ង ដែលធ្លាក់ពីស្ថានបរមសុខ*មក”»។ 32 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនមែនលោកម៉ូសេទេ ដែលបានផ្ដល់អាហារពីស្ថានបរមសុខមកនោះ គឺព្រះបិតារបស់ខ្ញុំទេតើ ដែលប្រទានអាហារដ៏ពិតប្រាកដពីស្ថានបរមសុខ*មកឲ្យអ្នករាល់គ្នា 33 ដ្បិតអាហារដែលព្រះជាម្ចាស់ប្រទានឲ្យនោះ គឺអ្នកដែលចុះពីស្ថានបរមសុខមក ហើយផ្ដល់ជីវិតឲ្យមនុស្សលោក»។ 34 គេនាំគ្នាទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមលោកប្រទានអាហារនោះឲ្យយើងខ្ញុំ រហូតតទៅ»។ 35 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំនេះហើយជាអាហារដែលផ្ដល់ជីវិត។ អ្នកណាមករកខ្ញុំ លែងឃ្លានទៀតហើយ អ្នកណាជឿលើខ្ញុំ ក៏លែងស្រេកទៀតដែរ។ 36 ប៉ុន្តែ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយថា “អ្នករាល់គ្នាបានឃើញខ្ញុំ តែអ្នករាល់គ្នាមិនជឿទេ”។ 37 អស់អ្នកដែលព្រះបិតាប្រទានមកខ្ញុំតែងតែមករកខ្ញុំ ហើយខ្ញុំមិនបោះបង់ចោលអ្នកដែលមករកខ្ញុំជាដាច់ខាត 38 ដ្បិតខ្ញុំចុះពីស្ថានបរមសុខមក ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក គឺពុំមែនធ្វើតាមបំណងចិត្តរបស់ខ្ញុំទេ។ 39 រីឯព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះ ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យនរណាម្នាក់ ក្នុងបណ្ដាអស់អ្នកដែលព្រះអង្គប្រទានមកខ្ញុំត្រូវវិនាសអន្តរាយឡើយ តែព្រះអង្គសព្វព្រះហឫទ័យឲ្យខ្ញុំប្រោសគេ ឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។ 40 ព្រះបិតារបស់ខ្ញុំសព្វព្រះហឫទ័យឲ្យអស់អ្នកដែលបានឃើញព្រះបុត្រា ហើយជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច។ ខ្ញុំនឹងប្រោសអ្នកនោះឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង»។
41 ជនជាតិយូដារអ៊ូរទាំពីព្រះយេស៊ូ ព្រោះព្រះអង្គមានព្រះបន្ទូលថា “ខ្ញុំជាអាហារដែលចុះមកពីស្ថានបរមសុខ*”។ 42 គេពោលថា៖ «អ្នកនេះឈ្មោះយេស៊ូ ជាកូនរបស់លោកយ៉ូសែបទេតើ! យើងស្គាល់ទាំងឪពុកទាំងម្ដាយ ម្ដេចក៏គាត់ពោលថា គាត់ចុះមកពីស្ថានបរមសុខដូច្នេះ?»។ 43 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ឈប់នាំគ្នារអ៊ូរទាំទៅ!។ 44 ប្រសិនបើព្រះបិតាដែលចាត់ខ្ញុំឲ្យមកមិនទាក់ទាញចិត្តគេទេ គ្មាននរណាម្នាក់អាចមករកខ្ញុំបានឡើយ។ រីឯខ្ញុំ ខ្ញុំនឹងប្រោសអ្នកនោះឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។ 45 ក្នុងគម្ពីរព្យាការីមានចែងទុកមកថា “ព្រះជាម្ចាស់នឹងប្រៀនប្រដៅមនុស្សទាំងអស់”។ អស់អ្នកដែលបានស្ដាប់ព្រះបិតា ហើយទទួលយកការប្រៀនប្រដៅរបស់ព្រះអង្គ មុខជាមករកខ្ញុំពុំខាន។ 46 សេចក្ដីនេះពុំមែនមានន័យថា មាននរណាម្នាក់បានឃើញព្រះបិតាឡើយ លើកលែងតែអ្នកមកពីព្រះជាម្ចាស់ប៉ុណ្ណោះ គឺអ្នកនោះហើយដែលបានឃើញព្រះអង្គ។ 47 ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿ អ្នកនោះមានជីវិតអស់កល្បជានិច្ច។ 48 ខ្ញុំនេះហើយជាអាហារដែលផ្ដល់ជីវិត។ 49 បុព្វបុរសរបស់អ្នករាល់គ្នាបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន ហើយទទួលមរណភាពអស់ទៅ។ 50 រីឯអាហារដែលចុះមកពីស្ថានបរមសុខ មានប្រសិទ្ធភាពបែបនេះ គឺអ្នកណាបរិភោគ អ្នកនោះមិនស្លាប់ឡើយ។ 51 ខ្ញុំនេះហើយជាអាហារដែលមានជីវិត ចុះមកពីស្ថានបរមសុខ។ អ្នកណាបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច។ អាហារដែលខ្ញុំនឹងឲ្យនោះ គឺខ្លួនខ្ញុំផ្ទាល់ដែលត្រូវបូជាសម្រាប់ឲ្យមនុស្សលោកមានជីវិត»។
