ព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង បើកកិច្ចប្រជុំប៉ាស្តូរ៉ាល់លើកទី២៦ ជំរុញការផ្លាស់ប្តូររបៀបបម្រើ

តំណាងគ្រីស្តបរិស័ទ បូជាចារ្យ បព្វជិត បព្វជិតា និងយុវជនប្រមាណ ១០០នាក់ បានជួបជុំគ្នានៅមណ្ឌលប៉ាស្តូរ៉ាល់ ភូមិភាគបាត់ដំបង ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំប៉ាស្តូរ៉ាល់ប្រចាំឆ្នាំលើកទី២៦។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមមូលបទ «បេសកកម្ម និងការផ្លាស់ប្តូរនៃការបម្រើក្នុងព្រះសហគមន៍» ក្នុងគោលបំណងរិះគិតពិចារណា និងស្វែងរកទិសដៅថ្មីក្រោមការដឹកនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។

 

ថ្លែងក្នុងអង្គប្រជុំ លោកអភិបាល អេនរីគេ ហ្វីការេដូ (Enrique Figaredo) អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគបាត់ដំបង បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរពិតប្រាកដតាមព្រះវិញ្ញាណដ៏វិសុទ្ធ ត្រូវចាប់ផ្តើមចេញពីការស្ងៀមស្ងាត់អធិដ្ឋាន ការស្តាប់ព្រះបន្ទូលតាមរយៈការអានព្រះគម្ពីរ ការស្តាប់បងប្អូនរួមជំនឿ ព្រមទាំងការស្តាប់ព្រឹត្តិការណ៍ និងសញ្ញាសម្គាល់នានាដែលកំពុងកើតមានក្នុងសង្គមបច្ចុប្បន្ន។

 

ដើម្បីឱ្យកិច្ចបម្រើក្នុងព្រះសហគមន៍កាន់តែមានជីវិតរស់រវើក និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មនុស្សសម័យថ្មី លោកអភិបាលភូមិភាគបាត់ដំបង​បានដាក់ចេញនូវចំណុចផ្លាស់ប្តូរសំខាន់ៗចំនួន ៥ រួមមាន៖

១. ពីការមមាញឹកនឹងសកម្មភាព មករកការស្ងៀមស្ងាត់ និងស្វែងរកបេសកកម្មពិតប្រាកដ៖ បេសកកម្មរបស់គ្រីស្តបរិស័ទ គឺការដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ និងបន្តកិច្ចការដែលព្រះយេស៊ូបានប្រទានឱ្យ។ អ្នកបម្រើត្រូវយល់ច្បាស់ពីបេសកកម្មស្នូលរបស់ខ្លួន ដូចជាការបម្រើអ្នកដទៃ ការរៀបចំពិធីបុណ្យសាសនាឱ្យបានត្រឹមត្រូវ និងការអប់រំជំនឿជាបន្តបន្ទាប់។ លោកអភិបាលបានសង្កត់ធ្ងន់ថា ព្រះសហគមន៍មិនមែនគ្រាន់តែជាអគារ ឬព្រះវិហារឥដ្ឋថ្មប៉ុណ្ណោះទេ ប៉ុន្តែជាសហគមន៍មនុស្សដែលរស់នៅ និងបម្រើដោយផ្អែកលើជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់។

 

២. ពីការនិយាយ ទៅជាការស្តាប់ដោយបេះដូង៖ ការស្តាប់ពិតប្រាកដ មិនមែនត្រឹមតែជាការឮសូរពាក្យសម្ដីរបស់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែជាការបើកចិត្តចូលទៅក្នុងដួងចិត្តរបស់ពួកគេ ដើម្បីយល់ឱ្យស៊ីជម្រៅពីបញ្ហា កង្វល់ និងសំណួរក្នុងជីវិតដែលពួកគេកំពុងជួបប្រទះ។  លោកបានលើកទឹកចិត្តឱ្យអ្នកបម្រើចេះស្តាប់​ដោយយកចិត្តទុកដាក់ ស្វែងរកចំណុចវិជ្ជមានក្នុងខ្លួនអ្នកដទៃ និងជួយឱ្យពួកគេមើលឃើញថា ខ្លួនមានតម្លៃ មានសេចក្តីសង្ឃឹម និងមិនត្រូវបានទុកឱ្យនៅឯកោឡើយ។

 

