ដើម្បីបង្ហាញផ្លូវយុវជន អោយកាន់តែចាប់អារម្មរណ៍លើការសិក្សា និងដើម្បីចូលរួមចំណែកក្នុងវិស័យអប់រំឲ្យកាន់តែរីកចម្រើនឡើង ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម បានរៀបចំកម្មវិធីសិក្ខាសាលាមួយស្តីអំពី “ភាពជោគជ័យក្នុងការសិក្សា” សម្រាប់យុវជនយុវនារីចំនួន ១៥០នាក់ ។ សិក្ខាសាលានេះបានប្រព្រឹត្តិទៅកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ នៅព្រះវិហារចម្លាក់ ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
តាមប្រសាសន៍របស់លោកបូជាចារ្យ ផាន បូរី ជាបូចារ្យទទូលបន្ទុកនៃព្រះសគមន៍ចម្លាក់ បានឲ្យដឹងថា៖ ក្នុងកម្មវិធីសិក្ខាសាលានេះគឺមាន៣ចំណុចសំខាន់ៗ ដើម្បីជួយដល់សិក្ខាកាមរិះគិត គឺទីមួយ “អ្វីជាគោលដៅនៃជីវិត?” ទីពីរ “ត្រូវមានគំនិតក្នុងការគិតគូពិចារណាក្នុងជីវិត” និងទីបី “ការវិនិយោគខ្លូនឯង”។ លោកក៏បានបន្ថែមទៀតថា៖ ក្នុងសិក្ខាសាលានេះសិក្ខាកាមដែលចូលរួម មានសិស្សពីថ្នាក់ទី១០ដល់១២។ ដោយប្អូនៗថ្នាក់ទី១២ ត្រូវបានផ្តោតសំខាន់ ព្រោះគេត្រូវត្រៀមខ្លួនឲ្យបានល្អ ហើយត្រូវមានគោលដៅក្នុងការសិក្សាឲ្យបានត្រឹមត្រូវ គឺ”រៀនដើម្បីសំរេចក្តីស្រម៉ៃដែលខ្លួនចង់ក្លាយជាអ្វីមួយនៅថ្ងៃអនាគត់ មិនមែនរៀនដើម្បីតែចេញផុតពីផ្ទះនោះទេ”។
កម្មវិធីសិក្ខាសាលានេះ ណែនាំដោយអង្គការគ្រួសារសន្តិភាព ព្រមទាំងមានសិក្ខីភាពរបស់លោកគ្រូ២ រូប ដែលធ្លាប់ជោគជ័យក្នុងការសិក្សា ដែលនៅភូមិចម្លាក់តែម្តង។
លោកបូជាចារ្យបូរីបន្ថែមទៀតថា៖ យុវវ័យសម័យនេះ បើនៅតាមជនបទមួយចំនួន ភាគច្រើនបោះបង់ការសិក្សាដើម្បីទៅធ្វើការ រកលុយ។ លោកទទូលស្គាល់ថា តម្រូវការក្នុងគ្រូសារនីមួយៗសំខាន់ណាស់ តែអ្វីដែលសំខាន់ជាងតម្រូវការនោះគឺ ចំណះដឹង។ ប្រសិនបើយើងមានចំណះដឹង យើងមិនខ្វះផ្លូវដើម្បីទទួលបានការងារនោះទេ។ ហេតុនេះយុវជន ជាអ្នកជំនាន់ក្រោយ ហើយកាងារជាច្រើនកំពុងរងចាំប្អូនៗ ហេតុនេះត្រូវមានគោលដៅឲ្យច្បាស់ក្នុងការសិក្សារៀនសូត្រ ដើម្បីទទួលបានអនាគត់ល្អនៅក្នុងសង្គម។ តាមរយៈព្រះសហគមន៍ គឺមានតែការជំរុញ និងលើកទឹកចិត្តដល់ប្អូនៗ អោយខិតខំរៀនសូត្រ និងមានកម្មវិធីផ្សេងៗ ដើម្បីជាជំនួយដល់ស្មារតីតែប៉ុណ្ណោះ តែចំពោះការទទួល និងអនុវត្តន៍បានប៉ុណ្ណាគឺអាស្រ័យទៅលើខ្លួនយើងម្នាក់ៗ ព្រោះអនាគត់គឺស្ថិតនៅលើកដៃរបស់យើង។
សូមរម្លឹកផងដែរថា យុវជនដែលចូលរួមក្នុងកម្មវិធីសិក្ខាសាលានេះ មានមកពីព្រះសហគមន៍កោះរការ មណ្ឌលយុវជនប្រុស និងស្រីកំពង់ចាម សួង ផ្កាដូង អូរាំងឪ និង ចម្លាក់។ ក្រោយពេលបញ្ចប់កម្មវិធីសិក្ខាសាលានេះ ក៏មានកម្មវិធីអធិដ្ឋានតេហ្សេរួមគ្នា ដើម្បីសូមព្រះវិញ្ញាណបំភ្លឺផ្លូវដល់សិក្ខាកាមទាំងអស់ឲ្យទទួលបានជោគជ័យក្នុងការសិក្សា៕
ដោយ៖ រឿន ស្រីម៉ាច