២៥​ឆ្នាំ​ជាពេល​ត្រូវ​អរព្រះគុណ​ព្រះជាម្ចាស់ និង​បន្ត​ដំណើរទៅមុខ

កិច្ចការប្រកាស​ដំណឹង​ល្អ​របស់​ព្រះ​ជាម្ចាស់​លើ​ទឹក​ដី​កម្ពុជា​ក្នុង​រយៈពេល​២៥ឆ្នាំ​របស់​លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ កន្លង​មក​នេះ ទទួល​បាន​សមទ្ធផលជាច្រើន​ស្ទើរ​គ្រប់វិស័យ​ក្នុង​ព្រះសហគមន៍​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គ្រីស្តបរិស័ទ​ជាច្រើន​ដែល​បាន​ស្គាល់​លោក​។​

លោក​គឹម រតនា នាយកប្រតិបត្តិនៃអង្គការការីតាសកម្ពុជា និយាយថា «២៥ឆ្នាំមកនេះ ខ្ញុំឃើញថា លោកអភិបាលអូលីវីយ៉េ បានលះបង់ ចូលរួមនិងផ្ដល់សេចក្ដីស្រឡាញ់ដល់កម្ពុជាខ្លាំងមែនទែន ដោយយកចិត្តទុកដាក់ទាំងជំនឿ ទាំងការអភិវឌ្ឍនិងធនធានមនុស្ស។»

លោករតនា បញ្ជាក់ទៀតថា លោកអភិបាលបានបង្កើតនូវវិស័យអប់រំដ៏មានគុណភាពតាំងពីថ្នាក់មត្តេយ្យរហូតដល់ឧត្តមសិក្សា ដើម្បីផ្ដល់ឱកាសដល់កុមារនិងយុវជនទទួលបាននូវការសិក្សាស្មើៗគ្នា ហើយលោកបានចំណាយពេលវេលា យកចិត្តទុកដាក់កសាងព្រះសហគមន៍ រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានាដែលមានលក្ខណៈវិជ្ជមានខ្លាំង និងផ្ដល់យោបល់ណែនាំនិងបង្កើតនូវអ្វីដែលថ្មីៗជាអត្តសញ្ញាណសម្រាប់ព្រះសហគមន៍នៅកម្ពុជាជាច្រើន។

«តាមរយៈសកម្មភាពទាំងនេះខ្ញុំសង្ឃឹមថានឹងមានអ្នកជឿលើព្រះជាម្ចាស់កាន់តែច្រើនឡើង ដោយក្ដីក្លាហាននិងហ៊ានចូលរួម យកចិត្តទុកដាក់លើបញ្ហាសង្គមរបស់យើងដោយប្រើជំនឿដែលយើងមាន។» លោករតនាបន្ថែម។

លោកកាន់ប៊ុយ នាយកប្រតិបត្តិនៃមណ្ឌលអប់រំជំនឿសន្តអឺរ៉េណេ និយាយថា«ខ្ញុំចាប់អារម្មណ៍ទៅលើពាក្យដែលគាត់តែងតែនិយាយអំពីការប្រកាសដំណឹងល្អ ការអភិវឌ្ឍ និងការអប់រំ ហាក់បីដូចជាបានវចនាដ៏សំខាន់សម្រាប់គាត់ក្នុងការចាប់ផ្ដើមបេសកកម្ម» ដោយផ្អែកលើការយកចិត្តទុកដាក់ចំពោះវិស័យអប់រំ ការថែទាំ និងបណ្ដុះបណ្ដាលគ្រូអប់រំជំនឿ។

ប៊ុយ​បន្តថា ចំពោះការអភិវឌ្ឍន៍ គាត់បានឃើញថាគ្រប់សកម្មភាពទាំងអស់ដែលគាត់ធ្វើទាំងមណ្ឌលជនពិការ យុវជន និងការអភិវឌ្ឍទាំងនៅក្នុងភូមិ ទាំងអង្គការមនុស្សធម៌ និងទំនាក់ទំនងអន្តរសសាសនា ដែលគាត់យកចិត្តទុកដាក់អភិវឌ្ឍន៍ ក្នុងគំនិតឈ្លាសវៃដ៏អស្ចារ្យ។ ហើយការអស្ចារ្យទាំងអស់នេះមកពីព្រះអំណោយទានរបស់ព្រះជាម្ចាស់បំភ្លឺគាត់។