52 ជនជាតិយូដាទាស់ទែងគ្នាយ៉ាងខ្លាំង ហើយគេនិយាយថា៖ «តើអ្នកនេះអាចឲ្យខ្លួនគាត់ផ្ទាល់ មកយើងបរិភោគដូចម្ដេចកើត?»។
53 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមិនពិសាសាច់ និងលោហិតរបស់បុត្រមនុស្ស*ទេ អ្នករាល់គ្នាគ្មានជីវិតក្នុងខ្លួនឡើយ។ 54 អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំក៏នឹងប្រោសគេឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង។ 55 សាច់របស់ខ្ញុំជាអាហារដ៏ពិតប្រាកដ លោហិតរបស់ខ្ញុំក៏ជាភេសជ្ជៈដ៏ពិតប្រាកដដែរ។ 56 អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ។ 57 ព្រះបិតាដែលបានចាត់ខ្ញុំឲ្យមក ព្រះអង្គមានព្រះជន្មរស់ ហើយខ្ញុំមានជីវិតដោយសារព្រះអង្គយ៉ាងណា អ្នកបរិភោគខ្ញុំ ក៏នឹងមានជីវិតរស់ ដោយសារខ្ញុំយ៉ាងនោះដែរ។ 58 អាហារដែលបានចុះពីស្ថានបរមសុខមក មានប្រសិទ្ធភាពខុសពីអាហារដែលបុព្វបុរស*របស់អ្នករាល់គ្នាបានបរិភោគ ដ្បិតលោកទទួលមរណភាពអស់ទៅហើយ។ រីឯអ្នកដែលបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច»។
59 ព្រះយេស៊ូមានព្រះបន្ទូលទាំងនេះ នៅពេលព្រះអង្គបង្រៀនគេក្នុងសាលាប្រជុំ* នៅក្រុងកាផានុម។ 60 ក្រោយពីបានស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គហើយ ក្នុងចំណោមសាវ័ក*មានគ្នាច្រើនពោលថា៖ «ពាក្យទាំងនេះទាស់ត្រចៀកណាស់ តើនរណាអាចទ្រាំស្ដាប់បាន?»។ 61 ព្រះយេស៊ូឈ្វេងយល់ថា ពួកសាវ័ករអ៊ូរទាំពីពាក្យទាំងនេះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើពាក្យទាំងនេះនាំឲ្យអ្នករាល់គ្នារវាតចិត្ត បាត់ជំនឿឬ? 62 ចុះបើអ្នករាល់គ្នាឃើញបុត្រមនុស្ស*ឡើងទៅស្ថានដែលលោកនៅពីមុនវិញ តើចិត្តអ្នករាល់គ្នានឹងទៅជាយ៉ាងណា?។ 63 មានតែព្រះវិញ្ញាណទេដែលផ្ដល់ជីវិត និស្ស័យលោកីយ៍មិនអាចផ្តល់ជីវិតឡើយ។ រីឯពាក្យទាំងប៉ុន្មានដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នា សុទ្ធតែចេញមកពីព្រះវិញ្ញាណដែលផ្ដល់ជីវិត។ 64 ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា អ្នកខ្លះគ្មានជំនឿទេ»។ តាំងពីដើមដំបូងមក ព្រះយេស៊ូស្គាល់អស់អ្នកដែលគ្មានជំនឿ ព្រមទាំងស្គាល់អ្នកដែលនឹងក្បត់ព្រះអង្គរួចស្រេចទៅហើយ។ 65 ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នារួចមកហើយថា ប្រសិនបើព្រះបិតាមិនប្រោសប្រទានទេនោះ គ្មាននរណាអាចមករកខ្ញុំបានឡើយ»។ 66 ចាប់ពីពេលនោះមក ក្នុងចំណោមសាវ័ក មានគ្នាច្រើនដកខ្លួនថយ ឈប់តាមព្រះអង្គទៀត។ 67 ព្រះយេស៊ូក៏មានព្រះបន្ទូលសួរសាវ័កទាំងដប់ពីររូបថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាចង់ចេញទៅដែរឬ?»។ 68 លោកស៊ីម៉ូនសិលាទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើឲ្យយើងខ្ញុំទៅរកនរណាវិញ? ព្រះបន្ទូលរបស់ព្រះអង្គផ្ដល់ជីវិតអស់កល្បជានិច្ច។ 69 យើងខ្ញុំជឿហើយដឹងថា ព្រះអង្គពិតជាព្រះដ៏វិសុទ្ធដែលព្រះជាម្ចាស់ចាត់ឲ្យមក»។ 70 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «គឺខ្ញុំផ្ទាល់ដែលបានជ្រើសរើសអ្នកទាំងដប់ពីរមក ក៏ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នាមានម្នាក់ជាមារ»។ 71 ព្រះអង្គមានព្រះបន្ទូលសំដៅទៅលើយូដាស ជាកូនលោកស៊ីម៉ូនអ៊ីស្ការីយ៉ុត។ យូដាសនេះហើយដែលនឹងក្បត់ព្រះអង្គ ទោះបីគាត់ជាសាវ័កមួយរូបក្នុងចំណោមសាវ័កទាំងដប់ពីរក៏ដោយ។