៣. ពីទស្សនៈចង្អៀតចង្អល់ ទៅជាទស្សនៈបើកចំហ៖ ព្រះសហគមន៍ត្រូវទទួលស្គាល់ថា ការរីកចម្រើនក្នុងជំនឿ គឺជាដំណើរពេញមួយជីវិតរបស់មនុស្សម្នាក់ៗ។ ហេតុដូច្នេះ ការបម្រើមិនមែនជាការបង្ខំឱ្យមនុស្សគ្រប់គ្នាដើរតាមល្បឿនតែមួយនោះទេ ប៉ុន្តែជាការដើររួមដំណើរជាមួយបងប្អូនម្នាក់ៗ ដោយគោរពល្បឿននៃការរីកចម្រើន និងស្ថានភាពជាក់ស្តែងរបស់ពួកគេ ព្រមទាំងបើកផ្លូវឱ្យពួកគេអាចលូតលាស់ក្នុងជំនឿតាមដំណាក់កាលរៀងៗខ្លួន។

 

៤. ពីការផ្តោតលើចំនួន ទៅជាការយកចិត្តទុកដាក់លើគុណភាព៖ លោកអភិបាលបានដាស់តឿនថា កិច្ចបម្រើដើម្បីប្រយោជន៍រួម គួរផ្តោតលើគុណភាពជាជាងការរាប់ត្រឹមតែតួលេខ។ ក្រៅពីការកត់ត្រាចំនួនអ្នកទទួលអគ្គសញ្ញាជ្រមុជទឹក ព្រះសហគមន៍ត្រូវចោទសួរខ្លួនឯងថា តើអ្នកជំនឿថ្មីៗទាំងនោះ បានជួបប្រទះសហគមន៍មួយដែលស្គាល់ពួកគេម្នាក់ៗតាមឈ្មោះដែរឬទេ? តើសហគមន៍បាននៅក្បែរលើកទឹកចិត្តពួកគេនៅពេលជួបទុក្ខលំបាក និងផ្តល់ឱកាសឱ្យពួកគេចូលរួមបម្រើដែរឬទេ? ព្រោះគ្រីស្តបរិស័ទដែលមានគុណភាព គឺជាអ្នកដែលរស់នៅក្នុងជំនឿ និងបង្ហាញសេចក្តីស្រឡាញ់តាមរយៈទំនាក់ទំនង និងសកម្មភាពប្រចាំថ្ងៃ។

 

៥. ពីការមើលឃើញគ្រួសារជាអ្នកទទួលដំណឹងល្អ ទៅជាការទទួលស្គាល់គ្រួសារជាអ្នកប្រកាសដំណឹងល្អ៖ ព្រះសហគមន៍ត្រូវផ្លាស់ប្តូរទស្សនៈចំពោះតួនាទីរបស់គ្រួសារ ដោយមិនត្រូវចាត់ទុកគ្រួសារត្រឹមតែជាអ្នករង់ចាំទទួលការបង្រៀនប៉ុណ្ណោះទេ ប៉ុន្តែត្រូវទទួលស្គាល់ថា គ្រួសារគឺជាភ្នាក់ងារដ៏សកម្មក្នុងការប្រកាសដំណឹងល្អ។ ព្រះសហគមន៍ត្រូវស្តាប់សំឡេងរបស់គ្រួសារ ផ្តល់ឱកាសឱ្យពួកគេចូលរួមក្នុងការរិះគិត និងការសម្រេចចិត្តលើកិច្ចបម្រើជាគង្វាល ព្រមទាំងលើកទឹកចិត្តឱ្យគ្រួសារប្រកាសដំណឹងល្អតាមរយៈជីវិតប្រចាំថ្ងៃ ការអប់រំកូនៗក្នុងជំនឿ និងការបង្ហាញធម៌មេត្តាករុណា។

 

ការណែនាំដ៏ស៊ីជម្រៅទាំងនេះ បានទទួលការចាប់អារម្មណ៍ និងការឆ្លើយតបយ៉ាងផុសផុលពីសំណាក់សមាជិកអង្គប្រជុំ។

 

អ្នកស្រី ឡា សុខា តំណាងគ្រីស្តបរិស័ទមកពីព្រះសហគមន៍ខ្នាចរមាស បានបង្ហាញចំណាប់អារម្មណ៍ចំពោះប្រសាសន៍របស់លោកអភិបាល ជាពិសេសលើចំណុចនៃការស្តាប់ និងការបើកចិត្តទូលាយ។ អ្នកស្រីបានថ្លែងថា៖ «ការស្តាប់ច្រើនជាងនិយាយ គឺជារឿងដ៏ល្អបំផុត ព្រោះយើងត្រូវចេះស្តាប់អ្នកដទៃ និងស្តាប់គ្នាទៅវិញទៅមក។ ម្យ៉ាងទៀត លោកអភិបាលបានពន្យល់យើងមិនឱ្យមានចិត្តចង្អៀតចង្អល់ទេ ប៉ុន្តែត្រូវមានចិត្តទូលំទូលាយ ពោរពេញដោយសេចក្តីស្រឡាញ់ សេចក្តីសង្ឃឹម និងធម៌មេត្តាករុណា»។

