សូមថ្លែងព្រះគម្ពីរព្យាការីអេស៊េគីអែល អគ ៣៧,២១-២៨
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរប្រាប់ប្រជាជនថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ យើងនឹងយកជនជាតិអ៊ីស្រាអែលចេញពីចំណោមប្រជាជាតិនានាដែលពួកគេទៅរស់នៅ។ យើងនឹងប្រមូលពួកគេពីគ្រប់ទិសទី ហើយនាំពួកគេវិលត្រឡប់មកទឹកដីរបស់ខ្លួនវិញ។ យើងនឹងបង្រួបបង្រួមគេជាប្រជាជាតិតែមួយនៅក្នុងស្រុក និងនៅលើភ្នំនៃស្រុកអ៊ីស្រាអែល។ ពេលនោះ ពួកគេទាំងអស់គ្នានឹងមានស្តេចតែមួយ គឺពួកគេលែងជាប្រជាជាតិពីរ ហើយក៏លែងបាក់បែកគ្នាជារាជាណាចក្រពីរទៀតដែរ។ ពួកគេនឹងលែងប្រព្រឹត្តអំពើសៅហ្មងដោយគោរពព្រះក្លែងក្លាយគួរស្អប់ខ្ពើម និងលែងបះបោរប្រឆាំងនឹងយើងទៀតហើយ។ យើងនឹងរំដោះពួកគេឱ្យចេញផុតពីគ្រប់កន្លែងដែលពួកគេរស់នៅ និងជាកន្លែងដែលពួកគេបានប្រព្រឹត្តអំពើបាប។ យើងនឹងជម្រះពួកគេឱ្យបានបរិសុទ្ធ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងទៅជាព្រះរបស់ពួកគេ។ ពេលនោះ ដាវីឌជាអ្នកបម្រើរបស់យើងនឹងគ្រងរាជ្យលើពួកគេ ហើយពួកគេនឹងមានគង្វាលតែមួយគត់។ ពួកគេនឹងប្រព្រឹត្តតាមវិន័យរបស់យើង ពួកគេនឹងគោរព ហើយប្រតិបត្តិតាមដំបូន្មានរបស់យើងទៀតផង។ ពួកគេនឹងរស់នៅក្នុងស្រុកដែលយើងបានប្រគល់ឱ្យយ៉ាកុប ជាអ្នកបម្រើរបស់យើង គឺជាស្រុកដែលដូនតារបស់ពួកគេធ្លាប់រស់នៅកាលពីដើម។ ពួកគេព្រមទាំងកូនចៅរបស់ពួកគេនឹងរស់នៅក្នុងស្រុកនោះរហូត ហើយដាវីឌជាអ្នកបម្រើរបស់យើងនឹងគ្រប់គ្រងលើពួកគេតរៀងទៅ។ យើងនឹងចងសម្ពន្ធមេត្រីដែលផ្តល់សេចក្តីសុខសាន្តជាមួយពួកគេ គឺជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច។ យើងនឹងឱ្យពួកគេរស់នៅក្នុងស្រុករបស់ខ្លួនវិញ ឱ្យពួកគេកើនចំនួនច្រើនឡើង យើងនឹងតាំងទីសក្ការៈរបស់យើងនៅក្នុងចំណោមពួកគេរហូតតទៅ។ ដំណាក់របស់យើងនឹងស្ថិតនៅជាមួយពួកគេ យើងនឹងទៅជាព្រះរបស់ពួកគេ ហើយពួកគេទៅជាប្រជារាស្ត្ររបស់យើង។ ពេលដែលទីសក្ការៈរបស់យើងស្ថិតនៅជាមួយពួកគេរហូតតទៅនោះ ប្រជាជាតិនានានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ដែលបានប្រោសជនជាតិអ៊ីស្រាអែលឱ្យទៅជាប្រជាជនដ៏វិសុទ្ធ»។
ទំនុកតម្កើងរបស់ព្យាការីយេរេមី ៣១,១០-១៣ បទព្រហ្មគីតិ
១០ | ប្រជាជាតិទាំងឡាយ | សូមខ្វល់ខ្វាយនាំគ្នាស្តាប់ | |
បន្ទូលព្រះផ្សាយផ្សព្វ | ទៅដល់សព្វកោះនៅឆ្ងាយ | ។ | |
ចូរអ្នកប្រកាសថា៖ | «ព្រះដែលជាអ្នកកម្ចាយ | ||
អ៊ីស្រាអែលឱ្យទៅឆ្ងាយ | តែពេលក្រោយទ្រង់ប្រមូល | ។ | |
ព្រះអង្គថែរក្សា | ឱ្យគ្រប់គ្នាជុំត្រកូល | ||
ដូចគង្វាលប្រមូល | ចៀមមកមូលមិនឱ្យបាត់» | ។ | |
១១ | ព្រះអម្ចាស់បានលោះ | ឱ្យរួចគ្រោះលែងខ្ចាយខ្ចាត់ | |
រំដោះឱ្យរួចផុត | ពួកទុច្ចរិតដែលខ្លាំងក្លា | ។ | |
១២ | ពួកគេត្រឡប់វិញ | គ្មានទោម្នេញស្រែកខ្ញៀវខ្ញារ | |
ហើយគេគ្រប់កាយា | ចាំត្រៀបត្រាទទួលទ្រព្យ | ។ | |
ដែលព្រះម្ចាស់ប្រទាន | គេឱ្យមានលែងអភ័ព | ||
មានស្រូវស្រាល្អគាប់ | ប្រេងក្រអូបទាំងចៀមគោ | ។ | |
ចិត្តពួកគេប្រៀបបាន | សួនឧទ្យានមានទឹកហូរ | ||
