អត្ថបទព្រះគម្ពីរ ថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣

bible blur christ christianity

សន្តីកាតារីន នៅស្រុកស៊ីយ៉ែន

នាងកាតារីណា (១៣៤៧-១៣៨០) កើតនៅទីក្រុងស៊ីយ៉ែណា (ប្រទេសអ៊ីតាលី)។ កាលអាយុ ២០ឆ្នាំ នាងបានប្រមូលក្រុមគ្រីស្តបរិស័ទដែលចូលចិត្តអធិដ្ឋាន និងតមអាហារដូចនាង។ ទោះបីនាងនៅក្មេង ហើយមិនចេះអក្សរក៏ដោយ ក៏នាងខិតខំអង្វរសម្តេចប៉ាបដែលស្នាក់នៅក្រុងអាវីញ៉ុង (ប្រទេសបារាំង) ឱ្យវិលត្រឡប់មករស់នៅក្រុងរ៉ូមវិញ។ នាងមានប្រាជ្ញាឈ្លាសវៃ និងស្រឡាញ់ព្រះគ្រីស្តយ៉ាងខ្លាំង។ មានគេសរសេរសេចក្តីដែលនាងសូត្រ ហើយនិពន្ធសៀវភៅដែលមានសារៈសំខាន់ជាទីបំផុត។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៩,៣១-៤២

ព្រះសហគមន៍បានប្រកបដោយសេចក្តីសុខសាន្តគ្រប់ទីកន្លែងក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុក​សាម៉ារី។ ព្រះសហគមន៍មានជំហរកាន់តែមាំមួនឡើងៗ ហើយគេរស់នៅដោយគោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងមានចំនួនកើនឡើងជាលំដាប់ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធជួយលើកទឹកចិត្តគេផង។ លោកសិលាធ្វើដំណើរទៅគ្រប់ទីកន្លែង។ លោកចុះទៅសួរសុខទុក្ខប្រជាជនដ៏វិសុទ្ធនៅក្រុងលីដា។ នៅក្រុងនោះ លោកឃើញបុរសម្នាក់ឈ្មោះ អេណេ ឈឺក្រោកមិនរួច គាត់ដេកជាប់នឹងគ្រែប្រាំបីឆ្នាំមកហើយ។ លោកសិលាមានប្រសាសន៍ទៅគាត់ថា៖ «អេណេអើយ! ព្រះយេស៊ូគ្រីស្តប្រោសអ្នកឱ្យបានជាហើយ ចូរ​ក្រោក​ឡើងរៀបចំគ្រែអ្នកទៅ!»។ លោកអេណេក៏ក្រោកឡើងភ្លាម។ អ្នកក្រុងលីដាទាំងអស់ និងអ្នកស្រុកនៅ​តំបន់​សារ៉ូនឃើញគាត់ជាដូច្នេះ ក៏បែរចិត្តគំនិតទៅរកព្រះអម្ចាស់។ នៅក្រុងយ៉ុបប៉េ មានស្ត្រីម្នាក់ឈ្មោះនាងតាប៊ីថា (ពាក្យនេះមានន័យថា “ក្តាន់ញី”)។ នាងក៏ជាសាវ័កដែរ នាងតែងប្រព្រឹត្តអំពើល្អ និងធ្វើទានជាច្រើន។ នៅគ្រានោះ នាងមានជំងឺ ហើយស្លាប់ គេលាងសពរបស់នាងតម្កល់ទុកនៅបន្ទប់ខាងលើ។ ក្រុងលីដា នៅជិតក្រុងយ៉ុបប៉េ។ កាលក្រុមសាវ័កឮដំណឹងថា លោកសិលាស្ថិតនៅឯក្រុងលីដា នោះគេចាត់បុរសពីរនាក់ឱ្យទៅអញ្ជើញលោកថា៖ «សូមលោកមេត្តាប្រញាប់ធ្វើដំណើរបង្ហួសទៅកន្លែងយើងខ្ញុំផង»។ លោកសិលាក៏ចេញដំណើរមកជាមួយអ្នកទាំងពីរនោះភ្លាម។ ពេលលោកមកដល់ គេអញ្ជើញលោកឡើងទៅបន្ទប់ខាងលើ។ ស្ត្រីមេម៉ាយទាំងប៉ុន្មាននាំគ្នាចូលមកជិតលោកទាំងយំសោក និងបង្ហាញអាវវែង អាវក្រៅដែលនាងតាប៊ីថាធ្លាប់ដេរកាលនាងរស់នៅជាមួយគេនៅឡើយ។ លោកសិលាសុំឱ្យគេចេញទៅក្រៅទាំងអស់គ្នា រួចលោកលុតជង្គង់អធិដ្ឋាន។ បន្ទាប់មក លោកបែរទៅរកសព ហើយមានប្រសាសន៍ថា៖ «តាប៊ីថាអើយ! ក្រោកឡើង!»។ ពេលនោះ នាងក៏បើកភ្នែក។ កាលនាងឃើញលោកសិលា នាងក្រោកអង្គុយ។ លោកចាប់ដៃនាងឱ្យក្រោកឈរ ហើយហៅពួកអ្នកជឿ និងស្ត្រីមេម៉ាយឱ្យចូលមកបង្ហាញនាងតាប៊ីថាដែលមានជីវិតឱ្យគេឃើញ។ អ្នកក្រុងយ៉ុបប៉េទាំងប៉ុន្មានបានដឹងរឿងនេះ ហើយមានច្រើននាក់ជឿលើព្រះអម្ចាស់។

