ព្រះបន្ទូល​នៃ​ពន្លឺ

អភិបូជា​ថ្ងៃ​ព្រហស្បតិ៍​ពិសិដ្ឋ

នៅ​ព្រះសហគមន៍​ព្រះកុមារ​យេស៊ូ បឹងទំពន់

ភ្នំពេញ​ខាង​ត្បូង ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២៣

បង​ប្អូន​ជា​ទី​ស្រឡាញ់

ប្រសិន​បើ បង​ប្អូន​បាន​ធ្វើ​ដំណើរ​ជា​មួយ​យើង​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ពី​ថ្ងៃ​ពុធ​អាទិត្យ​មុន​ក្នុង​ពិធី​ព្រះពរ​លើ​ប្រេង​ពិសិដ្ឋ ជា​មួយ​លោក​បូជាចារ្យ​ទាំង​អស់ និង​ថ្ងៃ​អាទិត្យ​បុណ្យ​ហែ​ស្លឹក ខ្ញុំ​បាន​ទេសនា​អំពី “យើង​ជា​អ្នក​ចម្បាំង​ការ​ពារ​ពន្លឺ”។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជា​ពិសេស​នៅ​ក្នុង​អាទិត្យ​ពិសិដ្ឋ​នេះ បន្ត​រិះ​គិត​រួម​ជា​មួយ​គ្នា​អំពី​ការ​ប្រយុទ្ធ ដែល​មាន​នៅ​ក្នុង​ពិភព​លោក រវាង​ព្រះពន្លឺ​ដែល​មក​ពី​ព្រះជាម្ចាស់​នឹង​ភាព​ងងឹត។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​ជា​ពន្លឺ​នៃ​ពិភព​លោក” ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​ជា​ផ្លូវ ខ្ញុំ​ជា​ជីវិត ខ្ញុំ​ជា​សេចក្ដី​ពិត”។ យើង​នឹក​ឃើញ​ដល់​ព្រះយេស៊ូ​ដែល​បាន​យក​ភក់​លាយ​ជា​មួយ​ទឹក​ឱស្ឋ​របស់​ព្រះអង្គ ដាក់​លើ​ភ្នែក​មនុស្ស​ខ្វាក់ នៅ​ពេល​នោះ មនុស្ស​ខ្វាក់​បាន​មើល​ឃើញ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យប់​នេះ​ដែល​ព្រះយេស៊ូ​កំពុង​ជប់​លៀង​បុណ្យ​ចម្លង​តាម​សាសនា​យូដា ដែល​យើង​បាន​ស្ដាប់​នៅ​ក្នុង​អត្ថបទ​ទី​១។ រំលឹក​អំពី​ជនជាតិ​ហេប្រឺ ដែល​បាន​ចេញ​ពី​កណ្ដាប់​ដៃ​នៃ​ជនជាតិ​អេហ្ស៊ីប។ នៅ​ពេល​នោះ ព្រះយេស៊ូ​កំពុង​ជប់​លៀង​ជា​មួយ​ក្រុម​សាវ័ក​តាម​ប្រពៃណី​សាសនា​យូដា បុណ្យ​ចម្លង។ នៅ​ពេល​ហ្នឹង​នៅ​ខាង​ក្រៅ​គឺ​ងងឹត​ហើយ យើង​ដឹង​នៅ​ពេល​យូដា​អ៊ីស្ការីយូត​ចេញ​ពី​បន្ទប់​ជប់​លៀង នៅ​ពេល​នោះ​ងងឹត​ហើយ។ ប៉ុន្តែ មិន​មែន​តែ​ងងឹត​នៅ​ខាង​ក្រៅ​ទេ ងងឹត​នៅ​ក្នុង​ដួង​ចិត្ត ជា​ពិសេស​នៅ​ក្នុង​ដួង​ចិត្ត​លោក​យូដា។ នៅ​ពេល​នោះ ភាព​ងងឹត​របស់​មារសាតាំង​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ដួង​ចិត្ត​របស់​គាត់ ដោយសារ​បង​ប្អូន​ជា​ទី​ស្រឡាញ់​កុំ​ឲ្យ​យើង​ភ្លេច ការ​ប្រយុទ្ធ​របស់​យើង មិន​មែន​ជា​ការ​ប្រយុទ្ធ​នឹង​ស​ត្រូវ​ណា​ម្នាក់​ដែល​មក​ពី​ខាង​ក្រៅ​យើង។ ដូច​ព្រះយេស៊ូ​បាន​រំលឹក​ដល់​គណៈ​ផារីស៊ី​ពី​ដើម “អ្វីៗ​ទាំង​អស់​ដែល​មិន​បរិសុទ្ធ មិន​ចូល​តាម​ម្ហូប​អាហារ​ដែល​យើង​ញ៉ាំ អ្វីៗ​ទាំង​អស់​ដែល​មិន​បរិសុទ្ធ​ចេញ​ពី​មាត់​របស់​យើង ដោយសារ​ចេញ​ពី​ដួង​ចិត្ត​របស់​យើង​តែ​ម្ដង”។

