ពាក្យលំនាំ
ដំណឹងល្អរៀបរៀងដោយលោកយ៉ូហាន
លោកយ៉ូហានជា«សាវ័កដែលព្រះយេស៊ូស្រឡាញ់» ជាកូនរបស់លោកសេបេដេ និងជាប្អូនរបស់លោកយ៉ាកុប។ លោកបានរៀបរៀងកណ្ឌគម្ពីរនេះក្នុងគ.ស.៩០-៩៥។
គោលបំណងរបស់លោកយ៉ូហាន
លោកមានបំណងបកស្រាយអត្ថន័យដ៏លាក់កំបាំងអំពីកិច្ចការទាំងប៉ុន្មានដែលព្រះយេស៊ូបានធ្វើ ដើម្បីពង្រឹងជំនឿរបស់គ្រីស្ដបរិស័ទ។ លោករ៉ាយរ៉ាប់តែព្រឹត្តិការណ៍ខ្លះដែលជាទីសម្គាល់ បង្ហាញអំពីឋានៈរបស់ព្រះយេស៊ូជាព្រះគ្រីស្ដ និងជាព្រះបុត្រារបស់ព្រះជាម្ចាស់។
ពាក្យពេចន៍
លោកយ៉ូហានបានពន្យល់អត្ថន័យនៃជីវប្រវត្តិព្រះយេស៊ូ ដោយប្រើពាក្យពេចន៍ដកស្រង់ពីព្រះគម្ពីរសម្ពន្ធមេត្រីចាស់ និងទស្សនវិជ្ជាក្រិកជំនាន់នោះ។ ឧបមាថាៈ
ព្រះបន្ទូល គឺព្រះយេស៊ូ។ ព្រះអង្គជាព្រះបុត្រារបស់ព្រះបិតា ព្រះអង្គបានបង្កើតអ្វីៗទាំងអស់ ព្រះអង្គជ្រាបព្រះតម្រិះរបស់ព្រះបិតាសព្វគ្រប់ ហើយព្រះអង្គប្រសូតមកជាមនុស្ស ដើម្បីបង្ហាញឲ្យមនុស្សយើងស្គាល់ព្រះបិតា។
ព្រះនាម សំដៅទៅលើឫទ្ធានុភាព និងអំណាចរបស់ព្រះជាម្ចាស់។
សិរីរុងរឿង គឺព្រះហឫទ័យមេត្តាករុណារបស់ព្រះបិតា។ លោកយ៉ូហានមានបំណងពន្យល់ថា ព្រះយេស៊ូបង្ហាញព្រះហឫទ័យមេត្តាករុណារបស់ព្រះបិតាគ្រប់ពេលវេលា ជាពិសេស នៅពេលព្រះអង្គសោយទិវង្គត។
ពេលកំណត់ ជាពេលដែលព្រះយេស៊ូសម្ដែងសិរីរុងរឿង គឺពេលព្រះអង្គសោយទិវង្គតនៅលើឈើឆ្កាង។
ជីវិត ឬជីវិតអស់កល្បជានិច្ច គឺព្រះជន្មរបស់ព្រះបិតាផ្ទាល់ ដែលព្រះយេស៊ូប្រោសប្រទានឲ្យអស់អ្នកជឿ សង្ឃឹមលើព្រះអង្គ។ លោកយ៉ូហានប្រើពាក្យ«ជីវិត» មានន័យប្រហាក់ប្រហែលនឹងពាក្យ«ព្រះរាជ្យ»ដែលលោកម៉ាថាយ លោកម៉ាកុស និងលោកលូកានិយមប្រើ។
សេចក្ដីពិត ឬសេចក្ដីពិតប្រាកដតែមួយ គឺព្រះជាម្ចាស់ដែលមានព្រះជន្មដ៏ពេញលក្ខណៈ។ ព្រះយេស៊ូសម្ដែងសេចក្ដីពិតឲ្យមនុស្សលោកស្គាល់ គឺព្រះអង្គសម្ដែងឲ្យស្គាល់ព្រះបិតា។ អ្នកជឿទទួលសេចក្ដីទាំងប៉ុន្មានដែលព្រះយេស៊ូសម្ដែងប្រាប់ ហើយចូលរួមជាមួយព្រះអង្គ។
