គ្រូអប់រំជំនឿនៃព្រះសហគមន៍កាតូលិកបាត់ដំបង យកពេលសំណាក់ធម៌ រិះគិតអំពីផ្លូវវិញ្ញាណ

ខេត្តបន្ទាយមានជ័យ៖ ក្រុមគ្រូរអប់រំជំនឿចំនួន១៨នាក់ នៃព្រះសហគមន៍បាត់ដំបងក្រុង បានជួបជុំគ្នាសំណាក់ធម៏ ដើម្បីរិះគិតពីជីវិតខាងផ្លូវវិញ្ញាណ កាលពីថ្ងៃទី៧ ខែមករា នៅព្រះវិហារសន្តីតេរេសានៃព្រះកុមារយេស៊ូ ដែលស្ថិតនៅភូមិ រង្វាន់លិច ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ កម្មវិធីសំណាក់ធម៌នេះណែនាំដោយលោមបូជាចារ្យ យ៉ូហាន អេវ៉ាន អាស្លី។

អ្នកស្រី ស្រី សុជុំ ជាសមាជិកគណៈកម្មការអប់រំជំនឿ នៃព្រះសហគមន៍បាត់ដំបងក្រុង បានរៀបរាប់ថា៖ គណៈកម្មការតែងមានកម្មវិធីសំណាក់ធម៌ ពីរដងក្នុងមួយឆ្នាំ សម្រាប់គ្រូរអប់រំជំនឿនិង សិស្សដែលមកទទួលអប់រំជំនឿ។ អ្នកស្រីបន្តថា« កម្មវិធីសំណាក់ធម៌មានសារៈសំខាន់ណាស់ ព្រោះវាជាពេលវេលាមួយ ដែលអាចអោយយើងម្នាក់ៗមានពេល ស្ងប់ស្ងាត់ និងរិះគិតអ្វីល្អៗ ជាពិសេសបានទទួលការអប់រំពីសំណាក់ លោកបូជាចារ្យ និងបងស្រី ព្រមទាំងជំរុញយើងអោយកាន់តែមានកម្លាំង ខាងផ្លូវវិញ្ញាណដើម្បីបន្តការប្រកាសដំណឹងល្អផងដែរ»។

“ខ្ញុំសប្បាយចិត្តរាល់ពេលដែលមានកម្មវិធីសំណាក់ធម៌ ឬកម្មវិធីអធិដ្ឋានជាមួយគ្នាបែបនេះណាស់ ព្រោះយើងមានឱកាសបាននៅជាមួយគ្នា ជាក្រុម អធិដ្ឋានជាមួយគ្នា និងចែករំលែកអ្វីដែលយើងមាន ហើយលើសពីនេះ គឺខ្ញុំតែងតែទទួលបាននូវចិត្តជ្រះថ្លា និងមានគំនិតថ្មីៗ ដើម្បីត្រៀមសម្រាប់យកទៅបង្រៀនដល់ប្អូនៗ ដែលមកទទួលការអប់រំជំនឿផងដែរ”។ អារម្មណ៍ផ្ទាល់របស់ សុជុំ។

នៅឆ្នាំ២០១៩ នេះ ព្រះសហគមន៍ព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខក្រុងបាត់ដំបង​មានសិស្សដែលមកទទួលការអប់រំជំនឿ ចំនួន ២៥០នាក់ និងគ្រូ២១នាក់ដែលមានបែងចែកជា១២ថ្នាក់តាមកម្រិតផ្សេងៗគ្នា។
ដោយ៖ រឿន ស្រីម៉ាច

Facebook
Twitter
LinkedIn