ពិត​មែន នៅ​ពេល​យើង​ធ្វើ​ដំណើរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង យើង​មើល​ឃើញ​ភាព​ងងឹត​ដែល​យើង​មាន យើង​មើល​ឃើញ​អំពើ​បាប​ដែល​យើង​មាន។ យើង​ដឹង​ថា ជីវិត​ចាប់​ផ្ដើម​នៅ​ពេល​ព្រះយេស៊ូ​នៅ​វាល​រហោ​ស្ថាន នៅ​ពេល​នោះ​ព្រះយេស៊ូ​ចាប់​ផ្ដើម​ប្រយុទ្ធ​ជា​មួយ​មារសាតាំង នៅ​ពេល​នោះ​ព្រះយេស៊ូ​បាន​ឈ្នះ​មារសាតាំង។ ហេតុ​នេះ​ហើយ នៅ​ពេល​ព្រះយេស៊ូ​ចេញ​ពី​វាល​រហោ​ស្ថាន ដើម្បី​ចាប់​ប្រកាស​ដំណឹង​ល្អ​អស់​រយៈ​ពេល​បី​ឆ្នាំ គ្រប់​ស្នាម​ព្រះហស្ដ​របស់​ព្រះអង្គ គ្រប់​ព្រះបន្ទូល​របស់​ព្រះអង្គ គឺ​ជា​ការ​អស្ចារ្យ​នៃ​ជីវិត ការ​អស្ចារ្យ​នៃ​សេចក្ដី​សុខ​សាន្ត ការ​អស្ចារ្យ​នៃ​ពន្លឺ ការ​អស្ចារ្យ​នៃ​សេចក្ដី​ស្រឡាញ់។ នៅ​ពេល​នោះ មហា​ជន​ដែល​ជា​មនុស្ស​ខ្វាក់ មហា​ជន​ដែល​ជា​ជន​ពិការ មហា​ជន​ដែល​ជា​អ្នក​សុំទាន មហា​ជន​ដែល​ជា​អ្នក​មាន​បាប មហា​ជន​ដែល​ជា​ស្រី​ពេស្យា មហា​ជន​ដែល​មាន​ខ្មោច​ចូល​នៅ​ក្នុង​ខ្លួន បាន​យល់​យ៉ាង​ច្បាស់​ថា ព្រះយេស៊ូ​យាង​មក​ដើម្បី​រំដោះ​គេ​ពី​អំពើ​បាប រំដោះ​គេ​ពី​អ្វីៗ​ទាំង​អស់​ដែល​ណែនាំ​ឲ្យ​ជាប់​ក្នុង​ដួង​ចិត្ត។ ដោយសារ ព្រះយេស៊ូ​ជា​បរម​គ្រូ​នៃ​ព្រះពន្លឺ ជា​ព្រះអម្ចាស់​នៃ​ជីវិត ទោះបី​ម្ចាស់​នៃ​មារសាតាំង បេសេប៉ូល ក៏​ខ្លាច​មិន​ហ៊ាន​នៅ​ក្បែរ​ព្រះយេស៊ូ​ដែរ។ ដោយសារ ព្រះយេស៊ូ​បាន​ឈ្នះ​មារសាតាំង ព្រះយេស៊ូ​បាន​ឈ្នះ​ភាព​ងងឹត​ពី​ដើម។ ដូច្នេះ ព្រះយេស៊ូ​ជា​ពន្លឺ គឺ​មិន​មែន​តែ​នៅ​ខាង​ក្រៅ ពេល​ព្រះយេស៊ូ​ឡើង​នៅ​លើ​ភ្នំ​ជា​មួយ​ក្រុម​សាវ័ក ដើម្បី​បង្ហាញ​អំពី​ឋានៈ​របស់​ព្រះអង្គ​ជា​ព្រះអម្ចាស់។ ប៉ុន្តែ ពន្លឺ​ពោរ​ពេញ​នៅ​ក្នុង ពន្លឺ​ដ៏​ពេញ​លក្ខណៈ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ឲ្យ​យើង​នឹក​ឃើញ​យប់​នេះ​ព្រះយេស៊ូ​កំពុង​ជប់​លៀង​នៅ​ក្នុង​បន្ទប់​ដ៏​តូច​មួយ នៅ​ទីក្រុង​យេរូសាឡឹម។ ជា​បន្ទប់​តូច​មែន​ទែន បន្ទប់​នេះ​មាន​ទ្វារ​ទាប មាន​បង្អួច​តូចៗ នៅ​ខាង​ក្រៅ​ងងឹត នៅ​ក្នុង​បន្ទប់​នោះ​ប្រហែល​មាន​តែ​ទៀន​តិច​តួច ដើម្បី​មើល​ឃើញ​នៅ​ក្នុង​ងងឹត។ ប៉ុន្តែ នៅ​ក្នុង​ភាព​ងងឹត​ដែល​មាន​នៅ​ក្នុង​បន្ទប់ នៅ​ក្បែរ​សាវ័ក​នៅ​ក្បែរ​មារសាតាំង ដោយសារ​នៅ​ពេល​នោះ​មារសាតាំង​បាន​ចូល​នៅ​ក្នុង​លោក​យូដា​ហើយ។ ព្រះយេស៊ូ​យក​នំបុ័ង ហើយ​មាន​ព្រះបន្ទូល​ថា “នេះ​ជា​រូប​កាយ​របស់​ខ្ញុំ” ព្រះយេស៊ូ​បាន​យក​ស្រា​ទំពាំង​បាយជូរ ហើយ​មាន​ព្រះបន្ទូល​ថា “នេះ​ជា​លោហិត​របស់​ខ្ញុំ”។ នៅ​ពេល​នោះ ប្រហែល​គ្មាន​សាវ័ក​ណា​ម្នាក់​ដែល​យល់​អំពី​អ្វី​ដែល​ព្រះយេស៊ូ​កំពុង​តែ​មាន​ព្រះបន្ទូល។ ប៉ុន្តែ ព្រះបន្ទូល​របស់​ព្រះយេស៊ូ​នៅ​យប់​នោះ ជា​ព្រះបន្ទូល​នៃ​ពន្លឺ ដែល​មាន​អំណាច ដែល​មាន​បារមី ដែល​មាន​ឫទ្ធានុភាព​ដ៏​អស្ចារ្យ មិន​ដែល​មាន​នៅ​លើ​ផែនដី​នេះ​ពី​ព្រះជាម្ចាស់​ដែល​បាន​បង្កើត​ពិភព​លោក ដោយ​ព្រះបន្ទូល​ពី​ដើម​រៀង​មក។