លោក​អូលីវីយ៉េ ​ជ្មីត​ហស្លេ​ បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពីថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨ក្នុងនាម​ជា​បូជាចារ្យកាតូលិក។ លោក​បាន​ចាប់​ផ្ដើម​សកម្មភាព​ដំបូង​នៅ​តំបន់​កំពត​និង​តាកែវ ក្នុង​ឆ្នាំ​២០០១ ស្ថិត​ក្នុងភូមិភាគ​ភ្នំពេញ។ បេសកជន​រូបនេះ​ ​បាន​ប្រាប់​ថា កុំគិតថា​យើង​ជ្រើសរើស​ផ្លូវ​របស់​យើង គឺ​ព្រះជាម្ចាស់​ដែល​ជ្រើសរើសឲ្យ​ និង​ព្រះជាម្ចាស់​ការពារថែរក្សា​នៅក្នុង​ព្រះហឫទ័យ​ប្រណីសន្ដោស។

នៅក្នុង​​ព្រះសហគមន៍​ចំការទៀង លោក​បូជាចារ្យ​អូលីវីយ៉េ បាន​ខិត​ខំ​បង្កើត​ព្រះសហគមន៍​​ដែល​មាន​គ្រីស្ត​បរិស័ទ​ម្នាក់ និង​មាន​កម្មវិធី​អប់រំជាច្រើន​សម្រាប់​កុមារ​តូច​រហូត​ដល់​យុវជន ដើម្បី​ផ្សាយ​ដំណឹងល្អ​ដល់​ប្រជាជន​ក្នុងភូមិតូច​មួយនេះ។

រយៈ​ពេល​ជាង​២០​ឆ្នាំ ព្រះសហគមន៍​នេះ​បាន​សាបព្រោះ​ដំណឹង​ល្អ​ដល់​តំបន់​ផ្សេងៗទៀត ហើយ​បានបង្កើត​ព្រះសហគមន៍​៧​បន្ថែមទៀត គឺមាន​បាទី ត្រពាំងក្រញូង គិរីវង់ ព្រៃកប្បាស សន្តប៉ូល កំពង់អំពិល និង​ក្រុង​តាកែវ។

លោក ​កុល​ ជាង ជាគ្រីស្ត​បរិស័ទ​ដំបូង​នៅ​ព្រះសហគមន៍ចំការទៀង និង​ជា​ប្រធាន​ព្រះសហគមន៍នេះ ដែល​បានស្គាល់​លោកអភិបាល​អូលីវីយ៉េ​ជាង​២០ឆ្នាំ​មកហើយ​ឲ្យដឹងថា លោក​អភិបាល​អូលីវីយ៉េ​តែងតែ​បង្ហាញ​ផ្លូវ​ដើម្បី​ប្រកាសដំណឹងល្អ​ ដោយ​រិះគិតក្នុង​ជួរគណៈកម្មការ​ធ្វើ​យ៉ាងណាសហការរួបរួមគ្នាកសាង​សេចក្ដីស្រឡាញ់  កសាងព្រះសហគមន៍​ឱ្យមាន​ភាពរីក​ចម្រើន​ទៅថ្ងៃមុខ។

គណៈកម្មការ​រូប​នេះ​​បន្តថា លើសពីនេះ​ទៀតលោកគង្វាលរូបនេះតែង​យក​ចិត្តទុកដាក់​ជាមួយ​ព្រះសង្ឃនិង​បងប្អូនគ្រប់សាសនា គឺជាគំរូសម្រាប់គាត់ផ្ទាល់។

បច្ចុប្បន្ននេះ ព្រះសហគមន៍​មណ្ឌលសកម្មភាព​តាកែវ  មាន​កម្មវិធី​ជាច្រើន​ដូចជា កម្មវិធី​អប់រំជំនឿ កម្មវិធី​អប់រំ​កុមារ​និង​យុវជន​​កាយឫទ្ធិ​ កម្មវិធី​សិក្សា​ពីកម្រិតមត្តេយ្យសិក្សា​ដល់​ឧត្តមសិក្សា កម្មវិធី​អប់រំនិងសម្តែងសិល្បៈ កម្មវិធី​អភិវឌ្ឍ​ជន​បទ គម្រោង​សិប្បកម្មតម្បាញ​សូត្រ​ដោយក្រុមស្ត្រី ភូមិ​សម្រាប់​កុមារមាន​ពិការភាព​ កម្មវិធី​​អេកូទេសចរនៅ​ភ្នំវល្លិ៍ ជាដើម។