រីឯហេតុទាំងប៉ុន្មានដែលបណ្ដាលឲ្យមនុស្សឃ្លាតចាកពីព្រះជាម្ចាស់ លោកយ៉ូហានហៅថាសេចក្ដីភូតភរ ឬសេចក្ដីកុហក។ ដូច្នេះ មារសាតាំងជាមេភូតភរ ឬអ្នកសម្លាប់ ព្រោះវានាំមនុស្សឲ្យឃ្លាតឆ្ងាយពីព្រះជាម្ចាស់ដែលជាប្រភពនៃជីវិត និងជាសេចក្ដីពិត។
បន្ទាល់ គឺអ្នកផ្ដល់សក្ខីភាពអំពីសេចក្ដីពិត អ្នកស្គាល់ហេតុការណ៍ដែលកើតមានមក និងពន្យល់អត្ថន័យផង។ ព្រះបិតា ព្រះវិញ្ញាណ លោកយ៉ូហានបាទីស្ដ សាវ័កយ៉ូហាន ពួកសាវ័ក និងកិច្ចការទាំងប៉ុន្មានដែលព្រះយេស៊ូបានធ្វើសុទ្ធតែជាបន្ទាល់ បញ្ជាក់អំពីឋានៈរបស់ព្រះយេស៊ូ។
ពន្លឺ និងសេចក្ដីងងឹត ពន្លឺ គឺព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់ និងរបស់ព្រះគ្រីស្ដ។ រីឯសេចក្ដីងងឹតសំដៅទៅលើអំពើបាប ឬចិត្តអាក្រក់ ដែលបណ្ដាលឲ្យមនុស្សវៀរចាកឆ្ងាយពីព្រះជាម្ចាស់ ពុំអាចទទួលព្រះជន្មរបស់ព្រះអង្គ។
ពិភពលោក មនុស្សលោក ឬលោក ពាក្យនេះមានអត្ថន័យផ្សេងៗ ជួនកាលមានន័យថាមនុស្សដែលរស់នៅលើផែនដីនេះ ជួនកាលសំដៅទៅលើសេចក្ដីអាក្រក់គ្រប់បែបយ៉ាងដែលមាននៅក្នុងចិត្តគំនិតមនុស្ស ជាពិសេស ចិត្តរឹងរូសរបស់អ្នកដែលមិនព្រមទទួលស្គាល់ព្រះគ្រីស្ដ។
ស្គាល់ មានន័យថាជឿផង ស្រឡាញ់ផង។
«ដំណឹងល្អតែងដោយលោកយ៉ូហាន» ស្រួលអានតែមានអត្ថន័យជ្រៅជាងគេ។ ត្រូវអានមួយៗជាច្រើនដង ដោយរិះគិតពិចារណា ជាពិសេសត្រូវទូលអង្វរព្រះវិញ្ញាណ សូមព្រះអង្គបំភ្លឺចិត្តគំនិតឲ្យយល់។ «ព្រះវិញ្ញាណណែនាំអ្នករាល់គ្នាឲ្យស្គាល់សេចក្ដីពិតគ្រប់ចំពូក» (១៦.១៣)។
គម្រោងគម្ពីរយ៉ូហាន
- បុរេកថា (១.១‑១៨)។
- លោកយ៉ូហានបាទីស្ដ និងសាវ័កដើមដំបូងបង្អស់របស់ព្រះយេស៊ូ (១.១៩-៥១)។
- ព្រះយេស៊ូបំពេញព្រះបរមកិច្ចរបស់ព្រះអង្គក្នុងចំណោមប្រជាជន (២.១‑១២.៥០)។
- ព្រះយេស៊ូនៅក្រុងយេរូសាឡឹម និងភូមិជុំវិញ (១៣.១‑១៩.៤២)។
- ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ និងបង្ហាញខ្លួនឲ្យពួកសាវ័កឃើញ (២០.១-៣១)។
- អវសានកថាៈ ព្រះយេស៊ូមកជួបពួកសាវ័កនៅស្រុកកាលីឡេ (២១.១-៣៥)។