ពិត​មែន ព្រះបន្ទូល​នេះ​ជា​ព្រះបន្ទូល​នៃ​អគ្គ​សញ្ញា​ដែល​ណែនាំ​ឲ្យ​នំបុ័ង ណែនាំ​ឲ្យ​ស្រា​ទំពាំងបាយជូរ​ទៅ​ជា​រូប​កាយ ទៅ​ជា​លោហិត​របស់​ព្រះយេស៊ូ​ដ៏​ពិត​ប្រាកដ ពី​យប់​ហ្នឹង​រហូត​ដល់​ពេល​នេះ។ នៅ​ពេល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​នេះ នៅ​មុខ​ក្រុម​គ្រីស្ត​ទូត “នេះ​ជា​រូប​កាយ​របស់​ខ្ញុំ នេះ​ជា​លោហិត​របស់​ខ្ញុំ” នៅ​ពេល​នោះ​ព្រះយេស៊ូ​កំពុង​និយាយ​អំពី​ពិធី​ជប់​លៀង​ចុង​ក្រោយ​នៅ​ស្ថាន​បរម​សុខ។ ពិធី​ជប់​លៀង​ដ៏​អស់​កល្បជានិច្ច ដែល​ពោរពេញ​ទៅ​ដោយ​ព្រះពន្លឺ​ដ៏​ត្រចះ​ត្រចង់ ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ពិត​មែន ព្រះបន្ទូល​នៃ​ព្រះពន្លឺ​សម្រាប់​ជីវិត​អស់​កល្ប​ជានិច្ច ដែល​បន្តិច​ទៀត​យើង​ស្ដាប់​ម្ដង​ទៀត​នៅ​ក្នុង​អភិបូជា​យប់​នេះ នេះ​ជា​រូប​កាយ​របស់​ខ្ញុំ នេះ​ជា​លោហិត​របស់​ខ្ញុំ។ នេះ​ជា​អាថ៌​កំបាំង​ដ៏​អស្ចារ្យ ដែល​យើង​មាន​សិទ្ធិ​ចូល​រួម​គ្រប់​ពេល​វេលា ដែល​យើង​ចូល​នៅ​ក្នុង​ពិធី​អភិបូជា។

