អត្ថបទព្រះគម្ពីរប្រចាំថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣

glory to god book

ឬសន្តប៉ូឡាំង នៅណុល ឬ​
សន្តយ៉ូហាន ហ្វី​សែរ ជាអភិបាលព្រះសហគមន៍
និងសន្ត ថូម៉ាសម៉ូរ ជាមរណសាក្សី

លោកប៉ូឡាំង (៣៥៣-៤៣១) កើតក្នុងគ្រួសារអភិជននៅក្រុងប័រដូ (ប្រទេសបារាំង)។ លោកកាន់មុខតំណែងជាទេសាភិបាល ព្រះចៅអធិរាជរ៉ូម៉ាំង។ កាលលោកជឿលើព្រះយេស៊ូ ហើយប្រែចិត្តគំនិត លោកចែកទ្រព្យសម្បត្តិរបស់លោកដល់ជនក្រីក្រ។ ក្រោយមក លោកទទួលអគ្គសញ្ញាជាបូជាចារ្យ។ លោកនាំទាំងភរិយា ទាំងមិត្តសម្លាញ់ទៅក្រុងណុល (ប្រទេសអ៊ីតាលី) រួចលោកទទួលមុខងារជាអភិបាលព្រះសហគមន៍នៅក្រុងនោះ។ លោកបានជួយប្រជាជនយ៉ាងសកម្ម នៅពេលខ្មាំងវាយលុកដល់ប្រទេសអ៊ីតាលី។
លោកយ៉ូហានហ្វីសែរ (១៤៦៩-១៥៣៥) ជាអភិបាលព្រះសហគមន៍ក្រុងរ៉ូសែទែរ (ប្រទេសអង់គ្លេស) ហើយជាទីប្រឹក្សាសម្តេចប៉ាបទៀតផង។ រីឯលោកថូម៉ាសម៉ូរ (១៤៧៧-១៥៣៥) ជាស្មៀនព្រះមហាក្សត្រអង់គ្លេសអង់រីទី ៨។ លោកមានចិត្តមេត្តាករុណាយ៉ាងក្រៃលែង និងគោរពប្រណិប័តព្រះជាម្ចាស់យ៉ាងស្មោះ។ លោកស្រឡាញ់កូនយ៉ាងខ្លាំង។ ព្រះមហាក្សត្រអង់រីទី ៨ ប្រហារជីវិតលោកទាំងពីរ ព្រោះលោកមិនធ្វើតាមបញ្ជារបស់ស្តេច ដែលចង់បំបែកព្រះសហគមន៍នៃប្រទេសអង់គ្លេសចេញពីសម្តេចប៉ាប។ លោកទាំងពីរក៏មិនព្រមអនុញាតឱ្យព្រះមហាក្សត្រលែងលះព្រះមហេសីទៀតផង។

អត្ថបទទី១៖ សូមថ្លែងលិខិតទី២ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ ករ ១១,១-១១

បងប្អូនជាទីស្រឡាញ់!
សូមបងប្អូនអត់ឱនឱ្យខ្ញុំផង ពេលនេះខ្ញុំនិយាយដូចជាមនុស្សលេលា សូមអត់ឱនឱ្យខ្ញុំផង! ព្រោះខ្ញុំប្រច័ណ្ឌបងប្អូន ដោយចិត្តប្រច័ណ្ឌមកពីព្រះជាម្ចាស់ ដ្បិតខ្ញុំបានដណ្តឹងបងប្អូនឱ្យធ្វើជាគូដណ្តឹងនឹងស្វាមីតែមួយគត់ គឺខ្ញុំនាំបងប្អូនមក ដូចជានាំក្រមុំព្រហ្មចារីយកទៅថ្វាយព្រះគ្រីស្ត។ ប៉ុន្តែ ខ្ញុំក៏បារម្ភថា ដូចពស់បានល្បួងនាងអេវ៉ាដោយកលល្បិចរបស់វាយ៉ាងណា ចិត្តគំនិតរបស់បងប្អូនបែរទៅជាសៅហ្មង លះបង់ចិត្តស្មោះសរ និងចិត្តបរិសុទ្ធចំពោះព្រះគ្រីស្តយ៉ាងនោះដែរ ព្រោះថា ពេលមាននរណាម្នាក់មកប្រកាសអំពីព្រះយេស៊ូណាមួយផ្សេងទៀត ក្រៅពី​ព្រះយេស៊ូដែលយើងប្រកាសនោះ ឬមួយបើបងប្អូនទទួលព្រះវិញ្ញាណណាផ្សេងក្រៅពី​ព្រះវិញ្ញាណដែល​បងប្អូនបានទទួលហើយ ឬក៏ដំណឹងល្អណាមួយទៀត ក្រៅពីដំណឹងល្អ​ដែលបងប្អូនបានទទួលនោះ បងប្អូនចេះតែអត់ឱនឱ្យគេយ៉ាងស្រួលៗ។ ខ្ញុំយល់ឃើញថា ខ្ញុំមិនមែនអន់ជាងអស់អ្នកដែលតាំងខ្លួនជាមហាគ្រីស្តទូតទាំងនោះត្រង់កន្លែងណាមួយឡើយ ថ្វីដ្បិតតែខ្ញុំមិនសូវមានវោហាក៏ដោយ ផ្នែកខាងចំណេះ ខ្ញុំក៏មិនអន់ដែរ ដូចយើងធ្លាប់បង្ហាញឱ្យបងប្អូនឃើញក្នុងគ្រប់វិស័យ និងក្នុងគ្រប់​ពេលវេលាស្រាប់ហើយ។ ពេលខ្ញុំប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ប្រាប់បងប្អូនដោយឥតគិតថ្លៃនោះ ខ្ញុំបាន​បន្ទាបខ្លួន ដើម្បីឱ្យបងប្អូនបានថ្កើងឡើង។ តើខ្ញុំធ្វើដូច្នេះបានសេចក្តីថា ខ្ញុំធ្វើខុស​ឬ?។ ខ្ញុំបានទទួលប្រាក់ពីព្រះសហគមន៍ឯទៀតៗ ធ្វើឱ្យគេខ្វះខាតខ្លះៗ ដើម្បី​បម្រើបងប្អូន។ ពេលខ្ញុំនៅជាមួយបងប្អូន បើខ្ញុំខ្វះខាតអ្វីៗ ខ្ញុំពុំបានធ្វើជាបន្ទុកដល់នរណាម្នាក់ឡើយ ដ្បិតបងប្អូនមកពីស្រុកម៉ាសេដូន បានជួយផ្គត់ផ្គង់នូវអ្វីៗដែលខ្ញុំ​ត្រូវការ។ ក្នុងគ្រប់កិច្ចការទាំងអស់ ខ្ញុំបានចៀសវាងកុំឱ្យខ្លួនខ្ញុំទៅជាបន្ទុកដល់បងប្អូន ហើយខ្ញុំនឹងចៀសវាងតទៅមុខទៀត។ ខ្ញុំសូមបញ្ជាក់ដោយមានសេចក្តីពិតរបស់​ព្រះគ្រីស្តនៅក្នុងខ្លួនថា ក្នុងស្រុកក្រិកទាំងមូល គ្មាននរណាអាចបង្អាប់កិតិ្តយសខ្ញុំ​ត្រង់ចំណុចនេះបានឡើយ។ ហេតុអ្វីបានជាខ្ញុំធ្វើដូច្នេះ? តើមកពីខ្ញុំមិនស្រឡាញ់បង​ប្អូនឬ? ទេ! ព្រះជាម្ចាស់ទ្រង់ជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់បងប្អូនមែន។