អ្នកស្រី ខា លីន និងក្រុម​គ្រួសារ​​ត្រូវ​បាន​លោកអភិបាល​ជួយ​គាំទ្រទាំង​ថវិកា​ ស្មារតី សុខភាព​ និងការសិក្សារបស់​កូន​ៗ​ តាំង​ពី​ឆ្នាំ​២០០១ ​ដោយសារ​ពួកគាត់​មានផ្ទុក​មេរោគ​អេដស៍ ហើយ​បានទទួល​ជ្រមុជទឹកក្នុងឆ្នាំ​២០១៥ ដោយសារ​សកម្មភាព​មនុស្សធម៌​ដែល​គាត់​បាន​ទទួល​និង​មើល​ឃើញ​។

សព្វ​ថ្ងៃ​អ្នកស្រីនិង​គ្រួសារ​រស់នៅ​ក្នុង​តំបន់​ព្រះសហគមន៍​ចំការទៀង​ក្នុងខេត្ត​តាកែវ។ អ្នកស្រីលីនរៀបរាប់ទាំងទឹកភ្នែកទៀតថា «សេចក្ដីស្រឡាញ់របស់លោកអភិបាល​ខ្ញុំគ្មាន​មធ្យោបាយ​អ្វី​តបស្នងក្រៅពីជួយរៀបចំផ្កានៅក្នុងព្រះវិហារនិង​ចូលរួមគ្រប់សកម្មភាព​របស់ព្រះសហគមន៍ ដោយ​មិនត្រូវការប្រាក់ខែអីទេ។»

មានប្រសាសន៍កាលពីថ្ងៃទី​២៥ ខែ​មិថុនា លោក​អភិបាល​អូលីវីយ៉េ ឲ្យដឹងថា ខួប​២៥​ឆ្នាំ​ថ្ងៃនេះ ជា​ពេលវេលា​ដែល​ត្រូវ​​​អរព្រះគុណ​ព្រះជាម្ចាស់​ដែល​បានថែរក្សា​ព្រះហសគមន៍​និង​រូប​លោក​ និង​របៀប​ដែលព្រះអង្គ​បាន​បំភ្លឺ​ផ្លូវជីវិត ដើម្បី​ឲ្យ​យើង​រួម​គ្នា​សាបព្រោះ​ជាមួយ​គ្រីស្តបរិស័ទ​ពីដើមរហូត​ដល់​សព្វ​ថ្ងៃ។

លោកអភិបាល​បន្ថែមថា ​ទាំង​អស់នេះ ជា​ស្នា​ព្រះហស្ត​របស់​ព្រះជាម្ចាស់​ដែល​ធ្វើ​ឡើង​តាម​រយៈ​មនុស្សយើង​ដែល​ជាជន​តូច​តាច​។

លោក​បញ្ជាក់ថា «ជាឱកាស​មួយ​ដែល​ព្រះជាម្ចាស់​ប្រើយើង​ជា​ឧបករណ៍របស់​ព្រះអង្គ​ ដើម្បី​ចែករំលែក​ជីវិត​ដែល​ព្រះជាម្ចាស់ប្រទាន​ឲ្យ។»

លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ ប្រសូតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៧០ បានទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យកាតូលិក នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ១៩៩៨ ក្នុងក្រុមគ្រួសារសាសនទូតក្រៅប្រទេសក្រុងប៉ារីស នៅប្រទេសបារាំង។ លោកបានមកដល់ប្រទេសកម្ពុជានៅចុងឆ្នាំ១៩៩៨។ ហើយបានទទួលការតែងតាំងជាអភិបាលនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១០។

ក្នុងឱកាសខួប២៥ឆ្នាំនេះ លោកអភិបាលអូលីវីយ៉េ ស្រមៃថាលោកនឹងមានជីវិតសាមញ្ញធម្មតាដើម្បីរស់នៅនិងបម្រើគ្រីស្តបរិស័ទឯទៀតៗ និងដើម្បីបន្តណែនាំអ្នកជំនាន់ក្រោយជាខ្មែរឲ្យបន្តធ្វើជាតំណាងនៃសេចក្ដីសុខសាន្តរបស់ព្រះជាម្ចាស់ ដោយ ធ្វើដំណើររួមគ្នានៅក្នុងផ្លូវថ្មីនៃជីវិត ជាពិសេសទូលអង្វរព្រះបិតាសូមប្រទានគង្វាលដ៏សប្បុរសសម្រាប់ព្រះសហគមន៍លើទឹកដីកម្ពុជា៕

សួន ស្រីហួច ដាលីស

Facebook
Twitter
LinkedIn