បន្តិច​ទៀត នៅ​ពេល​យើង​ហែ​ដើម្បី​ទទួល​ព្រះកាយ​ព្រះគ្រីស្ត ដើម្បី​ចូល​រួម​នៅ​ក្នុង​គម្រោង​ការ​ដ៏​អស្ចារ្យ​នៃ​ព្រះជាម្ចាស់ យើង​ដឹង​ថា​នៅ​ពេល​ហ្នឹង​លោ​ហិត​ផ្ទាល់​របស់​ព្រះយេស៊ូ ព្រះកាយ​ផ្ទាល់​របស់​ព្រះយេស៊ូ យាង​ចូល​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង នៅ​ក្នុង​ភាព​ងងឹត​របស់​យើង ដើម្បី​ជម្រះ​ចិត្ត​គំនិត​របស់​យើង ដើម្បី​ឲ្យ​យើង​ប្រែ​ទៅ​ជា​អ្នក​ចម្បាំង​ការពារ​ពន្លឺ​សម្រាប់​ពិភព​លោក។ សូម​នឹក​ឃើញ​ព្រះយេស៊ូ​មិន​តែ​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​ជា​ព្រះពន្លឺ​សម្រាប់​ពិភព​លោក” ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “បង​ប្អូន​ទាំង​អស់​ជា​ពន្លឺ​សម្រាប់​ពិភព​លោក”។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នេះ​ជា​ព្រះបន្ទូល​នៃ​ពន្លឺ ប៉ុន្តែ​យើង​ត្រូវ​ការ​មើល​ឃើញ​ស្នាម​ព្រះហស្ដ​នៃ​ពន្លឺ​ដែល​ព្រះយេស៊ូ​ប្រព្រឹត្ត​ភ្លាម។ នៅ​ពេល​នោះ ព្រះយេស៊ូ​បាន​ដោះ​អាវ​របស់​ព្រះអង្គ​ចេញ ក្រវ៉ាត់​ក្រមារ​នឹង​ចង្កេះ នៅ​ពេល​នោះ​ព្រះយេស៊ូ​លាង​ជើង​ដល់​ក្រុម​គ្រីស្ត​ទូត។ នេះ​ជា​ស្នាមព្រះ​ហស្ដ​ដែល​ពោរពេញ​ដោយ​ការ​ដាក់​ខ្លួន ពោរពេញ​ដោយ​ការ​សុខ​ចិត្ត​ទៅ​ជា​មនុស្ស​ដ៏​តូច​តាច នេះ​ជា​សញ្ញា​សម្គាល់​ដែល​ចេញ​ពី​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះយេស៊ូ​សម្រាប់​យើង។

