«សូមចេញទៅ និងបង្កើតក្រុមសាវ័ក» នេះជាថ្លែងឡើងរបស់លោកអគ្គអភិបាល សិលាប្រាយអិន វែលស៍ រំឭកពីតួនាទីជាគ្រីស្តបរិស័ទ ឱ្យចេញទៅប្រកាសដំណឹងល្អដើម្បីណែនាំមនុស្សឯទៀតៗឱ្យក្លាយជាសាវ័កព្រះគ្រីស្ត។
លោកមានលើកឡើងដូច្នេះនៅក្នុងធម្មទេសនាទៅកាន់គ្រីស្តបរិស័ទ ជាច្រើននាក់នៅព្រះវិហារសន្តយ៉ូសែបផ្សារតូច កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃព្រះសហគមន៍សាកលប្រារព្ធពិធីបុណ្យព្រះយេស៊ូយាងឡើងស្ថានបរមសុខ។
នាឱកាសនោះ លោកឯកអគ្គរាជទូត សិលាប្រាយអិន វែលស៍ មានប្រសាសន៍ថា ៖ «ថ្ងៃដែលព្រះស៊ូយាងឡើងស្ថានបរមសុខ ជាពេលវេលាពិសេសបំផុតដែលព្រះយេស៊ូ និងសាវ័កបានជួបគ្នាផ្ទាល់ និងព្រះបន្ទូលចុងក្រោយរបស់ព្រះអង្គទៅកាន់ក្រុមគ្រីស្តទូត ដែលមានតែពីរម៉ាត់គឺ សូមចេញទៅ និងបង្កើតក្រុមសាវ័ក»។
លោកបានបន្តថា ៖ «ហេតុនេះហើយ តើយើងធ្វើដូចម្ដេចដើម្បីបង្រៀនដើម្បីអប់រំគឺត្រូវភ្ជាប់ជាមួយព្រះយេស៊ូដើម្បីធ្វើជាសាវ័ករបស់ព្រះយេស៊ូ ដើម្បីបង្កើតទំនាក់ទំនងយ៉ាងពិតប្រាកដ ដើម្បីណែនាំបងប្អូនឯទៀតៗឲ្យទៅជាសាវ័កតាមរបៀបដែលយើងរស់នៅជាមួយព្រះអង្គ»។
លោកអគ្គអភិបាល ក៏បានបង្ហាញនូវរបៀបនៃការបង្កើតសាវ័ក តាមរយៈទំនាក់ទំនងប្រចាំថ្ងៃ ជាពិសេសសម្រាប់អ្នកដែលជាក្រុមសាវ័កដ៏តូចតាចនៅកម្ពុជា ត្រូវតែចូលដើម្បីប្រកាសពីជីវិតជាសាវ័កដោយមានបីចំណុចដ៏សំខាន់ គឺឱ្យយើងមានការគោរព មានចិត្តស្មោះ និងមានការទុកចិត្ត។
លោកអគ្គអភិបាល សិលាប្រាយអិន វែលស៍ ណែនាំថា ៖ «ប្រសិនបើយើងចង់ អប់រំបងប្អូនឯទៀតៗ យើងត្រូវអប់រំខ្លួនឯងដើម្បីឱ្យក្លាយជាសាវ័កដ៏ជិតស្និទ្ធជាមួយព្រះអង្គសិន ដោយត្រូវការចូលយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់យើង តាមរយៈការអធិដ្ឋាន ទទួលអគ្គសញ្ញា រៀនព្រះគម្ពីរ និងមានសកម្មភាពមេត្តាករុណាយ៉ាងសកម្ម»។
សម្រាប់ គ្រីស្តបរិស័ទ ត្រូវយកចិត្តទុកដាក់រៀនព្រះគម្ពីរ ស្គាល់ព្រះបន្ទូលព្រះជាម្ចាស់ ដើម្បីបញ្ជូនទៅដល់អ្នកឯទៀតៗ ព្រោះព្រះបន្ទូលអាចចិញ្ចឹមជីវិត និងអាចចិញ្ចឹមជីវិតវិញ្ញាណរបស់គេបានផងដែរ។
លោកបន្ថែមថា ៖ «យើងមិនជំរុញ ឬបង្ខំគេឱ្យកែប្រែចិត្តគំនិតធ្វើជាគ្រីស្តបរិស័ទទេ ប៉ុន្តែនៅពេលយើងជិតស្និទ្ធ និងពោរពេញដោយសេចក្ដីស្រឡាញ់មកពីព្រះជាម្ចាស់ គឺយើងចែករំលែកសេចក្ដីស្រឡាញ់ និងធម៌មេត្តាករុណារបស់ព្រះអង្គចំពោះបងប្អូនឯទៀតៗដែរ»។
លោកបន្តថា ៖ «ដើម្បីទៅជាគ្រូអប់រំជំនឿនៅក្នុងគ្រួសារផ្ទាល់គឺជាព្រះសហគមន៍ដំបូង ដោយត្រូវអប់រំអំពីហេតុផលដែលត្រូវស្រឡាញ់ព្រះជាម្ចាស់ និងដើម្បីក្លាយជាគ្រីសបរិស័ទ ជាពិសេសឪពុកម្ដាយត្រូវដាស់តឿនយុវជនឱ្យចូលព្រះវិហារ និងត្រូវតែបន្តចែករំលែកនូវអំណោយទានដែលជាទ្រព្យសម្បត្តិដ៏ពិសេស គឺជំនឿ»។
នាពិធីនោះដែរ អ្នកស្រី ជួន សាវ៉ាន អាយុ ៥៥ ជាគ្រីស្តបរិស័ទនៅព្រះវិហារសន្តយ៉ូសែបផ្សារតូច បានប្រាប់ឱ្យដឹងដែរថា វត្តមានរបស់លោកអគ្គរាជទូត បានផ្ដល់កម្លាំងកាយកម្លាំងចិត្តដល់ខ្ញុំដែលជាគ្រីស្តបរិស័ទតូចតាច ឱ្យកាន់តែយល់ពីតួនាទីគ្រីស្តបរិស័ទកាន់តែច្បាស់ជាងមុនថែមទៀត។
អ្នកស្រីបញ្ជាក់ថា ៖ «ដោយសារនៅក្នុងធម្មទេសនារបស់លោកបានបង្ហាញថា ត្រូវតែមានជំនឿខ្លួនឯងឱ្យមាំដើម្បីបង្ហាញទៅកាន់អ្នកដទៃផ្សេងទៀត ហើយខ្ញុំមានអំណរសប្បាយដែលបានគាត់មកព្រះសហគមន៍យើងជាលើកដំបូង ធ្វើឱ្យខ្ញុំមានកម្លាំង និងជំនឿកាន់តែច្បាស់លាស់ថែមទៀត»។
សូមបញ្ជាក់ផងដែរថា លោកអគ្គអភិបាល សិលា ប្រាយអិន វេលស៍ (Archbishop Peter Bryan Wells)អគ្គរាជទូតសន្តអាសនៈ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលក្រាបបង្គំគាល់ថ្វាយសារតាំង ដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះទីនាំងទេវាវិនិច្ឆ័យនាព្រឹក ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៣។ លោកអគ្គអភិបាល សិលា ប្រាយអិន វេលស៍ ត្រូវបានសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ តែងតាំងជាអគ្គរាជទូតប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីខែកុម្ភៈឆ្នាំ២០២៣កន្លងទៅ។ ចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជាជាមួយសន្តអាសនៈ បានចាប់ផ្តើមក្នុងកំឡុងឆ្នាំ១៩៩៤៕
ដោយដាលីស