អត្ថបទព្រះគម្ពីរ ថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣

សន្តីរីតា នៅកាស៊ីយ៉ា ជាបព្វជិតា

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៩,១-៨

នៅពេលលោកអប៉ូឡូសនៅក្រុងកូរិនថូស លោកប៉ូលឆ្លងកាត់តំបន់ខ្ពង់រាប ធ្វើដំណើរមក​ដល់​ក្រុង​អេ​ភេ​សូ​។ ​លោកជួបសាវ័កខ្លះ ហើយសួរគេថា៖ «កាលបងប្អូនចាប់ផ្តើមជឿនោះ តើបងប្អូន​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ហើយ​ឬនៅ?»។ គេតបមកលោកវិញថា៖ «យើងខ្ញុំមិនដែលទាំងឮថា មានព្រះវិញ្ញាណដ៏វិសុទ្ធផង!»។ លោកសួរគេ​ទៀត​ថា​៖ ​«ដូច្នេះ តើបងប្អូនបានទទួលពិធីជ្រមុជទឹកណា?»​។ គេតបថា៖ «ពិធីជ្រមុជទឹករបស់លោកយ៉ូហាន»។ លោក​ប៉ូល​​ក៏មានប្រសាសន៍ថា៖ «លោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកឱ្យអស់អ្នកដែលកែប្រែចិត្តគំនិត ទាំងមាន​ប្រសាសន៍​ប្រាប់ប្រជាជនឱ្យជឿលើព្រះអង្គដែលនឹងយាងមកក្រោយលោក គឺព្រះយេស៊ូហ្នឹងហើយ»។ ក្រោយពីបានឮលោកប៉ូលមា​ន​ប្រសាសន៍ដូច្នោះ ក្រុមសាវ័កក៏ទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ។ លោក​ប៉ូល​ដាក់ដៃ​លើ​គេ ព្រះ​វិញ្ញាណដ៏វិសុទ្ធក៏យាងមកសណ្ឋិតលើគេ ហើយគេនាំគ្នានិយាយភាសាចម្លែកអស្ចារ្យ និងថ្លែង​ព្រះបន្ទូល​ផង​។ អ្នកទាំងនោះមានគ្នាទាំងអស់ប្រមាណដប់ពីរនាក់។ លោកប៉ូលបានចូលទៅធម្មសាលា ហើយមានប្រសាសន៍ដោយចិត្តអង់អាចក្នុងអំឡុងពេលបីខែ។ លោក​សន្ទ​នាជាមួយពួកគេអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ និងខិតខំណែនាំពួកគេឱ្យជឿ។

ទំនុកតម្កើងលេខ ៦៨ (៦៧), ២-៧.៣៦ បទព្រហ្មគីតិ

ពេលព្រះម្ចាស់ក្រោកឡើងសត្រូវប៉ើងបាក់បបខ្លាច
ចេស្តាឫទ្ធិអំណាចអ្នកកោងកាចក៏រត់ចេញ
ទ្រង់ឱ្យគេរលាយសូន្យរូបកាយដូចជាផ្សែង
ដូចថ្ងៃក្តៅហួតហែងឱ្យក្រមួនរលាយអស់
រីឯមនុស្សសុចរិតមិនប្រព្រឹត្តរឿងទុយ៌ស
គេរីករាយខ្លាំងណាស់នៅចំពោះព្រះភក្ត្រព្រះម្ចាស់
ចូរច្រៀងលើកតម្កើងព្រះនៃយើងកុំក្រឡះ
ត្រួសត្រាយផ្លូវថ្វាយព្រះជិះរទេះកាត់វេហាស៍
ព្រះម្ចាស់គង់នៅក្នុងដំណាក់ទ្រង់ល្អអស្ចារ្យ
ព្រះអង្គជាបិតាអស់កុមារដែលកំព្រា
ព្រះអង្គទ្រង់កាត់ក្តីឱ្យអស់ស្រីដែលវេទនា
មេម៉ាយគ្រប់ៗគ្នាអ្នកវេទនាឱ្យមានផ្ទះ
រីអ្នកនៅជាប់គុកមិនស្រណុកស្ទើរវិនាស
ទ្រង់បើករួចស្រឡះបានសប្បាយចិត្តរីករាយ
ឯពួកអ្នកបះបោរគេឆោឡោមិនសប្បាយ
គេនឹងទៅរស់ឆ្ងាយនៅឯនាយដីហួតហែង
៣៦ឱព្រះជាម្ចាស់អើយព្រះអង្គហើយជាព្រះដែល
មានឫទ្ធិបារមីក្រែលអ៊ីស្រាអែលកោតខ្លបខ្លាច
ព្រះអង្គទ្រង់ប្រទានរាស្រ្តឱ្យមានចិត្តអង់អាច
មានកម្លាំងអំណាចសូមសរសើរថ្កើងព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ដោយបងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រីស្ត ចូរស្វែងរកអ្វីៗនៅស្ថានលើ ជាស្ថាន​ដែល​ព្រះគ្រីស្ត​គង់នៅខាងស្តាំព្រះជាម្ចាស់!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៦,២៩-៣៣

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះ ឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូល​សន្ទនា​ជាមួយ​ក្រុមសាវ័ក។ ក្រុមសាវ័កទូលព្រះអង្គថា៖ «ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូល​យ៉ាងច្បាស់ៗមក​យើង​ខ្ញុំ ព្រះអង្គ​មិនប្រើ​ប្រ​ស្នា​ទៀតទេ។ ឥឡូវនេះ យើងខ្ញុំដឹងថា ព្រះ​អង្គឈ្វេងយល់គ្រប់សេចក្តីទាំងអស់ មិនបាច់មាននរណាទូលសួរព្រះអង្គ​ឡើយ​។ ហេតុនេះហើយ បានជាយើងខ្ញុំជឿថា ព្រះអង្គចេញមក​ពីព្រះជាម្ចាស់មែន»។ ព្រះយេស៊ូមាន​ព្រះបន្ទូល​តប​ទៅ​​គេថា៖ «ឥឡូវនេះ អ្នករាល់គ្នាជឿមែនឬ! ប៉ុន្តែ ពេលកំណត់មកដល់ គឺពេលនេះហើយ អ្នករាល់​គ្នានឹង​ត្រូវខ្ចាត់​ខ្ចាយ​ ម្នាក់ៗទៅតាមផ្លូវរៀងៗខ្លួន បោះបង់ចោលខ្ញុំឱ្យនៅម្នាក់ឯង។ តាមពិត ខ្ញុំមិននៅម្នាក់​ឯងទេ មាន​ព្រះបិតា​គង់​នៅ​ជា​មួយខ្ញុំ។ ខ្ញុំនិយាយប្រាប់ដូច្នេះ ដើម្បីឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្តរួមជាមួយ​ខ្ញុំ។ អ្នក​រាល់​គ្នា​ជួប​នឹង​ទុក្ខ​វេទនានៅក្នុងលោក ប៉ុន្តែ ចូរមានសង្ឃឹមឡើង! ខ្ញុំបានឈ្នះលោកនេះហើយ»។

Facebook
Twitter
LinkedIn