អត្ថបទព្រហគម្ពីរ​ ថ្ងៃចន្ទ ទី១០ ខែកក្ដដា ឆ្នាំ២០២៣

close up photography of bible

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ២៨,១០-២២

លោកយ៉ាកុបធ្វើដំណើរចាចេញពីភូមិបៀរសេបា តម្រង់ទៅស្រុកហារ៉ន។ លុះដល់​ថ្ងៃលិច លោកសម្រាកតាមផ្លូវ ព្រោះយប់ទៅហើយ។ លោកយកថ្មមួយដុំមកកើយ ហើយសម្រាន្តលក់នៅកន្លែងនោះ។ លោកសុបិនឃើញមានជណ្តើរមួយបញ្ឈរលើផែនដី ចុងជណ្តើរនោះខ្ពស់រហូតដល់មេឃ ហើយមានទេវទូតរបស់ព្រះជាម្ចាស់នាំគ្នាចុះឡើង​តាមជណ្តើរនោះ។ ពេលនោះព្រះអម្ចាស់គង់នៅក្បែរលោក ហើយមានព្រះបន្ទូលថា៖ «យើងជាព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំជីតាអ្នក ហើយក៏ជាព្រះរបស់លោក​អ៊ីសាកដែរ។ យើងនឹងប្រគល់ដីដែលអ្នកដេកលើនេះ ឱ្យអ្នកនឹងពូជពង្សអ្នក។ ពូជពង្សអ្នកនឹងកើតចំនួនច្រើនឡើងដូចធូលីដី។ ទឹកដីរបស់អ្នកនឹងលាតសន្ធឹងទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង។ មនុស្សគ្រប់ជាតិ​សាសន៍នៅលើផែនដី នឹងទទួលពរដោយសារអ្នក និងពូជពង្សអ្នក។ យើងស្ថិតនៅ​ជាមួយអ្នក យើងនឹងថែរក្សាការពារអ្នកគ្រប់ទីកន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកត្រឡប់មកស្រុកនេះវិញ ដ្បិតយើងមិនបោះបង់អ្នកចោលឡើយ គឺយើងនឹងសម្រេច​អ្វីៗទាំងអស់តាមពាក្យដែលយើងបានសន្យានេះ»។ លោកយ៉ាកុបភ្ញាក់ឡើង ហើយ​​បន្លឺសម្លេងថា៖ «ព្រះអម្ចាស់ពិតជាគង់នៅកន្លែងនេះប្រាកដមែន តែខ្ញុំមិនដឹង​សោះ!»។ លោកភ័យខ្លាចជាខ្លាំង ហើយបន្លឺថា៖ «កន្លែងនេះគួរឱ្យស្ញែងខ្លាចណាស់! គឺពិតជាព្រះ​ដំណាក់របស់ព្រះជាម្ចាស់ ហើយពិតជាទ្វារនៃស្ថានបរមសុខ!»។ លោកយ៉ាកុបក្រោក​ពីព្រលឹម យកដុំថ្មដែលលោកកើយនោះ មកលើកបញ្ឈរតាំងជាស្តូប រួកលោកចាក់​ប្រេងពីលើ។ លោកដាក់ឈ្មោះកន្លែងនោះថា៖ “បេតអែល” (ឈ្មោះនេះមានន័យថា​ព្រះដំណាក់របស់ព្រះជាម្ចាស់”)។ លោកយ៉ាកុបបន់ថា៖ «ប្រសិនបើព្រះអង្គគង់ជាមួយខ្ញុំ ថែរក្សាការពារខ្ញុំ តាមផ្លូវដែលខ្ញុំធ្វើដំណើរទៅ ប្រសិនបើព្រះអង្គប្រទានឱ្យខ្ញុំមានអាហារបរិភោគ និងមានសម្លៀកបំពាក់ ហើយប្រសិនបើខ្ញុំជួបក្រុមគ្រួសារឪពុកខ្ញុំវិញបានដោយសុខសាន្តនោះ ខ្ញុំនឹងគោរពបម្រើព្រះអម្ចាស់ទុកជាព្រះរបស់ខ្ញុំ។ ដុំថ្មដែលខ្ញុំលើកបញ្ឈរនេះនឹងទៅជាព្រះដំណាក់របស់ព្រះជាម្ចាស់»។