យប់​នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​ព្រះយេស៊ូ​មិន​តែ​លាង​ជើង​របស់​ក្រុម​សាវ័ក ប៉ុន្តែ​ព្រះអង្គ​បាន​ណែនាំ​ឲ្យ​ដួង​ចិត្ត​របស់​យើង។ ដែល​ពោរ​ពេញ​ដោយ​អំពើ​បាប និង​ភាព​ងងឹត ដែល​ជា​លក្ខណៈ​របស់​មនុស្ស​អាច​ជម្រះ​នៅ​ក្នុង​ព្រះពន្លឺ​របស់​ព្រះយេស៊ូ តាម​រយៈ​ស្នាម​ព្រះហស្ដ​របស់​ព្រះអង្គ​ដែល​កំពុង​លាង​ជើង។ យប់​នេះ ល្ខោន​នៃ​មនុស្ស​លោក​លែង​លេង​ល្បែង យប់​នេះ​ស្នាម​ញញឹម​របស់​យើង​ដែល​ពោរពេញ​ដោយ​ពុត​ត្បុត​លែង​មាន​ហើយ។ យប់​នេះ គឺ​សេចក្ដី​ពិត​របស់​ព្រះយេស៊ូ​ផ្ទាល់​កំពុង​លុត​ជង្គង់​នៅ​មុខ​មនុស្ស​លោក ដើម្បី​ណែនាំ​ឲ្យ​យើង​មើល​ឃើញ​ព្រះភ័ក្រ្ត​របស់​ព្រះជាម្ចាស់ ដើម្បី​ឲ្យ​ដួង​ចិត្ត​របស់​យើង​សម្លឹង​មើល​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ផ្ទាល់។

យប់​នេះ ភាព​ងងឹត​ដែល​យើង​មាន​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ទទួល​ព្រះពន្លឺ​ដ៏​ថ្មី​ពី​ព្រះពន្លឺ​របស់​ព្រះជាម្ចាស់​ផ្ទាល់។ ប៉ុន្តែ ប្រហែល​យើង​កំពុង​ញ័រ​ដៃ​ញ័រ​ជើង នៅ​ពេល​យើង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ “បង​ប្អូន​ជា​មាន​ចិត្ត​បរិសុទ្ធ ប៉ុន្តែ​មិន​មែន​ទាំង​អស់”។ នៅ​ពេល​នោះ ព្រះយេស៊ូ​នឹក​ឃើញ​ដល់​យូដាសអ៊ីស្ការីយ៉ូត។ តើ​ខ្ញុំ​ជា​ដាសអ៊ីស្ការីយ៉ូត​ដែរឬ?

