លោកអភិបាលអេនរីគេ ហ្វីការេដូ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង មានប្រសាសន៍ថា ក្នុងរយៈពេល២៣ឆ្នាំជាអភិបាលលោកមានអំណរសប្បាយច្រើន មានឧទាហរណ៍ច្រើន មានកូនច្រើនដែលនាំឲ្យលោកមានអំណរសប្បាយដែលមកពីព្រះជាម្ចាស់។
លោកអភិបាលមានប្រសាសន៍នេះ បន្ទាប់ពីពិធីថ្វាយអភិបូជាសម្រាប់ខួបលើកទី២៣ឆ្នាំដែលសម្តេចប៉ាបបានជ្រើសតាំងលោកឲ្យក្លាយជាអ្នកទទួលខុសត្រូវលើព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង កាលពីថ្ងៃទី៣ខែកក្កដាកន្លងមក នៅព្រះវិហារព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ ក្នុងខេត្តបាត់ដំបង។
ចាប់តាំងពីលោកបានក្លាយជាអភិបាលព្រះសហគមន៍ក្នុងភូមិភាគបាត់ដំបង ចំណុចសំខាន់ដែលនាំឲ្យលោកបន្តដំណើរទៅមុខបាន គឺគ្រីស្តបរិស័ទចេះបង្ហាញសេចក្តីស្រឡាញ់ លើកទឹកចិត្តគ្នា និងសហការគ្នា។ លោកថា «ពេលណាខ្ញុំឃើញនោះ ខ្ញុំមានអំណរសប្បាយមែនទែន ខ្ញុំមានកម្លាំងណាស់ដើម្បីទៅមុខ ហើយកម្លាំងនេះមកពីព្រះជាម្ចាស់។»
លោកអភិបាលបានប្រាប់ទៀតថា ព្រះអំណោយទានជាច្រើនដែលលោកទទួលពីព្រះជាម្ចាស់គឺបានតាមរយៈគ្រីស្តបរិស័ទទាំងអស់។
ក្នុងកិច្ចការដែលលោកបានធ្វើ គឺសំខាន់បំផុតឲ្យគ្រីស្តបរិស័ទកាន់ជំនឿរបស់ខ្លួនឲ្យមាំមួន និងត្រូវមានចិត្តមេត្តាករុណាដូចព្រះបិតាដែលគង់នៅស្ថានបរមសុខ។
«ឲ្យយើងយកជំនឿជាម្ចាស់ជីវិតយើង យកព្រះជាម្ចាស់មុនក្រុមគ្រួសារ មុនការងារ គឺឲ្យជំនឿជាគ្រឹះក្នុងជីវិតរបស់យើង» លោកអភិបាលបញ្ជាក់ «ត្រូវមានចិត្តមេត្តាករុណា ដោយមានចិត្តអាណិតអ្នកដទៃ ដោយបង្ហាញធម៌មេត្តាករុណាពីព្រះជាម្ចាស់ដល់បងប្អូន។»
លោកបន្ថែមថា បើសិនយើងចង់មានដំណាក់កាលទៅខាងមុខ ស្របតាមគោលការរួមរបស់សម្តេចប៉ាប គឺយើងត្រូវការជំនឿនិងសេចក្តីស្រឡាញ់ដែលនាំឲ្យយើងមានសេចក្តីសង្ឃឹមដែលអាចផ្តល់សក្ខីភាពដល់បងប្អូនឯទៀតៗ ហើយឲ្យយើងធ្វើជាមនុស្សល្អនិងប្រសើរជាងសម្រាប់អ្នកដទៃ។
ក្នុងថ្ងៃដដែលនោះ ត្រូវនឹងពិធីបុណ្យរំឭកដល់សន្តថូម៉ាសជាគ្រីស្តទូត ដែលដំណឹងល្អនិយាយអំពីស្នាមរបួសរបស់ព្រះយេស៊ូ។ ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលអេនរីគេ មានប្រសាសន៍ក្នុងធម្មទេសនាដល់គ្រីស្តបរិស័ទដែលចូលរួម ឲ្យស្វែងរកស្នាមរបួសរបស់ព្រះយេស៊ូ ដែលប្រៀបដូចជាឧបសគ្គដែលយើងមាននៅក្នុងជីវិត។