ទំនុកតម្កើងលេខ ៩១ (៩០),១-៤.១៤-១៥ បទពាក្យ ៧

បពិត្រព្រះម្ចាស់ដ៏ប្រសើរព្រះអង្គធ្លាប់ធ្វើជាជំរក
ពីជំនាន់មុនតរៀងមកឱ្យយើងខ្ញុំជ្រកបានប្រពៃ
មុនពេលមានភ្នំកកើតឡើងមុនពេលព្រះអង្គបង្កើតដី
មុនពិភពលោកនិងអ្វីៗព្រះអម្ចាស់ថ្លៃជាបិតា
ព្រះអង្គធ្វើឱ្យមនុស្សគ្រប់ទីក្លាយជាធូលីដីវិញណា
គឺព្រះអង្គមានបន្ទូលថា៖«អស់ពូជពង្សអដាំវិលវិញ»
ចំពោះព្រះអង្គរយៈពេលមួយពាន់ឆ្នាំក្រែលដូចម្សិលមិញ
ឬដូចជាពេលមួយយប់ពេញកន្លងផុតចេញទៅថ្មីៗ
១៤សូមសម្តែងហឫទ័យមេត្តាដោយក្តីករុណាដ៏ប្រសើរ
ចំពោះខ្ញុំជាអ្នកបម្រើខ្ញុំមានអំណរគ្រប់វេលា
១៥ព្រះអង្គឱ្យខ្ញុំកើតទុក្ខធំអស់ពេលច្រើនឆ្នាំខ្ញុំវេទនា
សូមប្រោសឱ្យខ្ញុំផុតទុក្ខាសប្បាយយូរយាយ៉ាងនោះដែរ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ ធម ១, ១០

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តយេស៊ូជាព្រះសង្គ្រោះរបស់យើង ព្រះអង្គបានបំបាត់អំណាចនៃសេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតអមតៈ ដោយសារដំណឹងល្អរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៩,១៨-២៦

ព្រះយេស៊ូកំពុងតែមានព្រះបន្ទូលអំពីលោកយ៉ូហានបាទីស្តទៅកាន់ក្រុមសាវ័ក។ ស្រាប់​តែមាននាម៉ឺនម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គហើយទូលថា៖ «កូនស្រីរបស់ខ្ញុំប្របាទទើបនឹងផុតដង្ហើមថ្មីៗនេះ សូមលោកមេត្តាអញ្ជើញទៅដាក់ដៃលើនាង នាងនឹងមានជីវិត​ពុំខាន»។ ព្រះយេស៊ូក្រោកឡើង យាងទៅជាមួយគាត់។ ក្រុមសាវ័កក៏ទៅជាមួយដែរ។ ពេលជាមួយគ្នានោះ មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងមកពី​ក្រោយព្រះយេស៊ូ ហើយពាល់ជាយព្រះពស្ត្រព្រះអង្គ ដ្បិតនាងរិះគិតក្នុងចិត្តថា៖ «បើខ្ញុំ​​គ្រាន់តែបានពាល់អាវលោក ខ្ញុំមុខតែនឹងបានជាសះស្បើយមិនខាន»។ ព្រះយេស៊ូបែរទៅ​ក្រោយទតឃើញនាង ក៏មានព្រះបន្ទូល​ថា៖ «កូនស្រីអើយ! ចូរក្លាហានឡើង ជំនឿរបស់​នាងបានសង្គ្រោះនាងហើយ»។ ស្រ្តីធ្លាក់ឈាមបានជាសះស្បើយនៅពេលនោះ។ កាលព្រះយេស៊ូយាងទៅដល់ផ្ទះនាម៉ឺននោះ ព្រះអង្គទតឃើញអ្នកលេងភ្លេងកំដរសព និង​ឃើញមនុស្សម្នាជ្រួលច្របល់ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «នាំគ្នាចេញទៅ! ក្មេងស្រី​នេះមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។ គេចំអកដាក់ព្រះអង្គគ្រប់ៗគ្នា។ កាល​ព្រះអង្គដេញគេចេញទៅក្រៅអស់ហើយ ព្រះអង្គយាងចូលទៅក្នុងបន្ទប់ចាប់ដៃក្មេងស្រីនោះ នាងក៏ក្រោកឡើង។ ដំណឹងនេះលេចឮខ្ចរខ្ចាយ ពាសពេញតំបន់នោះទាំងមូល។

Facebook
Twitter
LinkedIn