ទំនុកតម្កើងលេខ ១១៦ (១១៥), ១២-១៧ បទព្រហ្មគីតិ

១២ព្រះគុណព្រះអង្គថ្លៃទោះយកអ្វីក៏មិនបាន
ប្រសើរឱ្យស្មើបានត្រូវតបស្នងឱ្យសមរម្យ
១៣គឺខ្ញុំត្រូវលើកពែងទាំងសម្តែងនាមឧត្តម
ព្រះអង្គរំដោះខ្ញុំដោយស្រែករកព្រះជាម្ចាស់
១៤ខ្ញុំនឹងយកតង្វាយមកដាក់ថ្វាយក្រាបសំពះ
លាបំណន់ពីព្រះនៅចំពោះមុខប្រជា
១៥ទ្រង់ព្រួយព្រះទ័យណាស់ពេលមានរាស្រ្តសូន្យសង្ខារ
ទោះជនវិសុទ្ធណាទ្រង់មិនចង់ឱ្យស្លាប់ឡើយ
១៦ឱ!ព្រះម្ចាស់ប្រសើរខ្ញុំបម្រើព្រះអង្គហើយ
ព្រះអង្គមិនកន្តើយរំដោះខ្ញុំរួចពីស្លាប់
១៧ទូលបង្គំសូមថ្វាយយញ្ញទាំងឡាយដោយគួរគាប់
អង្វររកនាមជាប់នាមព្រះអង្គខ្ពស់ពេកពន់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៦,៦៣.៦៨

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូជាអម្ចាស់! ព្រះបន្ទូលព្រះអង្គសុទ្ធ​តែចេញមកពីព្រះវិញ្ញាណ​ដែល​ផ្តល់​ជីវិត។ ព្រះបន្ទូលរបស់ព្រះអង្គផ្តល់ជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៦,៦០-៦៩

នៅធម្មសាលាក្រុងកាផានុម ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច»។ ក្រោយពីបានស្តាប់ព្រះបន្ទូលរបស់ព្រះអង្គហើយ មានគ្នាច្រើនក្នុងចំណោមសាវ័កពោលថា៖​ «ពាក្យទាំងនេះទាស់ត្រចៀកណាស់ តើនរណាអាចទ្រាំស្តាប់បាន?»។ ព្រះយេស៊ូឈ្វេងយល់ថា ក្រុមសាវ័ករអ៊ូរទាំអំពីពាក្យទាំងនេះ ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «តើពាក្យទាំងនេះនាំឱ្យអ្នករាល់គ្នារវាតចិត្តបាត់ជំនឿឬ? ចុះបើអ្នករាល់គ្នាឃើញបុត្រមនុស្សឡើងទៅស្ថានដែលលោកនៅពីមុនវិញ តើចិត្តអ្នករាល់គ្នានឹងទៅជាយ៉ាងណា?។ មានតែព្រះវិញ្ញាណទេដែលផ្តល់ជីវិត និស្ស័យលោកីយ៍មិនអាចផ្តល់ជីវិតបានឡើយ។ រីឯសេចក្តី​ដែល​ខ្ញុំ​បាននិយាយប្រាប់អ្នករាល់គ្នាទាំងប៉ុន្មាន សុទ្ធតែចេញមកពីព្រះវិញ្ញាណដែលផ្តល់ជីវិត។ ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ មានអ្នកខ្លះមិនជឿទេ»។ តាំងពីដើមដំបូងមក ព្រះយេស៊ូស្គាល់អស់អ្នកដែលមិនជឿ ព្រមទាំងស្គាល់អ្នក​ដែល​នឹង​ក្បត់​ព្រះអង្គរួចស្រេចទៅហើយ។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ហេតុនេះហើយ បានជាខ្ញុំប្រាប់អ្នករាល់គ្នារួច​មក​ហើយ​ថា ប្រសិនបើព្រះបិតាមិនប្រោសប្រទានទេនោះ គ្មាននរណាអាចមករកខ្ញុំបានឡើយ»។ ចាប់ពីពេល​នោះ​មក​ មានគ្នាច្រើនក្នុងចំណោមសាវ័កដកខ្លួនថយឈប់តាមព្រះអង្គទៀត។ ព្រះយេស៊ូក៏មានព្រះបន្ទូល​សួរក្រុម​សាវ័កទាំងដប់ពីរនាក់ថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាចង់ចេញទៅដែរឬ?»។ លោកស៊ីម៉ូនសិលា​ទូលព្រះ​អង្គ​ថា៖ ​«បពិត្រព្រះអម្ចាស់! តើឱ្យយើងខ្ញុំទៅរកនរណាវិញ? ព្រះបន្ទូលរបស់ព្រះអង្គផ្តល់ជីវិតអស់កល្បជានិច្ច។ ចំពោះយើងខ្ញុំ យើងខ្ញុំជឿ ហើយដឹងថា ព្រះអង្គពិត​ជាអ្នក​ដ៏វិសុទ្ធ​ដែលព្រះជាម្ចាស់ចាត់ឱ្យមកមែន»។

Facebook
Twitter
LinkedIn