ស្រោចស្រពឡើងជន់ជោរ | គេលែងថ្ងូរលែងហេវហត់ | ។ | |
១៣ | គ្រានោះស្រីក្រមុំ | ចូលមករាំតាមបែបបទ | |
ក្មេងចាស់មិនកំណត់ | គេមិនហត់រាំសប្បាយ | ។ | |
យើងប្រែទុក្ខវេទនា | គេទៅជាសើចក្អាកក្អាយ | ||
ឱ្យពួកគេសប្បាយ | គេរីករាយលែងលំបាក |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម អស ១៨,៣១
ប | បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គពិតជាសេចក្តីពិត ធម្មវិន័យរបស់ព្រះអង្គរំដោះយើងខ្ញុំ។ |
គ | ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរឈប់ប្រព្រឹត្តអំពើអាក្រក់ ចូរមានចិត្តគំនិតថ្មី និងវិញ្ញាណថ្មី!»។ |
ប | បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គពិតជាសេចក្តីពិត ធម្មវិន័យរបស់ព្រះអង្គរំដោះយើងខ្ញុំ។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១១,៤៥-៥៧
ពេលព្រះយេស៊ូប្រោសលោកឡាសារឱ្យមានជីវិតថ្មី ជនជាតិយូដាជាច្រើននាក់ដែលមកផ្ទះនាងម៉ារី បានឃើញកិច្ចការទាំងអស់ដែលព្រះអង្គបានធ្វើ ហើយនាំគ្នាជឿលើព្រះអង្គ។ ប៉ុន្តែមានគ្នាគេខ្លះទៅជួបពួកខាងគណៈផារីស៊ីរៀបរាប់នូវកិច្ចការដែលព្រះយេស៊ូបានធ្វើ។ ពេលនោះ ពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ី បានកោះហៅក្រុមប្រឹក្សាជាន់ខ្ពស់មកប្រជុំ ហើយពោលថា៖ «អ្នកនោះបានធ្វើទីសម្គាល់ជាច្រើន តើយើងគិតធ្វើដូចម្តេច? ប្រសិនបើយើងបណ្តោយឱ្យគាត់ធ្វើដូច្នេះតទៅទៀត ប្រជាជនមុខតែនឹងជឿទៅលើគាត់ទាំងអស់គ្នា ហើយជនជាតិរ៉ូមុាំងនឹងមកបំផ្លាញព្រះវិហារ និងបំបាត់ជាតិសាសន៍របស់យើងជាមិនខាន»។ នៅក្នុងចំណោមពួកគេមានលោកម្នាក់ឈ្មោះ កៃផាស ដែលជាបូជាចារ្យនៅឆ្នាំនោះ លោកមានប្រសាសន៍ទៅគេថា៖ «អស់លោកពុំយល់អ្វីសោះ! តើអស់លោកគិតមិនឃើញទេឬថា បើមនុស្សតែម្នាក់ស្លាប់ជាប្រយោជន៍ដល់ប្រជារាស្ត្រនោះ ប្រសើរជាងទុកឱ្យជាតិទាំងមូលត្រូវវិនាស!»។ លោកមានប្រសាសន៍ដូច្នេះមិនមែនផុសចេញពីគំនិតខ្លួនឯងផ្ទាល់ឡើយ គឺក្នុងឋានៈជាមហាបូជាចារ្យនៅឆ្នាំនោះ លោកបានទាយថាព្រះយេស៊ូត្រូវសោយទិវង្គតដើម្បីជាប្រយោជន៍ដល់សាសន៍យូដា។ មិនគ្រាន់តែជាប្រយោជន៍ដល់សាសន៍នេះប៉ុណ្ណោះទេ គឺដើម្បីឱ្យកូនចៅរបស់ព្រះជាម្ចាស់ដែលបែកខ្ញែកគ្នា មករួបរួមជាប្រជាជនតែមួយ។ តាំងពីថ្ងៃនោះមក ពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ីសម្រេចធ្វើគុតព្រះយេស៊ូ។ ហេតុដូច្នេះហើយ បានជាព្រះអង្គមិនយាងទៅមកដោយចេញមុខឱ្យជនជាតិយូដាឃើញទៀតឡើយ គឺព្រះអង្គចាកចេញពីទីនោះឆ្ពោះទៅតំបន់ជិតវាលរហោស្ថាន ត្រង់ភូមិមួយឈ្មោះអេប្រាអ៊ីម ហើយទ្រង់ស្នាក់នៅភូមិនោះជាមួយក្រុមសាវ័ក។ ពេលនោះ ជិតដល់ថ្ងៃបុណ្យចម្លងរបស់ជនជាតិយូដាហើយ។ អ្នកស្រុកជាច្រើននាំគ្នាឡើងទៅក្រុងយេរូសាឡឹមមុនថ្ងៃបុណ្យ ដើម្បីធ្វើពិធីជម្រះកាយឱ្យបានបរិសុទ្ធ។ គេនាំគ្នារកព្រះយេស៊ូ ហើយនិយាយគ្នាទៅវិញទៅមកក្នុងព្រះវិហារថា៖ «អ្នកគិតដូចម្តេច? លោកមិនហ៊ានមកបុណ្យទេមើលទៅ!»។ ពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ីបានចេញបញ្ជាថា បើនរណាដឹងថាព្រះអង្គគង់នៅឯណា ត្រូវប្រាប់ពួកគេដើម្បីឱ្យពួកគេចាប់ព្រះអង្គ។