អត្ថបទព្រះកម្ពីរ ប្រចាំថ្ងៃ ថ្ងៃសុក្រ ទី១៤ ខែកក្ដដា ឆ្នាំ២០២៣

aerial photography of a boat on a waterway in the middle of forest

ឬសន្ដកាមីល នៅភូមិលេលីស៍ ជាបូជាចារ្យ

កាលលោកកាមីល (១៥៥០-១៦១៤) នៅយុវជន លោកវក់ស្រា និងស្បែងស៊ីសង។ លុះគាត់ស្គាល់ព្រះយេស៊ូ ហើយគាត់ប្រែចិត្តគំនិត យកចិត្តទុកដាក់ជួយអ្នកជំងឺក្នុងមន្ទីរពេទ្យនានា។ លោកបង្កើតក្រុមគ្រួសារបព្វជិតមួយដែលមានឈ្មោះថា “អ្នកបម្រើ​ជនមានជំងឺ”។ បន្ទាប់មក លោកទទួលអគ្គសញ្ញាជាបូជាចារ្យ ហើយនៅតែបម្រើអ្នកជំងឺ ទោះបីលោកមានជំងឺខ្លួនឯងក៏ដោយ​។ លោកជាឧបការីអ្នកជំងឺ និងជាឧបការីអស់អ្នកដែលជួបអ្នកជំងឺដែរ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៤៦,១-៧.២៨-៣០

កាលលោកយ៉ាកុបដឹងថា លោកយ៉ូសែបនៅមានជីវិតនៅឡើយ លោកបានប្រមូល​ទ្រព្យសម្បត្តិទាំងអស់ ចេញដំណើរទៅស្រុកអេស៊ីប។ លុះទៅដល់ភូមិបៀរសេបា លោកធ្វើ​យញ្ញបូជាថ្វាយព្រះជាម្ចាស់ដែលលោកអ៊ីសាកជាឪពុកធ្លាប់គោរពបម្រើ។ ព្រះជាម្ចាស់បង្ហាញព្រះអង្គឱ្យលោកយ៉ាកុបឃើញក្នុងសុបិននិម្មិតនៅពេលយប់។ ព្រះអង្គមានព្រះបន្ទូលថា៖ «យ៉ាកុបអើយ! យ៉ាកុប!»។ លោកយ៉ាកុបឆ្លើយថា៖ «ក្រាបទូលព្រះ​ករុណា!»។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងជាព្រះជាម្ចាស់ជាព្រះរបស់ឪពុក​អ្នក។ កុំខ្លាចនឹងចុះទៅស្រុកអេស៊ីបឡើយ! ដ្បិតនៅទីនោះ យើងនឹងធ្វើឱ្យអ្នកបង្កើត​បានប្រជាជាតិមួយយ៉ាងធំ។ យើងនឹងចុះទៅស្រុកអេស៊ីបជាមួយអ្នក ហើយយើង​ក៏នឹងនាំអ្នកឡើងមកវិញដែរ។ ពេលអ្នកស្លាប់ យ៉ូសែបនឹងបិទភ្នែកឱ្យអ្នក»។ លោកយ៉ាកុបចាកចេញពីភូមិបៀរសេបា។ កូនៗលោកយ៉ាកុបនាំលោកយ៉ាកុបជា​ឪពុក និងប្រពន្ធកូនរបស់ខ្លួន ជិះរទេះដែលព្រះបាទផារ៉ោនបានបញ្ជូនឱ្យមកទទួលនោះ។ គេក៏នាំហ្វូងសត្វនិងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគេរកបាននៅស្រុកកាណានយកទៅជាមួយដែរ។ លោកយ៉ាកុបចេញដំណើរទៅស្រុកអេស៊ីប ទាំងនាំពូជពង្សទាំង​អស់ទៅជាមួយ។ លោកនាំកូនប្រុស កូនស្រី ចៅប្រុស ចៅស្រី គឺនាំពូជពង្សលោក​ទាំងប៉ុន្មានទៅស្រុកអេស៊ីប។ លោកយ៉ាកុបចាត់លោកយូដាឱ្យទៅតំបន់កូសែន ដើម្បីទៅជួបលោកយ៉ូសែប​ជាមុន។ ពេលក្រុមគ្រួសារលោកយ៉ាកុបទៅដល់តំបន់កូសែន លោកយ៉ូសែបទឹមរថ​របស់លោកចេញទៅតំបន់កូសែន ដើម្បីទទួលលោកយ៉ាកុបជាឪពុក។ ពេលទៅជួប​មុខឪពុកភ្លាម លោកយ៉ូសែបឱបគាត់ ហើយយំយ៉ាងយូរ។ លោកយ៉ាកុបមាន​ប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ឥឡូវនេះ បើពុកស្លាប់ក៏អស់ចិត្តដែរ ព្រោះពុក​បានជួបមុខកូនវិញ ហើយឃើញថា កូននៅមានជីវិតនៅឡើយ!»។