ទំនុកតម្កើងលេខ ១១១ (១១០),១-៤.៧-៨ បទពាក្យ ៧

ចូរលើកតម្កើងព្រះជាម្ចាស់ប្រសើរពេកណាស់លើលោកា
ខ្ញុំថ្កើងព្រះអង្គហួសសិរសាក្នុងហ្វូងមនុស្សម្នាដែលទៀងត្រង់
គ្រប់ស្នាព្រះហស្តព្រះអម្ចាស់ប្រសើរពេកណាស់ខ្ពស់ឧត្តុង្គ
អ្នកពេញចិត្តស្នាព្រះហស្តទ្រង់ស្វះស្វែងយល់ផងកុំរារែក
គ្រប់ស្នាព្រះហស្តបានបញ្ចេញរស្មីចិញ្ចែងភ្លឺអនេក
សេចក្តីសុចរិតល្អពន់ពេកមិនប្រេះបាក់បែកនៅរហូត
ព្រះអង្គទ្រង់សព្វព្រះហឫទ័យឱ្យយើងស្រមៃមិនរលត់
ដល់ការអស្ចារ្យខ្ពស់បំផុតហឫទ័យអាណិតចិត្តអាសូរ
គ្រប់ស្នាព្រះហស្តព្រះអង្គធ្វើសុទ្ធតែអំពើល្អឥតរេ
សុចរិតយុត្តិធម៌ឥតប្រួលប្រែដូច្នេះគួរតែជឿទាំងស្រុង
បញ្ជាទាំងនោះឥតចន្លោះមិនបាត់មួយសោះស្ថិតគង់វង់
សុចរិតល្អល្អះភ្លឺត្រចង់ក្តីពិតទៀងត្រង់យ៉ាងប្រពៃ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម រ៉ូម ៨,១៥

អាលេលូយ៉ា! អាលេលូយ៉ា!
យើងបានទទួលព្រះវិញ្ញាណដែលធ្វើឱ្យយើងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ ដោយព្រះវិញ្ញាណនេះ យើងបន្លឺសំឡេងថា «អប្បា!» ឱព្រះបិតា!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៦,៧-១៥

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «ពេលអ្នករាល់គ្នាអធិដ្ឋាន កុំពោលពាក្យច្រំដែលៗឥតប្រយោជន៍ ដូចសាសន៍​ដទៃនោះឡើយ។ គេនឹកស្មាន បើពោលពាក្យយ៉ាងច្រើនដូច្នេះ ព្រះរបស់គេនឹងស្តាប់​គេ។ កុំធ្វើដូចគេឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសូមព្រះអង្គទៅទៀត។ អ្នករាល់គ្នាត្រូវទូលព្រះអង្គដូច​តទៅ៖ ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ! សូមសម្តែងព្រះបារមី​​​ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់ សូម​ឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ។ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។ សូមអត់ទោសឱ្យយើងខ្ញុំ ដូច​យើងខ្ញុំអត់ទោសឱ្យអស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។ សូមកុំបណ្តោយឱ្យ​យើងខ្ញុំចាញ់ការល្បួង តែសូមរំដោះយើងខ្ញុំឱ្យរួចពីមារកំណាច។ បើអ្នករាល់គ្នាអត់ទោសឱ្យមនុស្សលោក ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ ក៏អត់​ទោសឱ្យអ្នករាល់គ្នាដែរ។ ប៉ុន្តែ បើអ្នករាល់គ្នាមិនអត់ទោសឱ្យមនុស្សលោកទេនោះ ព្រះបិតារបស់អ្នករាល់គ្នា ក៏មិនអត់ទោសឱ្យអ្នករាល់គ្នាដែរ»។

Facebook
Twitter
LinkedIn