លោកអភិបាលបញ្ជាក់ថា ស្នាមរបួសដែលយើងមាន គឺមនុស្សដែលមានពិការភាព គឺកុមារអនាថា គឺយុវជនដែលគ្មានឱកាសទទួលអប់រំ និងនៅកន្លែងដែលមានសង្គ្រាម។
លោកបន្ថែមថា «បើចង់ស្គាល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ សូមទៅរកស្នាមរបួសរបស់ព្រះអង្គ។ ស្នាមរបួសជាបញ្ហាមួយ ប៉ុន្តែព្រះជន្មដែលយើងនឹងទទួលពីព្រះយេស៊ូគឺនៅទីនោះ។»
លោកអភិបាលរំលឹកថា ព្រះយេស៊ូមានព្រះបន្ទូលឲ្យយើងដឹងថា ជីវិតពីព្រះជាម្ចាស់មានកម្លាំងច្រើនជាងឧបសគ្គ ច្រើនជាងសេចក្តីស្លាប់និងអំពើឃោឃៅរបស់លោកិយនេះ។
ក្នុងពិធីខួបលើកទី២៣ឆ្នាំជាអភិបាលនេះ គ្រីស្តបរិស័ទពីព្រះសហគមន៍នានាបានចូលរួមយ៉ាងច្រើនកុះករ នៅព្រះវិហារព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ នាក្រុងបាត់ដំបង។ ពួកគាត់បានជូនផ្កានិងអំណោយមួយចំនួនជូនលោកអភិបាលអេនរីគេ ដើម្បីនឹកគុណចំពោះការលះបង់របស់លោកក្នុងកិច្ចការបម្រើនិងណែនាំព្រះសហគមន៍ក្នុងភូមិភាគបាត់ដំបង។
លោកអេនរីគេ ហ្វីការេដូ ប្រសូតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៥៩ នៅប្រទេសអេស្ប៉ាញ ជាកូនទី៧ ក្នុងចំណោមបងប្អូនចំនួន៨នាក់។ លោកបានចូលបួសក្នុងក្រុមសហជីវិនព្រះយេស៊ូក្នុងឆ្នាំ១៩៧៩។ ក្នុងឆ្នាំ១៩៨៥ លោកស្ម័គ្រចិត្តមកបម្រើប្រជាជនកម្ពុជាក្នុងជំរំខ្មែរថៃ នៅប្រទេសថៃ។ បន្ទាប់មកលោកធ្វើការនៅក្នុងប្រទេសកម្ពុជា ហើយវិលត្រឡប់ទៅប្រទេសកំណើតវិញដើម្បីតែងតាំងជាបូជាចារ្យក្នុងឆ្នាំ១៩៩២។
ក្នុងឆ្នាំ១៩៩១ លោកចូលរួមបង្កើតនិងទទួលខុសត្រូវមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈបន្ទាយព្រាប ដើម្បីជួយគាំទ្រនិងផ្តល់ការសិក្សាអប់រំដល់ជនមានពិការភាពដោយសារមីន។
លោកអេនរីគេ ហ្វីការេដូ ត្រូវបានសម្តេចប៉ាបយ៉ូហានប៉ូលទី២ ជ្រើសតាំងទទួលមុខងារណែនាំព្រះសហគមន៍កាតូលិកក្នុងភូមិភាគបាត់ដំបងកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០០។
ព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង គ្របដណ្តប់លើខេត្តចំនួន៩ ក្នុងនោះរួមមាន បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ ប៉ែលិន និងបន្ទាយមានជ័យ៕
ដោយកែវ កញ្ញា