ទំនុកតម្កើងលេខ ៣៧ (៣៦),៣-៤.១៨-១៩.២៧-២៨.៣៩-៤០ បទព្រហ្មគីតិ

ចូរធ្វើអំពើល្អចិត្តស្មោះសរផ្ញើជីវិត
លើព្រះដ៏ស័ក្តិសិទ្ធិនោះអ្នកពិតជាសុខសាន្ត
ចូរស្វែងរកមង្គលកុំបីខ្វល់ឬខកខាន
ព្រះអង្គនឹងប្រទានឱ្យអ្នកមានតាមបំណង
១៨ព្រះម្ចាស់យកព្រះទ័យទុកដាក់ក្រៃនឹងជីវិត
រក្សាមិនឱ្យបាត់នៅស្ថេរស្ថិតជាកេរកោះ
១៩នៅពេលមានអាសន្នគេមិនស្លន់ឬអាម៉ាស់
មានអាហារមិនខ្វះទោះប្រទះគ្រោះទុរ្ភិក្ស
២៧ចូរកុំធ្វើអាក្រក់រឿងគំរក់កុំទៅក្បែរ
នោះអ្នកនឹងស្ថិតស្ថេរលើដីកេរតរៀងទៅ
២៨ព្រះម្ចាស់សព្វព្រះទ័យពន់ពេកក្រៃគ្មានហ្មងសៅ
យុត្តិធម៌ត្រង់ត្រឹមត្រូវតរៀងទៅទ្រង់មិនភ្លេច
ព្រះអង្គមិនបង់បោះគេទាំងនោះដោយកលល្បិច
ព្រះអង្គជាន់ពន្លិចវិនាសខ្ទេចពូជអាក្រក់
៣៩ព្រះម្ចាស់តែងសង្គ្រោះមនុស្សទាំងអស់ឥតទោរម្នេញ
ជាកំពែងពោរពេញការពារពាំងគ្រាអាសន្ន
៤០ព្រះអម្ចាស់សង្គ្រោះនិងរំដោះមិនភាំងភាន់
សង្គ្រោះគេបន្ទាន់ព្រោះគេជ្រកក្រោមបារមី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៦,១៣

អាលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះម្ចាស់អើយ! សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណនៃសេចក្តីពិតឱ្យយើងខ្ញុំផង។ សូមឱ្យព្រះវិញ្ញាណណែនាំយើងខ្ញុំ ឱ្យស្គាល់សេចក្តីពិតគ្រប់ជំពូក។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១០,១៦-២៣

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កទាំងដប់ពីរនាក់ថា៖ «ខ្ញុំចាត់អ្នករាល់គ្នាឱ្យទៅ ដូចឱ្យចៀមទៅកណ្តាលហ្វូងចចក។ ហេតុនេះ ត្រូវចេះប្រយ័ត្ន​ខ្លួនដូចសត្វពស់ ហើយកាន់ចិត្តស្លូតត្រង់ដូចសត្វព្រាប។ ចូរប្រយ័ត្ន កុំទុកចិត្ត​មនុស្សលោកឱ្យសោះ ដ្បិតគេនឹងចាប់បញ្ជូនអ្នករាល់គ្នាទៅតុលាការ គេនឹងយក​រំពាត់ខ្សែតីមកវាយអ្នករាល់គ្នានៅក្នុងធម្មសាលារបស់គេ។ គេនឹងបញ្ជូនអ្នករាល់គ្នា​ទៅឱ្យលោកទេសាភិបាល និងឱ្យស្តេចនានាកាត់ទោសព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្តែ ពេលនោះជាឱកាសសម្រាប់ឱ្យអ្នករាល់គ្នាផ្តល់សក្ខីភាពឱ្យពួកលោក និងឱ្យ​សាសន៍ដទៃដឹងឮទៅវិញ។ ពេលគេចាប់បញ្ជូនអ្នករាល់គ្នាទៅកាត់ទោស ចូរកុំភ័យបារម្ភនឹងរកពាក្យដែលអ្នករាល់គ្នាត្រូវនិយាយយ៉ាងណាៗនោះឡើយ ដ្បិតព្រះអម្ចាស់នឹងប្រទានពាក្យដែលអ្នករាល់គ្នាត្រូវនិយាយនៅពេលនោះតែម្ដង។ មិនមែនអ្នក​រាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណនៃព្រះបិតារបស់អ្នករាល់គ្នានឹងមានព្រះបន្ទូលនៅក្នុងចិត្តអ្នករាល់គ្នា។ បងប្អូននឹងចាប់បញ្ជូនគ្នាឯងទៅឱ្យគេសម្លាប់ ឪពុកនឹងចាប់បញ្ជូនកូនទៅឱ្យ​គេសម្លាប់ ហើយកូនៗលើកគ្នាប្រឆាំងនឹងឪពុកម្តាយ ព្រមទាំងបញ្ជូនទៅឱ្យគេ​សម្លាប់ទៀតផង។ មនុស្សគ្រប់ៗគ្នានឹងស្អប់អ្នករាល់គ្នាព្រោះតែនាមខ្ញុំ។ ប៉ុន្តែ​អ្នកណាស៊ូទ្រាំរហូតដល់ចុងបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។ ប្រសិនបើគេបៀតបៀនអ្នករាល់គ្នានៅក្រុងណាមួយ ចូររត់ទៅក្រុងមួយទៀតទៅ។ ខ្ញុំសុំប្រាប់​អ្នករាល់គ្នាដឹងច្បាស់ថា បុត្រមនុស្សនឹងមកដល់ មុនអ្នករាល់គ្នាទៅដល់ក្រុង​ទាំងប៉ុន្មានក្នុងស្រុកអ៊ីស្រាអែលទៅទៀត»។

Facebook
Twitter
LinkedIn