បង​ប្អូន​ជា​ទី​ស្រឡាញ់ ព្រះហស្ដ​នៃ​ពន្លឺ​របស់​ព្រះយេស៊ូ​យប់​នេះ ជា​ស្នាម​ព្រះហស្ដ​របស់​ព្រះអង្គ​ដើម្បី​បម្រើ​បង​ប្អូន​របស់​យើង។ នៅ​ពេល​នោះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តែ​មួយ​គត់ “សូម​ធ្វើ​តាម សូម​យក​ខ្ញុំ​ជា​គម្រូ សូម​លាង​ជើង​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក សូម​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក” ឲ្យ​យើង​យល់​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង។ បន្តិច​ទៀត យើង​លាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពេល​វេលា​ដើម្បី​ឲ្យ​យើង​ចូល​នៅ​ក្នុង​ការ​ប្រយុទ្ធ​របស់​ព្រះជាម្ចាស់ ដើម្បី​ឲ្យ​ព្រះពន្លឺ​របស់​ព្រះអង្គ​ជម្រះ​ចិត្ត​គំនិត​របស់​យើង​ផ្ទាល់ ដើម្បី​ឲ្យ​យើង​អាច​ចូល​នៅ​ក្នុង​ពិភព​លោក​នេះ ដោយ​ទៅ​ជា​អ្នក​បម្រើ និង​អ្នក​ដែល​ស្រឡាញ់​ដូច​ព្រះយេស៊ូ​ផ្ទាល់។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ព្រះបន្ទូល​ពោរពេញ​ទៅ​ដោយ​ព្រះពន្លឺ​របស់​ព្រះយេស៊ូ ស្នាម​ព្រះហស្ដ​ពោរពេល​ទៅ​ដោយ​ពន្លឺ​របស់​ព្រះយេស៊ូ ជា​អំណោយ​ទាន​ដែល​យើង​ទទួល​យប់​នេះ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​ស្អែក​ចូល​នៅ​ក្នុង​ការ​ប្រយុទ្ធ​ចុង​ក្រោយ​បំផុត។ ការ​ប្រយុទ្ធ​ដ៏​កំពូល គឺ​ការ​ប្រយុទ្ធ​នៅ​លើ​ព្រះឈើឆ្កាង។ ព្រះពន្លឺ សេចក្ដី​ស្រឡាញ់ សុខ​សន្តិភាព ជា​ពាក្យ​តែ​មួយ​ដែល​យើង​មើល​ឃើញ​នៅ​ក្នុង​ព្រះយេស៊ូ​ផ្ទាល់ “ឱ! ព្រះយេស៊ូ​អើយ! សូម​អាណិត​មេត្តា​ទូល​បង្គំ ឱ! ព្រះយេស៊ូ​អើយ! សូម​សង្គ្រោះ​ទូល​បង្គុំ​ផង ឱ! ព្រះយេស៊ូ​អើយ! សូម​បង្រៀន​ឲ្យ​បង្គំ​ទៅ​ជា​អ្នក​បម្រើ​ដូច​ព្រះអង្គ​បាន​បម្រើ​ទូល​បង្គំ ឱ! ព្រះយេស៊ូ​អើយ! សូម​បង្រៀន​ទូល​បង្គំ​ឲ្យ​ចេះ​ស្រឡាញ់​បង​ប្អូន​ឯទៀតៗ​ដូច​ព្រះអង្គ​បាន​ស្រឡាញ់​ទូល​បង្គំ​ដែរ ឱ! ព្រះយេស៊ូ​អើយ! សូម​បើក​ដួង​ចិត្ត​របស់​ទូល​បង្គំ ដើម្បី​ឲ្យ​ទូល​បង្គំ​មើល​ឃើញ​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ​ផ្ទាល់ ឱ! ព្រះយេស៊ូ​អើយ! សូម​លាង​ទាំង​ខ្លួន​របស់​ទូល​បង្គំ​ផង ឱ! ព្រះយេស៊ូ​អើយ! ទូល​បង្គំ​ស្រឡាញ់​ព្រះអង្គ​អស់​ពី​ដួង​ចិត្ត ឱ! ព្រះយេស៊ូ​អើយ! សូម​អាណិត​ទូល​បង្គំ​ផង ទូល​បង្គំ​ជា​អ្នក​មាន​បាប”។ អាម៉ែន។

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn