អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ២០,១-១៧
ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់កូនចៅអ៊ីស្រាអែលដូចតទៅនេះ៖ «យើងជាព្រះអម្ចាស់ជាព្រះរបស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។ មិនត្រូវគោរពព្រះណាផ្សេងក្រៅពីយើងឡើយ។ មិនត្រូវឆ្លាក់រូបអ្វី ឬយកវត្ថុដែលជាតំណាងអ្វីមួយនៅលើមេឃ នៅលើផែនដី ឬនៅក្នុងទឹក ក្រោមដី ធ្វើជាព្រះឡើយ។ មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបទាំងនោះឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងមិនចង់ឱ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេង ក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ។ ផ្ទុយទៅវិញ យើងនឹងសម្តែងសេចក្តីសប្បុរសរហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបញ្ជារបស់យើង។ មិនត្រូវយកព្រះនាមរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នកទៅប្រើដោយបំពាននោះឡើយ ដ្បិតព្រះអម្ចាស់នឹងមិនអត់ឱនឱ្យអ្នកដែលយកព្រះនាមរបស់ព្រះអង្គ ទៅប្រើបំពានជាដាច់ខាត។ ចូររម្លឹកថ្ងៃសប្ប័ទ ហើយញែកថ្ងៃនោះទុកជាថ្ងៃដ៏វិសុទ្ធ។ អ្នកមានពេលប្រាំមួយថ្ងៃសម្រាប់បំពេញកិច្ចការទាំងប៉ុន្មានដែលអ្នកត្រូវធ្វើ តែថ្ងៃទីប្រាំពីរជាថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក។ ដូច្នេះ នៅថ្ងៃនោះ ទាំងអ្នក ទាំងកូនប្រុស កូនស្រីរបស់អ្នក ទាំងអ្នកបម្រើប្រុសស្រី ទាំងសត្វពាហនៈ និងជនបរទេសដែលរស់នៅជាមួយ មិនត្រូវធ្វើការអ្វីឡើយ ដ្បិតក្នុងរយៈពេលប្រាំមួយថ្ងៃ ព្រះអម្ចាស់បានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលស្ថិតនៅទីទាំងនោះ ហើយថ្ងៃទីប្រាំពីរ ព្រះអង្គបានសម្រាក។ ហេតុនេះហើយ បានជាព្រះអម្ចាស់ប្រទានពរដល់ថ្ងៃសប្ប័ទ ហើយញែកថ្ងៃនោះដ៏វិសុទ្ធ។ ចូរគោរពមាតាបិតារបស់អ្នក ដើម្បីឱ្យអ្នកមានអាយុយឺនយូរនៅលើដីដែលព្រះអម្ចាស់ជាព្រះនៃអ្នកប្រទានដល់អ្នក។ កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចប្លន់គេ។ កុំធ្វើសាក្សីក្លែងក្លាយ នាំឱ្យអ្នកដទៃមានទោស។ កុំលោភលន់ ចង់បានផ្ទះរបស់អ្នកដទៃ កុំលោភលន់ចង់បានប្រពន្ធគេ ឬក៏ លោភលន់ចង់បានអ្នកបម្រើប្រុស អ្នកបម្រើស្រី គោ លា ឬរបស់អ្វីផ្សេងទៀតរបស់គេឡើយ»។
ទំនុកតម្កើងលេខ ១៩ (១៨),៨-១១ បទកាកគតិ
៨ | ព្រះធម្មវិន័យ | ល្អល្អះឥតបី | ប្រសើរថ្កើងថ្កាន |
ផ្តល់កម្លាំងចិត្ត | ឥតមានស្រាកស្រាន្ត | មនុស្សល្ងង់ប្រែប្រាណ | |
ជាមានប្រាជ្ញា | ។ | ||
៩ | បញ្ជារបស់ | ព្រះម្ចាស់ទាំងអស់ | ត្រឹមត្រូវសត្យា |
ឱ្យចិត្តអំណរ | សប្បាយក្រៃណា | បំភ្លឺចិន្តា | |
ថ្លៃថ្លាត្រចង់ | ។ | ||
១០ | ការគោរពកោត | ព្រះអម្ចាស់សោត | វិសេសយល់យង់ |
ស្ថិតស្ថេរចីរកាល | តទៅគង់វង្ស | ការវិនិច្ឆ័យទ្រង់ | |
ក៏សុទ្ធត្រឹមត្រូវ | ។ | ||
១១ | គួរឱ្យប្រាថ្នា | ចង់បានណាស់សា | ជាងមាសឆ្អិនឆ្អៅ |
ផ្អែមជាងទឹកឃ្មុំ | ខែចេត្រពេកកូវ | ដែលហូរចេញទៅ | |
ចាកពីបង្គង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តបានព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងចិត្តយើង។ អ្នកដែលទទួលព្រះបន្ទូលនេះ ហើយធ្វើឱ្យព្រះបន្ទូលបង្កើតផល ពិតជាមានសុភមង្គល។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,១៨-២៣
នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «សុំស្តាប់អត្ថន័យនៃប្រស្នាអំពីអ្នកព្រោះស្រូវដូចតទៅ អ្នកដែលបានឮព្រះបន្ទូលអំពីព្រះរាជ្យ តែមិនយល់ ប្រៀបបាននឹងអ្នកដែលទទួលគ្រាប់ពូជនៅតាមផ្លូវ ហើយមារកំណាចមកឆក់យកព្រះបន្ទូលដែលបានធ្លាក់ក្នុងចិត្តគេនោះទៅ។ រីឯអ្នកដែលទទួលគ្រាប់ពូជលើដីមានថ្ម គឺអស់អ្នកដែលបានឮព្រះបន្ទូល ហើយក៏ទទួលយកភ្លាមដោយអំណរដែរ។ ប៉ុន្តែ គេពុំបានទុកឱ្យព្រះបន្ទូលចាក់ឫសនៅក្នុងខ្លួនគេឡើយ គេជាប់ចិត្តតែមួយភ្លែតប៉ុណ្ណោះ។ លុះដល់មានទុក្ខលំបាកឬត្រូវគេបៀតបៀនព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។ អ្នកដែលទទួលគ្រាប់ពូជក្នុងដីមានបន្លា គឺអ្នកដែលបានឮព្រះបន្ទូល ប៉ុន្តែ ការខ្វល់ខ្វាយអំពីជីវិតក្នុងលោកីយ៍ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ រួបរឹតព្រះបន្ទូលមិនឱ្យបង្កើតផលបានឡើយ។ រីឯអ្នកដែលទទួលគ្រាប់ពូជក្នុងដីមានជីជាតិល្អ គឺអស់អ្នកដែលបានឮព្រះបន្ទូល ហើយយល់ គេបង្កបង្កើតផល ខ្លះបានមួយជាមួយរយ ខ្លះបានមួយជាហុកសិប និងខ្លះទៀតបានមួយជាសាមសិប»។