 

ក្រៅពីនេះ អ្នកស្រី សុខា ក៏បានចាប់អារម្មណ៍ចំពោះការចែករំលែករបស់លោកបូជាចារ្យ ដាម៉ូ ដែលបានរំលឹកអំពីការរួមគ្នាកសាងព្រះសហគមន៍។ អ្នកស្រីបន្តថា នៅក្នុងព្រះសហគមន៍ គេមិនអាចដើរតែម្នាក់ឯងបានឡើយ ពោលគឺគ្រប់គណៈកម្មការទាំងអស់ រួមមានគណៈកម្មការរៀបចំបុណ្យ គណៈកម្មការសង្គហៈ គណៈកម្មការយុវជន និងគណៈកម្មការអប់រំជំនឿ ត្រូវមានទំនាក់ទំនង និងផ្តល់យោបល់ឱ្យគ្នាទៅវិញទៅមក ដើម្បីគិតរួមគ្នា និងធ្វើដំណើររួមគ្នា។ ក្នុងនាមជាម្តាយម្នាក់ អ្នកស្រីបានប្តេជ្ញាបន្តណែនាំកូនៗឱ្យចេះប្រកាសដំណឹងល្អទៅកាន់មិត្តភក្តិ និងចូលរួមសកម្មភាពក្នុងព្រះសហគមន៍ឱ្យបានសកម្មផងដែរ។

 

ចំណែកឯយុវជន ចាន់ វិជ្ជា មកពីព្រះសហគមន៍សៀមរាប បានចាត់ទុកមូលបទនៃកិច្ចប្រជុំលើកនេះ ថាមានសារៈសំខាន់ខ្លាំងសម្រាប់ស្រទាប់យុវជន ដ្បិតយុវជនត្រូវការការលើកទឹកចិត្ត និងការផ្តល់ឱកាសចូលរួម ដើម្បីក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់បន្តបេសកកម្មរបស់បូជាចារ្យ និងបព្វជិតា។

 

យុវជនរូបនេះបានលើកឡើងថា៖ «បេសកកម្មសំខាន់បំផុតសម្រាប់យុវជនកាតូលិក គឺការស្គាល់អត្តសញ្ញាណរបស់ខ្លួន ហើយមានភាពក្លាហានក្នុងការបង្ហាញខ្លួនជាគ្រីស្តបរិស័ទ ដើម្បីផ្សព្វផ្សាយដំណឹងល្អតាមរយៈជំនឿទៅកាន់អ្នកដទៃ។ ការចូលរួមជាមួយព្រះសហគមន៍ក្នុងការជួយអ្នកដទៃ មិនចាំបាច់ទាល់តែយើងមានលុយ ឬថវិកាច្រើននោះទេ ប៉ុន្តែតាមរយៈការជួយលើកទឹកចិត្ត និងការចូលរួមជាមួយក្រុមសង្គហៈ គឺជាកត្តាជំរុញដ៏សំខាន់ក្នុងការបន្តបេសកកម្មរបស់ព្រះសហគមន៍»។

 

តាមរយៈការរិះគិត ការចែករំលែកបទពិសោធន៍ និងការណែនាំខាងផ្លូវវិញ្ញាណក្នុងរយៈពេល ៣ថ្ងៃនេះ កិច្ចប្រជុំប៉ាស្តូរ៉ាល់លើកទី២៦ បានត្រួសត្រាយផ្លូវឱ្យអ្នកបម្រើគ្រប់លំដាប់ថ្នាក់ពិចារណាឡើងវិញអំពីគុណតម្លៃពិតប្រាកដនៃការបម្រើ។ ការផ្លាស់ប្តូរដែលចាប់ផ្តើមពីការស្តាប់ ការយល់ចិត្ត និងការបើកចំហចំពោះព្រះវិញ្ញាណដ៏វិសុទ្ធ នឹងប្រែក្លាយព្រះសហគមន៍ឱ្យទៅជាគ្រួសារដ៏កក់ក្តៅ និងជិតស្និទ្ធនឹងមនុស្សគ្រប់រូប ដ្បិតបេសកកម្មរបស់ព្រះសហគមន៍ មិនមែនស្ថិតនៅលើអគារ ឬចំនួនសកម្មភាពនោះឡើយ ប៉ុន្តែស្ថិតនៅលើជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ដែលគ្រីស្តបរិស័ទរស់នៅ និងចែករំលែកជាមួយអ្នកដទៃជារៀងរាល់ថ្ងៃ៕

 

ដោយ​លី​សុវណ្ណា

Facebook
Twitter
LinkedIn